នាយករដ្ឋមន្ត្រី បានសម្រេចផ្តល់សិទ្ធិពេញសមត្ថភាព​ជូន​លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិ​បាល ដឹកនាំរៀបចំចាត់តាំង បំពេញភារកិច្ចជាមេធាវីតំណាងការពារសិទ្ធិ និងផលប្រយោជន៍ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ពាក់ព័ន្ធជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា​។

យោងតាមលិខិតប្រទាន​សិទ្ធិមួយ ដែលចុះហត្ថលេខា​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា រាជរដ្ឋភិបាល បានផ្តល់សិទ្ធិដល់ក្រុមមេធាវីរាជរដ្ឋាភិបាល ដែលមានសមាសភាពដឹកនាំដោយលោក គី តិច ចាត់តាំងមេធាវីតំណាងនៅតាមគ្រប់ស្ថាប័ន​មាន​​សមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក្នុងការ​ជួយដល់ប្រជាពលរដ្ឋ​ដែលរង​គ្រោះ​ដោយសារ​ក្រុមហ៊ុនប្រ៊ីលាន រហូតដល់សំណុំរឿងត្រូវបានបញ្ចប់ជាស្ថាពរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមរបស់លោក នៅព្រឹកនេះដែរ​ថា៖ «ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ ខ្ញុំ​បាន​សម្រេចប្រគល់​ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង​ស្ថាប័នតុលាការ»។

កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គម អំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋ ដែលបានវិនិយោគនៅក្នុង​គម្រោង ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា នោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចជូន លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយ​កម្ម និង​សំណង់ ក៏ដូចជា លោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង​ក្រុមជំនួយការ​ច្បាប់របស់លោក ដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះផង​ដែរ។

លោកនាយករដ្ឋមន្ត្រី បន្តថា៖ «តាមការប្រគល់ភារកិច្ចនេះ ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែដំណោះស្រាយតាមវិធីនេះ ពុំអាច​ធ្វើទៅបាន»។

ជាមួយគ្នានេះដែរ លោកថា សមត្ថកិច្ចក៏បាន​ស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គំរោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ពុំមាន​លក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែល​​ជួប​ប្រឈម​ឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់​ចុះ​ទីផ្សារនោះទេ ប៉ុន្តែ​ផ្ទុយទៅវិញគម្រោង​របស់​ក្រុមអ្នកស្រី ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធ​ឆបោកតាមរូបមន្ត Ponzi Scheme។

លោក ហ៊ុន ម៉ាណែត បានឱ្យ​ដឹងបន្ថែមថា៖ «ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាល នៅបន្តតាមដានករណីនេះជាប្រចាំ នឹងបានប្រគល់ភារកិច្ចឱ្យ​សមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវ​ជ្រាវ និង​សហការគាំទ្រដល់ដំណើការរបស់តុលាការ​គ្រប់រូបភាព​ដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណា​រួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យ​អស់លទ្ធភាពទៅតាមផ្លូវច្បាប់»។

លោកនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យ​មេធាវីរាជរដ្ឋាភិបាល ព្រម​ទាំង​ស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែល​មាន​ការពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមបានទេ ពីលោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដោយលោក​ប្រាប់ថា កំពុងប្រជុំរៀបចំកិច្ចការនេះ។

លោកថា៖ «ខ្ញុំកំពុងជាប់ប្រជុំរៀបចំកិច្ចការនេះ ពុំទាន់​អាចឆ្លើយតបនៅពេលនេះបាន»។

លោក ណូ រដ្ឋា ដែលអះអាងថាជា​​ពលរដ្ឋ​ចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO., LTD.) បង្ហាញក្តីសង្ឃឹមថា ​​នឹងមានដំណោះស្រាយសមស្របក្នុងសំណុំរឿងនេះ បន្ទាប់ពីមានការជួយសម្របសម្រួលពីសំណាក់ក្រុមមេធាវីរបស់រាជរដ្ឋាភិបាល។

