សង្គមស៊ីវិល ជំរុញដល់ក្រសួងពាក់ព័ន្ធ ពង្រឹងកិច្ចគាំពារ និងយកចិត្តទុកដាក់បន្ថែមក្នុងការដោះស្រាយ​បញ្ហា​ប្រឈមនានា​របស់​​មនុស្សមានវ័យចំណាស់ ខណៈការអនុវត្ត​​គោលនយោ​​​​បាយ​​គាំ​ពារ​​​បច្ចុប្បន្ន នៅមានកម្រិត និង​មិនទាន់មានប្រសិទ្ធភាព។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការសុខភាពមនុស្សចាស់នៃ​ក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍មួយ​ថា ភាគរយនៃចំនួនមនុស្សវ័យចំណាស់​​នៅ​ក្នុង​​ប្រទេសកម្ពុជា មានការកើនឡើង​ ៨.៩% នៅឆ្នាំ២០១៩ និង​អាចកើនឡើងដល់១១% ក្នុងឆ្នាំ២០៣០ ខណៈការកើនឡើងចំនួនមនុស្សវ័យចំណាស់​នេះ បណ្តាលមកពីកត្តាចំនួន២រួមផ្សំ​គ្នា គឺការកើនឡើងនូវអាយុសង្ឃឹមរស់​របស់​ប្រជាជន​កម្ពុជា និងការធ្លាក់ចុះនូវអត្រាកំណើត។

នាយក​​ប្រតិបត្តិអង្គការមនុស្សចាស់​​កម្ពុជា លោក ទុំ វីរ៉ា បានលើកឡើង​​នៅ​ថ្ងៃទី១៧ ខែឧសភា​នេះថា មនុស្សមានវ័យចំណាស់ បាននិងកំពុង​ប្រឈមមុខនឹងបញ្ហាជា​ច្រើន ទាក់​ទង​នឹង​កត្តាការ​ថែទាំសុខភាព និង​កត្តាជីវភាព ដោយសារតែពួកគាត់មិនអាចរកចំណូល​បាន​ដូចមនុស្ស​​វ័យក្មេង។ លោកបន្ត​ថា ទន្ទឹមនឹងការមិនមាន​ឱកាស​ក្នុងការរកប្រាក់ចំណូល​របស់មនុស្ស​វ័យចំណាស់នេះ​ ការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ ក៏​កាន់តែមានការកើនឡើងផងដែរ​ ហើយ​គោលនយោបាយរបស់រដ្ឋ ក្នុងការ​​គាំពារពួក​គាត់ ក៏នៅ​​មិនទាន់ត្រូវបានអនុវត្តដោយ​មាន​ប្រសិទ្ធិភាពពេញលេញនៅឡើយដែរ។

លោក ទុំ វីរ៉ា បានថ្លែង​ថា៖ «ខ្ញុំចង់លើកអំពីប្រព័ន្ធគាំពារ​របស់​មនុស្សចាស់ទូទៅ ដែលយើងមើលឃើញថានៅកម្ពុជា​យើង​អត់ទាន់មានទេ យើង​មាន​សម្រាប់គ្រួសារក្រីក្រ ដែលគេទទួលបាន​តាមរយៈកញ្ចប់គាំពារ​សង្គម ប៉ុន្តែទាំងអស់នេះមិនទាន់បានគ្រប់គ្រាន់ទេ។ […] ដល់ចឹងពេលគាត់ឈឺពេលអី គាត់អត់ហ៊ានទៅពេទ្យទេ ដោយ​សារអត់​មាន​លុយ​ បើ​សិនជាគាត់មានប័ណ្ណអនុគ្រោះអីចឹ​ង​ គឺមិនអីទេ»។

លោកបានកត់សម្គាល់ដែរថា នៅក្នុងបរិបទនៃបច្ចេកវិទ្យាទំនើប មនុស្សវ័យចំណាស់ ហាក់បីដូចជា​មាន​ភាព​ឯកា ដោយសារតែសមាជិកក្នុងគ្រួសាររបស់ពួកគាត់ ​​រវល់តែជាមួយ​នឹងឧបករណ៍​អេឡិកត្រូនិក ជាជាងការ​ចំណាយពេលជាមួយគ្នា។

ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យ​រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធ អនុវត្តឱ្យ​​បានខ្ជាប់ខ្ជួន​ និង​​មានប្រសិទ្ធិភាព​ នូវគោលនយោបាយដែលមាន​ស្រាប់ ក្នុងការផ្តល់សេវា​ដល់​មនុស្សវ័យចំណាស់ ទាក់ទងនឹងការគាំពារនានា ព្រមទាំងបណ្តុះនូវទម្លាប់នៅក្នុងការ​រស់នៅប្រកប​ដោយ​អនាម័យ​ខ្ពស់ ដើម្បីធានាឱ្យ​បាននូវសុខមាលភាព និង​ការរស់នៅ​សមរម្យសម្រាប់​មនុស្សវ័យចំណាស់​។

ស្ថិតនៅក្នុងវ័យ៧៤ឆ្នាំ អ្នកស្រី ឡាក់ កែម ជាពលរដ្ឋ​មានស្រុកកំណើតនៅខេត្តព្រៃវែង និងបច្ចុប្បន្នជាអាជីវករ​លក់ដូរនៅផ្សារមួយក្នុងរាជធានីភ្នំពេញ​ បានឱ្យដឹង​​ថា មនុស្ស​វ័យ​ចំណាស់ មាន​បញ្ហាប្រឈមខ្លាំង​ជាមួយនឹង​សុខភាព និង​បញ្ហាជីវភាព ដូចជា​រូបអ្នក​ស្រីផ្ទាល់ គឺមានជំងឺប្រចាំកាយលើសឈាម ហើយ​នៅបន្តប្រកប​របរ​លក់ដូរ​ឥវ៉ាន់ ដើម្បីរកចំណូលចិញ្ចឹមជីវិត។

អ្នកស្រី​ថា៖ «ខ្ញុំលក់នៅនេះ១៨ឆ្នាំហើយ ឥលូវហ្នឹងនៅលក់ឱ្យ​កូនទេ បើ​យើងមិ​ន​នៅ​លក់​ មិនដឹងបានចំណូលពីណា។ […] ខ្ញុំបញ្ហាសុខភាពអីផ្សេង​ដូចមិនមានអីយ៉ាប់យឺនទេ ដោយសារកូនទិញវីតាមីនឱ្យ​ហូបរាល់ខែដែរ ហើយបើ​មិន​ឱ្យ​ខ្ញុំធ្វើការអីសោះ ឱ្យ​នៅតែស្ងៀមហ្នឹង ខ្ញុំមិនចេះនៅទេ បើនៅស្ងៀមពេកដឹងតែឈឺហើយ»។

អ្នកស្រី ឡាក់ កែម ចង់ឱ្យរដ្ឋាភិបាលជួយឱ្យ​មាន​មណ្ឌលសុខភាពដែលអាច​ផ្តល់​ការ​ពិនិត្យសុខ​ភាព​ជាប្រចាំឆ្នាំសម្រាប់មនុស្សចាស់ ដើម្បីជាការតាមដាន​មួយ និង​សម្រួលដល់ការព្យាបាលឱ្យ​បានទាន់ពេលវេលា។

យោងតាមការសិក្សាមួយរបស់អង្គការអុកហ្វាមកម្ពុជា ដែលផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ ឱ្យដឹងថា មនុស្ស​វ័យ​ចំណាស់ ​​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ ដូច​ជា ​ការ​ប្រឈម​ខ្ពស់​នឹង​​ជំងឺ​បាក់​​ទឹក​​ចិត្ត​ និង​ជំងឺ​មិន​ឆ្លង​ជា​ដើម​។

ការ​សិក្សាដដែលបន្តថា ភាព​ក្រីក្រ​​ក៏​ជា​បញ្ហា​ចម្បង​ ដែល​រារាំង​មនុស្ស​ចាស់​​ក្នុង​ការ​​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព​ផង​ដែរ​ ដោយ​ជា​ទូទៅ​ ឱកាស​ការងារនៅ​​មាន​កម្រិត​ និង​​មិន​​មាន​ការ​​ផ្ដល់​​ប្រាក់​​សោធន​និវត្តន៍​ពី​រដ្ឋាភិបាល​​ដល់​មនុស្ស​​វ័យ​ចំណាស់​ឡើយ​។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មាន​ប្រសាសន៍​ថា ក្រសួងបាន​បំពេញនូវភារកិច្ចជាច្រើនរួចមកហើយ ទាក់ទងនឹងកិច្ចគាំពារទៅលើមនុស្សចាស់។

