អ្នកវិភាគសង្គមមួយចំនួន យល់ថា ការប្រើប្រាស់កម្មវិធី No Drug អាចជួយទប់ស្កាត់បញ្ហាគ្រឿងញៀនបានមួយផ្នែក ប៉ុន្តែអ្វីដែលសំខាន់ គឺអាជ្ញាធរគួរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរឹងបន្ថែមទៀត នៅក្នុងការទប់ស្កាត់ការចែកចាយ និងជួញដូរគ្រឿងញៀន។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា No Drug (App) ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួមគ្នា ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា ការប្រើប្រាស់កម្មវិធីនេះ គឺដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន រួមទាំងព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ប្រភពដដែលបន្តថា App នេះក៏អាចប្រើប្រាស់ជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ទៅកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ចមានវិធានការជាក់ស្តែង ដែលអាច ឈានទៅបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីសហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គា្ន ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។
លោក ប៊ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លើកឡើងនៅថ្ងៃទី១៥ ខែឧសភានេះថា ការបង្កើតកម្មវិធីទូរស័ព្ទដៃដើម្បីបម្រើសេវានេះ គឺជារឿងមួយល្អ ហើយក្រសួងពាក់ព័ន្ធផ្សេងគួរតែចាប់ផ្តើមបង្កើតកម្មវិធីបែបនេះឡើង ដើម្បីបង្កើនល្បឿនក្នុងការផ្តល់សេវា ការទទួលព័ត៌មានត្រឡប់ និងការឆ្លើយតបទៅពលរដ្ឋវិញ។
តែយ៉ាងណា លោកថា យុទ្ធសាស្ត្រក្នុងការកាត់បន្ថយឬកម្ចាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព មិនមែនត្រឹមតែការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃនេះទេ គឺត្រូវសិក្សាលម្អិតពីឬសគល់នៃបញ្ហា ការលុបបំបាត់អំពើពុករលួយ និងការរឹតបន្តឹងច្បាប់។
លោកបន្តថា៖ «ប៉ុន្តែរឿងយុទ្ធសាស្រ្តកាត់បន្ថយ ឬកម្ចាត់គ្រឿងញៀន យើងមិនអាចធ្វើត្រឺមតែមានកម្មវិធីទូរស័ព្ទដៃទេ ជាយុត្តិសាស្រ្តរួម យើងត្រូវសិក្សាលម្អិតអំពីឬសគល់នៃបញ្ហា ជាពិសេសគឺការចរាចរគ្រឿងញៀន ពីតំបន់អាស៊ីអាគ្នេយ៍យើងហ្នឹង ជាពិសេសតំបន់ត្រីកោណមាសចូលមកកម្ពុជា ហើយនិងការធ្វើចរាចណ៍ឬក៏ការផលិតនៅក្នុងស្រុកយើងហ្នឹង។ មួយវិញទៀតជនឧក្រិដ្ឋគាត់តែងតែប្រើប្រាស់ ការស៊ីសំណូកសូកប៉ាន់ ឬការប្រើខ្សែស្រឡាយខ្នងការពារអាជីវកម្មខុសច្បាប់របស់គាត់ ដោយការធ្វើការជាមួយអ្នកមានអំណាច ឬមន្រ្តីសាធារណៈ ដែលមានឥទ្ធិពលនៅក្នុងប្រទេស ដូច្នេះគួតែពិនិត្យមើលជាប្រព័ន្ធនៅការប្រយុទ្ធប្រឆាំងនៃអំពើពុករលួយ ដែលពាក់ព័ន្ធទៅនឹងការផលិត ចរាចរណ៍ ឬក៏ការចែកចាយគ្រឿងញៀនហ្នឹង»។
អ្នកប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា App NoDrug អាចមានប្រសិទ្ធភាពនៅក្នុងការជួយឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន មានការយល់ដឹង និងចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ព្រោះ App នេះជាមធ្យោបាយមួយសម្រាប់ផ្តល់ព័ត៌មានបន្ថែមអំពីគ្រឿងញៀន។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលនយោបាយថ្មីៗ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព នោះទើបអាចជួយកាត់បន្ថយ និងទប់ស្កាត់បញ្ហាគ្រឿងញៀននេះបាន។
