គណបក្សដើម្បីកម្ពុជានឹងរៀបចំ សមាជគណបក្សវិសាមញ្ញរបស់ខ្លួន នៅអំឡុងខែមិថុនា ក្រោយចុះបញ្ជីជា​ផ្លូវកា​រនៅក្រសួងមហា​ផ្ទៃ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងកំណត់ទិសដៅសម្រា​ប់កម្មវិ​​ធី​​នយោ​​បា​​យ សម្រាប់ត្រៀមចូល​​រួ​មកា​​រ​​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខ។

ថ្លែងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នេះ​ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា លើ​​​​ក​ឡើ​ងថា គណបក្សសម្រេចជ្រើសរើសយកខែមិថុនា ជាកាលបរិច្ចេទដើម្បីរៀបចំស​​មាជវិសាមញ្ញរប​​ស់​​ខ្លួ​​ន​​។​​​លោកបន្ត នៅចំពោះមុខនេះ ដោយសារមិនទាន់អាចរកទីតាំងបាននៅឡើយ ហេតុ​​នេះ​បា​ន​ជាពេល​​​វេ​​លា​​​​ជាក់នៃការរៀបចំសមាជិក មិនទាន់បានកំណត់។ប៉ុន្តែទោះជាបែបណា នៅអំឡុងខែ មិថុនា ខាង​​មុ​ខ​នេះ សមាជគណបក្សនឹងរៀបចំទៅតាមផែនការដូចដែលបានកណត់ហើយ។

លោកបន្តថា៖«បាទនៅក្នុងខែ៦ហ្នឹងខ្ញុំអត់ទាន់បានកំណត់ថាដើមខែ ឬចុងខែនៅឡើយទេ​។ប៉ុន្តែនឹង​​​ច្បា​​ស់​ថានឹងរៀបចំនៅក្នុងខែហ្នឹងតែម្តង។ហើយការរៀបចំកន្លែងណាស់នោះ ខ្ញុំកំពុងរកកន្លែងជួលនៅឡើយ »។

បើតាមលោក ឯម សុខ​សុវណ្ណ ការរៀបចំសមាជជាលើកដំបូងរបស់ខ្លួននេះ គឺជាការជ្រើសរើសដឹ​​កនាំក្បា​​ល​​ម៉ា​​​ស៊ី​​នគណបក្ស ហើយក៏​ជា​​ការរៀបចំរបៀបវារៈនៃកម្មវិធីនយោ​បាយរបស់គណបក្សដែរ​​។លើសពី​នេះ​​ទៅ​​​ទៀ​ត ការបងើ្កតគណបក្សនយោបាយនេះឡើង គឺមានន័យថាដើម្បីចូលរួមការបោះឆ្នោត ទាំងការបោះ​​ឆ្នោ​​​​ត​​ជ្រើ​​សរើស​​ក្រុមប្រឹក្សាឃុំសង្កាត់នៅ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២​០​​២​​៨​​​។

គណបក្សដើម្បីកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃទទួលចុះបញ្ជី​ជាផ្លូវការនៅក្នុងបញ្ជីឈ្មោះ​​គណបក្សនយោ​​បា​​​​យ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ទីតាំងគណបក្សនេះ ស្ថិតនៅក្នុងភូមិភូមិព្រៃ​​​​ល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គេសង្កេតឃើញថា ក្រសួងមហាផ្ទៃធ្លាប់សម្រេចច្រានចោលកា​រស្នើសុំចុះឈ្មោះដើមរ​​បស់គ​​ណ​​ប​ក្សថ្មីថ្មោ​​​ង​​​មួយនេះចំនួន​​២ដងរួចមកហើយ។កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានជំទាស់​​ដោយ​មិនផ្តល់ការចុះបញ្ជីឱ្យគណបក្ស «អាយ៉ងខ្មែរ និងគណបក្សខ្ញុំបម្រើខ្មែរ» ដែលជាឈ្មោះដើមរបស់​​គ​​​​​ណបក្សដើម្បីកម្ពុជានេះទេ។​​បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការបដិសេធនេះ​​ដោ​​យ​​​​​​ផ្អែលើបទប្បញ្ញតិ្ត និងច្បាប់ស្តីពីគណបក្សនយោបាយ។

