សមត្ថកិច្ចរាជធានីភ្នំពេញ បាន​ចាប់ខ្លួន និងបញ្ជូនខ្លួន​​ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីពវិស័យ​ទេស​ចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពី​តុលាការ​បានសម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ​​​ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ»។

លោក ម៉ម រិទ្ធី ដែលជា​អនុប្រធាន​សហភាពការងារកម្ពុជា​ (CLC) ផងនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅខាងក្រៅ​ការិយាល័យសហភាពការងារកម្ពុជា ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីល្ងាច​ថ្ងៃទី០៧ ខែ​ឧសភា ឆ្នាំ២០២៤ ទៅតាមដីកាបង្គាប់ឱ្យចាប់និងឃុំខ្លួន​របស់​តុលាការសាលាដំបូងរាជធានីភ្នំពេញ​​។ លោក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​ពាក់ព័ន្ធ​នឹង​ការ​ចេញ​ផ្សាយ​នូវ​វីដេអូ​មួយ​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ​ដែល​លោក​បាន​រិះគន់​ការ​ចាប់ខ្លួន​សមាជិក​សហជីព​របស់​លោក​ ​នៅក្រុមហ៊ុន​​កា​ស៊ី​ណូ ​ជី​ន​ ​ប៉ី​ ​ខេត្ត​ព្រះ​សី​ហ​នុ​។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងនៅថ្ងៃទី០៨ ខែឧសភានេះ​​ថា ការ​​ចាប់​ខ្លួន លោក ម៉ម រិទ្ធី គឺធ្វើឡើងទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ហើយ​បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូន​បុគ្គលរូបនេះ​​ទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីបន្តទៀត​។

លោកថ្លែងថា៖ «ការឃាត់ខ្លួននេះ គឺយើងធ្វើតាមការអនុវត្តដីកាបង្គាប់ឱ្យចាប់ឃុំខ្លួនរបស់តុលាការ […] បញ្ជូនទៅតុលាការ​ម្សិលមិញ [ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤]»

បើតាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួន​របស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធន់ ដារិទ្ធ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានសម្រេច​ផ្តន្ទាទោស​លោក ម៉ម រិទ្ធី អាយុ៣៥ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់ ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ២​លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» តាមមាត្រា​៤៩៤ និងមាត្រា​៤៩៥ និងមាត្រា​៥២៣ នៃក្រម​ព្រហ្ម​ទណ្ឌ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ​ នៅថ្ងៃពុធនេះ មិនបានអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះទេ ដោយគ្រាន់តែប្រាប់​ថា តុលាការ​បានសម្រេចផ្តន្ទាទោស​លោក ម៉ម រិទ្ធី ទៅ​តាមបទចោទក្នុងដីកា។

ជុំវិញការចាប់ខ្លួនលោក ម៉ម រិទ្ធី នេះដែរ សហភាពការងារកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការ​សោកស្តាយយ៉ាងខ្លាំង ចំពោះការ​ចាប់ខ្លួនមេដឹកនាំសហជីពរូបនេះ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​យោបល់​របស់​លោកនៅលើបណ្តាញសង្គមហ្វេសប៊ុក​ អំពី ករណីវិវាទការងារនៅក្រុមហ៊ុន ជីនបី គ្រុប ឯ.ក។

