ក្រសួងផែនការ ស្នើសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូច ដែលបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំថា ប្រជាពលរដ្ឋខ្មែរទូទៅអាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯងបាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ថ្មីៗនេះ ក្រសួងឃើញមានជនអនាមិកមួយចំនួន បានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងបណ្ណសមធម៌ ក្នុងគោលបំណងក្លែងបន្លំ បំភ្លៃព័ត៌មាន និងបោកបញ្ឆោត ធ្វើឱ្យមានការភាន់ច្រឡំដល់មតិសាធារណជន។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ជនអនាមិកទាំងនោះបានបង្ហោះព័ត៌មានក្លែងបន្លំនៅលើបណ្តាញសង្គមថា «ប្រជាជនកម្ពុជាទាំងអស់ អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធជំនួយសង្គម» និងខ្លះទៀតមានបង្ហោះជារូបភាពផ្សព្វផ្សាយ ដោយមានរូបមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាកសម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ ២៥០០ដុល្លារទៀតផង។
ក្រសួងផែនការ បានបដិសេដទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ និងបានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីធ្វើបណ្ណសមធម៌បាន ពលរដ្ឋត្រូវតែមានជីវភាពលំបាក និងសម្ភាសន៍នៅសាលាឃុំដើម្បីបញ្ជាក់ថាខ្លួនពិតជាក្រីក្រ។
អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា មានប្រសាសន៍នៅថ្ងៃទី០៨ ខែឧសភានេះថា ដើម្បីទទួលបានបណ្ណសមធម៌ ប្រជាពលរដ្ឋគ្រប់រូបដែលគិតថា ខ្លួនមានការលំបាកផ្នែកជីវភាព ត្រូវទៅដាក់ពាក្យស្នើសុំសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅសាលាឃុំ ឬសង្កាត់។ លោកបន្តថា ក្រោយការដាក់ពាក្យ ក្រុមការងារឃុំសង្កាត់ នឹងអនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់គ្រួសារនោះ ហើយក្រសួងផែនការនឹងចេញបណ្ណសមធម៌ជូនគ្រួសារដែលលទ្ធផលនៃការសម្ភាសន៍បង្ហាញថាបានជាប់ជាគ្រួសារក្រីក្រ។
លោកថ្លែងថា៖ «រាល់ប្រជាពលរដ្ឋក្រីក្រ ឬគិតថាខ្លួនកំពុងធ្លាក់ទៅរកភាពក្រីក្រ ដែលត្រូវការជំនួយពីរដ្ឋាភិបាល គឺត្រូវទៅដាក់ពាក្យស្នើសុំដោយខ្លួនឯងនៅតាមឃុំ សង្កាត់ ដែលគាត់រស់នៅ បើឱ្យយើងដើររកពួកគាត់នោះ នឹងមានភាពខ្វះចន្លោះ ដូច្នេះមានតែខ្លួនគាត់ទេដែលដឹងថាគាត់មានបញ្ហាជីវភាព គឺត្រូវតែទៅដាក់ពាក្យស្នើសុំ ពេលដាក់ពាក្យរួចនោះក្រុមការងារឃុំសង្កាត់ នឹងវាយតម្លៃជាបឋមថា ពួកគាត់ពិតជាងាយរងគ្រោះមែនឬអត់ ទើបគេចុះសម្ភាសន៍គាត់នៅផ្ទះគាត់ផ្ទាល់ មានទាំងថតរូបផ្ទះ និងសួរសំនួរគាត់មួយចំនួនដាក់ក្នុងប្រព័ន្ធរបស់ក្រសួងដើម្បីវាយតម្លៃថា ពួកគាត់ជាប់ជាគ្រួសារក្រីក្រឬអត់ ហើយប្រសិនជាពួកគាត់ជាប់ជាគ្រួសារក្រីក្រនោះ ក្រសួងនឹងចេញប័ណ្ណសមធម៌ជូនពួកគាត់ដើម្បីប្រើប្រាស់ និងទទួលជំនួយសង្គមផ្សេងៗ តែបើករណីពួកគាត់មានជីវភាពធូរធារឡើងវិញហើយ ក្រុមការងារនឹងដកបណ្ណសមធម៌នោះមកវិញ ឬទុកជាមោឃៈ»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេ។
ចំណែក អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា លើកឡើងថា កិច្ចការនេះ តម្រូវឱ្យស្ថាប័នអង្គភាពជំនាញ ធ្វើរបាយការណ៍មកសមត្ថកិច្ច ទើបសម្ថកិច្ចអាចកំណត់អត្តសញ្ញាណបាន។
លោកថ្លែងថា៖ «ស្ថាប័នដែលឃើញថាមានបទល្មើស ដោយប្រការណាមួយត្រូវរុញចូលមកខាង សមត្ថកិច្ចយើងនឹងអនុវត្ត។ ការងារអីក៏ដោយយើងអនុវត្តទៅតាមនីតិវិធីរៀងៗខ្លួន អញ្ចឹងកិច្ចការងារខ្លះ បើសិនជាសមត្ថកិច្ចយើងទទួលនៅអ្វីដែលជាបណ្តឹងរបស់ស្ថាប័នអង្គភាពជំនាញ យើងនឹងអនុវត្ត តែបើមិនទាន់ទទួលបណ្តឹង យើងក៏មិនបានធ្វើដែរ»។
ទាក់ទិននឹងករណីនេះ លោក វន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) មានប្រសាសន៍ថា ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ ក្រសួងគួរតែមានការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ។
លោកមានប្រសាសន៍ថា៖ «ដើម្បីកុំឱ្យមានការយល់ច្រឡំ ក្រសួងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានច្បាស់ជូនប្រជាពលរដ្ឋ ជូនទៅដល់អាជ្ញាធររាជធានីខេត្តក្រុងឱ្យច្បាស់ទាំងអស់គ្នា ដើម្បីកុំឱ្យមានការយល់ច្រឡំ ឬភាន់ច្រឡំណាមួយមកបន្លំ […] ក្រសួងត្រូវពិនិត្យមើលបច្ច័យឱ្យបានល្អិតល្អន់នូវការដែលមានការលើកឡើងកន្លងមកពីប្រជាពលរដ្ឋ ដោយបណ្តាញសង្គមក្តីថា មានការរើសអើងចំពោះប្រជាពលរដ្ឋដែលមាននិន្នាការគណបក្សផ្សេងក្រៅពីគណបក្សកាន់អំណាចឬអ្នកផ្សេងដែលមិនមែនជាបក្សពួកមេឃុំអីជាដើម ត្រូវពិនិត្យមើលចំនុចនេះឡើងវិញផងដែរ»៕