លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​កម្លាំងនគរបាលជាតិទាំងអស់ ត្រូវ​យកចិត្ត​ទុក​ដាក់​លើក​កម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាព​ប្រតិបត្តិការ ដើម្បីបុព្វហេតុសន្តិសុខ ស្របពេល​សង្គមស៊ីវិល​​សង្កេតឃើញថា ការអនុវត្ត​តួនាទី​របស់​មន្ត្រី​នគរ​បាល​មួយ​ចំនួន នៅមានភាពចន្លោះប្រហោងនៅឡើយ។

ការលើកឡើងបែបនេះ ធ្វើឡើងនាឱកាសដែលលោកផ្ញើរសារជូនពរក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៩ នៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។

នៅក្នុងសារលិខិតដដែល លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិកម្ពុជាបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងអង់អាចក្លាហាន មោះ​មុត និង​ឈ្លាស​វៃ​បំផុត ដោយ​បាន​រួមដំណើរជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និង​គ្រប់​ស្ថានការ​ដើម្បី​ស្តារ ការ​ពារ និង​កសាង​ប្រទេស​ជាតិ​ចាប់​ពី​បាត​ដៃ​ទទេ រហូតដល់មានការអភិវឌ្ឍដូចបច្ចុប្បន្ន ជាពិសេសការបង្កើតបាននូវបរិយាកាសសង្គម ប្រកបដោយសុវត្ថិភាព មានភាពកក់ក្តៅ និងមានជំនឿទំនុកចិត្ត»។

លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននេះ គឺការធ្វើពលិកម្មប្រកបដោយភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចការពារឯករាជ្យ អធិប​តេយ្យ​ភាព បូរណភាព​ទឹក​ដី ការ​រក្សាបា​ន​នូវស្ថិរភាពសន្តិសុខផ្ទៃក្នុង ការ​បង្ការ​ទប់​ស្កាត់អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបានប្រក្រតីកម្មស្ថាប័នជាតិ ជីវភាពសង្គម និងគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសក​កម្ម​របស់​អង្គ​ព្រះមហាក្សត្រ បេសកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ និង​អន្ដរជាតិជាដើម។​

ជាមួយគ្នានេះដែរ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩នៃនគរបាលជាតិ នៅទីស្តីការ​ក្រសួង នាព្រឹក​ថ្ងៃព្រហស្បតិ៍នេះដែរ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញ​ពី​ការប្តេជ្ញាចិត្តខ្ពស់ ចំពោះការថែរក្សាសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និង​ការផ្ដល់​សេវាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមា​ន​ប្រសិទ្ធភាព ដើម្បីចូលរួមចំណែក​អភិវឌ្ឍន៍​នៅក្នុងសង្គមឱ្យ​​កាន់តែមាន​ភាព​ជឿនលឿនបន្ថែមទៀត។

លោក ស សុខា ក៏បានណែនាំដល់ថ្នាក់ដឹកនាំនៃអង្គភាពនីមួយៗ ត្រូវ​​ពិនិត្យ និង​វះ​កាត់ចំពោះ​មន្ត្រី​ដែល​អសកម្ម​ក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។

ចំណែក លោក ស ថេត អគ្គស្នងការ​នៃអគ្គស្នងការនគរបាលជាតិ បានលើកឡើង​ដែរ​ថា  កង​កម្លាំង​នគរបាលជាតិ បានធ្វើការយ៉ាងជិតស្និតជាមួយកងយុទ្ធពលខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ បំពេញភារកិច្ចយ៉ាងសកម្ម ទៅតាមតួនាទីដែលរាជរដ្ឋាភិបាលបានប្រគល់​ជូន ប្រកបដោយស្មារតីខ្ពស់។

លោក​ថា៖ «ស្នាដៃដែលលេចធ្លោ និងត្រូវបានកត់សម្គាល់នោះ គឺការទប់ស្កាត់មិនឱ្យ​​កើតមាននូវអំពើភេរវកម្ម ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ការប្រើប្រាស់ទឹកដីកម្ពុជាដើម្បីប្រឆាំងនឹងប្រទេសជិតខាង និងការប៉ុនប៉ងញុះញង់ បង្កទៅជាកំហឹងប្រជាពលរដ្ឋឱ្យ​ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់»។

លោក​បន្ថែមថា ក្រោមការចង្អុលដឹកនាំផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សមត្ថ​កិច្ចជំនាញ​គ្រប់ថ្នាក់​ បានតស៊ូយ៉ាងស្វិតស្វាញក្នុងការប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ សំដៅការពារអាយុជីវិត ជីវភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវយុទ្ធនាការ និង​វិធានការនានា​ជាបន្តបន្ទាប់។

