មន្រ្តីជាន់ខ្ពស់នៃស្ថាប័នជាតិរៀបចំការបោះឆ្នោត លើកឡើងថាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលសម្រេចចិត្តជ្រើសរើសយកការឃោសនាថ្ងៃដំបូងនៅថ្ងៃនេះដើម្បីធ្វើយុទ្ធនាការឃោសនាស្វែងរកការគាំទ្រ នឹងផ្តោតសំខាន់លើការអភិវឌ្ឍសង្គម មកធ្វើកម្មវិធីនយោបាយរបស់ខ្លួនក្នុងការផ្សព្វផ្សាយ។
អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គណបក្សនយោបាយនីមួយៗ មានសិទ្ធិក្នុងការឃោសនាបោះឆ្នោត ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ ក្នុងរយៈពេល៨ថ្ងៃនេះ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា។ លោកបញ្ជាក់ថា នៅចន្លោះម៉ោង១២ថ្ងៃ រហូតដល់ម៉ោង២រសៀល គ្រប់គណបក្សនយោបាយត្រូវផ្អាកការបំពងសំឡេង ប៉ុន្តែអាចធ្វើសកម្មភាពបានជាធម្មតា។
លោក បន្ថែមថា ការប្រារព្ធយុទ្ធនាការបោះឆ្នោតអសកលនេះ គ.ជ.ប បានផ្ទេរសិទ្ធិជូនគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្ត ជាអ្នកទទួលបន្ទុករៀបចំជាមួយបណ្ដាគណបក្សនយោបាយ។
លោកបន្តថា៖ «គ.ជ.ប អំពាវនាវសូមឱ្យគណបក្សនយោបាយទាំងអស់គោរពឱ្យបាន ក្រមសីលធម៌ក្នុងនាមជាគណបក្សនយោបាយ ហើយអ្នកគាំទ្រ បេក្ខជនទៀត អនុវត្តឱ្យបានត្រឹមត្រូវ តាមប្រតិទិន តាមពេលវេលានិងសកម្មភាពនៃការឃោសនារបស់ខ្លួន ដើម្បីធានាបានសណ្ដាប់ធ្នាប់សុខសន្តិភាព» ។
នៅថ្ងៃទី២៦ ឧសភា ខាងមុខនេះ ប្រទេសកម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ សម្រាប់នីតិកាលទី៤នេះ ដែលមានបេក្ខជនសរុបជាង៤ពាន់នាក់ មកពី៥គណបក្សនយោបាយ ដែលជាអង្គបោះឆ្នោត តាមបែបអសកលនេះ។
គណបក្សប្រជាជនកម្ពុជាមានក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតសរុបចំនួន ៩ ៣៧៦ ខណៈគណបក្សឆន្ទៈខ្មែរ មានអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនសរុប ២១៩៨។ចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិច មានអង្គបោះឆ្នោតសរុប១៩នាក់។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអសកលនេះ គណបក្សនយោបាយដែលបានចុះឈ្មោះប្រកួតប្រជែង មានគណបក្សខ្លះបានបន្តរក្សារៀបចំកម្មវិធីនយោបាយរបស់ខ្លួនដូចអាណត្តិមុនដែរ។ចំណែកបក្សផ្សេងទៀតបានប្រកាសយកកម្មវិធីនយោបាយ ដែលផ្តោតលើការធានាយុត្តិធម៌សង្គម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គោលនយោបាយរបស់បក្សកាន់អំណាចក្នុងអាណត្តិនេះដូចទៅនឹងអាណត្តិមុនៗដែរ។លោកបន្តថា កម្មវិធីនយោបាយរបស់បក្សប្រជាជនកម្ពុជា គឺផ្ដោតលើការពង្រឹងរចនាសម្ព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការនៅតាមមូលដ្ឋាន។
លោកនិយាយថា៖ «កម្មវិធីនយោបាយមិនខុសពីមុនៗទេ ដូចតែគ្នាមិនមានការកែប្រែអីទេ»។
ចំណែក សមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ថ្លែងថា គោលនយោបាយរបស់បក្សឆន្ទៈខ្មែរសម្រាប់ការបោះឆ្នោតអសកលនេះ គឺការផ្ដល់ជូនពលរដ្ឋនូវគោលការណ៍យុត្តិធម៌សង្គម ភាពស្មើគ្នាក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកចិ្ច។លើសពីនេះទៀត ប្រសិនបើសំឡេងអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនចំនួន២ ១៩៨រួមគ្នា សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ រំពឹងថាគណបក្សរបស់លោកនឹងទទួលបានក្រុមប្រឹក្សារាជធានី ខេត្ត ជាង៩០ អាសនៈ និងក្រុមប្រឹក្សាស្រុក ខណ្ឌ ជាង៥០០អាសនៈ។