លោក​ថា៖ «បើសួរថាបានធ្វើអីខ្លះ គឺយើងបានធ្វើច្រើនណាស់ យើងធ្វើតាំងពីមិនទាន់មានគោលនយោបាយ រហូត​ដល់​មាន​គោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ហ្នឹង។ […] ក្រៅពីនោះ យើងមានជា​យន្តការ យើង​មាន​ជាឯកសារគតិយុត្តិមួយចំនួន ដើម្បីបម្រើឱ្យ​ការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រហ្នឹង»។

លោកបន្ថែមថា ក្រសួងបាននិងកំពុងរៀបចំឱ្យ​មានជាមជ្ឈមណ្ឌលសម្រាប់មនុស្សចាស់ ហើយ​ក៏បា​នចា​ប់​ផ្តើម​បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឱ្យ​ទៅបម្រើនូវតម្រូវ​ការផ្សេងៗ​របស់មនុស្សចាស់។

លោក​ថា៖ «យើងបានរៀបចំ លើកទឹកចិត្តឱ្យ​វិស័យឯកជន អង្គការដៃគួ គិតគូររឿង​ធ្វើមណ្ឌលទាំងនេះ។ […] ការរីកចម្រើនរបស់កម្ពុជាយើង គឺអាយុរស់របស់មនុស្សចាស់កាន់តែច្រើន មនុស្សចាស់កាន់តែនៅយូរ។​ ការដែលក្មេងកើតមកបំពេញបន្ថែម​វាតិច ស្ថានភាពបែបហ្នឹងវាធ្វើឱ្យ​មានផលលំបាកត្រង់ថា កម្លាំងពលកម្មមាន​កាន់​តែ​តិច អ្នកដែលចាំទទួលផលពីពលកម្មហ្នឹង​វាច្រើន ព្រោះមនុស្សចាស់ គាត់អត់មានចំណូលទេ គាត់ចាំតែទទួលយកសេវារបស់រាជរដ្ឋាភិបាលហ្នឹង អ៊ីចឹងអ្នកដែលធ្វើការតិច អ្នកដែល​ចាំហូបច្រើន វាធ្វើឱ្យ​អត់មានលំនឹង»។

ចំណែក ​រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក កែវ រដ្ឋា ដែលត្រូវបាន​សារព័ត៌មាន Freshnews ស្រង់ប្រសាសន៍​ក្នុង​កិច្ចប្រជុំមួយកាលពី​ថ្ងៃទី​១៥ ខែឧ​សភា ​បាន​លើកឡើង​ថា ក្រសួង​សុខាភិបាល កាលពីចុងខែមីនា ឆ្នាំ២០២៤ បានរៀបចំបង្កើតឱ្យមាននូវគណៈកម្មការ​សុខភាពមនុស្សចាស់ ដែលជា​យន្តការថ្មីមួយ​របស់រាជ​រដ្ឋាភិបាល​ ក្នុងការតម្រង់ទិស​ការគ្រប់​គ្រង​សុខភាព​មនុស្សចាស់​ឱ្យ​មាន​ប្រសិទ្ធភាព។

លោកបន្ត​ថា តាមរយៈ​គោលនយោបាយជាតិស្តីពីមនុស្សចាស់ ឆ្នាំ​២០១៧-២០៣០ រដ្ឋាភិបាល បាន​កំណត់មនុស្សចាស់ គឺ​ជាអ្នកដែលមានអាយុចាប់ ៦០ឆ្នាំឡើងទៅ​ ហើយ​ការកំណត់នេះ អាចនឹងមានការប្រែ​ប្រួល​ទៅតាមស្ថានភាព​នៃការកើនឡើងអាយុសង្ឃឹមរស់របស់ប្រជាជន ទៅថ្ងៃមុខ ដែល​អាចកំណត់យកចាប់ពីអាយុ ៦៥ឆ្នាំ​ឡើង​ទៅ។ លោកបន្តទៀត​​ថា ចំនួនមនុស្សវ័យចាស់ ក្នុង​ប្រទេស​កម្ពុជា មានការវិវត្តស្របគ្នាទៅ​នឹងការវិវត្តរបស់ពិភពលោក៕