សាលា​ឧទ្ធរណ៍ភ្នំពេញបានបន្ត​សួរ​នាំ​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​អង្គហេតុ​​​ទាក់ទិនអំពើ​ក្បត់​ជាតិ និង​គម្រោ​​ង​ការ​នៃ​គប់គិត​ជាមួយ​រដ្ឋបរទេស​ ដែលអតីតមេបក្សជំទាស់នេះរង់​​ការចោទប្រកាន់ថារៀមចំ​ផែនកា​​រ​​​ផ្តួ​ល​រំលំ​រដ្ឋាភិ​បាល​។

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ​លើក​ទី​៨ នៅព្រឹកថ្ងៃទី៩ ឧសភា នេះ លោក ផែង ហេង សហមេធាវី​ការពារ​សិទ្ធិឱ្យ​លោក កឹម សុខា បញ្ជាក់​ថា នៅ​ក្នុង​សវនាការ​កាល​ពី​ព្រឹក​មិញ​ក្រុម​មេធាវី​បាន​បន្ត​សួរនាំ​លោក កឹម សុខា ពី​អង្គហេតុ​នៃ​គម្រោង​ផ្គួល​រំលំ​ប្រឆាំង​រដ្ឋាភិបាល។ហើយនៅក្នុងអង្គ​​សវនា​​កា​រ តុលាការក៏​បាន​អាន​ចម្លើយ​របស់​លោក កឹម សុខា នៅក្នុងដំណាក់កាលនៃកា​​រផ្តល់សក្ខីកម្ម​​នៅសា​លា​​ដំ​​បូងរាជធានីភ្នំពេញ និង​សម្តី​របស់​សាក្សី​មួយ​ចំនួន​​​ដែរ។

លោកបន្តថា៖ «នៅ​ក្នុង​សំណួរ​ព្រឹកមិញ​នេះ​គឺ​លោកស្រី ម៉េង សុភារី ក៏​គាត់​បាន​សួរ​មួយ​សំណួរ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ពី​រឿង​ត្រូវ​រ៉ូវ​ជាមួយ​បរទេស​ដើម្បី​ប្រឆាំង​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា។ ខ្ញុំ​ក៏​បាន​សួរ​មួយ​សំណួរ​ដែរ ពីរសំណួរ ហើយ​លោក អាង ឧត្តម​ក៏​បាន​សួរមួយ​សំណួរ បន្ទាប់​មក​ខាង​អយ្យការ​ក៏​មាន​សួរ ហើយ​មេធាវី​របស់​រដ្ឋាភិបាល​ក៏​មាន​ការ​បញ្ជាក់​នូវ​សំណួរ​មួយ​ចំនួន »។

លោក​មេធាវី ផែង ហេង បន្ត​ថា លោក កឹម សុខា នៅ​តែ​បន្ត​ការពារ​ថា​លោក​មិន​ដែល​មាន​សកម្មភាព​ប្រ​​ឆាំ​​ង​​​​​ណា​មួយ​ជាមួយ​ប្រទេស​កម្ពុជា​ទេ ដោយ​លោក កឹម សុខា អះអាងថា​លោក​គឺ​ជា​អ្នកស្នេហា​ជាតិ និង​មិនប្រព្រឹត្តអំពើ​ក្បត់​ជាតិណាមួយនោះ​ឡើយ។

សម្រាប់សវនាការ​លើក​ទី​៨នេះគេសង្កេតឃើញក្រុម​មន្ត្រី​ការពារសិទ្ធិ​មនុស្ស ​អង្គទូត​​ និង​អ្នកគំាទ្រ​​​​បន្ត​​​តា​ម​​​ដាន​ការជំនុំជម្រះ។

សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ស្រង់សំដីដើមរបស់អតីតមេបក្សជំទាស់ប្រាប់​ក្រុម​​អ្នកកា​​សែ​​ត​​ថា ក្នុង​កាលៈទេសៈ​នេះ​ខ្មែរ​គួរ​តែ​មាន​ការ​រួបរួម​គ្នា និង​ផ្សះផ្សា​ជាតិ​ដើម្បី​ជា​ប្រយោជន៍​រួមទាំង​អស់​គ្នា ជាជាង​ចោទ​ប្រកាន់​លោក​ថា​គប់​គិត​ត្រូវ​រ៉ូវ​គ្នា​ជា​​មួ​​យ​​​រដ្ឋបរទេស។ នេះ​បើ​តាម​សហមេធាវី​ការពារ​ក្តី​លោក កឹម សុខា។

