សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន និងបញ្ជូនខ្លួន លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីតុលាការបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។
លោក ម៉ម រិទ្ធី ដែលជាអនុប្រធានសហភាពការងារកម្ពុជា (CLC) ផងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខាងក្រៅការិយាល័យសហភាពការងារកម្ពុជា ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ទៅតាមដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួនរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ លោកត្រូវបានតុលាការផ្តន្ទាទោស ពាក់ព័ន្ធនឹងការចេញផ្សាយនូវវីដេអូមួយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដែលលោកបានរិះគន់ការចាប់ខ្លួនសមាជិកសហជីពរបស់លោក នៅក្រុមហ៊ុនកាស៊ីណូ ជីន ប៉ី ខេត្តព្រះសីហនុ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងនៅថ្ងៃទី០៨ ខែឧសភានេះថា ការចាប់ខ្លួន លោក ម៉ម រិទ្ធី គឺធ្វើឡើងទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ហើយបច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនបុគ្គលរូបនេះទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីបន្តទៀត។
លោកថ្លែងថា៖ «ការឃាត់ខ្លួននេះ គឺយើងធ្វើតាមការអនុវត្តដីកាបង្គាប់ឱ្យចាប់ឃុំខ្លួនរបស់តុលាការ […] បញ្ជូនទៅតុលាការម្សិលមិញ [ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤]»។
បើតាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធន់ ដារិទ្ធ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសលោក ម៉ម រិទ្ធី អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារកំណត់ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ២លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ នៅថ្ងៃពុធនេះ មិនបានអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះទេ ដោយគ្រាន់តែប្រាប់ថា តុលាការបានសម្រេចផ្តន្ទាទោសលោក ម៉ម រិទ្ធី ទៅតាមបទចោទក្នុងដីកា។
ជុំវិញការចាប់ខ្លួនលោក ម៉ម រិទ្ធី នេះដែរ សហភាពការងារកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនមេដឹកនាំសហជីពរូបនេះ ពាក់ព័ន្ធនឹងការបញ្ចេញមតិយោបល់របស់លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពី ករណីវិវាទការងារនៅក្រុមហ៊ុន ជីនបី គ្រុប ឯ.ក។
សេចក្តីថ្លែងការណ៍បន្តថា៖ «ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការយកច្បាប់ព្រហ្មទណ្ឌមកធ្វើការចោទប្រកាន់ និងចាប់ខ្លួនមកលើ លោក ម៉ម រិទ្ធី គឺជារឿងដែលមិនសមហេតុផល តាមពិតការបញ្ចេញមតិយោបល់របស់លោក គឺក្នុងគោលដៅស្ថាបនា និងកែតម្រូវឱ្យមានការអនុវត្តច្បាប់ឱ្យបានកាន់តែសមស្រប និងមានតម្លាភាពរបស់សមត្ថកិច្ចខេត្តព្រះសីហនុ ដែលបានជឿតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនយ៉ាងលើសលុប ដោយបានចាប់ខ្លួនសមាជិកសហជីពម្នាក់របស់គាត់ឈ្មោះ ម៉ម ស្រីល័ក្ខណ ដែលរងភាពអយុត្តិធម៌ និងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយក្រុមហ៊ុន បាននាំយកទៅសម្លុតគម្រាមកំហែងដោយខុសច្បាប់ជាច្រើនម៉ោង ដែលផ្ទុយពីច្បាប់ការងារមុននឹងបញ្ជូនរូបនាងទៅឱ្យសមត្ថកិច្ច»។
សេចក្តីថ្លែងការណ៍ដដែល បង្ហាញពីការយល់ឃើញថា ការសម្រេចចាប់ខ្លួនលោក ម៉ម រិទ្ធី ភ្លាមៗតាមអំណាចសាលក្រមកំបាំងមុខ គ្រប់តំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌបែបនេះ ជាសកម្មភាពបំភិតបំភ័យ គំរាមកំហែង និងយាយីដល់សិទ្ធិរបស់តំណាងកម្មករនិយោជិត និងសហជីព។