លោកបន្តថា៖ «ហើយការរាយការណ៍របស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ ក៏ចាត់ទុកថាជាសកម្មភាពមួយ ដែលអាចជួយទៅដល់អាជ្ញាធរនៅក្នុងការទប់ស្កាត់ ឬក៏ប្រមូលយកព័ត៌មានពាក់ព័ន្ធជាមួយនឹងគោលដៅដែលចែកចាយ ឬក៏ច្បាស់ ឬក៏ជួញដូរគ្រឿងញៀននៅក្នុងសហគមន៍ពួកគាត់ផងដែរ»។
លោកបន្ថែមថា៖ «ក្រសួងពាក់ព័ន្ធត្រូវដាក់ចេញនូវគោលនយោបាយ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព ជាពិសេសទប់ស្កាត់នូវរាល់ការចែកចាយឱ្យខានតែបាន ហើយមិនគួរលើកលែងអ្នកដែលប្រើប្រាស់ ឬអ្នកដែលជាប់ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀនហ្នឹង»។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ លោក មាស វិរិទ្ធ មានប្រសាសន៍ថា កម្មវិធីនេះ ពិតជាអាចចូលរួមចំណែកនៅក្នុងការបន្ថយការប្រើប្រាស់គ្រឿងញៀន។
លោកថ្លែងថា៖ «ជាការពិត ពីព្រោះApp នេះ គឺជាកម្មវិធីទាន់សម័យមួយ ដែលប្រជាពលរដ្ឋប្រើប្រាស់ស្មាតហ្វូនដែលប្រជាពលរដ្ឋអាចទាញយកមកប្រើប្រាស់ នឹងជាចំណេះដឹងជាមូលដ្ឋានរបស់ប្រជាពលរដ្ឋបានមើល និងយល់ដឹង ហើយបដិសេធការប្រើប្រាស់គ្រឿងញៀន ជាមួយនឹងចំណេះដឹងផ្សេងទៀត សម្រាប់យុវជន និងយុវនារី ធ្វើការស្វែងយល់» ។
លោកបញ្ជាក់បន្ថែមថា កម្មវិធីនេះ គឺអាចធ្វើឱ្យប្រជាពលរដ្ឋអាចរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច អាចបញ្ជាក់អំពីព័ត៌មានដែលរាយការណ៍ផ្សេងៗ ដូចជា រូបភាព និងទីតាំងជាដើម។
លោកសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ហើយវាជារឿងដែលត្រូវចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយ។ លោកថា ឱ្យតែមានការចូលរួមប្រើប្រាស់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងកម្មវិធីនេះ នឹងអាចចូលរួមចំណែកកាត់បន្ថយគ្រឿងញៀនផងដែរ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញផែនការ ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ២០២៤ ក្នុងនោះមានទាំងវិធានការអប់រំ វិធានការរដ្ឋបាល វិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម វិធានការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយទៅជាប្រទេស «គ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
បើតាមរបាយការណ៍ពីអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កាលពីឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនប្រមាណ ៧ ០០០ករណី ហើយអាជ្ញាធរបានឃាត់ខ្លួនមនុស្សប្រមាណ ២០ ០០០នាក់ និងរឹបអូសសារធាតុញៀនបានប្រមាណ ៣តោន។ ប្រភពដដែល បន្តថា តួលេខនៃករណីបង្ក្រាបគ្រឿងញៀនឆ្នាំ២០២៣ កើនឡើងជាងឆ្នាំ២០២២ ប្រមាណ ១០% ដោយក្នុងឆ្នាំ២០២២ អាជ្ញាធរបង្ក្រាបបានប្រមាណ ៦ ៣០០ករណី។ ប៉ុន្តែបរិមាណគ្រឿងញៀនដែលចាប់បានជិត ៣តោន ក្នុងឆ្នាំ២០២៣ ថយចុះ បើធៀបនឹងឆ្នាំ២០២២ ដែលចាប់បានប្រមាណ ១៤តោន៕