ស្រ្តីជាម្តាយរបស់យុវជន២រូប នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលអះអាងថាជាជនរងគ្រោះ បានគំរាមប្តឹងជាថ្មីទៀត ប្រឆាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ពីបទប្រើប្រាស់ហិង្សាលើកូនរបស់ខ្លួន ឱ្យមានរបួសស្នាម ខណៈមន្រ្តីនរគបាលដែលរងការចោទប្រកាន់ ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ បដិសេធចំពោះការចោទប្រកាន់នេះ។
អ្នកស្រី ឆេង សុខឃី ដែលត្រូវជាម្តាយរបស់យុវជន២រូប និយាយថាអ្នកស្រីបានដាក់បណ្តឹងម្តងរួចហើយទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ ប៉ុន្តែរហូតមកដល់ពេលនេះ ពាក្យបណ្តឹងរបស់អ្នកស្រីបន្តផ្អិបទុកមិនដោះស្រាយ។អ្នកស្រីបន្តថា រូបខ្លួននឹងមិនទុករឿងនេះឱ្យកប់ចោលឡើយ។ក្នុងន័យនេះ គឺក្រោយពេល កូនៗរបស់អ្នកស្រីត្រឡប់ពីធ្វើការនៅប្រទេសថៃវិញ នឹងរៀបចំពាក្យបណ្តឹងសាថ្មីទៀតហើយដាក់ ក្នុងពេ ល ឆាប់ៗនេះ។
អ្នកស្រីបន្តថា៖ «ឥឡូវគេឲ្យខ្ញុំមកដាក់ពាក្យបណ្តឹងសារថ្មីទៀត តែកូនខ្ញុំមិនទាន់ឡើងមកពីថៃបើកលុយស្អែកហ្នឹងទើបឡើងមកដាក់ពាក្យបណ្តឹងថ្មី ខ្ញុំចង់ឲ្យរកកាពិតសួរថាគេវ៉ៃកូនខ្ញុំអត់មានមូលហេតុហ្នឹងតើវាយ៉ាងមិចបានជាកូនជនរងគ្រោះហើយទៅជាគេប្តឹងខ្ញុំវិញឥឡូវនេះ»។
លោកស្រីបន្ថែមថា៖«ខាងហ្នឹងគេថាគេប្តឹងវិញសន្តិសុខភូមិថ្ងៃហ្នឹងគេវ៉ៃយកទៅប៉ុស្តិ៍ វ៉ៃហ្នឹងដល់ពេលសន្តិសុខភូមិមេប៉ុស្តិ័បញ្ជាឲ្យសន្តិសុខភូមិហ្នឹងជះទឹកដាក់កូនខ្ញុំ៥ធុង ដល់ពេលចឹងទៅនិយាយគ្នាមិចទេកូនខ្ញុំគ្រាន់តែច្រានគេចេញថាកុំឲ្យជះចឹងនឹងណា ចាសឥឡូវគេប្តឹងថាកូនខ្ញុំច្រានទ្រូងគេ»។
បើតាមអ្នកស្រី ឆេង សុខឃី អង្គហេតុនៃសំណុំរឿងនេះ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នាយប៉ុស្តិ៍នគរបាល២នាក់ បានចាប់កូនប្រុសរបស់អ្នកស្រី២នាក់វាយធ្វើបាប ក្នុងចំណោមមហាជនកុះករ អំឡុងពេលពួកគេជិះម៉ូតូ ដើរលេងកម្សាន្តថ្ងៃបុណ្យចូលឆ្នាំ។
អ្នកស្រីបន្តថា នៅបន្ទាប់ពីយុវជនទាំង២នាក់ ធ្វើដំណើរត្រឡប់មកពីវត្តណងចាន់ ដល់ចំណុចស្ពានចិនជិតប៉ុស្តិ៍នគរបាលវរ:ការពារព្រំដែនគោកលេខ៩១១ ដែលនៅក្នុងភូមិសាស្រ្ត ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបាននាយប៉ុស្តិ៍នគរបាលឃាត់ខ្លួន និងប្រើប្រាស់ហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរតែម្តង។មិនតែប៉ុណ្ណោះ ក្រោយធ្វើសកម្មភាពនៅនឹងកន្លែងកើតហេតុ មិនអស់ចិត្តហើយ នគរបាលបានចាប់ពួកគេអូសដាក់ឡាន និងបន្តធ្វើទារុណកម្មបន្ថែមទៀតនៅក្នុងប៉ុស្តិ៍នគរបាល។
បដិសេធនឹងការចោទប្រកាន់នេះ លោក នង សំរាំង នាយកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរបីជាន់ អះអាងដោយខ្លីថាករណីនេះ មិនមានការប្រើប្រាស់ហិង្សាទៅលើយុវជនទាំងពីរនាក់ ដូចពាក្យបណ្តឹងនោះឡើយ។នាយប៉ុស្តិ៍នគរបាលរូបនេះ ចាត់ទុកថា រឿងរ៉ាវនេះ វាគឺជារឿងបរិហាកេរ្តិ៍មកលើរូបលោក ក្នុងចេតនាមិនល្អណាមួយទៅវិញទេ។
