មន្រ្តីនាំពាក្យរដ្ឋាភិបាល មិនឆ្លើយអតីតប្រធានគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេសដោយចាត់ទុកថា ជាបុគ្គលដែលប្រឆាំងប្រយោជន៍ជាតិខណ:លោកចោទប្រកាន់ថាផលប្រយោជន៍យុទ្ធសាស្ត្រនៃព្រែកជីក ហ៊្វូណន (ពណ៌ក្រហមនៅលើផែនទី)វាគឺជាការបម្រើផលប្រយោជន៍សម្រាប់ប្រទេសចិន។
ប្រតិកម្មរបស់មន្រ្តីនាំពាក្យរដ្ឋាភិបាលនៅពេលនេះក្រោយពេលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រោ្គះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយបានចោទប្រកាន់ថាព្រែកជីក ហ៊្វូណន មានផលប្រយោជន៍សេដ្ឋកិច្ចតិចតួច សម្រាប់ប្រទេសកម្ពុជា គឺផ្ទុយពីការឃោសនានៃរបបរបស់លោក ហ៊ុន សែន ដែលអះអាងថាព្រែកជីកនេះជា “អាយុជីវិត” សម្រាប់ប្រទេសកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះថាការធើ្វនយោបាយរបស់លោក សម រង្ស៊ី នេះគ្មានផ្តល់ប្រយោជន៍ដល់ជាតិទេ។ លោកបន្តថា ក្នុងករណីនេះការធើ្វនយោបាយមិនមែនធើ្វប្រឆាំង រហូតមិនគិតប្រយោជន៍ជាតិជាធំនោះឡើយ។ ម្យ៉ាងវិញទៀត ការធើ្វនយោបាយនេះ នឹងនាំឲ្យអតីតមេបក្សជំទាស់រូបនេះរឹតតែកម្សត់ខ្លួន នឹងគ្មានទីពឹងតទៅទៀត។
លោកបន្តថា៖ «សូមប្អូនស្រង់ប្រសាសន៍សម្តេចធិបតី និងសម្តេចតេជោ ដែលបានលើកឡើងកន្លងមក។ ខ្ញុំគ្មានអ្វីបន្ថែមទេ ហើយក៏មិនចាំបាច់ឆ្លើយតបជាមួយបុគ្គលដែលប្រឆាំងប្រយោជន៍ជាតិរូបនេះទេ»។
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានលើកឡើងថាការឃោសនាបែបនេះ គឺជាការភូតភរសុទ្ធសាធ ពីព្រោះគេចង់លាក់បាំង ផលប្រយោជន៍យុទ្ធសាស្ត្រ នៃព្រែកជីកនេះ សម្រាប់ប្រទេសចិន។ លោកបន្តថា ព្រែកជីកនេះ នឹងផ្តល់ឲ្យប្រទេសចិន នូវបណ្តាញផ្លូវទឹកមួយ ដែលជាផ្លូវសម្រាប់ដឹកជញ្ជូនទំនិញ (មានទាំងសម្ភារៈសឹកផងដែរ) យ៉ាងងាយស្រួល ពីប្រទេសចិន តម្រង់មកដែនសមុទ្រ នៅក្នុងឈូងសមុទ្រថៃ។
លោកបន្តថា៖ « ផ្លូវទឹកនេះ គឺភ្ជាប់គ្នារហូត ដោយគ្មានដាច់កន្លែងណាទេ ពីភូមិភាគខាងត្បូង នៃប្រទេសចិន ឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា រហូតដល់សមុទ្រ ដោយវាង និងចៀសវាង ប្រទេសវៀតណាម ពីជើងរហូតដល់ត្បូង។ ប្រទេសចិន មានគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ (ទំនប់ទឹក និងទ្វារទឹក) នៅចំណុចយុទ្ធសាស្ត្រតាមដងទន្លេមេគង្គ ដើម្បីឲ្យកប៉ាល់ ចៀសវាងចំណុចទឹកជ្រោះ នៅប្រទេសលាវ និងនៅខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា» ។
បើទោះបីជាបែបណាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក បណ្ឌិត ប៉ា ច័ន្ទរឿន លើកឡើងថាទាក់ទងនឹងគម្រោងអភិវឌ្ឍន៍អ្វីមួយវាតែងតែមានគ្រប់ប្រជាពលរដ្ឋ ឬក៏អ្នកនយោបាយដែលមានមតិផ្សេងៗគ្នាអ្នកខ្លូះក៏មានមតិស្រប អ្នកខ្លះក៏មានមតិផ្ទុយនេះជារឿងធម្មតា។ប៉ុន្តែលោកបន្តថាការបញ្ចេញមតិបានបង្ហាញពីការគាំទ្រ ឬក៏ការបដិសេធអានេះគឺជាសញ្ញាល្អនេះជាប្រជាធិបតេយ្យព្រោះវាបង្ហាញពីការចាប់អារម្មណ៍ការរួមយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋនៅក្នុងសង្គមរួមទាំងអ្នកនយោបាយផង។ដូច្នេះវាពិបាកធើ្វយ៉ាងណាឲ្យមនុស្សតែមួយឈរលើគោលការណ៍តែមួបានណាស់ សំរាប់គម្រោងអភិវឌ្ឍន៍ណាមួយ។
