ក្រុមអង្គការសង្គមស៊ីវិល លើកឡើង​ថា ស្ថានភាពរបស់អ្នកស្រឡាញ់ភេទដូចគ្នាបច្ចុប្បន្ន មានភាព​ប្រសើរ​ឡើង​ជាង​មុន ទាំងការ​រស់នៅ និងការគាំពារ​ពីរដ្ឋាភិបាល ប៉ុន្តែពួកគេមួយចំនួន​​​នៅតែ​រង​ការរើស​អើង​ពី​សង្គម​ខាង​ក្រៅ។

ការលើកឡើងរបស់ក្រុមអង្គការ​សង្គមស៊ីវិល ធ្វើឡើង​ស្របពេលនៃការ​​ប្រារព្ធទិវាអន្តរជាតិបញ្ឈប់​ការ​រើស​អើង​ចំពោះ​អ្នក​ស្រឡាញ់ភេទដូចគ្នា នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។​

​​សហ​ស្ថាបនិក និង​ជា​ប្រធាន​សម្របសម្រួលរបស់​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា (ហៅកាត់ថា រ៉ក់) កញ្ញា លី ពិសី បាន​ឱ្យដឹងថា ស្ថានភាពនៃការរស់នៅរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាភាគច្រើន​​ មាន​ភាពល្អប្រសើរច្រើនប្រើធៀបពីមុន ដោយសារ​ពួកគេ​បានទទួលនូវការគោរព ការទទួល​ស្គាល់ ការការពារ និងការ​លើកកម្ពស់សិទ្ធិ ពីសំណាក់ក្រុមគ្រួសារ និងរាជ​រដ្ឋាភិបាល។

ទន្ទឹមនឹងកាវិវត្តន៍ល្អប្រសើរនេះ កញ្ញា​ថា អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួន ក៏​នៅតែរងនូវការ​រើស​អើង​​ពីសំណាក់​អាណាព្យាបាល​ និងសង្គមខាងក្រៅ​ដែរ។

កញ្ញា​ថ្លែង​ថា៖ «ការរើសអើងនៅតែមាន គ្រួសារខ្លះនៅតែបារម្ភ មិនមែនគាត់ស្អប់កូនគាត់ឬក៏អ្វីទេ តែគាត់បារម្ភរឿងមន្ទិល​ក្នុងគ្រួសារមួយ គឺភាពភ័យខ្លាចអត់កូន អត់មានអ្នកបន្តពូជពង្សវង្សត្រកូលតទៅទៀត ខ្លាចដាច់ពូជអី​ចឹង យើងថាអាហ្នឹងរើសអើង​មិនមែន អាចថារើសអើងក៏បាន ប៉ុន្តែឬសគល់របស់វា គឺភាពភ័យខ្លាចហ្នឹង» ។

កញ្ញា លី ពិសី បានស្នើឱ្យ​បុគ្គល សហគមន៍ និង​អ្នកគាំទ្រ​អ្នកស្រឡាញ់ភេ​ទដូចគ្នា បន្តមាន​ភាពរឹង​មាំ មានទំនុក​ចិត្ត និង​មានមោទនភាពចំពោះខ្លួនឯង និងកុំប្រលែង​ដៃ ឱ្យដូចពាក្យស្លោកក្នុងគម្រោង​អភិវឌ្ឍន៍​ប្រកបដោយចីរភាពថា «យើងអភិវឌ្ឍន៍ដោយមិនទុកនរណាម្នាក់ចោល»

ស្ថាបនិក​​សមាគម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ លោក​ គុយ ធីតា មានប្រសាសន៍ស្រដៀង​គ្នា​នេះ​ដែរ​​​ថា ស្ថានភាព​អ្នកស្រឡាញ់​ភេទដូចគ្នាបច្ចុប្បន្ន មានភាព​ប្រសើរឡើង ដោយសារមានការទទួលស្គាល់ និងការហ៊ានបង្ហាញនៅក្នុងសង្គមច្រើន។