បើតាម លោក ស ថេត ក្នុងឆ្នាំ២០២៣ បទល្មើសជារួមកើតឡើងចំនួន ៣ ៥១១លើក កើនឡើង​ចំនួន ៧៤១លើក បើធៀបទៅនឹងឆ្នាំ២០២២ ដែលភាគច្រើនជាបទល្មើសមជ្ឈឹម។ ទោះ​ជា​មានការកើនឡើងយ៉ាងនេះក្តី​ លោកថា សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការស្រាវ​ជ្រាវ បង្ក្រាប​បាន​ចំនួន ៩០% នៃចំនួនបទល្មើសកើតឡើងសរុប។

លោក ស ថេត ​បានបន្ថែមទៀត​ថា កងកម្លាំងនគរបាល ក៏បានបង្កើនសកម្មភាពស្រាវជ្រាវ ស៊ើប​អង្កេត ចំពោះបទល្មើសគ្រឿងញៀនយ៉ាងក្តៅគគុក ដោយបានរកឃើញ និងបង្ក្រាបបទល្មើស​បាន​ចំនួន ៧ ០៦២ករណី ឃាត់ខ្លួនជនល្មើសសរុបចំនួន ១៧ ៣៦៣នាក់ ដែលក្នុងនោះមានជនបរទេសចំនួន ៤៤១នាក់ និងបានរឹបអូសសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ៣តោន និង២១៧កីឡូក្រាម។

លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បានកត់សម្គាល់ឃើញនូវភាពប្រសើរឡើងជាច្រើន ចំពោះការបំពេញតួនាទីរបស់កងកម្លាំងនករបាលជាតិ។ លោក​បន្ត​​ថា ទន្ទឹមនឹងភាពល្អប្រសើរនេះ​ លោកនៅតែសង្កេតឃើញនូវភាពចន្លោះប្រហោងមួយចំនួន​​នៃការអនុវត្តតួនាទីភារកិច្ចរបស់​មន្ត្រីនគរបាល​​​ផងដែរ។

លោកមានប្រសាសន៍ថា៖ «យើងឃើញថាការអនុវត្តរបស់មន្ត្រីកងកម្លាំងនគរបាលទូទាំងប្រទេសហ្នឹង យើងឃើញមានលទ្ធផលល្អជាវិជ្ជមានច្រើនគួរសមដែរ។ […] ក៏ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ គឺនៅត្រង់ការអនុវត្តមួយចំនួន​ ហាក់បីដូចជានៅមានភាពខ្វះចន្លោះ ដោយសារតែយើងមិនដឹងថាវាត្រូវបានរងឥទ្ធិពល ដោយសារតែទិដ្ឋភាពនយោបាយ ឬក៏ទិដ្ឋភាពសង្គមអីយ៉ាងណា»។

លោក សេក សុជាតិ ​បន្ថែម​ថា ការអ​នុវត្តរបស់នគរបាលមួយចំនួន ក៏បានបង្កប់នូវរូបភាពនៃ​ការរឹតត្បឹតសេរីភាព ការបញ្ចេញមតិ និងការជួបជុំ ជាដើម។​

លោកថា​៖ «ការងារផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងបញ្ហាអសន្តិសុខនៅក្នុងសង្គម ជាមួយព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋមានបញ្ហាជាមួយនឹងបុគ្គលមានឥទ្ធិពល អំណាចអីហ្នឹង វាមិនសូវជាមានភាពសកម្ម។ […] ហើយយើងមើល ពួកគាត់ហាក់បីដូចជាស្ថិតនៅក្រោមឥទ្ធិពលអ្នកធំ ឬក៏នយោបាយដែលធ្វើឱ្យ​លទ្ធផល​មើ​ល​ទៅ​វាប្រទាញប្រទង់គ្នា ហើយ​វាមិនបានឆ្លើយតបទៅនឹងការចង់បាន១០០%របស់រដ្ឋាភិបាល»។

ករណីនេះ លោកយល់​ថា គួរ​តែ​មានការបែងចែកឱ្យ​ដាច់រវាងនិន្នាការនយោបាយ និងមន្ត្រីមុខងារសាធារណៈ ដើម្បីធានាឱ្យ​បាននូវការផ្តល់សេវាប្រកបដោយតម្លាភាព និងមានប្រសិទ្ធិភាពជូនដល់ប្រជាពលរដ្ឋ។លោកក៏បានជំរុញ​ឱ្យមានការ​​ពង្រឹងបន្ថែម​​នូវជំនាញរបស់មន្ត្រីឱ្យ​​បានកាន់តែខ្លាំងជាងមុន ខណៈលោកកត់សម្គាល់ឃើញថា បទល្មើសដែលជនបរទេស​ប្រព្រឹត្តិនៅកម្ពុជាភាគច្រើន ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។ សូមបញ្ជាក់ផងដែរថា ការរៀបចំទិវារំឭកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ ក្នុងគោលបំណងរំព្ញកដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេចនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