លោកបានថ្លែងថា៖ «សំរាប់សង្គមប្រជាធិបតេយ្យសេរីជឿនលឿនខ្លះគេនិយាយពីគម្រោងអភិវឌ្ឍន៍អីមួយផ្តល់ប្រយោជន៍ឬក៏ជាគម្រោងសំរាប់ជាតិទាំងមួលអ្នកនយោបាយពីគ្រប់និន្នាការនយោបាយគេតែងតែជជែកគ្នាជាផ្លូវការ ជាឯកជនមុននិងគេបញ្ចេញគម្រោងហ្នឹង ហើយនឹងបង្ហាញជំហរជាសាធារណ: ប៉ុន្តែក្នុងស្រុកខ្មែរយើងដោយសារតែអ្នកនយោបាយមានជម្លោះដូច្នេះវាមិនអាចឲ្យអ្នកនយោបាយដែលប្រឈមមុខការកៀបសង្កត់ ទៅប្រកាន់ជំហរតែមួយដូចគណបក្សកាន់អំណាចទេ» ។
ក្រៅពីនេះអ្វីដែលជាក្តីបារម្មណ៍របស់លោកនៅពេលនេះគឺគួរតែនាំគ្នាគិតគូរ និងយកចិត្តទុកដាក់នឹងជំរុញឲ្យរដ្ឋាភិបាល រួមទាំងក្រុមហ៊ុនដែលទទួលបានសិទ្ធិនៅក្នុងការសាងសង់ព្រែកជីក ត្រូវឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយអំពីផលពិបាកទាក់ទងលើបរិស្ថាន និងត្រូវគិតគូរពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែកនៅពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតតើពួកគេគួរផ្លាស់ប្តូរទីលំនៅដ្ឋាន ឬក៏រស់នៅដោយរបៀបណាវិញ។
លោកបន្តថា៖ «ខ្ញុំគិថាវាដូចជាឆ្ងាយពីទិដ្ឋភាពពីព្រោះព្រែកជីកនេះ គេធើ្វឡើងនៅក្នុងពាណិជ្ជកម្មជាពិសេសហើយការចេញចូលត្រូវតែមានការបង់ថ្លៃបើតាមអ្វីដែលរដ្ឋមន្រ្តីទទួល បន្ទុកផ្នែកគម្រោងហ្នឹងឯកឧត្តម ស៊ុន ចាន់ថុលបានបង្ហាញគឺព្រែកជីកវាមានទ្វារទឹកបិទទៀតដូច្នេះមិនអាច ប្រជាពលរដ្ឋធម្មតាឬក៏ជនអនោ្តប្រវេសវៀតណាមចេះតែចូលតាមចិត្តកើតទេ ហើយបើចង់ចេញចូលខ្ញុំជឿថាគឺចេញចូលតាមទន្លេមេគង្គធំវាស្រួលជាងទូលាយជាង» ។
ហាក់មិនខុសគ្នាទេ អ្នកវិភាគឯករាជ្យលោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ឃើញថាអ្នកពាក់ព័ន្ធគួរបង្ហាញនូវផលវិជ្ជមាន និងអវិជ្ជមាន ឬផលចំណេញ និងការខាតបង់គ្រប់ជ្រុងជ្រោយទាក់ទិនគំរោងព្រែកជីក ហ្វូណននេះ។
ក្រៅពីនេះតួអង្គពាក់ព័ន្ធគួរគិតទៅដល់កាត្វកិច្ចនានានៃកិច្ចព្រមព្រៀងពហុភាគីស្តីអំពីការប្រើប្រាស់ទឹកទន្លេមេគង្គដែលលេចចេញជាការបង្កើតគណ:កម្មាធិការទន្លេមេគង្គជាដើម។បន្ថែមពីលើនេះ ការជីកព្រែកនេះក៏ធ្លាប់មានពិសោធន៍រួចទៅហើយ គឺភាគីថៃជីកព្រែកយកទឹកទន្លេមេគង្គបង្ហូវមកតំបន់ឥសាន្តប្រទេសថៃ គឺមានការជំទាស់ពីភាគីឯទៀតមានកម្ពុជា និងវៀតណាម។ក្នុងន័យនេះរដ្ឋាភិបាលគួរយកការវិភាគចំណេញ-ខាតដូចចែងខាងលើយកទៅពិចារណា ប្រសិន បើរកឃើញថាប៉ះពាល់ផលប្រយោជន៍គួរមានសំណងរបៀបណា ចំពោះពលរដ្ឋ និងសង្គម។
លោកបន្តថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ថាខ្មែរគួរធ្វើជាម្ចាស់ខ្លះនៃព្រែកជីកមេគង្គ-កែប: រដ្ឋាភិបាលមានភាគហ៊ុនដូចជា២០-៣០ក្នុងក្រុមហ៊ុនជីកនិងគ្រប់គ្រងព្រែកនេះ ហើយលក់ហ៊ុនទាំងនេះបន្តឲ្យពលរដ្ខខ្មែរ ។ ខ្មែរម្ចាស់ទឹកដីនឹងចេះរកស៊ីជាមួយក្រុមហ៊ុនបរទេសដែលទទួលបានទឹកដីខ្មែរយកទៅរកស៊ី» ។
លោកបន្ថែមទៀតថា៖ «អ្នកមានហ៊ុនច្រើនមានលទ្ធភាចូលរួមចំណែកគ្រប់គ្រងក្រុមហ៊ុននេះ ហើយដល់ពេលចប់កិច្ចសន្យាភាគីខ្មែរនឹងអាចមានបទពិសោធន៍គ្រប់គ្រងព្រែកជីកនេះបាន ។ បើមានពលរដ្ឋខ្មែរច្រើនគ្នាទិញហ៊ុន ព្រែកជិកមេគង្គ-កែប នឹងធ្វើអ្នកមានហ៊ុនទាំងជាម្ចាស់ ហើយម្ចាស់ទាំងនោះនឹងរួមរួមគ្នាជុំវិញគម្រោងនេះ ។ ព្រែកជីកមេគង្គនឹងបង្រួបបង្រួមប្រជាពលរដ្ខខ្មែរមួយភាគ» ៕