ក្នុងបរិវេណស្នាក់ការសហភាពអឺរ៉ុបប្រចាំកម្ពុជា ស្ថិតលើបណ្តោយមហាវិថីនរោត្តម រាជធានីភ្នំពេញ យុវជនជាង១០០នាក់ ដែលកំពុងចូលរួមទិវាអឺរ៉ុប កំពុងសួរនាំព័ត៌មានពីស្តង់ពិព័រណ៌តូចៗ ដែលមានពណ៌ខៀវ ស្រដៀងនឹងពណ៌ទង់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងឱកាសសិក្សានៅបណ្តាប្រទេសនៅអឺរ៉ុប ស្តង់ពាក់ព័ន្ធនឹងការជំរុញការយល់ដឹងអំពីបរិស្ថាន និងស្តង់អំពីអាហារអឺរ៉ុបជាដើម។
ទិវាអឺរ៉ុប ឬ Europe Day ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែឧសភា ដើម្បីសន្តិភាព និងការរួបរួមនៃទ្វីបអឺរ៉ុប។ ទិវានេះជាថ្ងៃកំណើតនៃសហភាពអឺរ៉ុប និងជាខួបនៃសេចក្តីថ្លែងការណ៍របស់លោក រ៉ូបឺត ស្ហូម៉េន (Robert Schuman ) រដ្ឋមន្រ្តីការបរទេសបារាំងពីការកែទម្រង់កិច្ចសហប្រតិបត្តិការនយោបាយនៅអឺរ៉ុប ជំរុញឱ្យសង្គ្រាមរវាងប្រទេសក្នុងទ្វីបអឺរ៉ុបមិនអាច កើតឡើងបាន។
នៅកម្ពុជា សហភាពអឺរ៉ុបបានប្រារព្ធទិវាអឺរ៉ុបលើកទី៧៤នេះ ដើម្បីអបអរសារទរសន្តិភាព សុវត្ថិភាព និងការរួបរួមគ្នានៅអឺរ៉ុប និងតួនាទីសំខាន់របស់យុវជន ដើម្បីសម្រេចបានការផ្លាស់ប្តូរទៅនឹងបរិស្ថានបៃតង និងអនាគតប្រកបដោយនិរន្តភាព។
លោក អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រាប់ Newsroom Cambodia ថា រលកកម្តៅនៅកម្ពុជារយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាសក្ខីភាពបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុជារឿងពិត។ លោកថា ការប្រែប្រួលអាកាសធាតុ មានគ្រោះថ្នាក់ដល់វិស័យកសិកម្ម សេដ្ឋកិច្ច និងប្រជាជន ជាពិសេសលើមនុស្សចាស់ ប៉ុន្តែយុវជនគឺជាអ្នកទទួលខុសត្រូវ និងផ្លាស់ប្តូរអនាគត។
លោកនិយាយជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរតាមន័យដើមថា៖ «ការផ្តោតសំខាន់ទៅលើយុវជន ព្រោះពួកគេត្រូវរៀបចំកិច្ចការទាំងនេះ សម្រាប់រយៈពេលហាសិបឆ្នាំ ឬចិតសិបឆ្នាំ ឬជាច្រើនឆ្នាំបន្តទៀត។ យុវជនគឺជាភាគីពាក់ព័ន្ធដ៏សំខាន់ក្នុងការផ្លាស់ប្តូរ»។
ក្នុងទិវាអឺរ៉ុបនៅថ្ងៃទី៩ ខែឧសភានេះ ក៏មានការចូលរួមពីវាគ្មិនដែលជាអ្នកបង្កើតមាតិកាបែបបរិស្ថាន គំនូរបែបឌីជីថល សកម្មជនសមភាពយេនឌ័រ និងវាគ្មិនផ្សេងៗទៀតចំនួន៧រូប ដើម្បីពិភាក្សាលើប្រធានបទស្តីពី «ការលើកកម្ពស់ការយល់ដឹងពីនិរន្តភាពបរិស្ថានតាមរយៈការបង្កើតមាតិកា»។
សុទ្ធ ពៅសំណាង ជាសកម្មជនសមភាពយេនឌ័រ និងជាវាគ្មិនមួយរូបក្នុងកម្មវិធី បានប្រាប់ Newsroom Cambodia ថា គាត់ចាប់អារម្មណ៍ខ្លាំងលើការប្រារព្ធទិវាសហភាពអឺរ៉ុបនេះ ដោយសារពាក់ព័ន្ធទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ សំណាង បន្ថែមថា ទោះបីជាសំណាង ជាអ្នកតស៊ូមតិទាក់ទងនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងសមភាពយេនឌ័រ ប៉ុន្តែសំណាងក៏សង្កេតឃើញពីទំនាក់ទំនងគ្នារវាងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ដោយសារស្រី្ត និងក្រុមជនមានសំឡេងតិច ជាអ្នករងគ្រោះផ្ទាល់ពីការប្រែប្រួលអាកាសធាតុនេះ។
សំណាង បន្ថែមថា៖ «អញ្ចឹងខណៈពេលដែលបញ្ហារបស់ស្ត្រីមានច្រើន បញ្ហាអ្នកមានសំឡេងតិចមានច្រើន ដោយសារតែ Climate Changes [ការប្រែប្រួលអាកាសធាតុ] ប៉ុន្តែអ្នកតំណាងសំឡេងរបស់ពួកគាត់តិចមែនទែនក្នុងការធ្វើគោលនយោបាយ»។
អ្នកចូលរួមទិវាអឺរ៉ុបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើការប្រារព្ធទិវានេះ មកកាន់ Newsroom Cambodia ដោយក្តីបារម្ភជុំវិញបញ្ហាបរិស្ថាន និងតួនាទីយុវជន ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ។
