តុលាការខេត្តបាត់ដំបងបានចេញដីកាបង្គាប់ឲ្យស្រ្តីម្នាក់ដែលជាប់ចោទពីបទផ្តល់មធ្យោ​បាយលួចរំដោះ​​ស្វា​​​មី ពីការចាប់ខ្លួនដោយនគរបាល ឱ្យចូលផ្តល់សក្ខីកម្មនៅចំពោះមុខចៅក្រមស៊ើបសួរ ខណៈដែល​​អ្នក​​កា​​រ​ពារសិទ្ធិមនុស្ស ចាត់ទុកនីតិវិធីដែលអនុវត្តដោយតុលាការថានេះជាកំហុសឆ្គងរបស់នគរបាលយុត្តិធម៌ ស្រុ​​​ក ដែលខ្វះសមត្ថភាព ហើយរុញបញ្ហានេះឱ្យធ្លាក់ទៅលើជនរងគ្រោះទៅវិញ។

ដីកាបង្គាប់ឲ្យចូលខ្លួន​ ដែលចេញដោយសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ហើយគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃ១៥ ខែឧសភា នេះបានលើកឡើងថាប​​ង្គា​ប់ឱ្យជនត្រូវចោទឈ្មោះ ហន សុគន្ធា ភេទស្រី ចូលឆ្លើយបំភ្លឺនៅថ្ងៃនេះ នៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង។លិខិតបន្តថា អង្គហេតុនេះជនត្រូវចោទមានជាប់ពាក់ព័ន្ធនឹងបទល្មើស «​​ផ្ត​​ល់​មធ្យោបា​​យ​​លួចរត់ » តាមបញ្ញតិមាត្រា៥៦៥ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តិនៅចំណុចអធិ​​ការ​ដ្ឋាន​នគរបាលស្រុកបរវេល ដែលស្ថិតក្នុងភូមិភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កា​​ល​ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

ប្រភពបន្តថា៖«ត្រូវចូលខ្លួនមកកាន់សាលាដំបូងខេត្តបាត់ដំបង (មន្ទីរស៊ើបសួរបន្ទប់ខ)នៅ​​ថ្ងៃទី​​​១៥ ខែឧ​​ស​ភា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទី រសៀល ជាកំណត់  ដើម្បីឆ្លើយបំភ្លឺពីការចោទប្រ​​​កា​​​ន់​​ពីបទ «ផ្តល់មធ្យោបាយលួចរត់»

បន្ថែមពីលើដីកាបង្គាប់នេះ អនុប្រធានលេខាធិការដ្ឋាន នៃសាលាដំបូងខេត្តបាត់ដំបង លោក ភី កុសល ឆ្លើ​យ​​តប​​ដោ​​យ​​ខ្លី​​ថា សំណុំរឿងនេះខ្លួននៅ​មិនទាន់ដឹងពីព័ត៌មានលម្អិតនៅឡើយទេ ដោយត្រូវរង់ចាំការប​ញ្ជា​​​ក់​បន្ថែ​​មពីអ្នកទទួលបន្ទុករឿងនេះដោយផ្ទាល់ជាមុនសិន។

លោកបន្តថា៖ «ករណីហ្នឹងខ្ញុំអត់ទាន់បានក្តាប់ផែនការច្បាស់លាស់ទេ ខ្ញុំអាចសួរទៅមេខ្ញុំបន្តិច»

អ្នកស្រី ហន សុគន្ធា ដែលរង់ការចោទប្រកាន់ពីបទ«ផ្តល់មធ្យោបាយលួចរត់» រស់នៅភូមិ សាំងរាំង ឃុំ និង​​ស្រុ​​ក​​បវេ​​ល ខេត្តបាត់ដំបង។ទាក់ទិនអង្គហេតុ នៃសំណុំរឿងនេះ ត្រូវបានអ្នកស្រី ហន សុគន្ធា លើក​​ឡើ​ង​​ថាពីដំបូងស្វាមីរបស់អ្នកស្រី ឈ្មោះ សយ មុំ ត្រូវជាប់ចោទពីបទប្រើប្រាស់គ្រឿងញៀន ហើយ​​ត្រូវ​​ន​​គ​របា​​លឃុំបវេលចាប់ខ្លួន។ប៉ុន្តែនៅក្នុងអំឡុងពេលនៃការឃុំខ្លួន នៅក្នុងប៉ុស្តិ៍នគរបាលឃុំបវេល មានបុរសម្នាក់​​បា​​​ន​​មករំដោះស្រ្តីម្នាក់ឈ្មោះ ឆាយ យឿន ដែលកំពុងជាប់ឃុំជាមួយគ្នា ចេញពីកន្លែងឃុំខ្លួនដោ​យសុវត្ថិ​​ភា​ព​។

