អង្គការសមាគមធាងត្នោតរកឃើញថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ចំនួន១១ទីកន្លែង ក្នុងរាជធា​នី​​ភ្នំ​​​ពេញ កំ​​ពុ​ងប្រឈមនឹងការបាក់ទឹកចិត្ត បញ្ហាជីវភាព ការរំលោភបំពានដីធ្លី ការគំរាមកំហែងពីអាជ្ញាធរ និ​​ង​​ទ​​ទួលរងប​​ណ្ដឹ​​ងតាមផ្លូវតុលាការ ​។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះអង្គការសមាគមធាងត្នោត បានចេញរបាយការណ៍របស់​​ខ្លួន​​ដែ​​ល​​ដា​​ក់ថា៖«សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង៖បញ្ហាប្រឈម និងដំណោះស្រាយ » ដោយបា​​ន​​បរិ​​យា​យអំពីបញ្ហានានារបស់ពលរដ្ឋកំពុងរស់នៅក្នុងសហគមន៍ចំនួន១១ កន្លែងក្នុងរាជធានីភ្នំពេញកំពុងជួ​ប​​វិ​​​បត្តិទាំងផ្នែកជីវភាព និងផ្លូវចិត្តធ្ងន់ធ្ងរ។

លើសពីនេះទៀត ការស្រាវជ្រាវនៅក្នុងសហគមន៍ទាំងនោះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងស្វែងយ​​ល់​​​​អំពីឫសគល់នៃបញ្ហាដីធ្លីដែលពលរដ្ឋក្នុងសហគមន៍ទាំងនោះកំពុងជួបប្រទះ។

សមាគមធាងត្នោតលើកឡើងទៀតថា ការមិនទទួលបានព័ត៌មាន និងការមិនរាប់បញ្ចូលសហគមន៍ដែល​​កំ​​ពុ​ង​ប្រឈមុខមុខ ដើ​ម្បីពិ​​ភា​​ក្សា និងរកដំណោះស្រាយនៅពេលមានការអភិវឌ្ឍ បណ្ដាលឱ្យប្រជាសហគមន៍ មិនទទួលបានឯកសារដែលអាចបញ្ជាក់អំពីការកាន់កាប់ដីធ្លី ជាពិសេសត្រូវរង់ការបណ្ដេញចេញនៅពេ​​ល​មានការអភិវឌ្ឍ ឬទុកដីសម្រាប់បុគ្គលផ្សេងទៀត។

សមាគមធាងត្នោត ចាត់ទុកថា ករណីនេះ បានបង្កើតឱ្យមានភាពអយុត្តិធម៌នៅក្នុងសង្គម  ដោយសារ រាល់ការតវ៉ា ដើម្បីប្រឆាំនឹងការរំលោភលើដីធ្លីរបស់ខ្លួន សហគមន៍ ជារឿយៗរង់ការគំរាមកំហែង និងបំភិតបំ​​ភ័​​​យ ហើយមានសមាជិកសហគមន៍មួយចំនួនត្រូវរង់ការចោទប្រកាន់ពីតុលាការ រួមទាំងការបាក់ទឹកចិត្ត និង​​ជួ​ប​​ការខ្វះខាតខាងជីវភាពជាដើម។

សហគមន៍ទាំង១១ទីតាំង ដែលអង្គការសមាគមធាតត្នោង បានសិក្សាស្រាវជ្រាវរួមមាន សហគមន៍សំរោងត្បូង សហគមន៍៩២ និងសហគមន៍ស្ទឹងកំបុតជាដើម។នេះបើតាម លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិ​​ទ្ធ​​រស់នៅក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត។

លោក មួយឡៃ អះអាងថា ក្នុងចំណោមសហគមន៍ដែលបានស្រាវជ្រាវ គឺមានសហគមន៍មួយចំនួនកំពុងប្រឈមនឹងការបណ្ដេញចេញ និងមួយចំនួនទៀតមានភាពមិនច្បាស់លាស់ ហើយផ្សេងទៀតស្ថិតក្នុងការពិ​​ចារណាផ្ដល់ប្លង់កម្មសិទ្ធិ។លោកបន្តថាពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍ទាំង១១ទីតាំងនោះរកឃើញថា មានពលរដ្ឋចំនួន១៨នាក់ កំពុងរងបណ្ដឹងតាមផ្លូវតុលាការ។

លោកបន្តថា៖«ការកំណត់ដីសាធារណៈរបស់រដ្ឋអត់ទាន់មានភាពច្បាស់លាស់នៅក្នុងប្រទេសកម្ពុជាយើ​​ង​​ហ្នឹង។ ចឹងវាបានបង្កើតជាបញ្ហាសម្រាប់សហគមន៍ក្រីក្រដែលគាត់អត់មានលទ្ធភាពនៅក្នុងការទទួលបាននូវប្លង់កម្មសិទ្ធិ។ចឹងធ្វើឱ្យការអភិវឌ្ឍឬក៏ការកាន់កាប់ដីធ្លី វាមានអសមភាពឬអយុត្តិធម៌ យើងឃើញថាអា​ជ្ញាធរចោទប្រកាន់ថាសហគមន៍រស់នៅខុសច្បាប់ចឹងទៅ ខណៈពេលដែលអ្នកមានមួយចំនួន ដីបឹងអីគា​​ត់អា​​ចយកទៅលុបហើយបម្លែងដីទាំងអស់ហ្នឹងទៅជាកម្មសិទ្ធិផ្ទាល់ខ្លួន»។ 

