អ្នកវិភាគសង្គមមួយចំនួន យល់ថា ការប្រើប្រាស់កម្មវិធី No Drug អាចជួយ​ទប់​ស្កាត់បញ្ហា​​គ្រឿងញៀនបាន​​មួយ​ផ្នែក ប៉ុន្តែ​អ្វីដែលសំខាន់ គឺ​អាជ្ញាធរ​គួរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរឹង​​បន្ថែមទៀត នៅក្នុង​ការទប់ស្កាត់ការចែកចាយ និងជួញដូរ​គ្រឿងញៀន។

កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា No Drug (App) ​ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួម​គ្នា ចូ​លរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន​។​

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងទៀតថា ការ​ប្រើប្រាស់កម្មវិធីនេះ គឺដើម្បីទទួល​បាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន រួមទាំង​ព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ប្រភពដដែលបន្តថា App នេះក៏អាចប្រើប្រាស់ជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ទៅ​កាន់​ក្រុម​ការងារ​ទទួល​ព័ត៌មាន ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ច​មានវិធានការជាក់ស្តែង ដែលអាច ឈាន​ទៅ​បង្ការ ទប់ស្កាត់ និង​បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀន​ពី​សហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គា្ន ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។

លោក ប៊ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លើកឡើងនៅថ្ងៃទី១៥ ខែឧសភានេះ​​ថា ការ​បង្កើត​កម្មវិធីទូរស័ព្ទដៃ​ដើម្បីបម្រើ​សេវានេះ គឺជារឿងមួយល្អ ហើយក្រសួងពាក់ព័ន្ធផ្សេងគួរ​តែ​ចាប់​ផ្តើម​បង្កើតកម្មវិធីបែបនេះឡើង​​ ដើម្បីបង្កើនល្បឿន​ក្នុង​ការ​ផ្តល់​សេវា ការ​ទទួលព័ត៌​មាន​ត្រឡប់ និងការឆ្លើយតបទៅពលរដ្ឋវិញ។

តែយ៉ាងណា លោកថា យុទ្ធសាស្ត្រ​ក្នុងការ​កាត់បន្ថយឬកម្ចាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព មិន​មែន​ត្រឹម​តែការ​ប្រើប្រាស់កម្មវិធីទូរស័ព្ទ​ដៃនេះទេ គឺ​ត្រូវសិក្សាលម្អិតពីឬសគល់នៃបញ្ហា ការលុបបំបាត់អំពើពុករលួយ និងការរឹតបន្តឹងច្បាប់។

លោក​បន្ត​ថា៖ «ប៉ុន្តែរឿងយុទ្ធ​សាស្រ្តកាត់បន្ថយ ឬកម្ចាត់​គ្រឿងញៀន យើងមិនអាចធ្វើត្រឺម​តែ​មាន​កម្មវិធីទូរស័ព្ទដៃទេ ជាយុត្តិសាស្រ្តរួម​ យើង​ត្រូវ​សិក្សាលម្អិតអំពីឬសគល់នៃបញ្ហា ជាពិសេសគឺការចរាចរគ្រឿ​ង​ញៀន ពីតំបន់​អាស៊ីអាគ្នេយ៍​​យើងហ្នឹង ជាពិសេសតំបន់ត្រីកោណមាស​ចូលមកកម្ពុជា ហើយនិងការធ្វើចរាចណ៍ឬក៏ការផលិតនៅក្នុងស្រុកយើងហ្នឹង។ មួយវិញ​ទៀត​ជន​ឧក្រិដ្ឋ​គាត់តែងតែប្រើប្រាស់ ការស៊ីសំណូកសូក​ប៉ាន់ ឬការប្រើខ្សែស្រឡាយខ្នងការពារ​អាជីវកម្មខុសច្បាប់របស់គាត់ ដោយ​ការធ្វើការជាមួយអ្នកមានអំណាច ឬមន្រ្តី​សាធារណៈ ដែលមាន​ឥទ្ធិពលនៅក្នុងប្រទេស ដូច្នេះគួតែពិនិត្យមើលជាប្រព័ន្ធ​នៅការប្រយុទ្ធប្រឆាំងនៃអំពើពុករលួយ ដែល​ពាក់​ព័ន្ធ​ទៅនឹង​ការផលិត ចរាចរណ៍ ឬក៏ការចែកចាយគ្រឿងញៀនហ្នឹង​»។

អ្នកប្រឹក្សាយោបល់ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍​ថា App NoDrug អាច​មាន​ប្រសិទ្ធភាពនៅក្នុងការជួយឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន ​មានការ​យល់ដឹង និងចូលរួម​​​ប្រយុទ្ធប្រឆាំង​បញ្ហាគ្រឿងញៀន ព្រោះ App នេះជាមធ្យោបាយមួយ​សម្រាប់ផ្តល់ព័ត៌មានបន្ថែមអំពីគ្រឿងញៀន។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យ​ក្រសួង​ស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលនយោបាយថ្មីៗ និង​អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព នោះទើប​អាចជួយកាត់បន្ថយ និងទប់ស្កាត់បញ្ហាគ្រឿងញៀននេះបាន។

