ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប​ង្ហាញពីចេតនានៅក្នុងការធ្វើឱ្យ​មានភាពប្រសើរឡើងនូវស្តង់​ដារ​ថ្មី ល្អប្រសើរ និងមានសុវត្ថិភាពជាងមុន​នៃរថយន្តដឹកកម្មកររោងចក្រឱ្យ​បានយ៉ាងហោចណាស់​​​ត្រឹម​ឆ្នាំ២០២៧ ដើម្បីរួមចំណែក​កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តែខាងសហជីពស្នើឱ្យ​ដោះស្រាយបញ្ហានេះឱ្យបានឆាប់ជាងនេះ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានថ្លែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤​ថា ក្រសួង​បានចាប់ផ្តើមជាបណ្តើរៗហើយ លើ​ការ​ណែនាំដល់​អ្នកបើកបរដឹកជញ្ជូនកម្មកររោង​ចក្រ​ឱ្យ​​ប្រើប្រាស់រថយន្តដែលមានស្តង់ដា ជៀស​វាងប្រើប្រាស់​រថយន្តកែច្នៃ ឬរថយន្តដឹកទំនិញ ដើម្បី​ធានាឱ្យ​បាននូវសុខ​សុវត្ថិភាព​ដល់​ពួកគេ។

លោក​បន្តថា ក្រសួងក៏បាន​ស្វែងរកគ្រប់​វិធីសាស្ត្រក្នុងការជួយសម្រួលដល់​​អ្នកបើកបរ​រថយន្ត​​​ដឹក​កម្មករ តាមរយៈការ​ផ្តល់​​កម្ចីដែលមានការប្រាក់ទាប និងរថយន្តដែលមានតម្លៃសមរម្យ ដែលពួកគេអាចមានលទ្ធភាពទិញបាន។

លោក កត្តា អ៊ន បានថ្លែង​ថា៖ «ក្រសួងក៏កំពុងតែគិតផងដែរ​ អំពី​មធ្យោបាយនៃ​ការ​ជួយ​ដល់​អ្នកប្រកប​មុខ​របរ​ដឹក​ជញ្ជូនកម្មករនិយោជិតនេះ ដូចជា ការប្រើប្រាស់មធ្យោបាយកម្ចីធនាគារ​ ដែល​មានការ​ប្រាក់​ទាប ក៏ដូចជាការគិតទៅដល់ការនាំចូលរថយន្តដែលមានតម្លៃថោក ឬមួយមធ្យោបាយផ្សេងៗ ដែលផ្តល់ឱកាសឱ្យ​អ្នកបើកបរមានលទ្ធភាព នៅក្នុងការទទួលបានរថយន្តដឹកអ្នកដំណើរដែលប្រកប​ដោយ​សុវត្ថិភាព។ […] ទន្ទឹមនឹងនេះ យើងក៏បានពិភាក្សា ផ្តល់ជាអនុសាសន៍ទៅដល់និយោ​ជក​ផង​ដែរ អំពីការសហការគ្នានៅក្នុងការដោះស្រាយបញ្ហាទាំងនេះ»។  

លោក​ស្រី យ៉ាង សុភ័ណ ប្រធានសហព័ន្ធសហជីពកកម្ពុជា លើកឡើងថា ជារឿយៗ ​ក្រុមសហជីពតែងតែ​លើកឡើងអំពីបញ្ហា ដោយ​ស្នើឱ្យ​រដ្ឋាភិបាល ជាពិសេសក្រសួងការងារ គិតគូរដោះស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​មធ្យោបាយ​ដឹកជញ្ជូនកម្មករ​រោង​ចក្រ​ មានភាពល្អប្រសើរឡើង។

លោក​ស្រីថា៖ «​បើយើងទៅលើឡានធម្មតា ដែលគ្រាន់តែយើងជិះមិនពាក់ខ្សែក្រវ៉ាត់ហ្នឹង ប៉ូលីសផាកបាត់ទៅហើយ ប៉ុន្តែបើយើងមើលទៅលើឡានរបស់កម្មករ ដឹកឡើងគំហុក ហើយពួកគាត់ជិះឡើងណែន។ […] វាពិបាកដែរ ដោយសារតែកម្មករនិយោជិតគាត់មាន​លទ្ធភាព​តែ​ប៉ុណ្ណឹង គាត់​មាន​លុយសាហ៊ុយធ្វើដំណើរហ្នឹងវាតិច ដល់អ៊ីចឹងទៅវាជាចំណុចមួយដែលពិបាកដែរ»។

តែយ៉ាងណា លោកស្រីថា ដើម្បីធ្វើឱ្យ​មានការប្រសើរឡើង រាជរដ្ឋាភិបាល​គួររៀបចំជាប្រព័ន្ធមួយដែលមានរថយន្តក្រុងសម្រាប់ដឹក​ពួកគាត់ ទើបធានាឱ្យការធ្វើដំណើរ​មាន​សុវត្ថិភាព​​ខ្ពស់។ លោកស្រី ក៏បាន​ជំរុញ​​ឱ្យ​​ពន្លឿនដោះស្រាយនូវបញ្ហានេះឱ្យ​បានកាន់តែឆាប់រហ័ស ដោយថានេះគឺជារឿងដែលសំខាន់ និងគួរតែត្រូវបានការយកចិត្តទុកដាក់។

