សាលាឧទ្ធរណ៍ភ្នំពេញបានបន្តសួរនាំលោក កឹម សុខា ពាក់ព័ន្ធនឹងអង្គហេតុទាក់ទិនអំពើក្បត់ជាតិ និងគម្រោងការនៃគប់គិតជាមួយរដ្ឋបរទេស ដែលអតីតមេបក្សជំទាស់នេះរង់ការចោទប្រកាន់ថារៀមចំផែនការផ្តួលរំលំរដ្ឋាភិបាល។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការលើកទី៨ នៅព្រឹកថ្ងៃទី៩ ឧសភា នេះ លោក ផែង ហេង សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកមិញក្រុមមេធាវីបានបន្តសួរនាំលោក កឹម សុខា ពីអង្គហេតុនៃគម្រោងផ្គួលរំលំប្រឆាំងរដ្ឋាភិបាល។ហើយនៅក្នុងអង្គសវនាការ តុលាការក៏បានអានចម្លើយរបស់លោក កឹម សុខា នៅក្នុងដំណាក់កាលនៃការផ្តល់សក្ខីកម្មនៅសាលាដំបូងរាជធានីភ្នំពេញ និងសម្តីរបស់សាក្សីមួយចំនួនដែរ។
លោកបន្តថា៖ «នៅក្នុងសំណួរព្រឹកមិញនេះគឺលោកស្រី ម៉េង សុភារី ក៏គាត់បានសួរមួយសំណួរពាក់ព័ន្ធនឹងការចោទពីរឿងត្រូវរ៉ូវជាមួយបរទេសដើម្បីប្រឆាំងជាមួយព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំក៏បានសួរមួយសំណួរដែរ ពីរសំណួរ ហើយលោក អាង ឧត្តមក៏បានសួរមួយសំណួរ បន្ទាប់មកខាងអយ្យការក៏មានសួរ ហើយមេធាវីរបស់រដ្ឋាភិបាលក៏មានការបញ្ជាក់នូវសំណួរមួយចំនួន »។
លោកមេធាវី ផែង ហេង បន្តថា លោក កឹម សុខា នៅតែបន្តការពារថាលោកមិនដែលមានសកម្មភាពប្រឆាំងណាមួយជាមួយប្រទេសកម្ពុជាទេ ដោយលោក កឹម សុខា អះអាងថាលោកគឺជាអ្នកស្នេហាជាតិ និងមិនប្រព្រឹត្តអំពើក្បត់ជាតិណាមួយនោះឡើយ។
សម្រាប់សវនាការលើកទី៨នេះគេសង្កេតឃើញក្រុមមន្ត្រីការពារសិទ្ធិមនុស្ស អង្គទូត និងអ្នកគំាទ្របន្តតាមដានការជំនុំជម្រះ។
សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ស្រង់សំដីដើមរបស់អតីតមេបក្សជំទាស់ប្រាប់ក្រុមអ្នកកាសែតថា ក្នុងកាលៈទេសៈនេះខ្មែរគួរតែមានការរួបរួមគ្នា និងផ្សះផ្សាជាតិដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា ជាជាងចោទប្រកាន់លោកថាគប់គិតត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស។ នេះបើតាមសហមេធាវីការពារក្តីលោក កឹម សុខា។
លោកបន្តថា៖ « […] ជាជាងការចោទគាត់ថាត្រូវរ៉ូវជាមួយបរទេស ត្រូវជាមួយអាមេរិក ឬត្រូវជាមួយ IRI NDI USAID Konrad Adenauer ព្រោះអង្គការទាំងអស់នេះគេសុទ្ធតែជួយខ្មែរតាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយស្ថានទូតទាំងអស់នេះក៏មិនមែនជាសត្រូវរបស់កម្ពុជាដែរ គេសុទ្ធតែជួយក្នុងដំណើរការប្រជាធិបតេយ្យ និងការអភិវឌ្ឍស្រុកខ្មែរ »។
បើតាមសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា នៅចំពោះមុខនេះសុខភាពរបស់លោក កឹម សុខា គឺមានសភាពធម្មតាដោយលោកមានកម្លាំងក្នុងការឆ្លើយតបសំណួររបស់តុលាការ និងមេធាវីបាន។
យ៉ាងនេះក្តី នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ដែលចូលរួមតាមដានសវនាការរបស់អតីតមេដឹកនាំគណបក្សជំទាស់ប្រាប់ Newsroom Cambodia ថា នៅក្នុងសវនាការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមមេធាវីបានតាំងសំណួរសួរនាំឡើងវិញទៅលើលោក កឹម សុខា ជុំវិញរឿងសន្ទិដ្ឋិភាពជាមួយបរទេស ហើយលោក កឹម សុខា បានបកស្រាយដូចទៅនឹងអ្វីបានឆ្លើយកាលពីនៅសាលាដំបូងរាជធានីភ្នំពេញដែរ។បើតាមលោក អំ សំអាត ដំណើរការនីតិវិធីក្នុងតុលាការពីព្រឹកមិញនេះគឺប្រព្រឹត្តទៅរលូន និងមិនមានភាពតឹងតែងឡើយ។
លោកបន្តថា៖ «មួយទៀតនៅក្នុងសវនាករដែលខ្ញុំបានតាមដានកន្លងមក យើងឃើញថា ឯកឧត្តម កឹម សុខា ក៏បានលើកម្តងហើយម្តងទៀតអំពីចង់ឃើញអ្នកនយោបាយនៅខ្មែរទាំងអស់រួបរួមជាតិតែមួយ ហើយព្រឹកមិញក៏មានការពីបញ្ហាហ្នឹងដែរ »។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញបានទេ នៅថ្ងៃទី៩ ឧសភា នេះ។
កាលពីឆ្នាំ២០២៣ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ ឆ្នាំពីបទក្បត់ជាតិ។នៅក្នុងដីកាបង្គាប់របស់តុលាការសិទ្ធិនយោបាយរបស់លោកទាំងអស់ត្រូវដកហូតហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ បន្ទាប់ពីសវនាការលើកទី ៨ត្រូវបានបញ្ចប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក កឹម សុខា នឹងត្រូវមកបង្ហាញខ្លួននៅក្នុងការជំនុំជម្រះលើកទី៩ ដែលជាជំនុំជម្រះចុងក្រោយ នៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះប្រសិនបើមិនមានការប្រែប្រួលណាមួយ។បើតាមសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា នៅក្នុងសវនាការលើកទី៩ នឹងមានការអានកំណត់ហេតុរបស់មន្រ្តីនគរបាលយុត្តិធម៌ សាក្សី និងប្រតិចារឹកដែលបានដាក់ជូនទៅតុលាការ៕