បើតាមអ្នកស្រី ហន សុគន្ធា ភ្លា​​មៗ ក្រោយពីស្វាមីរបស់ខ្លួនត្រូវគេរំដោះជាមួយនិងស្រ្តីម្នាក់ទៀតឈ្មោះ ឆា​យ យឿន រូបគេក៏ប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនដែរ។ប៉ុន្តែមិ​នដឹងពីមូលហេតុអ្វីបានជាស​​មត្ថកិច្ចមិនចាត់វិ​ធា​​​​​​​ន​ការភ្លា​មៗ ហើយក្រោយមកបែរជាចោទប្រកាន់រូបខ្លួនថា ជាអ្នកផ្តល់​មធ្យោ​បាយឱ្យ​ជនជាប់ចោទលួ​​ច​​រ​ត់​​ទៅ​វិញ។បើទោះបែបណា ស្រ្តីដែលជាជនសង្ស័​​យរូបនេះ អះអាងថាខ្លួនមានមេធាវីការពារក្តីហើយ ហើ​​យ​​​​​ទំនងការចូលបំភ្លឺនៅថ្ងៃនេះ អ្នកស្រីក៏មិនបានចូលខ្លួនទៅតាមដីការបង្គាប់របស់​​តុលាការដោយ​ផ្ទាល់​​ដែ​​រ​​​។

អ្នកស្រីបន្តថា៖ «ខ្ញុំមានមេធាវីជួយគិតគូរ គេថាមិនបាច់ឱ្យខ្ញុំចូលខ្លួនទេគេអ្នកគិតគូរឲ្យខាងមេធាវីខ្ញុំអត់ទា​ន់​​​ព័ត៌មានទៀតទេអត់ទាន់ដឹងអី នៅលក់ដូរនៅផ្សារទេដឹងព័ត៌មានថាប្តីខ្ញុំគេឃុំ ខ្ញុំក៏ទៅសួរសុខទុក្ខ ខ្ញុំមិនដឹ​ង​​ថាប្តីខ្ញុំមានបំណងរត់អីខ្ញុំអត់ដឹងទៅដល់ពេលយកអីឲ្យសុំគេចូលយកអោយប្តីហូបហ្នឹង។ខ្ញុំនៅខា​​ងក្រៅនិយាយលេងទៅក៏លឺសូរទ្វារដូងដាំងប្តីខ្ញុំកើតអីក៏ទៅអើតមើលព្រោះប៉ូសីលអត់បានចាក់សោរទេក៏ប្តីខ្ញុំ​បុកទ្វារចេញជាស្រី ដែលជាប់ជាមួយគ្នាក៏រត់គេចខ្លួនអាមួយឈ្មោះ ឆាយ យកចេញទៅក៏ខ្ញុំបានហាមថាកុំឲ្យរត់រកប៉ូសីលឲ្យឃាត់ខ្លួនដែលតែអត់ឃើញប៉ូសីលនៅហ្នឹង»

ចំណែកលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ បដិសេធក្នុងការផ្តល់​​ព័​ត៌​​​​​មានលម្អិតជុំវិញសំណុំរឿងនេះ ដោយលោកបង្វែរឱ្យសួរនាំទៅខាងតុលាការវិញចុះ។

លោកបន្តថា៖ «សូរសាមីខ្លួនទៅ ពាក់ព័ន្ធបុគ្គលការប្តឹងផ្តល់គ្នាសួរទៅបុគ្គលទៅ ឬទៅតុលាការគេចោទមិ​​ច​អាហ្នឹងរឿងផ្សេងសួរទៅខាងតុលាការ»

