ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ព្រះសង្ឃ គ្រូបង្រៀន​ និងសិស្សានុសិស្ស​ ចូល​​រួម​យុទ្ធ​នាការ​មួយ ដោយការ​សម្អាត​ជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន​ ១៥នាទី នៅ​រៀងរាល់ថ្ងៃសៅរ៍ ដើម្បី​កម្ពុជា​មាន​បរិស្ថានស្អាត និង​ការរស់នៅមានផាសុខភាព។

ការអំពាវនាវនេះ ធ្វើឡើងកាល​ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុង​ឱកាស​ដែល​ក្រសួងបរិស្ថានប្រកាសបើ​ក​យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីទប់ស្កាត់ ការការពារប្រើប្រាស់ និងបោះចោល​សំរាមប្លាស្ទិក នៅទីសាធារណៈ។ បើតាមក្រសួងបរិស្ថាន យុទ្ធនាការនេះ បានអំពាវនាវ​ដល់​សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំង​អស់​គ្នា រើស​សំរាម​ជុំវិញ​បរិវេណ​ផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី នៅ​រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ក្នុងពិធីបើក​យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ថ្លែងថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដែលបង្ហាញយ៉ាងច្បាស់អំពីការចួលរួមរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងការសំអាតបរិស្ថានជុំវិញកន្លែងរស់នៅ។

លោក​បន្តថា ភាព​​ស្អាត និងសុខភាពប្រជាពលរដ្ឋ ​ជាការងារអាទិភាព​ដែលរា​ជរដ្ឋាភិ​បាល ក្នុង​​អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។

លោករដ្ឋមន្ត្រីបន្ថែមថា៖ «ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាម រួម​ទាំង​ការ​កាត់​បន្ថយ​សំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជន​ជំនាន់​ក្រោយ ធានាការ​គ្រប់​គ្រង​សំរាម ថែរក្សាអនាម័យបរិស្ថាន និង​សុខុមាលភាពប្រជាពលរដ្ឋ​បានល្អប្រសើរ»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍​ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរ​ធ្វើបាន» នេះ គឺផ្តោតសំខាន់ទៅលើភាពស្អាត ដែលជាមុំ​យុទ្ធសាស្រ្ត​មួយ ក្នុងចំណោម​មុំផ្សេង​ទៀតនៃយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន ក្នុងនោះមានភាពស្អាត បៃតង និងចីរភាព។

ករណីនេះ លោក​បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមនៅក្នុងការសំអាតបរិស្ថាន​តាមរយៈ​យុទ្ធនាការនេះ ដោយការ​ចូលរួមសម្អាតបរិវេណជុំវិញផ្ទះចំនួន ១៥នាទី នៅរៀងរាល់​ថ្ងៃសៅរ៍។ ​

លោកថ្លែងថា៖ «ខ្ញុំស្នើសុំឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមទាំងអស់គ្នា ដើម្បីឱ្យកម្ពុជាយើងស្អាតចូល​រួម​ប្រមូលទុកដាក់សម្អាតអនាម័យតាមភូមិឋាន ឱ្យបានត្រឹមត្រូវ។ ភាព​​ស្អាតនេះ មិន​មែន​ត្រឹម​តែ​ជួយឱ្យ​​ក្រុមគ្រួសារ ឬក៏បុគ្គលរបស់ខ្លួន​មានស្ថានភាព មានសម្រស់ មានសុខភាពល្អនោះទេ គឺជួយឱ្យពិភពលោកកាត់បន្ថយបាននូវការប្រែប្រួលអាកាសធាតុ ក៏ដូចជាពិភពលោកគ្មានការបំពុលដោយប្លាស្ទីកនេះផងដែរ»។

បើតាមអ្នកនាំពាក្យ​រូបនេះ ជំហានបន្ទាប់របស់​ក្រសួង​បរិស្ថាន គឺនឹង​មាន​ការ​ចែក​ធុង​សំរា​ម​ទៅតាម​សាលារៀន មណ្ឌលសុខភាព និងទីតាំងសាធារណៈផ្សេងទៀត សម្រាប់ការទុកដាក់សំរាមឱ្យ​បាន​ត្រឹម​ត្រូវ ព្រមទាំងមានការ​​រៀបចំឱ្យមាន​បច្ចេកទេស​បន្ថែមទៀត ទៅលើការទុកដាក់សំរាម​កែច្នៃ​ សំរាម​ធ្វើ​ជា​ជី​កំប៉ុស និងការ​​បង្កើនចំណូលសម្រាប់ក្រុមការងារ ក៏ដូចជាប្រជាពល​រដ្ឋ​ ដែល​បាន​ប្រមូល​ទុក​ដាក់​សារធាតុប្លាស្ទីកផងដែរ។

