សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន​ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ នៅថ្ងៃព្រឹក​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម។

អនុប្រធាន និងជាអ្នកនាំពាក្យនៃគណបក្សកម្លាំងជាតិ លោក ជា មុនី បានឱ្យដឹង​ថា លោក ស៊ុន ចន្ធី​ ត្រូវបានសមត្ថកិច្ចនាំខ្លួនចូល​ទៅក្នុងរថយន្ត​ភ្លាម​ៗ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោក​ត្រឡប់មកពីបំពេញ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន។ លោកបន្តថា ការ​ចាប់ឃាត់ខ្លួន​ប្រធានគណបក្សរូបនេះ ពីសំណាក់​សមត្ថកិច្ច គឺធ្វើ​ឡើងភ្លាមៗ​​​ដោយ​មិន​បានប្រាប់ពី​​មូលហេតុ និង​បង្ហាញដីកាឡើយ។

លោកបន្ត​ថា៖ «ខ្ញុំយល់​ឃើញថា នេះគឺជាការគំរាមកំហែងផ្នែកនយោបាយដ៏ធ្ងន់ធ្ងរ។ ប្រទេសយើងមានច្បាប់ ប៉ុន្តែការធ្វើអ្វីមួយគិត​តាម​ច្បាប់។ អ៊ីចឹងយើងចង់ឱ្យមានការអនុវត្ត​តាមច្បាប់ថា​គាត់ហ្នឹង ខុសអី ទោសអី ព្រោះនេះ​មិន​មែន​ជា​បទល្មើសជាក់ស្តែង […] គ្មានការបង្ហាញដីកា​ អ៊ីចឹងវាផ្ទុយអំពីច្បាប់នៃប្រទេសកម្ពុជា»។

តែយ៉ាងណា អ្នកនាំពាក្យស្នងការដ្ឋាននគបាល​រាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានគូសបញ្ជាក់​ថា ការ​ចាប់ឃាត់​ខ្លួន លោក ស៊ុន ចន្ធី ទៅសួរនាំនេះ គឺធ្វើឡើងទៅតាមដីការបស់តំណាង​​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ដំណើររឿងញុះញង់។

លោកថា៖ «យើងអនុវត្ត​[ការចាប់ខ្លួន​]​មានដីកា​ត្រឹមត្រូវរបស់​ខាង​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ចឹងអ្វីដែលយើងអនុវត្ត គឺអនុវត្តទៅលើវិធានការច្បាប់ ចំពោះបុគ្គលឈ្មោះ ស៊ុន​ ចន្ធី នេះ ប្រព្រឹត្ត​បទល្មើស​ដោយ​រង​ការ​ចោទ​ប្រកាន់ ញុះញង់បង្កឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ចឹងគ្មានហេតុផល​អ្វីដែល​យើង​ក្រៅពី​ការអនុវត្តទៅលើវិធានការច្បាប់ ពាក់ព័ន្ធនឹងបុគ្គលប្រព្រឹត្តអំពើ​ព្រហ្មទណ្ឌខុសច្បាប់ ហើយឥឡូវ​យើងកំពុងសួរនាំ​គាត់​ នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំ​ពេញដើ​ម្បីបន្តតាមនីតិវិធី»។

បើតាម​សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរ​បាល​​រាជធានីភ្នំពេញ ករណីឃាត់ខ្លួន លោក ស៊ុន ចន្ធី ធ្វើឡើង​តាម​ដីកាបញ្ជាឱ្យចូលខ្លួន របស់តំណាងអយ្យការអម​សាលាដំបូង​រាជធានីភ្នំពេញ ចុះថ្ងៃទី០៧ ខែ​ឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តតាមរយៈការបង្ហោះផ្សព្វផ្សាយ​ព័ត៌មាន​លើបណ្តាញ​សង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ​មានភាពវឹកវរក្នុងសង្គម។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យ​ការ​អមសាលាដំបូងរាជធានីភ្នំពេញ»។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា បើសិនជាការ​ចាប់​ខ្លួន​ប្រធាន​គណបក្សកម្លាំងជាតិ នា​ព្រឹក​មិញ​នេះ សមត្ថកិច្ច​​មិនមាន​បង្ហាញដីកា និង​មូលហេតុដល់សាម៉ី​ខ្លួន​​ជាមុន​​ទេ នោះជារឿងមិនត្រឹមត្រូវតាមនីតិវិធីឡើយ។