លោក​​ថា៖ «នៅតែមាន បើទោះបីជាមានភាពល្អប្រសើរកើនឡើង​ច្រើន តែនៅតែមានចឹង នៅតែមានការរើសអើង គ្រាន់តែថាស្ថានភាពប្រសើរជាងមុន។ អ្វីដែលយើងឃើញជាក់ស្តែង អ្នកស្រឡាញ់ភេទដូចគ្នាខ្លួនឯង គាត់ចាប់ផ្តើម​មាន​អារម្មណ៍ថា គាត់ហ៊ាននៅក្នុងការបង្ហាញ ហ៊ាននៅក្នុងការធ្វើជាខ្លួនឯងមានចំនួន​ច្រើនជាងមុន យើងឃើញចំនួននៃការគាំទ្រពីគ្រួសារ ក៏កើនឡើងដែរក្នុងស្រទាប់យុវវ័យ»។

លោក​ គុយ ធីតា បន្ថែម​ថា៖ «នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ក៏នៅតែមានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ នៅតែមាន បើ​ទោះបីជាមានភាពប្រសើរឡើងជាងមុន គ្រាន់តែថានៅតែមាន ហើយ​ឱកាសការងារផ្សេងៗហ្នឹង នៅតែជា​បញ្ហាដែរ ជាពិសេស​សម្រាប់​អ្នក​ដែល​ប្តូរយេនឌ័រ […] កត្តាផ្នែកច្បាប់ គឺជារឿងសំខាន់ដែលនៅតែកង្វះ​សម្រាប់សហគមន៍អ្នកស្រឡាញ់​ភេទដូចគ្នា យើងអត់ទាន់អាចធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាបាន ហើយនេះជាចំនុចមួយសំខាន់នៅពេលដែល​អ្នកស្រឡាញ់ភេទដូចគ្នា ចាប់ដៃគ្នាកសាងគ្រួសារ គាត់មិនអាចចុះអ៊ីតាស៊ីវិលបាន អត់អាចមានសៀវភៅគ្រួសាររួមគ្នាបានដែលធ្វើឱ្យគាត់ជួបប្រទះនៅបញ្ហាផ្សេងៗ មិនមានការការពារផ្នែកច្បាប់ពេញលេញ»។

ហ៊ុត តុម ជាជនជាតិដើមភាគតិចកួយ និងជាអ្នកស្រឡាញ់ភេទដូចគ្នា រស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និយាយ​ថា ស្ថានភាពក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅ​តែបន្ដ​មាន​ការ​រើស​អើង ទោះបីជាមានការគាំពារពីរាជរដ្ឋាភិបាលក៏ដោយ។

តុម មានប្រសាសន៍​ថា៖ «ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅមានចិត្ត ក៏ដូចជាអារម្មណ៍មួយ គឺខ្លាចនឹងមិនហ៊ានបង្ហាញខ្លួនរបស់ពួកគេ ទៅកាន់សហគមន៍ខាងក្រៅនៅឡើយទេ ដោយសារតែនៅមានពាក្យខ្លះពីសង្គម បាននិយាយមកកាន់ពួកគេថា ទៅស្រឡាញ់អីភេទដូចគ្នា បង្កើតកូន​ចៅតា​ម​ណា ពួកហ្នឹងវាជាពួកខុសភេទ ខុសពីអ្វី​ដែល​ដូនតាបានបង្កើតទុក យកគ្នាទៅរស់នៅជាមួយគ្នាយ៉ាងណា បើពួកវាសុទ្ធតែប្រុសៗហ្នឹង​ នេះជាអ្វីដែលខ្លួនខ្ញុំផ្ទាល់ធ្លាប់បានលឺពីមុនមកដល់ឥឡូវ»។

អ្នកស្រឡាញ់ភេទដូចគ្នាម្នាក់ទៀត សៀ ចាន់ណា ជាគ្រូបង្រៀនស្ម័គ្រចិត្តក្នុងភូមិ រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យល់ថា អ្នកស្រឡាញ់ភេទដូចគ្នា​ ដែលរស់នៅទីក្រុង មិនសូវមានបញ្ហាច្រើនដូចអ្នកស្រឡាញ់ភេទដូចគ្នា​នៅតាមបណ្តាខេត្តទេ ព្រោះនៅតាមទីក្រុង មានអ្នកយល់ដឹងអំពីបញ្ហានេះច្រើន។ ចាន់ណា បន្តថា បញ្ហាភាគច្រើន​កើតឡើងពីព្រោះគ្រួសារ​នៅមិនទទួលស្គាល់ ហើយគ្រួសារគឺជាអ្នកដែលប្រកាន់អ្នកស្រឡាញ់ភេទដូចគ្នាមុនគេ។