លោក​ថា៖ «ខ្ញុំមិនទាន់ដឹងថាគេធ្វើការបែបណាទេ គាត់នឹងហៅប្រជាពលរដ្ឋទៅជួបគាត់ ដាក់ពាក្យបណ្តឹងឬយ៉ាងម៉េច ខ្ញុំអត់ទាន់ដឹង។ កន្លងមក យើងមានមេធាវីរួម​ ដែលមានរៀបចំពាក្យបណ្តឹង និងពួកខ្ញុំក៏បានទៅបំភ្លឺនៅតុលាការ[កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២៤]ផងដែរ អំពីរឿងទាំងអស់ហ្នឹង។ […] តែទោះជាបែបម៉េចក៏ដោយ ខ្ញុំ​គ្រាន់តែសង្ឃឹមថា នឹងមានដំណោះស្រាយឱ្យ​ពួកខ្ញុំ អ្នករងគ្រោះជាង ២ ៧០០នាក់»។

លោក ណូ រដ្ឋា បានឱ្យដឹងដែរ​​​ថា លោកបានចាញ់បោកក្រុមហ៊ុន​របស់អតីតឧកញ៉ា ឡេង​ ចាន់ណា​ នូវទឹកប្រាក់​​ប្រមាណ​ជាង ២៣៥ ៥០០ ដុល្លារ ដែលលោកបានដាក់ទុន​ជាបន្តបន្ទាប់​ ចាប់តាំងថ្ងៃទី​២៨ ខែធ្នូ ​​ឆ្នាំ២០១៩​មក ដោយ​ដំបូងឡើយក្រុមហ៊ុនបាន​ឱ្យការប្រាក់ចំនួន ៦% ក្រោយមកក៏បញ្ចុះនៅ ៥% និងចុង​ក្រោយបញ្ចុះសល់ ៤%។  

លោកបន្ត​ថា ក្រុមហ៊ុននេះ បានបន្តឱ្យ​ការប្រាក់មកលោករហូត លុះមកដល់អំឡុងខែកក្កដា ឆ្នាំ២០២៣ គឺ​ក្រុមហ៊ុន​មិនបានឱ្យ​​ការប្រាក់មកលោកទៀតទេ។ លោកបន្ថែម​ថា ក្រុមហ៊ុនបាន​បោកប្រាស់​ពួកគាត់ តាមរយៈការធ្វើកិច្ចសន្យាច្រើនរូបភាព ដោយ​​យកលុយប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដូចជា កិច្ចសន្យាចងការប្រាក់ ផ្តល់ប្រាក់កម្ចី កិច្ចសន្យាចូលរួមទិញផ្ទះយកផលចំណេញ និងទិញភាគហ៊ុនជាដើម។

លោកថា៖ «រូបភាពបោកហ្នឹងវាច្រើនមែនទែន មានគ្រប់រូបភាព។ […] ប្រជាពលរដ្ឋមានជំនឿដោយ​សារតែគាត់និយាយដល់រាជរដ្ឋាភិបាលទៀត»។

លោក រដ្ឋា ក៏បាន​​អំពាវនាវផងដែរឱ្យ​សាធារណជន មានការប្រុងប្រយ័តន្នខ្ពស់ ដើម្បីជៀសវាង​ការធ្លាក់​ចូល​ក្នុងអន្ទាក់ក្រុមហ៊ុនមួយចំនួន តាមរយៈរូបភាពការចូលរួមវិនិយោគ ដោយលោក​​ថា ច្បាប់​វិនិយោគនៅកម្ពុជា នៅ​មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

ទាក់ទិននឹងរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃ​អង្គ​ការសិទ្ធិមនុស្ស​លីកាដូ យល់​ថា ការ​ចាត់តាំងឱ្យ​មានក្រុមមេធាវីរដ្ឋាភិបាល​ទៅជួយ​ដោះស្រាយបញ្ហា​របស់ជនរងគ្រោះ ​គឺជារឿងល្អ ដោយ​សារ​តែ​ជនរងគ្រោះមានចំនួន​ច្រើន ហើយ​ក្រុមហ៊ុន​នេះ​ ក៏ធ្លាប់បានយកឈ្មោះថ្នាក់ដឹកនាំ​​រាជ​រដ្ឋាភិបាល​ធ្វើជាខ្នងបង្អែកផងដែរ។