បើទោះជាបែបណា សម្រាប់លោក ឯម សុខសុវណ្ណ អះអាងថា គណបក្សដែលទើបបង្កើតថ្មោងថ្មីនេះ ស​​មា​​សភាពលើសលប់គឺជាកម្លាំងយុវជនសុទ្ធសាធ។លោកបន្តថា នៅក្នុងជួរថ្នាក់ដឹកនាំគណបក្សមួយនេះ មិ​ន​មានមនុស្សចាស់ទុំទេ ក្រៅពីរូបលោកម្នាក់ដែលមានពិសោធន៍ច្រើនជាងគេនៅក្នុងគណបក្ស ផ្នែកន​​យោ​​​បាយនេះ។ហើយលោកមានសុទិដ្ឋិនិយមថា កម្លាំង ឬរលក់ថ្មីនេះ នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធ​​ភាពក្នុ​​ង​ការចូលរួមប្រកួតប្រជែង ការបោះឆ្នោតនៅអាណត្តិខាងមុខនេះ។

លោកបន្តថា៖ «បាទខ្ញុំសូមជម្រាបជូនថាឥស្សរជននយោបាយរបស់គណបក្សដើម្បីកម្ពុជា អត់មានទេសុទ្ធតែយុវជនទាំងអស់ហើយសុទ្ធតែថ្មីទាំងអស់ហើយចំពោះខ្ញុំគឺជាក្បាលម៉ាស៊ីន ដឹកនាំធំជាងគេហើយអ្នកដែលមានពិសោធន៍ចាស់ជាងគេហើយគណបក្សយើងអត់មានថ្នាក់ដឹកនាំកំពូលអីផ្សេងក្រៅពីហ្នឹងទៀតទេអរគុណ»

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបន្ថែម ពីលោក ឈឹម ផល​​វ​​រុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានទេ នៅថ្ងៃទី១៣ ខែឧសភា នេះ ខណៈដែលលោក សុខ ឥ​​សាន អ្នកនាំពាក្យគណបក្សចាស់វង្សាមួយនេះ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោកអះអា​​ង​​ដោ​​​យខ្លីថា លោកកំពុងសម្រាកលំហែនៅបរទេសនៅឡើយ។

លោកបន្តថា៖ «ខ្ញុំសំរាកនៅក្រៅប្រទេស សិង្ហបុរី អាទិត្យក្រោយបានត្រឡប់មកប្រទេសកម្ពុជាវិញ»

ដោយឡែក ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន មិនចាប់អារម្មណ៍ចំពោះរលកថ្មីដែ​លកំ​​ពុងតែ​លេ​​​ចឡើងនៅពេលនេះទេ ដោយលោកចាត់ទុកថា គណបក្សខ្លះដែលបង្កើតឡើង វាគឺជាផ្នែកមួយ​ជួយឱ្យ​​តែ​ល្អមើលទេ ប៉ុន្តែវាមិនបានដើរតួនាទីពិតប្រាកដ ក្នុងការប្រកួតប្រជែងឡើយ។លើសពីនេះទៀត ការបង្កើ​​តគ​ណបក្សជាបន្តបន្ទាប់មកនេះ គឺមិនបានឆ្លុះបញ្ចាំងពីលំហសេរីភាពខាងនយោបាយ ខណៈបក្សប្រ​​ឆាំង​​ពិ​​តប្រាកដ ពេលនេះមិនអាចធ្វើសកម្មភាពនយោបាយបាន ដូចមានចែងនៅក្នុងច្បាប់បានទេ។

លោកបន្តថា៖«ខ្ញុំមិនធើ្វការចាប់អារម្មណ៍អីទេបាទ ព្រោះការបង្កើតគណបក្សគ្រាន់តែបង្កើតវាមិនឆ្លុះប​​ញ្ចាំ​​​​ងពីលំហសេរីភាពនយោបាយឲ្យបង្កើតគណបក្សច្រើន គណបក្សខ្លះគ្រាន់តែបង្កើតគ្រាន់តែជាការលំ​​អ​​សួ​ន​​ហ្នឹង វាមិនមែនការបង្កើតដើម្បីប្រកួតប្រជែង»