លោកបន្តថា៖ «ហើយការរាយការណ៍របស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ ក៏ចាត់ទុកថាជា​សកម្មភាពមួយ ដែលអាចជួយទៅដល់អាជ្ញាធរនៅក្នុងការទប់ស្កាត់​ ឬក៏ប្រមូល​យក​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​គោល​ដៅដែល​ចែក​ចាយ​ ឬ​ក៏​ច្បាស់ ឬក៏ជួញដូរ​គ្រឿង​ញៀន​នៅក្នុងសហគមន៍ពួកគាត់ផងដែរ»។

លោកបន្ថែមថា៖ «ក្រសួងពាក់ព័ន្ធត្រូវដាក់ចេញនូវគោលនយោបាយ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព ជាពិសេសទប់​ស្កាត់នូវរាល់​ការចែកចាយឱ្យខាន​តែបាន ហើយ​មិនគួរលើកលែង​អ្នក​ដែល​ប្រើប្រាស់ ឬអ្នកដែលជាប់ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀនហ្នឹង»។

អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហា​ផ្ទៃ លោក មាស វិរិទ្ធ មានប្រសាសន៍​ថា កម្មវិធីនេះ ពិតជាអាចចូលរួមចំណែកនៅក្នុងការបន្ថយការប្រើប្រាស់គ្រឿងញៀន។

លោកថ្លែងថា៖ «ជាការពិត ពីព្រោះApp នេះ គឺជា​កម្មវិធីទាន់សម័យមួយ ដែលប្រជាពលរដ្ឋប្រើប្រាស់ស្មាត​ហ្វូន​ដែលប្រជាពលរដ្ឋអាចទាញយកមកប្រើប្រាស់ នឹងជាចំណេះដឹងជាមូលដ្ឋានរបស់ប្រជាពលរដ្ឋបានមើល និ​ងយល់ដឹង ហើយបដិសេធ​ការប្រើប្រាស់គ្រឿងញៀន ជាមួយនឹង​ចំណេះដឹងផ្សេងទៀត សម្រាប់យុវជន និងយុវនារី ធ្វើការស្វែងយល់» ។

លោកបញ្ជាក់បន្ថែមថា កម្មវិធីនេះ គឺអាចធ្វើឱ្យប្រជាពលរដ្ឋអាចរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច អាចបញ្ជាក់អំពីព័ត៌មានដែលរាយការណ៍ផ្សេងៗ ដូចជា រូបភាព និងទីតាំងជាដើម។

លោកសង្កត់ធ្ងន់ថាបញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ហើយវាជារឿង​ដែល​ត្រូវចូលរួម​ទាំងអស់​គ្នាដើម្បី​ដោះស្រាយ។ លោកថា ឱ្យតែមានការចូលរួមប្រើប្រាស់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងកម្មវិធីនេះ នឹងអាចចូលរួមចំណែកកាត់បន្ថយគ្រឿងញៀនផងដែរ​។

កាលពី​ថ្ងៃទី​១១ ​ខែ​មករា ​ឆ្នាំ​២០២៤​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​ក៏​បាន​ដាក់​ចេញ​ផែន​ការ​ ​​​ស្តី​ពី ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​​លើក​ទី៩ ​ឆ្នាំ​​២០២៤ ក្នុងនោះមាន​​ទាំង​វិធាន​​​ការ​អប់រំ ​វិធាន​ការ​​រដ្ឋបាល​ វិធាន​ការ​ព្យាបាល​ ស្តារ​នីតិ​សម្បទា​ និង​សមាហរណ​កម្ម ​វិធាន​ការ​​អនុវត្ត​ច្បាប់ ​និង​​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យកម្ពុជាក្លាយទៅ​ជាប្រទេស​ «​គ្មាន​គ្រឿង​ញៀន​ និង​រក្សា​គ្រួសារ​នីមួយៗ​ជា​គ្រួសារ​ស្អាតស្អំ ​គ្មាន​គ្រឿង​ញៀន ​តាម​ទស្សន​វិស័យ​ ចូលរួម​ទាំង​អស់​គ្នា ​ដើម្បី​ជីវិត​ និង​សហគមន៍​គ្មាន​គ្រឿង​ញៀន»។​

បើតាមរបាយការណ៍ពីអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កាលពីឆ្នាំ២០២៣ សមត្ថកិច្ច​បាន​​បង្ក្រាប​​បទល្មើស​​គ្រឿង​ញៀន​ប្រមាណ​ ៧​ ០០០​​ករណី​ ហើយអាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ​២​០ ០០០​​នាក់​ និង​រឹបអូស​សារធាតុ​ញៀន​បាន​ប្រមាណ ​៣​តោន​។ ​ ប្រភពដដែល បន្តថា តួលេខ​​នៃ​ករណី​បង្ក្រាប​គ្រឿង​ញៀន​ឆ្នាំ​​២០២៣ ​កើន​ឡើង​ជាង​ឆ្នាំ​២០២២ ​ប្រមាណ ​១០%​ ដោយ​ក្នុង​ឆ្នាំ​២០២២ ​អាជ្ញាធរ​បង្ក្រាប​បាន​ប្រមាណ​ ៦ ៣០០​ករណី។ ​ប៉ុន្តែ​បរិមាណ​​គ្រឿង​ញៀន​ដែល​ចាប់​បាន​ជិត​ ៣​តោន ​ក្នុង​ឆ្នាំ​២០២៣​ ថយ​ចុះ ​បើ​ធៀប​នឹង​ឆ្នាំ​២០២២ ​ដែល​ចាប់​បាន​ប្រមាណ ​១៤​តោន៕