លោក ហេង រត្តនា ជានិស្សិតនៅសកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យសាស្រ្តសេដ្ឋកិច្ច សាទរចំពោះយុទ្ធនាការនេះ ដោយ​ថា លោកនឹងចូលរួមនៅក្នុងការសម្អាតបរិស្ថានរយៈពេល ១៥នាទី ដើម្បីបរិស្ថានស្អាត។

លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថាល្អ ព្រោះដើម្បីជួយឱ្យបរិស្ថានយើងវាស្អាត កុំឱ្យមានសំរាម ខ្ញុំគិតថា បើយើងធ្វើអញ្ចឹង​​បាន​ អាច​ជួយឱ្យពលរដ្ឋយល់ដឹងអំពីបញ្ហាបរិស្ថាន​កាន់​តែ​ច្រើន និង​អាច​ជួយអ​ប់រំ​ឱ្យក្មេងជំនាន់ក្រោយ ពិសេសកូនៗ​មានទម្លាប់​សម្អាត​ពី​តូ​ច​ទៅ ដល់ពេល​គាត់​ធំ​មិន​ពិបាក ឱ្យគាត់មានទម្លាប់ល្អ ក្នុងការសម្អាតបរិស្ថាន»។

ព្រះតេជគុណ យ៉ន សុខហេង គង់នៅវត្តមួយក្នុង​​ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏បាន​គាំទ្រចំពោះយុទ្ធនាការនេះផងដែរ។ ព្រះតេជគុណមានសង្ឃដីកាថា ការចំណាយរយៈពេល ១៥នាទី ជា​រៀង​រាល់ថ្ងៃសៅរិ៍នេះ ជារឿងល្អ និងអាច​ធ្វើឱ្យបរិស្ថាន​ស្អាត និង​ទាក់​ទាញភ្ញៀវទេសចរ​ចូលមក​ទស្សនា​នៅកម្ពុជា។​

ព្រះតេជគុណមានសង្ឃដីកាបន្ថែម​ថា៖ «យុទ្ធនាការនេះល្អ ដោយសារតែនៅប្រទេសកម្ពុជានេះ គឺសំរាមមាន​ច្រើន ដោយ​សារ​ការ​បរិភោគ និង​ការប្រើប្រាស់​ប្លាស្ទីក​ចោលតាមផ្លូវ​»។

ប្រធាន​​សមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់​ថា ការធ្វើយុទ្ធនាការនានារបស់​ស្ថាប័ន​រដ្ឋ ជាការបង្ហាញឱ្យឃើញនៅការចូលរួមរបស់​រដ្ឋ ជាពិសេសក្រសួងបរិស្ថាន និងក្រសួង​ពាក់ព័ន្ធ។

តែយ៉ាងណា​ លោកថា៖ «ប៉ុន្តែអ្វីដែលខ្ញុំយល់ គឺថារដ្ឋ ក្រសួងបរិស្ថាន ធ្វើយុទ្ធនាការនេះ គួរតែប្រគល់ទៅឱ្យ​ក្រសួង​​អប់រំ​អ្នកធ្វើ ផ្ទុយទៅវិញក្រសួងជំនាញគួរតែបង្កើននូវ​ការពង្រីក និងពង្រឹង​វិធាន​ការ​ច្បាប់ និងរៀបចំគោលនយោ​បាយ​ដែល​​មាន​លក្ខណៈមាន​ប្រសិទ្ធិភាព​ខ្ពស់ និងបន្ស៊ី​ជាមួយនឹងស្ថានភាពសង្គមជាក់ស្តែង វាមានសារៈសំខាន់ជាង ជាជាងគ្រាន់​តែធ្វើមួយផ្នែក​នៃការអប់រំ»។

បើតាមក្រសួងបរិស្ថាន យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាយុទ្ធនាការបន្ត​ថ្មីមួយទៀត​​ ដែល​ដើរទន្ទឹ​ម​គ្នាជាមួយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល​ត្រូវ​បានដាក់ចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ​​ប្រមាណ​ជាង ៨លាន​​អង្គ/នាក់ នៅទូទាំងប្រទេសកម្ពុជា។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រា​វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង៕