ក្រសួងបរិស្ថាន បានបដិសេធចំពោះការ​ផ្សព្វផ្សាយ​របស់ក្រុមយុវជនមួយចំនួន ដែល​លើកឡើងពីបញ្ហា​នានា ពាក់ព័ន្ធនឹងបរិស្ថាន និងបានចាត់ទុកពួកគេថា​ជាក្រុមក្រៅច្បាប់​ដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។

តាមរយៈសេចក្តីបំភ្លឺ​ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានលើកឡើងថា ថ្មីៗនេះ មាន​ក្រុមក្រៅច្បា​ប់​មួយក្រុម បានប្រើ​លេស​នៃ​សកម្មភាពការពារបរិស្ថាន ផ្សព្វផ្សាយព័ត៌មាន ដែល​មិនមាន​ភាព​ប្រាកដនិយម ប្រាសចាកពីសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ផ្ទុយពីឧត្តមប្រយោជន៍ប្រជាជន និងសង្គមជាតិកម្ពុជា។

សេចក្ដីបំភ្លឺដដែល បន្តថា ការផ្សព្វផ្សាយព័ត៌មាននេះគឺ៖ «ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ជាពិសេសលើ​ការ​គ្រប់​គ្រង​ធន​ធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថាន សូមធ្វើការបដិសេធ​លើការលើកឡើង និងផ្សព្វ​ផ្សាយ​របស់​ក្រុម​នេះ​ទាំង​ស្រុង។ នៅក្នុងន័យនេះ សូមសាធារណជនមេត្តាជ្រាប និងកុំជឿលើការផ្សព្វផ្សាយបោកប្រាស់ បំភ្លៃបំផ្លើស ខុសពីការពិតជាក់ស្ដែង ដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជា»។

នៅពេល Newsroom Cambodia សួរ​ថា​តើ​ក្រុម​ក្រៅច្បាប់ ដែលក្រសួងសំដៅដល់នោះ ជាក្រុមណាមួយ ហើយក្រសួង​នឹងមានវិធានការ​យ៉ាងណាចំពោះការផ្សព្វផ្សាយរបស់ពួកគេនោះ? អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មិនបានឆ្លើយតបនោះទេ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។

តែយ៉ាងណា សេចក្តីបំភ្លឺនេះ ធ្វើឡើងក្រោយពីក្រុមយុវជន​ចលនាមាតាធម្មជាតិ ដែលទំនង​ជា «ក្រុមក្រៅច្បាប់» ដែល​ក្រសួងសំដៅនោះ​ បានផ្សព្វផ្សាយវីឌីអូឯកសារនានា ​អំពី​សកម្មភាពការពារបរិស្ថានរបស់ពួកគេ។

កញ្ញា ភួង កែវរស្មី សកម្មជនចលនាមាតាធម្មជាតិ បានលើកឡើងថា​ កញ្ញា​មិនបាន​ដឹងទេ​ថា​ក្រសួង​បរិស្ថាន​ចង់សំដៅ​ដល់​ក្រុម​ការពារបរិស្ថានណាមួយនោះ​ទេ ដែលក្រុមការពារបរិស្ថាននីមួយៗអាចយល់ថាសំដៅដល់ខ្លួន។ តែកញ្ញា​ថា តាមរយៈការចេញសេចក្ដីបំភ្លឺនេះ គឺបានបង្ហាញពីភាពអវិជ្ជមានរបស់ក្រសួង​ដែលតែងតែមិ​ន​ពេញចិត្ត​នឹង​ការចូលរួមការពារធនធានធម្មជាតិរបស់ពួកគេ។

កញ្ញាថ្លែងថា៖ «យើងអត់ទទួលបានការស្វាគមន៍ពីក្រសួងបរិស្ថាន ក្នុងការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ពួកយើងក៏យល់ថា នេះជាចំណុចមួយដែលបង្ហាញពីភាពអវិជ្ជមាន ដែលមិនដែលមានការបើកចិត្តទូលាយម្ដងណា ជាមួយនឹងសកម្មភាពណាមួយរបស់ចលនា​ដែល​តែងតែធ្វើការការពារធនធានធម្មជាតិ»។

តែយ៉ាងណា សកម្មជនចលនាមាតាធម្មជាតិរូបនេះ ស្នើ​ដល់រដ្ឋាភិបាល និងក្រសួងបរិស្ថាន ការពារធនធានធម្មជាតិឱ្យបានល្អ បើសិនជាមិនចង់លឺពីបញ្ហាផ្សេងៗដែលក្រុមការពារបរិស្ថានលើកឡើង។

