សង្គមស៊ីវិល ជំរុញដល់ក្រសួងពាក់ព័ន្ធ ពង្រឹងកិច្ចគាំពារ និងយកចិត្តទុកដាក់បន្ថែមក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់មនុស្សមានវ័យចំណាស់ ខណៈការអនុវត្តគោលនយោបាយគាំពារបច្ចុប្បន្ន នៅមានកម្រិត និងមិនទាន់មានប្រសិទ្ធភាព។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការសុខភាពមនុស្សចាស់នៃក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍មួយថា ភាគរយនៃចំនួនមនុស្សវ័យចំណាស់នៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ៨.៩% នៅឆ្នាំ២០១៩ និងអាចកើនឡើងដល់១១% ក្នុងឆ្នាំ២០៣០ ខណៈការកើនឡើងចំនួនមនុស្សវ័យចំណាស់នេះ បណ្តាលមកពីកត្តាចំនួន២រួមផ្សំគ្នា គឺការកើនឡើងនូវអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជា និងការធ្លាក់ចុះនូវអត្រាកំណើត។
នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ទុំ វីរ៉ា បានលើកឡើងនៅថ្ងៃទី១៧ ខែឧសភានេះថា មនុស្សមានវ័យចំណាស់ បាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ទាក់ទងនឹងកត្តាការថែទាំសុខភាព និងកត្តាជីវភាព ដោយសារតែពួកគាត់មិនអាចរកចំណូលបានដូចមនុស្សវ័យក្មេង។ លោកបន្តថា ទន្ទឹមនឹងការមិនមានឱកាសក្នុងការរកប្រាក់ចំណូលរបស់មនុស្សវ័យចំណាស់នេះ ការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ ក៏កាន់តែមានការកើនឡើងផងដែរ ហើយគោលនយោបាយរបស់រដ្ឋ ក្នុងការគាំពារពួកគាត់ ក៏នៅមិនទាន់ត្រូវបានអនុវត្តដោយមានប្រសិទ្ធិភាពពេញលេញនៅឡើយដែរ។
លោក ទុំ វីរ៉ា បានថ្លែងថា៖ «ខ្ញុំចង់លើកអំពីប្រព័ន្ធគាំពាររបស់មនុស្សចាស់ទូទៅ ដែលយើងមើលឃើញថានៅកម្ពុជាយើងអត់ទាន់មានទេ យើងមានសម្រាប់គ្រួសារក្រីក្រ ដែលគេទទួលបានតាមរយៈកញ្ចប់គាំពារសង្គម ប៉ុន្តែទាំងអស់នេះមិនទាន់បានគ្រប់គ្រាន់ទេ។ […] ដល់ចឹងពេលគាត់ឈឺពេលអី គាត់អត់ហ៊ានទៅពេទ្យទេ ដោយសារអត់មានលុយ បើសិនជាគាត់មានប័ណ្ណអនុគ្រោះអីចឹង គឺមិនអីទេ»។
លោកបានកត់សម្គាល់ដែរថា នៅក្នុងបរិបទនៃបច្ចេកវិទ្យាទំនើប មនុស្សវ័យចំណាស់ ហាក់បីដូចជាមានភាពឯកា ដោយសារតែសមាជិកក្នុងគ្រួសាររបស់ពួកគាត់ រវល់តែជាមួយនឹងឧបករណ៍អេឡិកត្រូនិក ជាជាងការចំណាយពេលជាមួយគ្នា។
ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធ អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាព នូវគោលនយោបាយដែលមានស្រាប់ ក្នុងការផ្តល់សេវាដល់មនុស្សវ័យចំណាស់ ទាក់ទងនឹងការគាំពារនានា ព្រមទាំងបណ្តុះនូវទម្លាប់នៅក្នុងការរស់នៅប្រកបដោយអនាម័យខ្ពស់ ដើម្បីធានាឱ្យបាននូវសុខមាលភាព និងការរស់នៅសមរម្យសម្រាប់មនុស្សវ័យចំណាស់។
ស្ថិតនៅក្នុងវ័យ៧៤ឆ្នាំ អ្នកស្រី ឡាក់ កែម ជាពលរដ្ឋមានស្រុកកំណើតនៅខេត្តព្រៃវែង និងបច្ចុប្បន្នជាអាជីវករលក់ដូរនៅផ្សារមួយក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា មនុស្សវ័យចំណាស់ មានបញ្ហាប្រឈមខ្លាំងជាមួយនឹងសុខភាព និងបញ្ហាជីវភាព ដូចជារូបអ្នកស្រីផ្ទាល់ គឺមានជំងឺប្រចាំកាយលើសឈាម ហើយនៅបន្តប្រកបរបរលក់ដូរឥវ៉ាន់ ដើម្បីរកចំណូលចិញ្ចឹមជីវិត។
អ្នកស្រីថា៖ «ខ្ញុំលក់នៅនេះ១៨ឆ្នាំហើយ ឥលូវហ្នឹងនៅលក់ឱ្យកូនទេ បើយើងមិននៅលក់ មិនដឹងបានចំណូលពីណា។ […] ខ្ញុំបញ្ហាសុខភាពអីផ្សេងដូចមិនមានអីយ៉ាប់យឺនទេ ដោយសារកូនទិញវីតាមីនឱ្យហូបរាល់ខែដែរ ហើយបើមិនឱ្យខ្ញុំធ្វើការអីសោះ ឱ្យនៅតែស្ងៀមហ្នឹង ខ្ញុំមិនចេះនៅទេ បើនៅស្ងៀមពេកដឹងតែឈឺហើយ»។