បដិសេធករណីនេះ នាយកប៉ុស្តិ៍នគរបាលរដ្ឋបាល អំពិលប្រាំដើម លោក អ៊ុល ចិច អះអាងថា សំណុំរឿង​​​នេះ​​មិ​នមែនស្ថិតនៅក្នុងដៃរបស់នគរបាលមូលដ្ឋានទេ។

លោកបន្តថា៖«អត់កំពុងតែឆ្ងល់ហ្នឹង ចេញពីគុកហ្នឹងថ្ងៃណា? ។អត់ទេអាហ្នឹងនៅស្រុកណោះ ខ្ញុំនៅប៉ុស្តិ៍​​ណេះ​ ម៉េចដឹង »។

យ៉ាងនេះក្តីអ្នកសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត យល់ឃើញថាករណីនេះគឺជាការទទួលខុសត្រូវទាំងស្រុង របស់នគរបាលប្រឆាំងគ្រឿ​​ង​​​​ញៀនស្រុកបវេល។លោកបន្តថាការឃុំខ្លួនជនសង្ស័យ មិនគួរណាធ្វើឡើងដោយដាក់ខ្នោះដៃក្នុងបន្ទប់ឃុំ​​ខ្លួន​ជាមួយគ្នាបែ​​បនេះទេ។ម្យ៉ាងវិញទៀត ក្នុងពេលឃុំខ្លួនជនសង្ស័យ មិនមានទាំងនគរបាលយាមការ​​ពា​​​​រថែមទៀតផង ហេតុនេះជាការធ្វេសប្រហែស និងជាកំហុសមួយដ៏ធំក្នុងការអនុវត្តតួនាទី និងភារកិច្ចរប​ស់​​នគរបាល។

លោកបន្តថា៖ «ហើយនៅពេលដែលរត់រួចហ្នឹងគឺកម្លាំងនៅក្នុងការិយាល័យអត់មានទៀតស្រី្តដែលមកសួរសុខទុកប្តីគាត់នឹងឆ្លេឆ្លាបានប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនអ្នកដែលមករំដោះនឹងចាប់អ្នកលួចរត់ហ្នឹងទៅមកវិញទាំងប្តីគាត់ហ្នឹងគាត់មានចេតនាសហការចួលរួមជាមួយសមត្ថកិច្ច ចឹងគាត់អត់មានគំនិតទុច្ចរិតចឹងចង់រំដោះប្តីគាត់ទេ គាត់អត់មានប្រើមធ្យោបាយម៉ូតូដែលគាត់ជិះយកទៅគាត់ខ្ចីគេហើយគាត់មានបានឌុបប្តីគាត់ចេញណាអត់មានបានឌុបប្តីគាត់ផង អាជនល្មើសមួយទៀតទេដែលគេមករំដោះហ្នឹង»

គិតមកដល់ពេលនេះ គេនៅមិនទាន់ទទួលបានព័ត៌មានណាមួយ ពីកម្លាំងនគរ​​បាលស្រុកបវេល ទាក់ទង​កា​​​​​​​​រ​​​លួ​​ច​​​រំ​ល​​ដោះ​​​​​ជនរងសង្ស័យចេញពីមន្ទីរឃុំខ្លួននៅក្នុងប៉ុស្តិ៍នគរបាលឃុំបវេលនៅក្នុងសំណុំរឿ​​​ងនេះ​​​នៅ​​ឡើយទេ។ដោយឡែក ស្រ្តីឈ្មោះ ហន សុគន្ធា ដែលអះអាងថាត្រូវរង់ការចោទប្រកាន់ដោយអយុត្តិធម៌ នៅ​​​ក្នុ​​ងរឿងក្តីនេះវិញ ចាត់ទុកបទចោទប្រឆាំងអ្នកស្រីថា គឺជាការដាក់បន្ទុកដ៏ធ្ងន់ និងមិនមានហេតុ​​ផលស​​ម​​រម្យ​​ណាមួយថែមទៀតផង៕