លោក ម៉ន ពិសិដ្ឋ អាយុ២០ឆ្នាំ ជានិស្សិតមកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ បានថ្លែងប្រាប់ Newsroom Cambodia ថា ទិវាអឺរ៉ុប បានផ្តល់ឱកាសដល់យុវជន ដើម្បីពង្រឹងចំណេះដឹងទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ និងតួនាទីយុវជនក្នុងការដោះស្រាយបញ្ហាបរិស្ថាន តាមរយៈស្តង់នីមួយៗ។
លោកបន្ថែមថា៖ «យើងក៏មិនគួរភ្លេចដែរថា អ្វីដែលជាទិសដៅចំណុចសំខាន់នោះ គឺជាការចូលរួមរបស់យើងទាក់ទងជាមួយនឹងការពង្រឹងចំណេះដឹងផ្នែកបរិស្ថាន ជាមួយនឹងការយល់ដឹងបន្ថែមទាក់ទងនឹងតួនាទីរបស់យុវជន ថាតើយើងមានតួនាទីអ្វីខ្លះ ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថាន?»។
កញ្ញា យៀង ម៉ានិច អាយុ១៨ឆ្នាំ ជានិស្សិតមកពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈបានលើកឡើងថា កញ្ញាបានស្វែងយល់អំពីបញ្ហាអាកាសធាតុ ដែលជាបញ្ហាទូទៅដែលកំពុងមានការចាប់អារម្មណ៍ពីស្ថាប័នពាក់ព័ន្ធផ្សេងៗទាំងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។
កញ្ញាបន្ថែមថា៖ «អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺមានការបញ្ចូលក្មេងស្រី ឬស្រ្តីឱ្យចូលរួមក្នុងកម្មវិធីទាំងអស់ហ្នឹង តួយ៉ាងដូចជាវាគ្មិនរបស់យើង គឺមានមនុស្សស្រីដែលគាត់ជាអ្នកបង្កើតមាតិកា ជាសិស្សវិទ្យាល័យ វាគឺជាអ្វីដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ជំរុញលើកទឹកចិត្តខ្លាំងមែនទែន»។
ព្រះតេជគុណ ពក ពន្លឺ ព្រះជន្ម ២៨វស្សា មានសង្ឃដីកាថា ការផ្តល់ឱកាសឱ្យយុវជនចូលរួមស្វែងយល់អំពីបរិស្ថាន និងផ្តល់ឱកាសដល់យុវជនស្រលាញ់បរិស្ថានអាចបង្ហាញទស្សនៈវិស័យ គំនិត និងការបារម្ភរបស់ពួកគេក្នុងទិវាអឺរ៉ុបនេះ គឺជារឿងសំខាន់។
ព្រះតេជគុណបន្ថែមថា៖ «បរិស្ថាននេះកំពុងតែជាប្រធានបទក្តៅមួយ មិនមែនតែសម្រាប់យុវជនកម្ពុជាទេ គឺទូទាំងសកលលោក។ អញ្ចឹងកាលណា សហភាពអឺរ៉ុបបានផ្តល់ឱកាសយុវជន និងយុវជនបានជួបជុំគ្នាជជែកអំពីបរិស្ថាន។ វាជាសញ្ញាមួយថា យុវជនកម្ពុជាក៏បានខ្វល់ខ្វាយអំពីបរិស្ថានផងដែរ»។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា ការប្រែប្រួលអាកាសធាតុនាំឱ្យកម្ពុជាចំណាយទឹកប្រាក់៩%នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០៥០ ហើយភាពក្រីក្រនឹងកើនឡើង៦%នាឆ្នាំ២០៤០។
ក្នុងរបាយការណ៍របស់ធនាគារពិភពលោក ផលប៉ះពាល់នៃអាកាសធាតុបង្កហានិភ័យច្រើនដល់ប្រទេស និងប្រជាជន ហើយធ្វើឲ្យមានបញ្ហាប្រឈមដល់ការអភិវឌ្ឍកាន់តែធ្ងន់ធ្ងរ ដោយទឹកជំនន់នឹងបង្កការខាតបង់កាន់តែច្រើនឡើងដល់រោងចក្រ ផ្លូវថ្នល់ ផ្ទះសម្បែង និងសាលារៀន និងបណ្តាលឲ្យសេវាកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗជួបភាពរអាក់រអួល។ បម្រែបម្រួលអាកាសធាតុត្រូវបានព្យាករណ៍ថានឹងបណ្តាលឲ្យទិន្នផលដំណាំ និងជលផលធ្លាក់ចុះ ដែលបង្កបញ្ហាប្រឈមដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សីតុណ្ហភាពកាន់តែខ្ពស់ និងភ្លៀងធ្លាក់ខ្លាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ហើយជាដើមចមនៅពីក្រោយការកើនឡើងជំងឺផ្សេងៗ។
លោក អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចង់ឃើញយុវជនដែល ធ្វើសកម្មភាពក្នុងថ្ងៃនេះ តាមរយៈការតស៊ូមតិ បង្កើតវត្ថុបំណង និងការច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច បរិស្ថាន និងគោលដៅដោះស្រាយបញ្ហាបម្រែបប្រួលអាកាសធាតុ សម្រាប់និរន្តភាពនាពេលអនាគត៕