បើតាមលោក ឯម សុខសុវណ្ណ ស្ថាបនិកគណបក្សដើម្បីកម្ពុជា លើកឡើថា សម្រាប់សមាជវិសាមញ្ញ​​ដែល​គណ​បក្សគ្រោងនឹងរៀបចំនៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ អាចនឹងមាជិក និងសកម្មជ​​នគណ​ប​​ក្ស​​ចូលរួមចន្លោះពី១០០ ទៅ៤០០នាក់។

ចំណែកសាស្ត្រា​ចារ្យ​ផ្នែកវិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា យល់ឃើញថាការបង្កើតតួអង្គគ​​ណ​​​​បក្សព្រោងព្រាតនេះ មិនមែនបានន័យថាជាការបញ្ជាក់ពីការ​ផ្តល់សេរីភាពខាងនយោបាយទេ។ម្យ៉ាង​​​វិ​ញ​​ទៀត គណបក្សថ្មីថ្មោងក្រោយៗនេះ ហាក់មិនមែនជាកម្លាំងប្រជែងអ្វីធំដុំ ដែលធ្វើឱ្យមានការព្រួ​យបា​​រ​ម្ភ​​​ដល់​​គណបក្សកាន់អំណាចឡើយ ដែលផ្ទុយពីគណបក្សប្រឆាំង មានកម្លាំងគាំទ្រច្រើន។បើតាមលោក ឯម សុវណ្ណរ៉ា ការផ្តល់ឱកាសឱ្យគណបក្សដែលមានសំឡេងជំទាស់ អាចដំណើរការឡើងវិញ លោកមើល​​ឃើញថា នោះទើបជាកម្លាំងប្រជែងមួយដ៏ពិតប្រាកដ និងឆ្លុះបញ្ចាំងពីការបើក​លំហសេរីភាពខា​ងនយោបា​យ​​មួយដែលពេញលេញ។

លោកបន្តថា៖ «ខ្ញុំយល់ថាការបង្កើតគណបក្សច្រើននៅក្នុងបរិបទនយោបាយកម្ពុជាហ្នឹង មិនជាកត្តាខ្លាំងឬក៏រឹងមាំបង្ហាញថាជាការបើកលំហសេរីភាពនយោបាយនៅកម្ពុជាទេ។គណបក្សដែលបង្កើតថ្មីខ្ញុំគិតថាមិនអាចជាកម្លាំងធំ ទៅជាគូរប្រជែងឬគណបក្សអាចជំនួសគណបក្សប្រឆាំងដូចជាសង្រ្គោះជាតិ ឬក៏គណបក្សភ្លើងទៀងទេហើយមិនមានលទ្ធភាពណាទៅដណើ្តមឬក៏ប្រកួតប្រជែងដូចគណបក្សកាន់អំណាចបានដែលលើកលែងតែគណបក្ស   សង្រ្គោះរស់ឡើងវិញ ឬក៏គណបក្សភ្លើងទៀងគាត់អាចប្រមូលកៀរគរបា​​នកម្លាំងរបស់គាត់ឡើងវិញលំហសេរីភាព លំហនយោបាយរបស់គាត់អាចមានសិទ្ធិសេរីភាពពេញលេ​​ញក្នុងការធើ្វនយោបាយឡើយវិញទើបអាចជាដៃគូរប្រជែងជាមូយដៃគូកាន់អំណាច»

បើទោះបែបណា កម្ពុជាបច្ចុប្បន្នរង់ការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថាកំពុងធ្វើឱ្យប្រជាធិបតេ​យ្យ​ដើ​​រថយក្រោយ និងដើរលើបន្ទាត់ក្រហមនៃវិបត្តិ​នយោបាយ។ស្របពេ​​លក្រសួងមហាផ្ទៃ​​ផ្តល់សិទ្ធិ​ពេ​​ញ​​លេ​​ញ​​ឱ្យគណបក្សថ្មីថ្មោងមួយនេះ អាចធ្វើសកម្មភាពនយោបាយបាន នៅពេលនេះមេដឹកនាំគណ​​បក្សជំទា​ស់​ គឺគណបក្សកម្លាំងជាតិ ត្រូវចាប់ខ្លួន ដែលការចាប់ខ្លួននេះ រង់ការតិះទៀនថាធ្វើឡើង​​គ្មាន​​ហេ​តុ​​ផ​ល​​សមរម្យ៕