លោកបន្តថា៖ «ជាការបង្កាច់បង្ខូចសមត្ថកិច្ចទេបាទសូមអរគុណ ជាការបង្កាច់បង្ខូចរបស់គេទេ»។
ដូចគ្នានេះដែរ លោក រ៉ង ចាន់រ៉ុង នាយករងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំអូរបីជាន់ ក៏ឯកភាពដែរថា ការចោទប្រកាន់នេះ មិនត្រឹត្រូវឡើយ។លោកបន្តថា ការចាប់ខ្លួនយុវជនទាំងពីរនាក់នោះ គឺមានជាប់សង្ស័យនឹងបទល្មើសគ្រឿងញៀន មិនមែនជាការប្រើប្រាស់អ្វីនោះទេ។
លោកបន្តថា៖ «រឿងដែលគេចោទប្រកាន់គឺជារឿងមិនពិតទេបាទ ចង់និយាយថាពាក់ព័ន្ធនឹងករណីគឺថាវាមានរឿងកុំកួនដែលយើងជាសមត្ថកិច្ចហ្នឹងបានឃាត់និងចាប់ខ្លួន កូនប្រសារ កូនបង្កើតគាត់ហ្នឹងពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន»។
ផ្ទុយពីការបដិសេធនេះ លោក ញ៉ឹប សុជាតិ ដែលអះអាងថា ជាសាក្សីម្នាក់ឃើញហេតុការណ៍នេះ ទទួលស្គាល់ថា សមត្ថកិច្ចនគរបាលពិតជាប្រើប្រាស់អំពើហិង្សាទាំងកំរោល ទៅលើយុវជនទាំងពីរនាក់នោះប្រាកដមែន។បើទោះជាបែបណា បុរសរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតទេ ដោយអះអាងថាកំពុងជាប់ភារកិច្ចក្នុងម៉ោងការងារនៅឡើយ។
លោកបន្តថា៖«ខ្ញុំនៅជាសាក្សីដដែលប៉ុន្តែឥឡូវនេះខ្ញុំនៅកន្លែងធើ្វការមិនអាចនិយាយ ទូរស័ព្ទបានទេព្រោះខ្លាចមេអាចទាក់ទងមកខ្ញុំបានម៉ោង៦ល្ងាច និងព្រឹកម៉ោង៧ នឹងម៉ោង៨»។
ចំណែក លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តមន្ទាយមានជ័យ ដែលអង្កេតនៅក្នុងសំណុំរឿងនេះ លើកឡើងថា ករណីនេះក្រុមគ្រួសារជនរងគ្រោះធ្លាប់ដាក់បណ្តឹងរួចម្តងមកហើយ ថែមទាំងមានសាក្សីបានចូលរួមផ្តល់សក្ខីកម្មដែរ ប៉ុន្តែមិនទទួលបានដំណោះស្រាយ។ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស លោកយល់ឃើញថា សំណុំរឿងនេះអាជ្ញាធរគួរបើកការស៊ើបអង្កេត និងមានវិធានការដោយផ្អែកលើយុត្តិធម៌ ដើម្បីកុំឱ្យមានអំពើហិង្សាបែបនេះ កើតឡើងជាថ្មីទៀតចំពោះពលរដ្ឋ ដែលពុំបានប្រព្រឹត្តកំហុស តែត្រូវទទួលរង់អំពើហិង្សាបែបនេះ។
លោកបន្តថា៖«បាទករណីនេះអាណាព្យាបាលនឹងជនរងគ្រោះ គាត់បានដាក់ពាក្យបណ្តឹងក្រោយកើតហេតុមួយអាទិត្យគឺនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គាត់បានដាក់ប្តឹងហើយសំណុំរឿងហ្នឹងបើប៉ះលើប្រជាពលរដ្ឋស្លូតត្រង់អធិការ និងបញ្ចូនសំណុំរឿងទៅប៉ុន្តែនេះអត់ទេពន្យារពេលដើម្បីឲ្យជនបង្កហ្នឹងចរចាជាមួយ ដើមបណ្តឹងហើយពួកគាត់មិនព្រមចរចាគាត់ចង់អោយធើ្វតាមច្បាប់ លោកនាយប៉ុស្តិ៍អីនឹងគាត់បានទៅសុំទោសអាណាព្យាបាលជនរងគ្រោះដល់ផ្ទះដែរ សុំបញ្ចប់នឹងសុំសងសំណងអីដែរតែគាត់មិនព្រម» ។
បើទោះជាបែបណា ក្រុមគ្រួសារដែលអះអាងថាជាជនរងគ្រោះ ប្តេជ្ញាថានឹងបន្តស្វែងរកយុត្តិធម៌ទៀត ប្រសិនបើរឿងនេះ នគរបាលនៅថ្នាក់ក្រោមជាតិ បន្តទុកចោលមិនចាត់ការ៕