សហភាពការងារកម្ពុជា បានស្នើតាមរយៈសេចក្តីថ្លែងការណ៍នោះថា៖ «ស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យមើលករណីនេះឡើងវិញឱ្យបានហ្មត់ចត់ និងតម្លាភាព ហើយសហភាពការងារកម្ពុជា សង្ឃឹម និងជឿជាក់ថា ប្រមុខរាជរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យលោក ម៉ម រិទ្ធី ដែលជាជនរងគ្រោះជាក់ជាមិនខាន»។
ចំណែក អគ្គលេខាធិការសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូននៅកម្ពុជា លោក អៀន គឹម ហ៊ុន យល់ឃើញស្រដៀងគ្នានេះដែរថា ការចាប់ខ្លួនមេដឹកនាំសហជីពរូបនេះ ជារឿងមិនសមហេតុផល និងជារូបភាពគំរាមកំហែងមួយ ទៅដល់ថ្នាក់ដឹកនាំ និងសមាជិកសហជីពផ្សេងទៀត ដែលហ៊ានផ្សព្វផ្សាយ និងតស៊ូមតិដើម្បីសិទ្ធិការងារ។
លោកមានប្រសាសន៍ថា៖ «បើយើងមើលថា ប្រព័ន្ធនៃការចាប់លោក ម៉ម រិទ្ធី នេះវាពាក់ព័ន្ធរឿងជាចំណាប់ខ្មាំងនៃការជជែករឿងការងារទៅមុខ ឬរឿងយ៉ាងម៉េចក៏យើងអត់ទាន់ធ្វើការសន្និដ្ឋានដែរ កម្រិតក្នុងការនិយាយជាថ្នាក់ដឹកនាំសហជីព បែបប្រជាធិបតេយ្យ គាត់មានសិទ្ធិនិយាយ ខុសត្រូវយើងអាចជជែកគ្នាអញ្ចឹងទៅ នេះគឺជារឿងដែលយើងកំពុងជជែកជាមួយនឹងរដ្ឋាភិបាលរកដំណោះស្រាយ ដើម្បីទម្លាក់រាល់បទចោទលើថ្នាក់ដឹកនាំសហជីព ប៉ុន្តែចម្លែកថ្មីៗនេះ ដល់ពេលចាប់លោក ម៉ម រិទ្ធី បន្ថែមទៀត គឹធ្វើឱ្យភ្ញាក់ផ្អើលដល់មេដឹកនាំសហជីពដទៃទៀត»។
លោកស្នើដល់តុលាការ និងរដ្ឋាភិបាល ទម្លាក់ចោលរាល់បទចោទប្រកាន់ទៅមេដឹកនាំ និងសមាជិកសហជីពទាំងអស់ ដើម្បីអាចធ្វើការជាប្រយោជន៍ដល់កម្មករ ព្រោះការងារជាសហជីព មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយ ហើយសេរីភាពសហជីពត្រូវបានចែងក្នុងច្បាប់យ៉ាងច្បាស់ថា ធ្វើការដើម្បីការសិទ្ធិ និងការពារប្រយោជន៍កម្មករ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា មេដឹកនាំសហជីពមួយចំនួន ត្រូវរងបណ្តឹងតាមផ្លូវតុលាការ រងការចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ព្រមទាំងរងនូវការផ្តន្ទាទោសដាក់ពន្ធនាគារដោយតុលាការ ដូចជា ករណី កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ លោក ជា ចាន់ មេដឹកនាំសហជីពមូលដ្ឋានរបស់សម្ព័នសហជីព CATU នៅខេត្តកំពង់ស្ពឺ និងករណីលោក ម៉ម រិទ្ធី នេះជាដើម។
លោកមានប្រសាសន៍ថា៖ «ការចាប់ និងការឃុំខ្លួនលើមេដឹកនាំសហជីពបន្តទៀតនេះ នាំឱ្យមានការរិះគន់បន្ថែមទៀតពីការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការបំភិតបំភ័យ ការយាយី និងការរំលោភសិទ្ធិសហជីព និងសិទ្ធិការងារ ដូចកាលដែលគេបានលើកឡើងនាពេលកន្លងទៅ។ ការផ្តន្ទាទោស និងការចាប់ឃុំខ្លួន លោក ម៉ម រិទ្ធី នេះ ដោយសារលោកបានបញ្ចេញមតិតាមបណ្តាញសង្គមរបស់លោកពីការចាប់ខ្លួន និងឃុំខ្លួនស្រ្តីម្នាក់ដែលជាសមាជិកសហជីពរបស់ខ្លួននៅខេត្តព្រះសីហនុ ដូច្នេះករណីនេះនាំឱ្យមានការិះគន់បន្ថែមទៀត ពីការរិតត្បិតលំហសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្តីពី សិទ្ធិមនុស្សដែលកម្ពុជាបានផ្តល់សច្ចាប័ន និងទទួលស្គាល់។ សេរីភាពក្នុងការបញ្ចេញមតិរិះគន់ស្ថាបនា និងអភិវឌ្ឍន៍សង្គម គឺជារឿងចាំបាច់សម្រាប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបេត្យ»។
លោកថា អាជ្ញាធរ និងតុលាការ គួរពិនិត្យមើលនូវការបញ្ចេញមតិរបស់ពលរដ្ឋ តើរបៀបណាជាបទល្មើស និងរបៀបណាជាសេរីភាពក្នុងការបញ្ចេញមតិដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ដើម្បីកុំឱ្យលំហសេរីភាពក្នុងការបញ្ចេញមតិរួមតូច។ លោកបន្ថែមថា កម្ពុជាមានកាតព្វកិច្ចក្នុងការគោរព ការពារ និងបំពេញបន្ថែម ដើម្បីធានាថាប្រជាពលរដ្ឋបានអនុវត្តនូវសេរីភាពក្នុងការបញ្ចេញមតិបានពេញលេញ៕