លោក​ស្រីថា៖ «ទី១ សុំឱ្យ​មានការរៀបចំឡានហ្នឹងឱ្យ​បានត្រឹមត្រូវទៅតាមស្តង់ដារ ហើយ​មួយវិញទៀត​នោះ​តៃកុងឡានហ្នឹង ក៏គួរតែមានការទទួលបានការអប់រំឱ្យ​បានល្អដែរ ស្តីពី​ច្បាប់ចរាចរ​ណ៍អីហ្នឹង។ […] កន្លងមកយើងឃើញថា មានអ្នកបើកបរខ្លះគាត់លួចបន្លំប័ណ្ណបើកបរអីផ្សេងៗ ចឹង​ក៏គួរតែមាន​ការត្រួតពិនិត្យឱ្យ​បានជាក់លាក់ដែរចំពោះរឿងនេះ»។

ចំណែក លោក គីម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធបង្ការរបួសអាស៊ី (AIP) បាន​ថ្លែងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និង​ថាវាជាភស្តុតាងមួយអំពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ ក្នុងការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍សម្រាប់​កម្មករ​និយោជិត ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវ​ផ្សេងទៀត​នៅកម្ពុជា​​។

លោក​បន្តថា ​ជារៀង​រាល់​ថ្ងៃ មាន​កម្មករនិយោជិតជា​ច្រើនម៉ឺននាក់ តែងធ្វើដំណើរតាមរថយន្តក្នុង​រូបភាពដូចនេះ ដែល​​តា​មពិតទៅ រថយន្តទាំងនោះ បើតាមគោលដៅដែលគេផលិតឡើង ក៏ដូចជាការកំណត់​ដោយច្បាប់ គឺត្រូវយកទៅប្រើប្រាស់សម្រាប់តែការដឹកជញ្ជូនទំនិញប៉ុណ្ណោះ។

លោកថា៖ «ស្ថិតក្នុងចំណោមកម្មករនិយោជិតក្នុងចំនួនខាងលើ ដែលភាគច្រើនលើសលុប គឺ​ជាស្រ្តី ហើយ​ស្ថិតក្នុងវ័យប្រហាក់ប្រហែលនឹងកូន ក្មួយ ប្អូន-បងស្រីរបស់​យើង ពួកគាត់ខ្លះត្រូវចំណាយពេលជាច្រើននាទី ខ្លះដល់ទៅ២ម៉ោង ឬ៣ម៉ោងនៅពេលព្រឹកឡើង ដើម្បីធ្វើដំណើរទៅកាន់រោងចក្ររបស់ខ្លួន ដោយភាគច្រើនត្រូវឈរ ឬ​ក្នុងករណីខ្លះ​ចាត់ទុកថាជាសំណាងល្អរបស់ពួក គាត់អាចមាន​ជាកន្លែង​អង្គុយ ប៉ុន្តែត្រូវប្រជ្រៀតគ្នាណែនតាន់តាប់ ហាលខ្យល់-ធូលី»។

លោក គីម បញ្ញា បានបញ្ជាក់ថា បើគិតជាមធ្យមក្នុងមួយខែៗ មានករណីគ្រោះ​ថ្នាក់លើរថយន្តដឹកកម្មករ​រួម​បែបនេះ យ៉ាងតិចណាស់ក៏មួយករណីដែរ និងបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់-ស្រាលជាច្រើនសិបនាក់នៅក្នុងករណីនីមួយៗ ខណៈ​ករណីខ្លះមាន​រហូតដល់ស្លាប់បាត់បង់ជីវិត ឬពិការ​ផង​ដែរ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃអង្គារកន្លងទៅ អង្គការ AIP ក៏បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលតំណាង​សហជីព​ចំនួន១៦ ស្តីពី «បច្ចេកទេសក្នុងការបើកទោចក្រយានយន្ត​ដោយសុវត្ថិភាព» ដោយបាន​ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត​ជាមួយស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ និងរោងចក្រដៃគូមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ចាម។

យោងតាមរយៈរបាយការណ៍របស់​ក្រុមការងារ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក ​សម្រាប់គាំពារ​កម្មករ​និយោជិត ​នៃក្រសួងការងារ ​និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ឱ្យ​ដឹងថា​ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣ ករណី​គ្រោះ​ថ្នាក់ចរាចរណ៍​​បាន​កើតឡើង​ទៅលើ​កម្មករ​និយោជិត​​​ចំនួន ៣ ៨៩២ករណី​ ក្នុងនោះ​មានជនរងគ្រោះ​សរុប​ ៤ ៤៩៨​នាក់ និងមានអ្នក​ស្លាប់ចំនួន ​​១១២នាក់៕