គាត់​ថា៖ «ជាក់ស្តែង សូម្បីតែខ្ញុំ ឥឡូវនេះនៅពេលដែលខ្ញុំអាចរើសបាន​មនុស្សដែរព្រមស្ម័គ្រស្មោះ មនុស្សដែលព្រមនៅក្បែរ ប៉ុន្តែខាងស្រីគ្រួសារ​របស់​គាត់​បែរ​ជា​មិនពេញចិត្ត ដោយ​សារ​គាត់​នៅ​តែគិតថា យកមនុស្សស្រីដូចគ្នា អត់មាន​កូន និយាយ​រួម​អ្វី​ដែល​សំខាន់​គឺផ្តោតទៅលើ​អត់មានកូនបន្តពូជ[…] នៅជនបទនៅតែបន្តរើសអើងក្រុមអ្នកស្រឡាញ់​ភេទ​ដូច​​គ្នា ហើយ​សូម្បីតែគ្រួសារខ្ញុំឥឡូវ ក៏គាត់អត់ទាន់ទទួលជាពេញលេញដែរ ពេលខ្លះគាត់ត្រូវបានគេចាក់ចូច គេនិយាយលិច​កើត គាត់មករករឿងយើង មកថាឱ្យយើង»។

អ្នកនាំពាក្យគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា លោក​ ប៉ា ប៉ុណ្ណារ៉ា​ដា មានប្រសាសន៍​ថា ក្រុម​អ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិដូចគ្នាទៅនឹងប្រជាពលរដ្ឋទូទៅ​ ទោះ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​មិន​ទាន់​​​ទទួល​ស្គាល់នូវអាពាហ៍ពិពាហ៍​អ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងណាក្ដី ហើយ​កម្ពុជា ក៏​មិនមាន​ការ​ដាក់​ទោស​ទណ្ឌអ្វីទាំងអស់ទៅលើអ្នកដែលស្រឡាញ់ភេទដូចគ្នា ដែលឆ្លុះបញ្ចាំងអំពីការលើកកម្ពស់ និង​ការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។

លោកថ្លែងថា៖ «ជាក់ស្តែងយើងបានឃើញថា ក្រុមបងប្អូនអ្នកដែលស្រឡាញ់ភេទដូចគ្នា គឺគាត់រៀប​អាពាហ៍ពិ​ពាហ៍តាមរយៈ​រូបភាពផ្សេងៗ ដូចជា ពិធីជប់លាង ការ​ឡើង​ផ្ទះ យើងឃើញថា​ច្រើនពាន់គូរមកហើយ ដែលគាត់អនុវត្តនូវវិធីសាស្ត្រដូច្នេះ ហើយក៏មិនមានការដាក់ទោសអូសដំណើរ​អ្វីទាំងអស់»។

យោងតាមគេហទំព័រការិយាល័យឧត្តម​ស្នងការសិទ្ធិមនុស្ស​​នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កត់សម្គាល់ថា ស្ថិត​ក្រោម​​​ច្បាប់​ជាតិ ​និង​ច្បាប់​អន្ដរ​ជាតិ ​បុគ្គល​គ្រប់​រូប ​រាប់​ទាំង​ម​នុស្សប្តូរ​ភេទ (អ្នក​​​ស្រ​ឡាញ់​ភេទ​ដូច​គ្នា) ​មាន​សិទ្ធិ​ទ​ទួល​បានសិទិ្ធ​ដូ​ច​បុគ្គល​ដ​ទៃ​ទៀត​ដែរ។ ​ប្រភពដដែល បន្តថា មា​ត្រា១ ​នៃ​​សេ​ច​ក្តីប្រ​កាស​ជា​ស​កលស្តី​ពីសិទិ្ធ​ម​នុស្ស ​អះ​អាង​ថា ​ម​នុស្ស​​ទាំង​អស់​កើត​មក​​មា​ន​​សេ​រី​ភាព ​និង​សម​ភាព​ក្នុង​ផ្នែក​សេ​ចក្ដី​ថ្លៃ​ថ្នូរ ​និង​​សិទ្ធិ ​ហើយ​​ម​នុស្សម្នាក់ៗ​មាន​សិទ្ធិ​សេ​រី​ភាព​គ្រប់​យ៉ាង​ដោយ​មិ​នប្រ​កាន់​បែង​ចែក​ណា​មួយ។ ​គោល​កា​រណ៍​ទាំង​នេះ ស្តី​ពី​ស​កល​ភាព ​ភាព​​ស្មើ​គ្នា ​និង​ការ​មិ​ន​រើស​អើង ​ដែល​មាន​ចែង​ផង​ដែរ ​នៅ​ក្នុងធម្ម​នុញ្ញ​អង្គ​កា​រស​ហប្រ​ជា​ជាតិ​និង​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស។

