ចៅក្រុមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ជាបណ្តោះអាសន្ននៅពន្ធនាគារ ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន ទៅតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងថា សមត្ថកិច្ចបានបញ្ជូនខ្លួន លោក ស៊ុន ចន្ធី ទៅសាលាដំបូងរាជធានីភ្នំពេញហើយ កាលព្រឹកថ្ងៃទី១០ ខែឧសភានេះ ពាក់ព័ន្ធនឹងដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោកថ្លែងថា៖ «បានបញ្ជូនទៅតុលាការហើយ បញ្ជូនតាំងពីព្រឹក[ថ្ងៃទី១០ ខែឧសភា]ម្លេះ អត់មានរាប់ម៉ោងថាឃុំប៉ុន្មានម៉ោងទេ តែយើងបញ្ជូនគាត់ទៅហើយ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ថ្លែងប្រាប់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយការសាកសួរ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួន លោក ស៊ុន ចន្ធី នៅពន្ធនាគារជាបណ្តោះអាសន្ន កាលពីថ្ងៃទី១០ ខែឧសភា។
លោកថា៖ «ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនហើយ នៅម៤»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ឃើញថា ការចាប់ខ្លួនប្រធានគណបក្សនេះ ជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ព្រមទាំងគំរាមដល់អង្គបោះឆ្នោត ដែលនឹងត្រូវចូលរួមការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា នាពេលខាងមុខ។
លោកថ្លែងថា៖ «ចំពោះគណបក្សកម្លាំងជាតិ យើងនៅមើលឃើញថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី វាជារឿងអយុត្តិធម៌ គ្រាន់តែគាត់ប្រើប្រាស់សិទ្ធិជាមូលដ្ឋាននៅក្នុងការបញ្ចេញមតិ ហើយត្រូវបានចាប់ខ្លួន ជារឿងមួយអយុត្តិធម៌ ចំពោះគាត់ក៏ដូចជាក្រុមគ្រួសារ។ ទី២ ជាសារគំរាមកំហែងបំភិតបំភ័យទៅដល់ប្រជាពលរដ្ឋនៅក្នុងការប្រើប្រាស់សិទ្ធិបញ្ចេញមតិ ទី៣ ក៏ជាសារនាំឱ្យប៉ះពាល់ទៅដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ខណ្ឌ ក្រុង នៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះដែលធ្វើឱ្យអង្គបោះឆ្នោត មានអារម្មណ៍ភិតភ័យ»។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៩ ខែឧសភា ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី គឺធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ថែមថា៖ «ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេស គឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា» ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកការចេញសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ «ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយគណបក្សនេះ គប្បីពិនិត្យពិចារណាឡើងវិញ ក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់នៅក្នុងសង្គមនីតិរដ្ឋ។
ប្រភពដដែល បានឱ្យដឹងថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងពាក់ព័ន្ធនឹងដំណើររឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋថាមានការលម្អៀង និងរើសអើង ព្រមទាំងបានមូលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
នាយកប្រតិបត្តិអង្គការនិកហ្វិក លោក សំ គន្ធាមី លើកឡើងថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី អាចនឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបោះឆ្នោតនាពេលខាងមុខនេះ។
លោកបន្តថា៖ «ញុះញង់ប្រភេទណា សម្តីណាដែលថាញុះញង់ ញុះញង់របៀបម៉េច? តុលាការត្រូវពន្យល់ថា ញុះញង់ហ្នឹងធ្វើអីខ្លះ និយាយយ៉ាងម៉េចខ្លះ ផ្សាយយ៉ាងម៉េចខ្លះ។ យើងអត់ដឹងសកម្មភាព ពេលមានបញ្ហានោះឱ្យច្បាស់លាស់ យើងអត់ដឹង! ហើយតុលាការដែលបានចេញ[សេចក្តីថ្លែងកាណ៍]អត់បានប្រាប់ហេតុផលសមរម្យ អញ្ចឹងយើងពិបាកក្នុងការសន្និដ្ឋាន»។
ករណីនេះ លោកយល់ថា អ្នកនយោបាយគួរមានការជជែកគ្នា និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាមុនសិន ដើម្បីរកច្រកចេញ ជាជាងការចាប់ខ្លួនមេដឹកនាំគណបក្សនយោបាយ នៅមុនការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលខិតជិតមកដល់នេះ។
គួរបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ ដែលជាការបោះឆ្នោតអសកល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានគណបក្សចំនួន៥ បានចូលរួម ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