ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ បានប្រមូលផ្ដុំគ្នាលើកបដាតវ៉ា នៅមុខសាលារាជធានីភ្នំពេញជាថ្មីទៀត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីស្នើឱ្យអាជ្ញាធរពន្លឿនកិច្ចអន្តរាគមន៍ផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគេ ក្រោយពួកគេថា អាជ្ញាធរបានពន្យារពេលដោះស្រាយជាច្រើនដង។
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យមានដំណោះស្រាយលើបញ្ហាដីធ្លី ដោយពួកគេអះអាងថា អាជ្ញាធរខណ្ឌ បានចែកប្លង់រឹងជូនប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លើកលែងពលរដ្ឋចំនួន ៥៧គ្រួសារនេះ ដែលមានដីសរុបជាង ៦ ០០០ម៉ែត្រការ៉េ នៅមិនទាន់បានប្លង់នៅឡើយ ដោយសារតែមានក្រុមហ៊ុនឯកជនមួយ ប្តឹងទប់ស្កាត់ ដោយថាដីនោះជាន់ប្លង់ជាមួយដីក្រុមហ៊ុន។
អ្នកស្រី ឡុង ហ៊ុន អាយុ៥៥ឆ្នាំ ជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅភូមិដំណាក់សង្កែ បានលើកឡើងថា ការប្រមូលផ្តុំជាថ្មីទៀតនៅថ្ងៃនេះ ដោយសារតែអាជ្ញាធរនៅមិនទាន់ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់នៅឡើយ ដោយបានពន្យាពេលម្តងហើយម្តងទៀត ទើបពួកគាត់នាំគ្នាទៅសុំអន្តរាគមន៍ពីអាជ្ញាធរជាថ្មីទៀត ដើម្បីសុំប័ណ្ណកម្មសិទ្ធិដីធ្លី។
អ្នកស្រីមានប្រសាសន៍ថា៖ «ឱ្យខាងក្រសួងសូរិយោដីហ្នឹង ចេញប្លង់កម្មសិទ្ធិឱ្យពួកខ្ញុំមក ខ្ញុំចង់បានតែប៉ុណ្ណឹងទេ ព្រោះអីរាល់ថ្ងៃហ្នឹង ខ្ញុំបញ្ហាតែដីហ្នឹង បញ្ហាតែចង់បានប្លង់មកវិញទេ ហើយបានប្លង់មកខ្ញុំធ្វើផ្ទះនៅ»។
អ្នកស្រី ឡុង ហ៊ុន បន្តថា បច្ចុប្បន្ន គ្រួសារអ្នកស្រី កំពុងជួបការលំបាក ដោយសារផ្ទះតូច ហើយសមាជិកគ្រួសារមានរហូតដល់ទៅ៥នាក់ ខណៈផ្លូវចូលផ្ទះ ក៏អាចចូលបានត្រឹមតែម៉ូតូ។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិដំណាក់សង្កែដែរ តែសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា លោកប្រឈមនឹងបញ្ហាជាច្រើនក្នុងជីវភាពរស់នៅ នៅពេលដែលមិនមានប័ណ្ណកម្មសិទ្ធិដីធ្លី។ ករណីនេះ លោកស្នើដល់អាជ្ញាធរពាក់ព័ន្ធ ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ជីវភាពប្រចាំថ្ងៃ។
លោកថា៖ «ប៉ុន្ដែបើទោះបីជាយ៉ាងណាក៏ដោយ យើងក៏នៅតែមានសង្ឃឹមខ្ពស់ ដោយសារតែដីរបស់យើងមានឯកសារត្រឹមត្រូវស្របច្បាប់ ហើយដីរបស់យើងត្រូវបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចជាស្រេច នៅក្នុងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដូច្នេះយើងសង្ឃឹមថា យើងនឹងទទួលបានវា បើទោះបីជាសាលាក្រុងមិនមានដំណោះស្រាយជូនយើង យើងនឹងបន្ដនីតិវិធីទៅកាន់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត»។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិដំណាក់សង្កែដែរនោះ លោក សឿន សុខុន អាយុ៤២ឆ្នាំ បានប្រាប់ថា កំឡុងពេលប្រមូលផ្តុំនោះ មន្ត្រីសាលារាជធានីភ្នំពេញ បានឱ្យក្រុមប្រជាពលរដ្ឋចូលជួបប្រជុំ ដោយមានការចូលរួមពីអភិបាលរាជធានីភ្នំពេញ អភិបាលរងខណ្ឌ ចៅសង្កាត់ព្រែកកំពឹស មេភូមិដំណាក់សង្កែ និងអនុប្រធានសុរិយោដី តែមិនមានវត្តមានភាគីក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក ដែលជាដើមបណ្ដឹងនោះទេ។