ចំណែក រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា ​មា​ត្រា៣១ បញ្ជាក់​ជា​ថ្មីអំ​ពី​គោល​កា​រណ៍​ទាំង​នេះ ​ដោយ​ការ​ទ​ទួល​ស្គាល់ ​និង​ការ​គោរព​សិទ្ធិ​ម​នុស្ស ​ដូច​មាន​ចែង​ក្នុង​សន្ធិ​សញ្ញា​អន្តរ​ជាតិ ​ដោយ​ចែង​​ថា ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​មាន «ភាព​សិទ្ធិ​ស្មើ​គ្នា​ចំ​ពោះ​មុខ​ច្បាប់ ​មាន​សិទ្ធិ​សេ​រី​ភាព ​និង​ក​រ​ណី​យ​កិច្ច​ដូច​គ្នា​ទាំង​អស់» ​ដោយ​មិន​គិត​ពី​ឋា​នៈ​សង្គម​ផ្សេង​គ្នា ​ហើយ «​មាន​សិទ្ធិ​ចូល​រួម​យ៉ាងស​កម្ម​ក្នុង​ជីវ​ភាព​ន​យោ​បាយ ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌​របស់ប្រ​ទេស​ជាតិ»។ 

អង្គការ​សហប្រជាជាតិ​ បន្តថា បើ​ទោះ​បី​ជា​ទំ​នាក់​ទំនង​ផ្លូវ​ភេទ​ដូច​គ្នា ​មិន​ត្រូវ​បាន​ដាក់​ជា​ទោ​សព្រ​ហ្ម​ទណ្ឌ​ក្តី ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​ទាំង​នោះ ​មិន​ត្រូវ​បាន​ការ​ពារ ឬ​ទ​ទួល​ស្គាល់​ដោយ​ច្បាប់​កម្ពុ​ជា​ដែរ។ ​ច្បាប់​ដែល​មាន​ជាធរ​មាន ​មិន​បាន​ហាម​ឃាត់​ជាពិ​សេស​លើ​ការ​រើស​អើង ​ដោយ​ផ្អែក​លើ​ទំនោរ​ផ្លូវ​ភេទ ​និង​អត្ត​សញ្ញា​ណ​យេនឌ័រ ​ហើ​យ​ក៏​មិន​មាន​ដែរ​នូវ​ការ​ដាក់​ទណ្ឌ​កម្ម​ចំ​ពោះ​អ្នក​ដែល​រំ​លោភ​សិទ្ធិ​ម​នុស្ស​របស់​ម​នុស្សស្រ​ឡាញ់​ភេទ​ដូច​គ្នា។

​ដោយ​ហេ​តុ​នេះ​ហើយ ​ទើប​ជា​ញឹក​ញយ ​អ្នកស្រ​ឡាញ់​ភេទ​ដូចគ្នា​ ​ត្រូវ​ប្រ​ឈម​នឹង «​ស្លាកស្នាមទុ​យស៍ ​ការ​​រើស​​អើង ​និង​ការ​ផាត់​ចេញ​​កម្រិត​ខ្ពស់ ​នៅ​កន្លែង​ផ្សេងៗ ​ដូច​ជា ​នៅ​លំ​នៅ​ឋាន ​សា​លា​រៀន ​កន្លែង​ធ្វើ​ការ ​មណ្ឌល​សុខ​ភាព ​និង​នៅ​ទីសា​ធា​រ​ណ»៕