នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់សិទ្ធិពេញសមត្ថភាពជូនលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដឹកនាំរៀបចំចាត់តាំង បំពេញភារកិច្ចជាមេធាវីតំណាងការពារសិទ្ធិ និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា។
យោងតាមលិខិតប្រទានសិទ្ធិមួយ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រាជរដ្ឋភិបាល បានផ្តល់សិទ្ធិដល់ក្រុមមេធាវីរាជរដ្ឋាភិបាល ដែលមានសមាសភាពដឹកនាំដោយលោក គី តិច ចាត់តាំងមេធាវីតំណាងនៅតាមគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារក្រុមហ៊ុនប្រ៊ីលាន រហូតដល់សំណុំរឿងត្រូវបានបញ្ចប់ជាស្ថាពរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមរបស់លោក នៅព្រឹកនេះដែរថា៖ «ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ»។
កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម អំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋ ដែលបានវិនិយោគនៅក្នុងគម្រោង ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចជូន លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា លោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងក្រុមជំនួយការច្បាប់របស់លោក ដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះផងដែរ។
លោកនាយករដ្ឋមន្ត្រី បន្តថា៖ «តាមការប្រគល់ភារកិច្ចនេះ ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន»។
ជាមួយគ្នានេះដែរ លោកថា សមត្ថកិច្ចក៏បានស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គំរោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែផ្ទុយទៅវិញគម្រោងរបស់ក្រុមអ្នកស្រី ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងបន្ថែមថា៖ «ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាល នៅបន្តតាមដានករណីនេះជាប្រចាំ នឹងបានប្រគល់ភារកិច្ចឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និងសហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់»។
លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមបានទេ ពីលោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដោយលោកប្រាប់ថា កំពុងប្រជុំរៀបចំកិច្ចការនេះ។
លោកថា៖ «ខ្ញុំកំពុងជាប់ប្រជុំរៀបចំកិច្ចការនេះ ពុំទាន់អាចឆ្លើយតបនៅពេលនេះបាន»។
លោក ណូ រដ្ឋា ដែលអះអាងថាជាពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO., LTD.) បង្ហាញក្តីសង្ឃឹមថា នឹងមានដំណោះស្រាយសមស្របក្នុងសំណុំរឿងនេះ បន្ទាប់ពីមានការជួយសម្របសម្រួលពីសំណាក់ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល។
លោកថា៖ «ខ្ញុំមិនទាន់ដឹងថាគេធ្វើការបែបណាទេ គាត់នឹងហៅប្រជាពលរដ្ឋទៅជួបគាត់ ដាក់ពាក្យបណ្តឹងឬយ៉ាងម៉េច ខ្ញុំអត់ទាន់ដឹង។ កន្លងមក យើងមានមេធាវីរួម ដែលមានរៀបចំពាក្យបណ្តឹង និងពួកខ្ញុំក៏បានទៅបំភ្លឺនៅតុលាការ[កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤]ផងដែរ អំពីរឿងទាំងអស់ហ្នឹង។ […] តែទោះជាបែបម៉េចក៏ដោយ ខ្ញុំគ្រាន់តែសង្ឃឹមថា នឹងមានដំណោះស្រាយឱ្យពួកខ្ញុំ អ្នករងគ្រោះជាង ២ ៧០០នាក់»។