សេចក្តីថ្លែងការណ៍បន្ត​ថា៖ «ការសម្រេចចិត្តរបស់អាជ្ញាធរ​ក្នុងការយកច្បាប់ព្រហ្មទណ្ឌមកធ្វើការចោទ​ប្រកាន់ និងចាប់ខ្លួនមកលើ លោក ម៉ម រិទ្ធី គឺជារឿងដែលមិនសមហេតុផល តាមពិតការបញ្ចេញ​មតិយោបល់របស់លោក គឺក្នុងគោលដៅស្ថាបនា និង​កែតម្រូវឱ្យមានការអនុវត្តច្បាប់ឱ្យបានកាន់តែសមស្រប និងមានតម្លាភាពរបស់សមត្ថកិច្ចខេត្តព្រះសីហនុ ដែល​​បាន​ជឿតា​មពា​ក្យបណ្តឹង​របស់ក្រុមហ៊ុនយ៉ាងលើសលុប ដោយ​បាន​ចាប់ខ្លួនសមាជិកសហជីពម្នាក់របស់គាត់ឈ្មោះ ម៉ម ស្រីល័ក្ខណ ដែលរងភាពអយុត្តិធម៌ និងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយក្រុមហ៊ុន បាននាំយកទៅសម្លុតគម្រាមកំហែងដោយខុសច្បាប់ជាច្រើនម៉ោង ដែលផ្ទុយពីច្បាប់ការងារមុននឹងបញ្ជូនរូបនាងទៅឱ្យសមត្ថកិច្ច»។

សេចក្តីថ្លែងការណ៍ដដែល​ បង្ហាញ​ពីការ​យល់ឃើញថា ការសម្រេចចាប់ខ្លួនលោក ម៉ម រិទ្ធី ភ្លាមៗ​តាម​អំណាចសាលក្រម​កំបាំងមុខ​ គ្រប់តំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌបែបនេះ ជាសកម្មភាពបំភិតបំភ័យ គំរាម​​កំហែង និង​យាយីដល់សិទ្ធិរបស់តំណាងកម្មករនិយោជិត និង​សហជីព។

សហភាពការងារកម្ពុជា បានស្នើ​តាមរយៈ​សេចក្តីថ្លែងការណ៍​នោះ​ថា៖ «ស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំង​ស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យមើលករណីនេះឡើង​វិញ​ឱ្យបានហ្មត់ចត់ និងតម្លាភាព ហើយសហភាពការងារកម្ពុជា សង្ឃឹម និងជឿជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រួមទាំងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យលោក ម៉ម រិទ្ធី ដែលជាជនរងគ្រោះជាក់ជាមិនខាន»។

ចំណែក អគ្គ​លេខាធិការសហព័ន្ធសហជីព​កម្មករវិស័យដឹកជញ្ជូននៅកម្ពុជា លោក អៀន គឹម ហ៊ុន យល់ឃើញស្រដៀងគ្នានេះដែរថា ការចាប់​ខ្លួន​មេដឹកនាំសហជីពរូបនេះ ជារឿងមិនសម​ហេតុ​ផល​ និង​ជារូបភាព​​គំរាម​កំហែងមួយ ​ទៅ​ដល់​ថ្នាក់​ដឹកនាំ និង​​សមាជិកសហជីព​ផ្សេងទៀត ដែលហ៊ាន​ផ្សព្វផ្សាយ ​និងតស៊ូ​មតិដើម្បីសិទ្ធិការងារ។​​

លោកមានប្រសាសន៍ថា៖ «បើយើងមើលថា​ ប្រព័ន្ធនៃការចាប់លោក ម៉ម រិទ្ធី នេះវាពាក់ព័ន្ធរឿងជាចំណាប់ខ្មាំងនៃការជជែករឿងការងារទៅមុខ ឬរឿងយ៉ាងម៉េច​ក៏យើងអត់ទាន់ធ្វើការសន្និដ្ឋាន​ដែរ កម្រិតក្នុងការនិយាយជាថ្នាក់ដឹកនាំសហជីព បែបប្រជាធិបតេយ្យ គាត់មានសិទ្ធិនិយាយ ខុសត្រូវយើងអាចជជែកគ្នាអញ្ចឹង​ទៅ នេះគឺជារឿងដែលយើង​កំពុងជជែកជាមួយនឹងរដ្ឋាភិបាលរកដំណោះស្រាយ ដើម្បីទម្លាក់​រាល់បទចោទលើថ្នាក់ដឹកនាំសហជីព ប៉ុន្តែចម្លែក​ថ្មីៗនេះ ដល់​ពេល​ចាប់​លោក ម៉ម រិទ្ធី បន្ថែមទៀត គឹធ្វើឱ្យភ្ញាក់ផ្អើលដល់មេដឹកនាំសហជីពដទៃទៀត»។