លោកបន្តថា៖ «ក្នុងអាណត្តិទី៤នេះ គណបក្សឆន្ទៈខ្មែរនឹងយកគោលនយោបាយសេដ្ឋកិច្ច ជាអាទិភាព»។
ចំពោះគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន មានប្រសាសន៍ថា គណបក្ស នឹងមិនចេញឃោសនានៅថ្ងៃដំបូងនេះទេ ដោយជំនួសមកវិញនឹងរៀបចំកម្មវិធីនៅតាមទីស្នាក់ការបក្ស ដោយសារអង្គបោះឆ្នោតមានចំនួនមិនច្រើន។អ្នកនាំពាក្យរូបនេះបន្តថា កម្មវិធីនយោបាយរបស់បក្ស គឺការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកបន្តថា៖ « (សារនយោបាយ) ពាក់ព័ន្ធនឹងការប្ដេជ្ញារដោះស្រាយបញ្ហាបម្រើជូន បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន» ។
ទន្ទឹមនេះ សមាជិករដ្ឋសភាកូតាមកពីបក្សរាជានិយមរូបនេះ អំពាវនាវឱ្យអង្គបោះឆ្នោតស្វែងរកបេក្ខភាព ឬបោះឆ្នោតឱ្យបេក្ខភាពរូបណាដែលខ្លួនស្រលាញ់ និងពេញចិត្ត។
ផ្ទុយពីការលើកឡើងដោយគណបក្សនយោបាយទាំងបីអំពីកម្មវិធីនយោបាយ បម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាសម្រាប់នីតិកាលទី៤នេះ គណបក្សកម្លាំងជាតិឯណោះវិញបែរជាទើបចាប់ផ្ដើមប្រជុំថ្នាក់ដឹកនាំដើម្បីកំណត់របៀបវារៈនយោបាយ ក្នុងថ្ងៃបើកយុទ្ធនាការ។ការជ្រើសរើសវិធីជួបជុំក្បាលម៉ាស៊ីនដឹកនាំបក្ស នៅចំថ្ងៃបើកយុទ្ធនាការដំបូងនេះ ដោយសារប្រធានបក្សត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីសប្ដាហ៍មុន។នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យបក្សកម្លាំងជាតិ គឺលោក ជា មុនី។
លោកបន្តថា៖ «យើងអត់ទាន់បានប្រជុំជជែកគ្នាអំពីតម្រូវការនៃការឃោសនា និងបើកយុទ្ធនាការនៅថ្ងៃស្អែកនេះទេ ដោយសារក្រោយពីការចាប់ខ្លួនប្រធានគណបក្សមក ពួកយើងខ្ញុំអត់ទាន់បានជជែកប្រជុំគ្នានៅឡើយទេ»។
គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺពីលោក ញឹក ប៊ុនឆៃ ដែលជាប្រធានគណបក្សខ្មែររួបរួមជាតិបានដែរ នៅថ្ងៃនេះ។របាយការណ៍ដែលចេញដោយ ស្ថាប័នជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា គណបក្សដែលធ្លាប់មានប្រវត្តិឈាមជ័រជាអ្នករាជានិយម ក៏នឹងត្រូវចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត តាមបែបអសកលនេះដែរ នៅក្នុងអាណត្តិទី៤នេះ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការ និកហ្វិក យល់ឃើញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ប្រព្រឹត្តទៅហាក់មានបរិយាកាសអួអាប់ បន្ទាប់ពីបេក្ខជនឈរឈ្មោះរបស់បក្សប្រឆាំងមួយចំនួន បានរងបណ្ដឹងនៅតុលាការ។ លោក អះអាងថា ការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ គឺជាការរៀបចំការបោះឆ្នោតតាមច្បាប់ ដោយមិនរំលោភបំពានសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឡើយ។
លោកបន្តថា៖ «បរិយាកាសមានភាពមិនប្រក្រតីខ្លះៗ ពីពេលនេះទៅ ដូចក្រុមប្រឹក្សាដែលឈរឈ្មោះរាជធានីខេត្តអី ក្រុងអី ត្រូវមានបញ្ហា ជាប់បណ្ដឹងតុលាការអីហ្នឹង វាមានបញ្ហារៀបចំបេក្ខជនរបស់គណបក្សប្រឆាំង»។
បើទោះបែបណា គេសង្កេតឃើញថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីខែកុម្ភៈ ដែលអង្គបោះឆ្នោតរួមមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង១ម៉ឺននាក់និងតំណាងរាស្រ្ត១២៥រូបទាំងអស់ក្នុងមុខតំណែង ជាលទ្ធផល គណបក្សឆន្ទៈខ្មែរ ទទួលបានអសនៈនៅព្រឹទ្ធសភាតិចជាងការរំពឹងទុក ដោយសារអង្គបោះឆ្នោតរបស់បក្សភ្លើងទៀនលើសលប់ដែលជាបក្សក្នុងសម្ព័ន្ធភាពបានបោះឆ្នោតឱ្យគណបក្សផ្សេង៕