រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា កម្ពុជាត្រូវការថវិកាជាង ៧ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG) ដូចបានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុងរង្វង់៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។
ក្នុងវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែឧសភា ឆ្នាំ២០២៤ នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានស្រង់ប្រសាសន៍មកផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងថា ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខមាលភាព និងភពផែនដី រួមមាន រលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់។
លោកបន្តថា អ្វីដែលត្រូវធ្វើនៅកម្រិតពិភពលោក គឺការអនុវត្តវិធានការកាត់បន្ថយ និងការសម្របខ្លួន ការកសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានវឌ្ឍនៈភាពល្អ លើការប្តេជ្ញាចិត្តហិរញ្ញប្បទានអាកាសធាតុ១០០ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។
លោករដ្ឋមន្ត្រី បន្តទៀតថា កម្ពុជា ជាប្រទេសងាយរងគ្រោះខ្លាំង ពីការប្រែប្រួលអាកាសធាតុនេះ ហើយតាមរយៈការកើនឡើងសីតុណ្ហភាព ត្រូវបានព្យាករណ៍ថា នឹងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ ព្រមទាំងកាត់បន្ថយផលិតភាពការងារនៅលើវិស័យជាច្រើនទៀតផងដែរ។
លោក អ៊ាង សុផល្លែត បានបន្ថែមទៀតថា ដើម្បីធ្វើការងារទៅលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុគ្រប់វិស័យទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណជាង ៧ពាន់លានដុល្លារអាមេរិក ក្នុងនោះចំនួន ២ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងចំនួន ៥,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG)។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍នៅថ្ងៃទី១៧ ខែឧសភានេះថាក្រសួងកំពុងកៀរគរថវិកាពីដៃគូពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុនេះ ហើយថវិកានេះត្រូវបែងចែកជា ២ផ្នែក និងចំណាយរហូតដល់ឆ្នាំ២០៣០។
លោកថ្លែងថា៖ «គឺយើងសហការបែងចែកជា ២ចំណែកធំ ទី១ គឺយើងឆ្លើយតបទាក់ទងនឹងឧស្ម័នផ្ទះកញ្ចក់ហ្នឹង គឺជាង៥០០០លានដុល្លារ សម្រាប់ទប់ស្កាត់បំភាយឧស្ម័នផ្ទះកញ្ចក់ទៅបរិយាកាស នៅសល់ពីហ្នឹងយើងបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ […] លុយនេះចំណាយដល់ឆ្នាំ២០៣០។ យើងកំពុងកៀរគរ កិច្ចប្រជុំម្សិលមិញ[ថ្ងៃទី១៦ ខែឧសភា]នេះមានសារៈសំខាន់ណាស់សម្រាប់ការរៀបចំ និងគ្រប់គ្រង ក៏ដូចជាស្វែងរកដៃគូជាតិ និងអន្តរជាតិ ហើយយើងរំពឹងថា ដៃគូរបស់យើងពិនិត្យនឹងជួយគាំទ្រដល់សកម្មភាព នៃការទប់ស្កាត់ការបម្រែបម្រួល ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ»។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា បើកម្ពុជាអាចកៀរគរថវិកាគ្រប់ចំនួន ៧ពាន់លានដុល្លារ តាមការគ្រោងទុក នោះនឹងមានការបែងចែងដោយប្រកបដោយតម្លាភាព សុចរិតភាព និងប្រកបដោយចីរភាព។
លោកបន្តថា៖ «កម្ពុជាបានគិតគូរអំពីបញ្ហានេះដែរ ដើម្បីឆ្លើយតបនឹងបំណងពិតប្រាកដនៃប្រជាពលរដ្ឋរបស់យើង អញ្ចឹងក្នុងការរៀបចំនេះ គឺយើងមិនធ្វើតែរាជរដ្ឋាភិបាលទេ មានការអនុវត្តជាមួយដៃគូពាក់ព័ន្ធ និងតំណាងអង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍មូលដ្ឋាន ដែលជាអ្នកទទួលផលអំពីគម្រោងនេះផ្ទាល់តែម្តង»។
ស្របពេលគ្នានេះ លោក ខ្វៃ អាទិត្យា ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ចូលរួមគិតគូរជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាល ក្នុងការបង្ការ និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដោយចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើឱ្យបានច្រើននៅតាមផ្ទះ ដើម្បីឱ្យកម្ពុជាអាចសម្រចបានជាប្រទេសអព្យាក្រិត្យកាបូន។
នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង មានប្រសាសន៍ថា គម្រោងថវិការជាង ៧ពាន់លានដុល្លានេះ ច្រើនខ្លាំងបើធៀបទៅនឹងលទ្ធភាព សកម្មភាពជាក់ស្តែងរបស់កម្ពុជា ទាំងការអភិរក្ស ការអប់រំ ការប្រតិបិត្តការការងារផ្សេងៗ ជុំវិញការទប់ស្កាត់វិបត្តិ បំម្រែបម្រួលអាកាសធាតុ។
លោកបន្តថា៖ «តែយ៉ាងណាមិញ បើសិនជាក្រសួងមានលទ្ធភាព ឬក៏កៀរគរថវិកាបានគ្រប់គ្រាន់តាមនេះ អ្វីដែលយើងត្រូវគិតដែរ អំពីការគ្រប់គ្រងដោយតម្លាភាពទៅលើប្រព័ន្ធហិរញ្ញវត្ថុ និងការប្រើប្រាស់ហិរញ្ញវត្តុ មិនថាជាថវិកាជាតិ ឬថវិកាបានពីសប្បុរសនានា គឺត្រូវតែមានតម្លាភាព ប្រសិទ្ធភាព ឆ្លើយតបជាមួយនឹងយុទ្ធសាស្រ្តនានា បើយើងពឹងទៅលើការប្រើប្រាស់ធនធានច្រើន ថវិកាច្រើន ប៉ុន្តែផ្ទុយទៅវិញ របៀបរបបក្នុងការដោះស្រាយបញ្ហា លទ្ធភាពក្នុងការឆ្លើយតប ជាមួយនឹងការទប់ស្កាត់នៃការបំរែបម្រួលអាកាសធាតុ ក៏ដូចជាការបញ្ចេញឧស្ម័នពុលទៅបរិយាស កាបន្ស៊ាំខ្លួន និងវិបត្តិនេះ មានលទ្ធភាពទាប ឬការការពារព្រៃឈើមានប្រសិទ្ធភាពទាប នឹងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរបន្តទៅទៀត និងធ្វើឱ្យខ្ជះខ្ជាយថវិកាជាតិ»។ យោងតាមការព្យាករណ៍អាកាសធាតុរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២៣ បង្ហាញថា ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅនៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រភពដដែលបន្តថា ប្រសិនបើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុ អាចនឹងធ្វើឱ្យកម្ពុជាខាតបង់ផលិតផលក្នុងស្រុកសរុបអស់ ៩ភាគរយ គិតត្រឹមឆ្នាំ២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង ៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០៕