មន្ទីរធម្មការខេត្តកំពង់ចាម ឱ្យដឹងថា ចៅអធិការ និងគណៈកម្មការវត្តគិរីសាលវ័ន ហៅវត្តថ្មី បានយល់ព្រមកែសម្រួលមហាកុដិឡើងវិញ ទៅតាមរចនាបថខ្មែរ និងបែបប្រពៃណីព្រះពុទ្ធសាសនា ក្រោយ មហាជនបានរិះគន់នៅតាមបណ្តាញសង្គមថា សំណង់មហាកុដិនេះ សាងសង់ឡើងមានទម្រង់ដូចទៅនឹងផ្ទះវីឡា។
ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការរិះគន់ជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញសំណង់មហាកុដិនៅវត្តគិរីសាលវ័ន ហៅវត្តថ្មីនេះ ថាមានទម្រង់ដូចផ្ទះវីឡាទំនើប ក្រោយពីមហាកុដិនេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់ និងធ្វើបុណ្យឆ្លង កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា តាមការពិនិត្យរបស់មន្ទីរធម្មការ សហការជាមួយជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ឃើញថា សំណង់ មហាកុដិ នៅវត្តគិរីសាលវ័ន្ត ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានសាងសង់ខុសរចនាបថខ្មែរពិតមែន។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា សំណង់នេះ បានសាងសង់ឡើងចាប់តាំងពីឆ្នាំ២០១៨មក ដោយពុំមានការសុំច្បាប់អនុញ្ញាតសាងសង់នោះឡើយ ហើយការសាងសង់នោះដំបូងឡើយធ្វើតាមរចនាបថខ្មែរ ប៉ុន្តែក្រោយមក ព្រះចៅអធិការវត្ត និងជាង បានកែប្រែរចនាបទនេះ ខុសពីប្លង់ដើម នៅផ្នែកខាងមុខ។
ជាដំណោះស្រាយ មន្ទីរថា ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត បានឯកភាពគ្នា កែសម្រួលមហាកុដិនេះឡើងវិញ ដោយយកគំរូរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ហើយតទៅមុនទៀត គណៈសង្ឃវត្ត បេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញា ដោយមិនឱ្យមានបញ្ហាបែបនេះកើតឡើងទៀតឡើយ។
Newsroom Cambodia មិនអាចសុំសង្ឃដីកាបកស្រាយជុំវិញករណីនេះ ពីព្រះតេជគុណ ប៊ន ស្រឿន ព្រះគ្រូចៅអធិការវត្តគិរីសាលវ័ន បានទេ នៅថ្ងៃទី០៧ ខែមីនានេះ។ ប៉ុន្តែព្រះតេជគុណមានសង្ឃដីកាប្រាប់សារព័ត៌មានក្នុងស្រុកថា ការសាងសង់មហាកុដិនេះឡើង ក្នុងគោលបំណងបង្កើនភាពទាក់ទាញ និងទំនើបកម្ម ដោយពុំមានចេតនាណាមួយលុបបំបាត់ប្រពៃណីវប្បធម៌ និងរចនាបថខ្មែរនោះទេ។ ព្រះតេជគុណបន្តថា ការសាងសង់មហាកុដិនេះឡើង មិនមែនសម្រាប់តែជាទីសេនាសនៈសម្រាប់ព្រះសង្ឃគង់ស្នាក់អាស្រ័យនោះទេ ប៉ុន្តែជាកន្លែងសម្រាប់ទីសក្ការៈបូជា តម្កល់ព្រះពុទ្ធរូប បណ្ណាល័យ មានកន្លែងផ្សព្វផ្សាយព្រះធម៌ និងមានកន្លែងសម្រាប់ធ្វើវិបស្សនា ឬសមាធិ ថែមទៀត។
ព្រះអង្គមានសង្ឃដីកាថា៖ «ក្នុងគោលបំណងរបស់អត្មា អត់មានបំណងថាលុបបំបាត់ប្រពៃណីវប្បធម៌ ឬក៏រចនាបទខ្មែរទេ ហើយតែផ្ទុយទៅវិញ មានន័យថាជាការស្រឡាញ់ ប៉ុន្តែដូចអត្មាថាចឹង វារៀងលើសលុបពេក កន្លែងខ្លះវាធ្វើទៅដូចជាបែបទំនើប[…] ដល់ចឹងវាអាចប៉ះពាល់អារម្មណ៍បងប្អូនយើងមួយចំនួន ដែលគាត់ពុំបានដឹងពីបំណងដែលអត្មាធ្វើនេះ អីចឹងអត្មាសុំអធ្យាស្រ័យអភ័យទោសពីបងប្អូនអ្នករិះគន់ផងដែរ ដែលអត្មាបំណងធ្វើនេះ គឺយើងចង់ឱ្យវាស្អាត មានសោភ័ណ្ឌភាព ហើយវាជាទីទាក់ទាញ មកដល់ហើយចូលមកគឺគួរឱ្យជ្រះថ្លា»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ គាំទ្រឱ្យមានការកែសម្រួលមហាកុដិនេះឡើងវិញ ដោយសារតែផ្នែកខាងមុខនៃមហាកុដិ សាងសង់ឡើងហាក់ដូចជា ម៉ូតផ្ទះវីឡាទំនើប ដែលមិនសាកសមនឹងសាងសង់នៅក្នុងវត្តអារាមឡើយ។ លោកបន្តថា ការសាងសង់កុដិដែលមានទម្រង់បែបផ្ទះវីឡានេះ អាចប៉ះពាល់ដល់វិស័យពុទ្ធសាសនា និងមុនមាត់របស់កម្ពុជា។ លោកថា៖ «បើធម្មជាតិខ្មែរយើងតាំងពីតកូនតចៅមក មិនដែលមានវត្តណាធ្វើផ្ទះវីឡានៅក្នុងវត្តទេ។ បើសម្រាប់ព្រះសង្ឃនៅតាមព្រះពុទ្ធសាសនា ព្រះសង្ឃមិនត្រូវមានទ្រព្យសម្បត្តិ ឬក៏អ្វីផ្សេងដែលជាការតាំងទ្រព្យសម្បត្តិអីច្រើនទេ ព្រះសង្ឃមានតែសុំសីលធម៌តែមួយមុខទេ»៕