នៅព្រឹកថ្ងៃទី៧ខែឧសភា ពលរដ្ឋប្រមាណជា៤០នាក់កំពុងឈរតម្រង់ជួររង់ចាំទទួលលិខិតថ្កោលទោសដែលពួកគេបានដាក់ពាក្យស្នើសុំដោយផ្ទាល់ និងតាមរយៈអនឡាញពីនាយកដ្ឋានថ្កោលទោស។
ពលរដ្ឋដែលមករងចាំយក និងមកធ្វើលិខិតថ្កោលទោសខ្លះឈរ និងខ្លះទៀតអង្គុយ ដោយមានទឹកមុខមិនសូវសប្បាយចិត្តដោយសារការរងចាំយូរ ហើយទីកន្លែងធ្វើលិខិតថ្កោលទោសបណ្តោះអាសន្នដែលស្ថិតក្នុងសណ្ឋាគារកាំបូឌីយ៉ាណាមានទំហំមិនសូវធំទូលាយ។
កំពុងអង្គុយរងចាំធ្វើលិខិតថ្កោលទោសនៅនាយកដ្ឋានលិខិតថ្កោលទោស លោក ម៉ៅ លាភ ជាមេធាវីមួយរូបនៅរាជធានីភ្នំពេញលើកឡើងថា លោកបានស្នើសុំលិខិតថ្កោលទោសចំនួនពីរដងរួចមកហើយ ដោយប្រើសេវារហ័សចំនួន១២ថ្ងៃ ដើម្បីយកទៅប្រកបរបរជាមេធាវី។ លោកថា ដំណើរការផ្តល់សេវាលិខិតថ្កោលទោសតាមប្រព័ន្ធឌីជីថលមានភាពយឺតយ៉ាវជាងធ្វើដោយផ្ទាល់ ដោយសារមន្រ្ដីដែលពិនិត្យការស្នើសុំតាមឌីជីថលមានវ័យចាស់។
និយាយដោយសើចបន្តិចផង លោកបន្ថែមថា៖ «និយាយរួមទៅបើការងាររបស់គាត់ធ្វើលឿនការងារតាមអនឡាញលឿនជាង យើងគ្រាន់តែមកយកឯកសារដែលតម្រូវមានសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណទៀតហើយ បន្ទាប់មកគ្រាន់តែផ្ដិតមេដៃគាត់ពិនិត្យឯកសារម្ដងទៀតហើយ»។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌បានដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថលដំណាក់កាលទី១ ហើយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រសួងបានដាក់ឱ្យដំណើរការសេវានេះក្នុងដំណាក់កាលទី២ ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សបន្ថែមទៀតដល់សាធារណៈជន ដោយភ្ជាប់ឯកសារមួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិច។ ក្រោយការដាក់ឱ្យប្រើប្រាស់ ពលរដ្ឋដែលទទួលសេវានេះមួយចំនួនយល់ថាមានភាពប្រសើរ ខណៈពលរដ្ឋខ្លះដូចជាលោក ម៉ៅ លាភ យល់ថា ហាក់មានភាពយឺតយ៉ាវជាងមុន។
លោក ស៊ុន វិសាល បុគ្គលិកធនាគារឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ ប្រាប់ Newsroom Cambodia ថា ការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធឌីជីថលប្រើពេលវេលាតិចជាង និងរហ័សជាងការមកដាក់ពាក្យស្នើសុំដោយផ្ទាល់។
លោកបន្តថា៖ «ការធ្វើលិខិតតាមអនឡាញចំណេញពេលច្រើន បើសិនណាសរសេរខុសយើងអាចលុបសរសេរសារជាថ្មីបាន។ ចំពោះផលលំបាក គឺវាមិនទាន់គ្រប់ជ្រុងជ្រោយមិនដឹងថាយើងត្រូវមកបង់លុយផ្ទាល់ ឬក៏មកបញ្ជូនឯកសារច្បាប់ដើមទេត្រូវឱ្យយើងមកកន្លែងផ្ទាល់»។