អ្នកស្រី ឡាក់ កែម ចង់ឱ្យរដ្ឋាភិបាលជួយឱ្យមានមណ្ឌលសុខភាពដែលអាចផ្តល់ការពិនិត្យសុខភាពជាប្រចាំឆ្នាំសម្រាប់មនុស្សចាស់ ដើម្បីជាការតាមដានមួយ និងសម្រួលដល់ការព្យាបាលឱ្យបានទាន់ពេលវេលា។
យោងតាមការសិក្សាមួយរបស់អង្គការអុកហ្វាមកម្ពុជា ដែលផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ឱ្យដឹងថា មនុស្សវ័យចំណាស់ ជួបប្រទះបញ្ហាជាច្រើន ដូចជា ការប្រឈមខ្ពស់នឹងជំងឺបាក់ទឹកចិត្ត និងជំងឺមិនឆ្លងជាដើម។
ការសិក្សាដដែលបន្តថា ភាពក្រីក្រក៏ជាបញ្ហាចម្បង ដែលរារាំងមនុស្សចាស់ក្នុងការទទួលបានសេវាថែទាំសុខភាពផងដែរ ដោយជាទូទៅ ឱកាសការងារនៅមានកម្រិត និងមិនមានការផ្ដល់ប្រាក់សោធននិវត្តន៍ពីរដ្ឋាភិបាលដល់មនុស្សវ័យចំណាស់ឡើយ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍ថា ក្រសួងបានបំពេញនូវភារកិច្ចជាច្រើនរួចមកហើយ ទាក់ទងនឹងកិច្ចគាំពារទៅលើមនុស្សចាស់។
លោកថា៖ «បើសួរថាបានធ្វើអីខ្លះ គឺយើងបានធ្វើច្រើនណាស់ យើងធ្វើតាំងពីមិនទាន់មានគោលនយោបាយ រហូតដល់មានគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ហ្នឹង។ […] ក្រៅពីនោះ យើងមានជាយន្តការ យើងមានជាឯកសារគតិយុត្តិមួយចំនួន ដើម្បីបម្រើឱ្យការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រហ្នឹង»។
លោកបន្ថែមថា ក្រសួងបាននិងកំពុងរៀបចំឱ្យមានជាមជ្ឈមណ្ឌលសម្រាប់មនុស្សចាស់ ហើយក៏បានចាប់ផ្តើមបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យទៅបម្រើនូវតម្រូវការផ្សេងៗរបស់មនុស្សចាស់។
លោកថា៖ «យើងបានរៀបចំ លើកទឹកចិត្តឱ្យវិស័យឯកជន អង្គការដៃគួ គិតគូររឿងធ្វើមណ្ឌលទាំងនេះ។ […] ការរីកចម្រើនរបស់កម្ពុជាយើង គឺអាយុរស់របស់មនុស្សចាស់កាន់តែច្រើន មនុស្សចាស់កាន់តែនៅយូរ។ ការដែលក្មេងកើតមកបំពេញបន្ថែមវាតិច ស្ថានភាពបែបហ្នឹងវាធ្វើឱ្យមានផលលំបាកត្រង់ថា កម្លាំងពលកម្មមានកាន់តែតិច អ្នកដែលចាំទទួលផលពីពលកម្មហ្នឹងវាច្រើន ព្រោះមនុស្សចាស់ គាត់អត់មានចំណូលទេ គាត់ចាំតែទទួលយកសេវារបស់រាជរដ្ឋាភិបាលហ្នឹង អ៊ីចឹងអ្នកដែលធ្វើការតិច អ្នកដែលចាំហូបច្រើន វាធ្វើឱ្យអត់មានលំនឹង»។
ចំណែក រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក កែវ រដ្ឋា ដែលត្រូវបានសារព័ត៌មាន Freshnews ស្រង់ប្រសាសន៍ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៥ ខែឧសភា បានលើកឡើងថា ក្រសួងសុខាភិបាល កាលពីចុងខែមីនា ឆ្នាំ២០២៤ បានរៀបចំបង្កើតឱ្យមាននូវគណៈកម្មការសុខភាពមនុស្សចាស់ ដែលជាយន្តការថ្មីមួយរបស់រាជរដ្ឋាភិបាល ក្នុងការតម្រង់ទិសការគ្រប់គ្រងសុខភាពមនុស្សចាស់ឱ្យមានប្រសិទ្ធភាព។
លោកបន្តថា តាមរយៈគោលនយោបាយជាតិស្តីពីមនុស្សចាស់ ឆ្នាំ២០១៧-២០៣០ រដ្ឋាភិបាល បានកំណត់មនុស្សចាស់ គឺជាអ្នកដែលមានអាយុចាប់ ៦០ឆ្នាំឡើងទៅ ហើយការកំណត់នេះ អាចនឹងមានការប្រែប្រួលទៅតាមស្ថានភាពនៃការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជន ទៅថ្ងៃមុខ ដែលអាចកំណត់យកចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ។ លោកបន្តទៀតថា ចំនួនមនុស្សវ័យចាស់ ក្នុងប្រទេសកម្ពុជា មានការវិវត្តស្របគ្នាទៅនឹងការវិវត្តរបស់ពិភពលោក៕