លោកថា អាជ្ញាធររាជធានីភ្នំពេញ ស្នើដល់ពលរដ្ឋ ទុកពេលឱ្យអាជ្ញាធរ ២សប្តាហ៍ទៀត ដើម្បីសម្របសម្រួលរកដំណោះស្រាយ ខណៈតំណាងភាគីក្រុមហ៊ុន កំពុងនៅក្រៅប្រទេស។
លោកបន្តថា៖ «គាត់[អាជ្ញាធរ]បានប្រាប់ថា សុំទុកពេលឱ្យខាងអាជ្ញាធរគាត់ធ្វើការបន្តិច ដោយសារលោកស្រី អេង ចេង ដែលជាអ្នកពុះឡូត៏លក់ ឱ្យពួកខ្ញុំកាលពីមុនហ្នឹង គាត់ថាឈឺនៅថៃ ហើយលោកស្រី លឹម លីណា [តំណាងក្រុមហ៊ុន]គាត់ថានៅបារាំងមិនបានចូលរួមទេ។ ហើយពួកខ្ញុំថា ចុះបើមិនមានការចូលរួមអ៊ីចឹងតើធ្វើម៉េចទៅ? តែសាលាក្រុងគេថា បើសិនជាលើកទី៣ លោកស្រី លឹម លីណា ហើយនិងលោកស្រី អ៊ឺង ចេង ហ្នឹងគាត់មិនចូលរួមទៀត គេនឹងធ្វើលិខិតមួយទៅខាងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មឱ្យកាត់ឆ្វៀល ស.ជ.ណ ដែលលោកស្រី លឹម លីណា មានទៅលើគ្របលើដីរបស់ខ្ញុំ»។
Newsroom Cambodia មិនអាចទាក់ទងអ្នកស្រី លឹម លីណា តំណាងក្រុមហ៊ុនអេកូមេហ្គាប៉ូលីស ឌីវើឡុបមេន ខបភើរេសិន ឯ.ក និងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ដើម្បីសុំការអត្ថាធិប្បាយបានទេ។
ចំណែក លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានឱ្យដឹងថា សាលារាជធានីភ្នំពេញ កំពុងអន្តរាគមន៍ទៅលើបញ្ហាដីធ្លីនេះហើយ។
លោកថា៖ «ឯឧត្តមអភិបាលនៃគណអភិបាលក្រុង គាត់កំពុងតែធ្វើការហើយ តែដោយសារភាគីទាំង២នោះអត់មាននៅយើងនេះ[…]គាត់មានប្រសាសន៍ប្រាប់បងប្អូនយើងទាំងអស់ហ្នឹង គាត់ស្ដាប់បានហើយ ពីដំបូងឡើយគាត់នឹកថាវាយ៉ាងម៉េចៗ អីចេះចុះ ដល់គាត់មានប្រសាសន៍ព្រឹកមិញប្រាប់ទៅគាត់ស្ងប់អារម្មណ៍គាត់បន្តិចទៅ»។
លោកបានបន្តថា៖ «ខ្ញុំអត់ទាន់ហ៊ានថាយ៉ាងម៉េចទេ ព្រោះខ្ញុំអត់បានដឹងពីប្រវត្តិពីដំបូងមកដែរ គ្រាន់តែដឹងថា ឈ្មោះ អ៊ឹង ចេង ហ្នឹងគាត់ទិញដីនៅហ្នឹងពុះឡូត៏ពុះអីលក់ ថាដីហ្នឹងដីស្រែ គាត់ចាក់ដីចាក់អីទៅ ពុះឡូត៏ពុះអីលក់ប្រជាជនទិញធ្វើផ្ទះថ្មដូចម្រាមដៃហើយហ្នឹង ដល់គេចុះធ្វើប្លង់ប្រព័ន្ធនេះ ដល់ពេលគេបិទប្រកាស ស្រាប់តែមានក្រុមហ៊ុនមួយហ្នឹង មកដាក់ពាក្យទប់ស្កាត់មិនឱ្យចេញប្លង់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថាបញ្ហាដីធ្លីនេះ ភាគច្រើនត្រូវទុកបណ្តោយឱ្យមានភាពយូរអង្វែងឬក៏រ៉ាំរ៉ៃ ហើយអាចនាំឱ្យមានបញ្ហាដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដូចជា ពួកគាត់មិនទទួលបានសិទ្ធិស្របច្បាប់លើដីរបស់ខ្លួន ជួបបញ្ហាក្នុងជីវភាពរស់នៅ និងអាចប្រឈមនឹងអំពើហិង្សា ឬអាចឈានដល់ការប្ដឹងផ្ដល់តាមផ្លូវតុលាការជាដើម។
លោកបន្តថា៖ «នៅក្នុងករណីនេះ យើងឃើញថាអាជ្ញាធរមិនមែនថាមិនដោះស្រាយ ប្រឹងប្រែងដោះស្រាយ ប៉ុន្តែភាគីម្ខាងទៀតហាក់ដូចជាមិនបានអនុវត្តតាមអ្វីដែលអាជ្ញាធរប្រឹងប្រែង។ អ៊ីចឹងទាំងអស់នេះ យើងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធហ្នឹង រួមគ្នាដើម្បីពន្លឿនធ្វើម៉េចដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់បានឆាប់រហ័ស ដើម្បីទប់ស្កាត់នូវបាតុភាពដែលកើតឡើងជាយថាហេតុ ហើយអ្វីដែលអ្នករងគ្រោះហ្នឹងគឺពលរដ្ឋ»៕