លោក ណូ រដ្ឋា បានឱ្យដឹងដែរថា លោកបានចាញ់បោកក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា នូវទឹកប្រាក់ប្រមាណជាង ២៣៥ ៥០០ ដុល្លារ ដែលលោកបានដាក់ទុនជាបន្តបន្ទាប់ ចាប់តាំងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩មក ដោយដំបូងឡើយក្រុមហ៊ុនបានឱ្យការប្រាក់ចំនួន ៦% ក្រោយមកក៏បញ្ចុះនៅ ៥% និងចុងក្រោយបញ្ចុះសល់ ៤%។
លោកបន្តថា ក្រុមហ៊ុននេះ បានបន្តឱ្យការប្រាក់មកលោករហូត លុះមកដល់អំឡុងខែកក្កដា ឆ្នាំ២០២៣ គឺក្រុមហ៊ុនមិនបានឱ្យការប្រាក់មកលោកទៀតទេ។ លោកបន្ថែមថា ក្រុមហ៊ុនបានបោកប្រាស់ពួកគាត់ តាមរយៈការធ្វើកិច្ចសន្យាច្រើនរូបភាព ដោយយកលុយប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដូចជា កិច្ចសន្យាចងការប្រាក់ ផ្តល់ប្រាក់កម្ចី កិច្ចសន្យាចូលរួមទិញផ្ទះយកផលចំណេញ និងទិញភាគហ៊ុនជាដើម។
លោកថា៖ «រូបភាពបោកហ្នឹងវាច្រើនមែនទែន មានគ្រប់រូបភាព។ […] ប្រជាពលរដ្ឋមានជំនឿដោយសារតែគាត់និយាយដល់រាជរដ្ឋាភិបាលទៀត»។
លោក រដ្ឋា ក៏បានអំពាវនាវផងដែរឱ្យសាធារណជន មានការប្រុងប្រយ័តន្នខ្ពស់ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ក្រុមហ៊ុនមួយចំនួន តាមរយៈរូបភាពការចូលរួមវិនិយោគ ដោយលោកថា ច្បាប់វិនិយោគនៅកម្ពុជា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
ទាក់ទិននឹងរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ យល់ថា ការចាត់តាំងឱ្យមានក្រុមមេធាវីរដ្ឋាភិបាលទៅជួយដោះស្រាយបញ្ហារបស់ជនរងគ្រោះ គឺជារឿងល្អ ដោយសារតែជនរងគ្រោះមានចំនួនច្រើន ហើយក្រុមហ៊ុននេះ ក៏ធ្លាប់បានយកឈ្មោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលធ្វើជាខ្នងបង្អែកផងដែរ។
ទោះយ៉ាងណា លោកថា មេធាវីគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះសម្រាប់ការដោះស្រាយ តែដំណើរការនីតិវិធីរបស់តុលាការ ក៏គួរតែមានការពន្លឿនផងដែរ។
លោក សំអាត ថ្លែងថា៖ «មេធាវីគ្រាន់តែជាផ្នែកមួយ សម្រាប់ការពារសិទ្ធិរបស់ជនរងគ្រោះ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺដំណើរការនីតិវិធីរបស់តុលាការ ធ្វើយ៉ាងណាពន្លឿនការដោះស្រាយឱ្យបានឆាប់ ទី២ គឺការបង្កកនូវទ្រព្យសម្បត្តិផ្សេងៗ ដើម្បីធានាឱ្យបានថាមានការសងត្រឡប់មកវិញ អាហ្នឹងគឺជារឿងមួយដែលគួរតែត្រូវធ្វើ ហើយធ្វើយ៉ាងម៉េចឱ្យបានឆាប់ ព្រោះឥលូវហ្នឹងជនរងគ្រោះ ទោះបីជាយើងឃើញមានដំណើរការនីតិវិធីនៅតុលាការក៏ដោយ ប៉ុន្តែយុត្តិធម៌ទាំងផ្លូវច្បាប់ និងសំណងសម្រាប់ជនរងគ្រោះ គឺស្ថិតនៅក្នុងភាពរងចាំ»។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ បានចុះហត្ថលេខាលើព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា។ ការបញ្ចប់គោរមងារនេះ ធ្វើឡើង១ថ្ងៃបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់អ្នកស្រី ឡេង ចាន់ណា និងបក្សពួក ចំនួន ៣បទល្មើស ទាក់ទងទៅនឹងការឆបោក ចេញសែកគ្មានសាច់ប្រាក់ និងការសម្អាតប្រាក់។
អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ត្រូវប្រជាពលរដ្ឋរាប់សិបនាក់ ចោទថាបានបោកលុយពួកគាត់សរុបប្រមាណ ៣០០លានដុល្លារ ក្រោមរូបភាពទិញដី ទិញផ្ទះ និងចូលរួមវិនិយោគដោយទទួលបានការប្រាក់ខ្ពស់ ខណៈអ្នកចូលរួមទាំងនោះ ទទួលបានប្រាក់ចំណេញតែប៉ុន្មានខែដំបូងប៉ុណ្ណោះ រួចហើយក៏លែងបានជារៀងរហូត។
បើតាមសាលាដំបូងខេត្តសៀមរាប គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងសំណុំរឿងនេះ ចៅក្រមស៊ើបសួរ បានចេញដីកាឃុំខ្លួនជនជាប់ចោទចំនួន ២៦នាក់រួចមកហើយ ក្នុងនោះក៏មានអ្នកស្រី ឡេង ចាន់ណា ផងដែរ៕