លោកបន្ថែមទៀតថា ចំពោះមន្រ្តីដែលបម្រើសេវាលិខិតថ្កោលទោសគួរជួយផ្តល់ព័ត៌មានបន្ថែមនៅកន្លែងស្នើសុំលិខិតថ្កោលទោសដល់អ្នកដែលមកផ្ទាល់ ដោយសារតែអ្នកដែលមកធ្វើដំបូងគឺពួកគេមិនសូវដឹង និងសូវយល់អំពីរបៀបសរសេរ។
កញ្ញា លឹម សមនា និស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដែលកំពុងរងចាំធ្វើលិខិតថ្កោទោសដែរនោះលើកឡើងថា ការធ្វើលិខិតថ្កោលតាមប្រព័ន្ធឌីថលមានភាពងាយស្រួល និងរហ័សជាង ប៉ុន្ដែដោយសារកញ្ញាមិនបានដឹងក៏មកផ្ទាល់។
កញ្ញាបន្តថា៖ «បើទោះបីជាខ្ញុំធ្វើលិខិតផ្ទាល់ក៏ពិតមែន តែខ្ញុំឃើញថាការធ្វើលិខិតតាមប្រព័ន្ធឌីជីថលមានភាពងាយស្រួល និងរហ័សជាង គឺយើងគ្រាន់តែយកឯកសារដែលចំបាច់មកជាមួយហើយចាំតែខាងមន្រ្តីពិនិត្យ បើត្រឹមត្រូវទាំងអស់គាត់នឹងហៅទៅយកបង្កាន់ដៃ»។
ការធ្វើព្រឹត្តិបត្រថ្កោលទោស តម្រូវឱ្យមានទម្រង់ស្នើសុំព្រឹត្តិបត្រថ្កោលទោស ប្រវត្តិរូបសង្ខេប១ សន្លឹក ស្នាមមេដៃសាមីខ្លួន បណ្ណសម្គាល់ខ្លួន សិស្ស និស្សិត (បើនៅរៀន) សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅច្បាប់ដើម ព្រមទាំងថតចម្លងមួយច្បាប់ផង។ ចំពោះជនបរទេស ត្រូវថតចម្លងលិខិតឆ្លងដែន មានសុពលភាព១ច្បាប់ និងទិដ្ឋាការចូលមកប្រទេសកម្ពុជា ១ច្បាប់។
លោក ជួន ហ៊ាន អនុប្រធានការិយាល័យទទួលព្រឹត្តិបត្រថ្កោលទោស និងជនបរទេស ប្រាប់ Newsroom Cambodia ថា ការបង្កើតនិតិវិធីស្នើសុំព្រឹត្តិបត្រផ្កោលទោសតាមអនឡាញ គឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «កាលពីមុនគាត់មកយកពាក្យ ហើយបំពេញពាក្យ បន្ទាប់មកដាក់ពាក្យ ហើយគាត់ឡើងមកដក អាហ្នឹងវាច្រើនសារអីចឹងហាស។ ដំណាក់កាលទី២នេះ ក្រសួងឱ្យប្រជាពលរដ្ឋអាចដាក់ពាក្យ បង់លុយពីផ្ទះមក មិនចាំបាច់មកដល់នាយកដ្ឋាននោះទេ ចាំពេលមកដក ចាំកាន់សំបុត្រកំណើតមកដក»។
លោកបន្ថែមថា ក្រសួងយុត្តិធម៌បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យទាញយកកម្មវិធីដែលមានឈ្មោះថា CR-MOJ ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពីPlay store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំក្នុងកម្មវិធី ហើយគាត់អាចដាក់ពាក្យ សរសេរព័ត៌មាន ពាក់ព័ន្ធនឹងខ្លឹមសារសំបុត្រកំណើត និងអាប់ឡូតសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ។
លោកថា បច្ចុប្បន្ន ប្រជាពលរដ្ឋមិនទាន់មានការយល់ដឹងទៅលើការទទួលសេវាលើប្រព័ន្ធឌីជីថលទាំងអស់ទេ ដោយសារពលរដ្ឋទទួលសេវានៅនឹងកន្លែងផ្ទាល់ និងមានតាមប្រព័ន្ធឌីជីថលដំណាក់កាលទី១ផង និងដំណាក់កាលទី២ផង។ លោកថា នៅក្នុង App មានជម្រើសដែលអាចឱ្យប្រជាពលរដ្ឋដាក់ពាក្យពីផ្ទះមកក៏បាន ឬអាចយកឯកសារមកបង់ផ្ទាល់ក៏បាន។