លោកថា៖ «ទី១ ប្រសិនបើជាបទល្មើសជាក់ស្តែង សមត្ថកិច្ចអាចចាប់ខ្លួនជននោះ ដោយមិន​ចាំបាច់​មាន​ការ​ត្រូវប្រាប់ពីមូលហេតុ និងទី២ ប្រសិនបើមិនមែនជាបទល្មើសជាក់ស្តែងទេ គឺត្រូវមានដីកាបង្គាប់ ឬ​នាំខ្លួន​ពី​តុលាការ ហើយ​អាន និង​ត្រូវប្រាប់​ពីបទ​ចោទ និង​មូលហេតុនៃការចាប់ខ្លួន។ ​បើសមត្ថកិច្ចមិនបានអនុវត្តដូច្នេះទេ គឺ​ខុស នឹង​​នីតិវិធី។ ករណីចាប់ខ្លួនលោក ស៊ុន ចន្ធី​ ប្រធានគណបក្សកម្លាំងជាតិ ព្រឹកមិញ បើមិនបានអនុវត្តនីតិវិធី​ខាងលើ​គឺខុស»

លោកយល់ថា ករណីចាប់ខ្លួន​ប្រធានគណបក្សកម្លាំងជាតិនេះ អាចនឹង​ធ្វើឱ្យ​មានការរិះគន់​ពី​ស្ថានភាព​នយោ​បាយ ក៏​ដូច​​ជាបរិយាកាស​នៃ​ការបោះឆ្នោត​ដែល​​នឹង​​ឈាន​​មក​ដល់នាពេល​​​ខាងមុខនេះ​ថា ​មិន​សូវ​ល្អ​ផង​ដែរ។

លោកបន្តថា៖ «ការចាប់ខ្លួនលោក ស៊ុន ចន្ធី​ នាពេល​មុន​ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង​​ស្រុក ខណ្ឌ ខាង​មុខ​នេះ អាចនាំឱ្យមានការរិះគន់ពីស្ថានភាពនយោបាយថា​ការបោះឆ្នោតនោះ មានបរិយាកាសមិនសូវល្អ ហើយ​បើមិនបាន​បង្ហាញនូវភស្តុតាង និងហេតុផលគ្រប់គ្រាន់​ក្នុងការចាប់ខ្លួនប្រធានគណបក្សកម្លាំងជាតិនេះអាចនាំឱ្យមានការិះគន់ភ្ជាប់ទៅនឹងបញ្ហានយោបាយ និងការរិតត្បិតលំហសេរីភាពនយោបាយ។ អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ចង់ឃើញអ្នកនយោបាយទាំងអស់ តម្កល់​ឧត្តមប្រយោជន៍​ជាតិ ឧត្តមប្រយោជន៍​ពលរដ្ឋ​ជាធំ ដោយស្រាយគ្នាដោយ​សន្តិវិធី តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកម្ពុជាប្រ​កាន់​យក»

គួរជម្រាបជូនថា ចាប់តាំងពីដើមឆ្នាំ២០២៣ មកដល់ពេលនេះ មានថ្នាក់ដឹកនាំ សមាជិក​ និង​សកម្មជន​គណបក្សប្រឆាំង​សរុបប្រមាណ​ជាង ២០​នាក់​​ហើយ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាបណ្តោះអាសន្ន​នៅពន្ធនាគារ ក្រោមបទចោទផ្សេងៗ ក្នុងនោះមានដូចជាបទចោទ ញុះញង់ ការក្លែងបន្លំឯកសារសាធារណៈ និង​ការក្លែងបន្លំស្នាមមេដៃជាដើម៕