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្វែរសំណួររបស់អ្នកសារព័ត៌មាន ឱ្យសួរទៅអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញវិញ។ចំណែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មិនអាចទាក់ទងបានទេនៅថ្ងៃទី១៥ ឧសភា នេះដោយសារខលចូលជាច្រើនដង តែមិនមានអ្នកទទួល។

កាលពីសប្ដាហ៍មុន ក្នុង​អំឡុង​ពេល​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សាកល​លើក​ទី៤៦ របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​រប​ស់​​អង្គការ​សហ​ប្រជាជាតិ​ស្ដីពីកម្ពុជា ប្រតិភូអាមេរិក លោក Kaitlin Sandin ថ្លែងថា កម្ពុជាគួរតែធានាថា សេ​​ចក្តីព្រាងច្បាប់ដែលមិនទាន់សម្រេចត្រូវបានកែសម្រួល ដើម្បីអនុវត្តតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជា​​តិ​​របស់ខ្លួន មុននឹងអនុម័ត រួមមានច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធ អ៊ីនធឺណិត សន្តិសុខតាម អ៊ីនធឺណិត និ​ង​​​ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។

អ្នកស្រី សឿន ស្រីសុទ្ធ រស់នៅសហគមន៍សំរោងត្បូង ដែលកំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ និយាយថាសព្វថ្ងៃនេះអ្នកស្រីផ្ទាល់កំពុងប្រឈមនឹងជីវភាពធ្លាក់ចុះដោយសារបាត់បង់ចំណូលពីការចិញ្ចឹ​​ម​​ត្រី​​នៅបឹងតាមោក និងការរំលោភលើដីធ្លីទាំងបង្ខំដោយគ្មានសំណងសមរម្យ។

ជាមួយគ្នានេះ អ្នកស្រី និងស្វាមី ក៏កំពុងឈ្លោះទាស់ទែងខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងការបន្តតវ៉ា រួមទាំងមានកា​​រគំរាមកំហែងពីអាជ្ញាធរ និងជាប់បណ្ដឹងនៅតុលាការជាដើម។អ្នកស្រី អះអាងថា ពលរដ្ឋដែលរ​​ស់នៅ​ក្នុ​​ង​សហគមន៍សំរោងត្បូងមួយចំនួន ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដោយសារជីវភាពលំបាក និងខ្លះទៀតបានបែកបាក់គ្រួ​​សារអំឡុងពេលតវ៉ាជាមួយអាជ្ញាធរ។

អ្នកស្រីបន្តថា៖«បន្ទុកគ្រួសារគឺសម្ពាធធ្លាក់មកលើខ្ញុំទាំងអស់ ណាបញ្ហាដីធ្លី ណាជាប់បណ្ដឹងតុលាការ ណា​​រងការគំរាមកំហែងពីសំណាក់អាជ្ញាធរទៀត បញ្ហាទាំងប៉ុន្មានគឺរងសម្ពាធខ្លាំងដែលពិបាកទទួលយកបាន»។

ជុំវិញករណី អ្នកស្រី ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្ដល់សំណងសមរម្យ និងអភិវឌ្ឍនៅហ្នឹងកន្លែង ជាពិសេសបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើប្រជាសហគមន៍សំរោងត្បូងបន្តទៀត។ 

សមាគមធាងត្នោត ក៏បានស្នើរដ្ឋាភិបាលចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យរួចរាល់ និងមានតម្លាភាព មុននឹងចោទប្រ​កា​​​​​ន់ថា ប្រជាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់ ដើម្បីចៀសវាងការរំលោភសិទ្ធិ និងអត្ថប្រយោជន៍របស់ពលរដ្ឋ។បន្ថែមពីនេះ សមាគមធាងត្នោត ថារដ្ឋបាលរាជធានីភ្នំពេញ គួរយកសារាចរលេខ០៣ និង០៦ដែលកា​​រពា​រសហគមន៍ក្រីក្រមកអនុវត្ត ដើម្បីលើកកម្ពស់សិទ្ធិមានលំនៅឋាន និងជីវភាពដល់ប្រជាសហគមន៍ក្រីក្រ​​កាន់តែប្រសើរ តាមរយៈការសាងសង់លំនៅឋានសមរម្យ ឬការផ្ដល់ជាមូលនិធិលំនៅឋានសមរម្យសម្រា​​ប់​សហគមន៍។

ចាប់ពីថ្ងៃទី១៧ និង២០ ខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋដែលកំពុងរស់នៅក្នុងសហគមន៍សំរោងត្បូងចំនួន៦​រូប នឹងត្រូវចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ ក្រោមបទចោទ «ស្ថានទម្ងន់ទោសនៃបទ​​ប្រឆាំងនឹងអ្នករាជការសាធារណៈ» ខណៈវិវាទដីធ្លីនេះបានបន្តអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំម​​ក​​ហើយ តែគ្មានដំណោះស្រាយ៕