ទោះ​​យ៉ាងណា លោកថា មេធាវីគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះសម្រាប់ការដោះស្រាយ តែ​ដំណើរ​​ការ​នីតិវិធីរបស់តុលាការ ក៏គួរតែមានការពន្លឿនផង​ដែរ។

លោក សំអាត ថ្លែងថា៖ «មេធាវីគ្រាន់តែជាផ្នែកមួយ សម្រាប់ការពារសិទ្ធិរបស់ជនរងគ្រោះ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺដំណើរការនីតិវិធីរបស់តុលាការ ធ្វើយ៉ាងណាពន្លឿនការដោះស្រាយ​ឱ្យ​បានឆាប់ ទី២ គឺការបង្កកនូវទ្រព្យសម្បត្តិផ្សេងៗ ដើម្បីធានាឱ្យ​បានថា​មានការសង​ត្រឡប់​មក​វិញ អាហ្នឹងគឺជារឿងមួយដែលគួរតែត្រូវធ្វើ ហើយធ្វើយ៉ាងម៉េចឱ្យ​បាន​ឆាប់ ព្រោះ​ឥលូវហ្នឹងជនរងគ្រោះ ទោះបីជាយើងឃើញមានដំណើរការនីតិវិធីនៅតុលាការ​ក៏ដោយ ប៉ុន្តែយុត្តិធម៌ទាំងផ្លូវច្បាប់ និងសំណងសម្រាប់ជនរងគ្រោះ គឺស្ថិតនៅក្នុងភាពរងចាំ»។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ប្រមុខរដ្ឋ​ស្តីទី​លោក​ សាយ ឈុំ ​បាន​​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​​បញ្ចប់គោរមងារ​ឧកញ៉ា​ ពីឧកញ៉ា ​ឡេង ចាន់ណា​។ ​ការបញ្ចប់​គោរមងារ​​នេះ ​ធ្វើឡើង​១ថ្ងៃ​បន្ទាប់ពី​​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បានសម្រេច​​​ចោទប្រកាន់​អ្នកស្រី ឡេង ចាន់ណា និងបក្សពួក ចំនួន ​៣​បទល្មើស ​ទាក់ទង​ទៅនឹង​ការ​ឆបោក ​ចេញ​សែក​គ្មាន​សាច់ប្រាក់ ​និង​ការ​សម្អាតប្រាក់​។

អ្នកស្រី​ ​ឡេង ចាន់ណា ​និង​បក្ខពួក ​ត្រូវប្រជាពលរដ្ឋរាប់សិបនាក់ ​ចោទថា​បានបោកលុយពួកគាត់​​សរុប​​ប្រមាណ ៣០០​​​លានដុល្លារ​​ ​ក្រោម​រូបភាព​ទិញដី ​ទិញផ្ទះ ​និង​​ចូលរួម​វិនិយោគ​​​ដោយទទួលបាន​ការ​ប្រាក់ខ្ពស់​ ខណៈអ្នកចូលរួម​ទាំងនោះ ​ទទួលបាន​ប្រាក់ចំណេញ​​តែប៉ុន្មានខែ​ដំបូង​​ប៉ុណ្ណោះ ​រួចហើយ​ក៏លែង​បានជារៀង​រហូត​។

បើតាម​សាលាដំបូងខេត្តសៀមរាប គិត​មកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងសំណុំរឿង​នេះ ចៅក្រមស៊ើបសួរ បានចេញដីកាឃុំខ្លួនជនជាប់ចោទ​ចំនួន ២៦នាក់​រួចមក​ហើយ ក្នុងនោះក៏មានអ្នកស្រី ឡេង ចាន់ណា​ ផងដែរ៕