លោកបញ្ជាក់ថា៖ «នៅក្នុងកម្មវិធីហ្នឹង ប្រសិនបើគាត់បង់លុយពីផ្ទះ គាត់អាចចុចបង់ប្រាក់តាមអេស៊ីលីដា ឬអ៊ីវីសា គាត់អាច Pay (បង់លុយ) បានហើយ។ ប៉ុន្តែមួយជំហានទៀត គាត់ដាក់ពាក្យហើយ ប៉ុន្តែគាត់មកផ្ទាល់ដើម្បីយកវិក្ក័យបត្រទៅឱ្យស្ថាប័នគាត់ប្រើប្រាស់ អញ្ចឹងគាត់ចុចថា Cash [លុយ] នៅពេលហ្នឹងគេដាក់ឱ្យគាត់ជា Cash [លុយ] ហើយគាត់អាចមកបង់ផ្ទាល់ បន្ទាប់មកគាត់ Submit [បញ្ជូន] ធម្មតា ប៉ុន្តែគាត់ត្រូវមកបង់ផ្ទាល់ និងចាំទទួលយកវិក្ក័យបត្រ»។
ការធ្វើព្រឹត្តបត្រថ្កោលទោសនៅកម្ពុជា គឺក្នុងគោលបំណងបញ្ជាក់ភាពស្អាតស្អំ ឬគ្មានទោស ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំណែកដំណើរការព្រឹត្តិបត្តិវិញ សម្រាប់ការបកប្រែព្រឹត្តិបត្រថ្កោលទោសលេខ៣ ជាភាសាបរទេសមានពីរប្រភេទគឺ សេវាធម្មតា និងសេវាឆាប់រហ័ស។ ចំពោះសេវាធម្មតា មានតម្លៃសេវា ៤០,០០០ រៀល ហើយរយៈពេលធ្វើ ២០ថ្ងៃ (ថ្ងៃធ្វើការ) និងសុពលភាពចំនួន ៣ខែ។ ចំណែកសេវាឆាប់រហ័ស មានតម្លៃសេវា ៦០,០០០ រៀល ហើយរយៈពេលធ្វើ ១២ថ្ងៃ (ថ្ងៃធ្វើការ) និងមានសុពលភាពចំនួន ៣ខែ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព (PDP-Center) ប្រាប់ញូវស៍ខេមបូឌាតាមរយៈបណ្តាញសង្គមតេឡេក្រាមថា ការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធឌីជីថលជារឿងមួយសំខាន់ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ឆាប់រហ័ស និងមានការវិវត្តរីកចម្រើនមួយដែលអាចកាត់បន្ថយអំពើពុករលួយ។
លោកបន្តទៀតថា៖ «អ្វីដែលគួរតែធ្វើទន្ទឹមគ្នានឹងការធ្វើតាមប្រព័ន្ធអនឡាញនេះក៏គួរតែមានក្រុមជំនួយការបច្ចេកទេសដែលអាចជួយទាន់ពេលវេលាអាចជួយពួកគាត់ដើម្បីឱ្យគាត់អាចដំណើរការធ្វើបាន។ ប្រសិនបើឧបមាថាមានបញ្ហាកន្លែងណាមាន Hot line អាចខលសួរទាន់ពេលវេលា កុំឱ្យមានតែ Hot line ប៉ុន្ដែខលអត់បាន»។
លោកបន្ថែមថា តាមរយៈសេចក្ដីណែនាំផ្សេងៗ ការខលសួរនាំពីសំណាក់ប្រជាពលរដ្ឋពេលដែលមានចម្ងល់ ឬជជែកតាមរយៈប្រព័ន្ធឌីជីថលដើម្បីទទួលបាននូវព័ត៌មានលម្អិតជាការជាល្អប្រសើរសម្រាប់ពលរដ្ឋដែលមានតម្រូវការ។
លោកបន្ថែមទៀតថា៖ «ប្រសិនបើក្រសួងយុត្តិធម៌អាចធ្វើបែបនេះបានខ្ញុំគិតថាវាជារឿងមួយល្អ ហើយសង្ឃឹមថាទៅអនាគតគឺយើងនឹងមិនមានភាពស្មុគស្មាញច្រើនក្នុងការធ្វើលិខិតស្នាម ឬលិខិតថ្កោលទោស»៕