លោកបន្ត​ថា៖ « […] ជាជាង​ការ​ចោទ​គាត់​ថា​ត្រូវ​រ៉ូវ​ជាមួយ​បរទេស ត្រូវ​ជាមួយ​អាមេរិក ឬ​ត្រូវជាមួយ​ IRI NDI USAID Konrad Adenauer ព្រោះ​អង្គការ​ទាំង​អស់​នេះ​គេ​សុទ្ធ​តែ​ជួយ​ខ្មែរ​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ស្ថានទូត​ទាំង​អស់​នេះ​ក៏​មិនមែន​ជា​សត្រូវ​របស់​កម្ពុជា​ដែរ គេ​សុទ្ធតែ​ជួយ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍ​ស្រុក​ខ្មែរ »។

បើតាម​សហមេធាវី​ការពារ​សិទ្ធិឱ្យលោក កឹម សុខា នៅចំពោះមុខនេះសុខភាព​របស់​លោក កឹម សុខា គឺ​មា​​ន​សភាព​ធម្មតា​ដោយ​លោក​មាន​កម្លាំង​ក្នុង​ការ​ឆ្លើយ​តប​សំណួរ​របស់​តុលាការ និង​មេធាវី​បាន។

យ៉ាងនេះក្តី នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​លីកាដូ លោក អំ សំអាត ដែល​ចូល​រួម​តាមដាន​សវនាការ​របស់​អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​ប្រាប់ Newsroom Cambodia ថា នៅ​ក្នុ​ង​​​សវនាការ​នាព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ក្រុម​មេធាវី​បាន​តាំង​សំណួរ​សួរនាំ​ឡើង​វិញ​ទៅ​លើ​លោក កឹម សុខា ជុំវិញ​​​រឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ហើយ​លោក កឹម សុខា បាន​បកស្រាយ​ដូច​ទៅ​នឹង​អ្វី​បាន​ឆ្លើយ​កាល​ពី​នៅ​​​សាលាដំបូង​រាជធានី​ភ្នំពេញដែរ។បើតាម​លោក អំ សំអាត ដំណើរ​ការ​នីតិវិធី​ក្នុង​តុលាការ​ពី​ព្រឹកមិញ​នេះ​គឺ​ប្រព្រឹត្ត​ទៅ​រលូន និង​មិន​មាន​ភាព​តឹងតែង​ឡើយ។

លោក​បន្ត​ថា៖ «មួយ​ទៀត​នៅ​ក្នុង​សវនាករ​ដែល​ខ្ញុំ​បាន​តាមដាន​កន្លងមក យើង​ឃើញ​ថា ឯកឧត្តម កឹម សុខា ក៏​បាន​លើក​ម្តង​ហើយ​ម្តង​ទៀត​អំពី​ចង់​ឃើញ​អ្នកនយោបាយ​នៅ​ខ្មែរ​ទាំង​អស់​រួបរួម​ជាតិ​តែ​មួយ ហើយ​ព្រឹកមិញ​ក៏​មាន​ការ​ពី​បញ្ហា​ហ្នឹង​ដែរ »។

គេហទំព័រ Newsroom Cambodia មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឃុន លាងម៉េង អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​ទេ នៅថ្ងៃទី៩ ឧសភា នេះ។

កាលពីឆ្នាំ២០២៣ អតីត​ប្រធាន​​គណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវបានតុលាការកំពូលរំលាយ​ ត្រូវតុលា​​កា​​រ​​ផ្តន្ទាទោសដាក់ពន្ធនាគារ ២៧ ឆ្នាំពីបទក្បត់ជាតិ។នៅក្នុងដីកាបង្គាប់របស់តុលាការសិទ្ធិ​នយោបាយ​របស់​លោក​ទាំង​អស់​ត្រូវ​​ដកហូត​ហើយ​លោក​ក៏​មិន​ត្រូវ​បាន​អនុញ្ញា​​​ត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អ​​នុ​ញ្ញាត​ពី​តុលាការ​។ បន្ទាប់​ពី​សវនាការ​លើក​ទី ៨​ត្រូវ​បាន​បញ្ចប់​កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ លោក កឹម សុខា នឹង​ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ជំនុំ​ជម្រះលើក​ទី៩ ដែល​ជា​ជំនុំជម្រះ​ចុង​ក្រោយ នៅថ្ងៃទី​២៣ ខែ​ឧសភា​ ខាង​មុខ​នេះ​ប្រសិ​ន​​​បើ​មិន​មាន​ការ​ប្រែប្រួល​ណាមួយ។បើតាម​សហមេធាវី​ការពារ​សិទ្ធិឱ្យលោក កឹម សុខា នៅ​ក្នុង​សវនាការ​លើ​ក​ទី​៩ នឹង​មាន​ការ​អាន​កំណត់​ហេតុ​របស់​មន្រ្តី​នគរបាល​យុត្តិធម៌ សាក្សី និង​ប្រតិចារឹក​ដែល​បាន​ដា​ក់​​ជូ​ន​​ទៅ​តុលាការ៕