សាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាខេត្តលេខរៀងទី១របស់គណបក្សឆន្ទៈខ្មែរ ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង ខណៈមន្រ្តីសង្គមស៊ីវិល អំពាវនាវឱ្យអ្នកនយោបាយតម្កល់អត្ថប្រយោជន៍ជាធំ និងដោះស្រាយគ្នាដោយសន្តិវិធីផ្អែកលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង លោក ភី កុសល មានប្រសាសន៍ដោយខ្លី នៅថ្ងៃទី១៣ ខែឧសភា នេះថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន លោក ភូ សុវណ្ណថា នៅពន្ធនាគារខេត្តពីបទញុះញង់ឱ្យមានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្ដាញសង្គមហ្វេសប៊ុក។
លោកបន្តថា៖ «សម្រេចឃុំខ្លួនគាត់ហើយ» ។
នៅព្រឹកថ្ងៃចន្ទនេះ លោក ភូ សុវណ្ណថា បានចូលទៅបំភ្លឺនៅដំណាក់កាលអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបណ្ដឹងរបស់ឈ្មោះ ឌឹម សារឿន។ ទោះជាយ៉ាងណា លោក កុសល មិនបានបញ្ជាក់ថា ការសម្រេចឃុំខ្លួនលោក សុណ្ណថា របស់តុលាការនេះ មានជាប់ពាក់ព័ន្ធនឹងបណ្ដឹងដូចនៅក្នុងដីកាកោះហៅឬយ៉ាងណានៅឡើយទេ។
ចំណែក អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លោក គីមសួរ ភីរិទ្ធ មានមន្ទិលថា ការឃុំខ្លួនលោក សុវណ្ណថា ទំនងជាប់ពាក់ព័ន្ធក្នុងសំណុំរឿងដែលប្ដឹងដោយលោក ឌឹម សារឿន នេះ ស្របពេលដែលពាក្យបណ្ដឹងបានដាក់ជាច្រើនខែមកហើយ។
បន្ថែមពីលើនេះ លោក ថា ការឃុំខ្លួនបេក្ខជនឈរឈ្មោះរបស់បក្សឆន្ទៈខ្មែរ នៅមុនការបើកយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ឧសភា ខាងមុខនេះ នឹងបណ្ដាលឱ្យប៉ះទង្គិចផ្លូវចិត្តដល់អង្គបោះឆ្នោត។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង អ្នកនាំពាក្យបក្សក្រៅរដ្ឋាភិបាលរូបនេះ ជឿថា អង្គបោះឆ្នោតនឹងមានអារម្មណ៍ថា ពួកគេមិនមានសេរីភាពលើការសម្រេចចិត្តក្នុងការការបោះឆ្នោតឡើយ។
លោកនិយាយថា៖ «ចង់មិនចង់ធ្វើឱ្យគេមើលឃើញថាជារូបភាពមួយ បង្កឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ»។
កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន អាជ្ញាធររាជធានីភ្នំពេញបានចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកធ្វើដំណើរពីប្រទេសជប៉ុន។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ការចាប់ខ្លួន លោក ចន្ធី នេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកនៅប្រទេសជប៉ុន អំឡុងពេលជួបអ្នកគាំទ្រ កាលពីថ្ងៃទី០៥ ខែឧសភា ហើយបានបង្ហោះព័ត៌មានលើបណ្ដាញសង្គមដោយទម្លាក់កំហុសលើរដ្ឋាភិបាល ចំពោះការចែកបណ្ណក្រីក្រថា មានការរើសអើង និងលម្អៀងជូនពលរដ្ឋ និងមូលបង្កាច់អំពីការអភិវឌ្ឍប្រទេស ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យពលរដ្ឋមានការភ័នច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ថ្លែងថា ការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់លើសកម្មជននយោបាយ សិទ្ធិមនុស្ស និងសហជីព តែងតែកើតមានឡើងនៅមុនការបោះឆ្នោត។មិនតែប៉ុណ្ណោះ សកម្មភាពនេះ បណ្ដាលឱ្យមានការរិះគន់ពីអង្គការជាតិ និងអន្តរជាតិ ថាជាការរិតត្បិតសេរីភាពជាមូលដ្ឋាន និងលំហសេរីភាពខាងនយោបាយ។
អ្នកការពារសិទ្ធិមនុស្សរូបនេះសង្ឃឹមថា អ្នកនយោបាយទាំងអស់នឹងដោះស្រាយបញ្ហាដោយសន្តិវិធី តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
លោកនិយាយថា៖ «អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ចង់ឃើញអ្នកនយោបាយទាំងអស់តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដោយស្រាយបញ្ហានយោបាយដែលសេសសល់ដោយសន្តិវិធីតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានចែងក្មុងរដ្ឋធម្មនុញ្ញ» ៕