កញ្ញាថា៖ «ខ្ញុំ[ស្នើ​]ទៅកាន់ក្រសួងបរិស្ថាន នៅតែសំណូមពរដដែលៗ​ឱ្យខាងក្រសួង ជាមួយនិងរដ្ឋាភិបាល គាត់បើក​ចិត្ត ហើយនិងបើកលំហសេរីភាពឱ្យទូលំទូលាយមកដល់ពួកយើងដែលជាក្រុមយុវជនចលនា[មាតាធម្មជាតិ] ឬ​ក៏​អង្គការសង្គមស៊ីវិលដែលគ្មានគោលបំណងអី​ ក្រៅតែពីការពារធនធានធម្មជាតិ និងការពារបរិស្ថានទេ ហើយបើសិនជាក្រសួងបរិស្ថាន ឬមួយក៏រដ្ឋាភិបាលមិនចង់ឱ្យគេនិយាយថា ព្រៃឈើបាតបង់ មិនចង់ឱ្យគេ​និយាយ​ថា ការអភិវឌ្ឍចាំបាច់លុបបឹង? មិនចង់ឱ្យគេនិយាយថា ហេតុអីបានជាត្រូវមានដីសម្បទានដីសេដ្ឋកិច្ចប៉ុន្តែបែរជាមានរូបភាពកាប់ឈើនៅពីក្រោយ? ហេតុអីបានជាមានការបង្ហូរទឹកលូក្នុងសមុទ្រ? ងាយស្រួលទេក្រសួង​បរិស្ថានជាមួយនិងរដ្ឋាភិបាល ធ្វើការរបស់ខ្លួននិងទំនួលខុសត្រូវដែលខ្លួនមាន ហើយនិងបំបាត់អាបញ្ហាទាំងអស់ហ្នឹងទៅ ពួកយើងច្បាស់ជាអស់ការងារធ្វើហើយ»​។

ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ឃើញស្រដៀងគ្នានេះដែរ​​ថា លោក​មិនបាន​ដឹង​ថា ក្រសួង​បរិស្ថាន​​ចេញសេចក្ដីបំភ្លឺសំដៅដល់ក្រុមណា ហើយពួកគេបានធ្វើសកម្មភាពអ្វីនោះ​ដែរ។

លោក​ថា៖ «យើងខ្ញុំបានមើលឃើញសេចក្ដីបំភ្លឺហ្នឹងដែរ ខ្ញុំក៏មានការងឿងឆ្ងល់ដែរ ខ្ញុំនិយាយឱ្យ​ស្មោះត្រង់ ពី​ព្រោះ​អីក្នុង​នេះ​ហាក់​បី​ដូច​ជា​មិនមាន​ព័ត៌មានច្បាស់ថា ក្រសួងបរិស្ថាន​បំភ្លឺហ្នឹងចង់បំភ្លឺថាក្រុមណា ឈ្មោះអី ធ្វើសកម្មភាពអី ប្រាសចាកពីសីលធម៌យ៉ាងម៉េច អ៊ីចឹងសូមសំណូមពរទៅក្រសួងវិញ ឱ្យ​មានការបំភ្លឺឱ្យ​ច្បាស់​លាស់​ដែរ​ថាសំដៅទៅលើក្រុមណា […] នេះអាចជាចេតនាមួយ ដែលក្រសួងឆ្លើយជាទូទៅដែលវាអាចកើតទៅជាការព្រួយបារម្ភទៅដល់អ្នក​ដែលធ្វើការងារស្របច្បាប់ ឬក៏គេផ្សេងទៀតដែរ»។

គួរជម្រាបជូនថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កាសែត The South China Morning Post បានផ្សាយវីដេអូឯកសារមួយក្រោមចំណងជើងថា “Cambodian activist fights for nature and his freedom” ឬប្រែថា «សកម្មជនតស៊ូដើម្បីធនធានធម្មជាតិ និងសេរីភាពរបស់ពួកគេ» ដែលមានរយៈពេលជាង២០នាទី បានបង្ហាញ​ពីសកម្មភាពរបស់សកម្មជនចលនាមាតាធម្មជាតិ​ក្នុងការការពារធនធានធម្មជាតិ វគ្គបណ្ដុះបណ្ដាល ការទទួល​ពានរង្វាន់អន្តរជាតិ និងចោទប្រកាន់ពួកគេពីសំណាក់តុលាការកម្ពុជាជាដើម៕