លោកស្នើដល់តុលាការ និង​រដ្ឋាភិបាល ទម្លាក់ចោលរាល់បទចោទប្រកាន់ទៅ​មេដឹកនាំ និងសមាជិក​សហជីពទាំងអស់ ដើម្បីអាចធ្វើការជាប្រយោជន៍ដល់កម្មករ ព្រោះការងារជាសហជីព មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយ ហើយសេរីភាពសហជីពត្រូវបានចែងក្នុង​ច្បាប់​យ៉ាងច្បាស់ថា ធ្វើការដើម្បីការសិទ្ធិ និង​ការពារប្រយោជន៍កម្មករ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត សង្កេតឃើញថា មេដឹកនាំសហជីពមួយចំនួន ត្រូវរងបណ្តឹងតាមផ្លូវតុលាការ រង​ការចោទប្រកាន់ និង​ឃុំខ្លួន​ក្នុងពន្ធនាគារ ព្រមទាំង​រង​នូវ​ការផ្តន្ទាទោសដាក់ពន្ធនាគារ​ដោយតុលាការ ដូចជា ករណី កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ លោក ជា ចាន់ មេដឹកនាំសហជីពមូលដ្ឋានរបស់សម្ព័នសហជីព CATU នៅខេត្តកំពង់ស្ពឺ និងករណី​លោក ម៉ម រិទ្ធី នេះជាដើម។

លោកមានប្រសាសន៍ថា៖ «​ការចាប់ និងការឃុំខ្លួនលើមេដឹកនាំសហជីពបន្តទៀតនេះ នាំឱ្យមានការរិះគន់បន្ថែមទៀត​ពីការធ្វើទុក្ខបុកម្នេញ ការគំរាមកំហែង ការបំភិតបំភ័យ ការយាយី និង​ការរំលោភសិទ្ធិសហជីព និងសិទ្ធិការងារ ដូចកាល​ដែល​គេបានលើកឡើងនាពេលកន្លងទៅ។ ការផ្តន្ទាទោស និងការចាប់ឃុំខ្លួន លោក ម៉ម រិទ្ធី នេះ ដោយសារ​លោកបាន​បញ្ចេញមតិតាមបណ្តាញសង្គមរបស់លោក​ពីការចាប់ខ្លួន និងឃុំខ្លួនស្រ្តីម្នាក់ដែលជាសមាជិកសហជីពរបស់ខ្លួន​នៅខេត្តព្រះ​សីហនុ ដូច្នេះករណីនេះនាំឱ្យមានការិះគន់បន្ថែមទៀត ពីការរិតត្បិតលំហសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានធានា​ដោយ​រដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ស្តីពី សិទ្ធិមនុស្សដែលកម្ពុជាបានផ្តល់សច្ចា​ប័ន និង​ទទួលស្គាល់។ សេរីភាពក្នុងការបញ្ចេញមតិរិះគន់ស្ថាបនា និង​អភិវឌ្ឍន៍សង្គម គឺជារឿងចាំបាច់សម្រាប់ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបេត្យ»។

លោកថា អាជ្ញាធរ និង​តុលាការ គួរពិនិត្យមើលនូវការបញ្ចេញមតិរបស់ពលរដ្ឋ តើរបៀបណាជាបទល្មើស និងរបៀបណាជាសេរីភាពក្នុងការបញ្ចេញមតិ​ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ ដើម្បីកុំឱ្យលំហសេរីភាពក្នុងការបញ្ចេញមតិរួមតូច។ លោកបន្ថែម​ថា កម្ពុជាមានកាតព្វកិច្ចក្នុង​ការ​គោរព ការពារ និងបំពេញបន្ថែម ដើម្បីធានាថាប្រជាពលរដ្ឋបានអនុវត្តនូវសេរីភាពក្នុងការបញ្ចេញមតិបានពេញលេញ៕