ប្រជាសហគមន៍បឹងតាមោកចំនួន ២នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមបទចោទ«ប្រឆាំងនឹងអ្នករាជការសាធារណៈ» ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងពលរដ្ឋ ជាមួយអាជ្ញាធរ អំឡុងពេលមានការចុះរុះរើតូបលក់ដូររបស់ប្រជាសហគមន៍។
ក្នុងដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានកោះហៅ លោក យន គឹមយ៉ុន និង លោក គឹម យន ឱ្យចូលមកបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ពីដំណើររឿង «ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលប្រព្រឹត្តនៅលើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
បន្ទាប់ពីបញ្ចប់ការសាកសួរ លោក យន គឹមយ៉ុន បានឱ្យដឹងថា លោកមិនបានប្រើហិង្សាដាក់អាជ្ញាធរនៅពេលមានការប៉ះទង្គិចគ្នា ជាមួយពលរដ្ឋកាលពីចុងឆ្នាំ២០២៣ឡើយ។ លោកអះអាងថា នៅថ្ងៃកើតហេតុ លោកគ្រាន់តែបានយកទូរសព្ទថតសកម្មភាពអាជ្ញាធរ ដែលបានចុះរុះរើតូបរបស់សហគមន៍ ហើយបណ្ដាលឱ្យមានការប្រទូសរ៉ាយជាមួយពលរដ្ឋ ទុកជាភស្តុតាងប៉ុណ្ណោះ។
លោកអះអាងថា៖ «យើងជាពលរដ្ឋមានសកម្មភាពអីមានទូរសព្ទ ត្រូវថត ដើម្បីយើងយកភស្តុតាងការពារសកម្មភាពយើងដែរ។ ខ្ញុំថតសមត្ថកិច្ចរុះរើរោងរបស់ម៉ាក់ខ្ញុំ ហើយផ្ទះខ្ញុំទៀត ហេតុអីគាត់ទៅចោទប្រកាន់ខ្ញុំថា ខ្ញុំទៅរារាំងគាត់ និយាយរួម ខ្ញុំអត់មានកំហុសអីទាំងអស់ ខ្ញុំកាន់តែទូរសព្ទទេ អត់មានកំហុសអីទេ»។
លោកបានចាត់ទុកការដាក់ពាក្យប្ដឹងដោយអាជ្ញាធរនេះ ថាមានភាពអយុត្តិធម៌ និងការរំលោភលើសិទ្ធិរបស់លោក និងគ្រួសារ ដោយសារលោកបានរងគ្រោះដោយការចុះកម្ទេចផ្ទះសម្បែងពីសំណាក់អាជ្ញាធរ ហើយក៏ត្រូវរងបណ្ដឹងនៅតុលាការថែមទៀត។
បើតាម លោក គឹមយ៉ន បច្ចុប្បន្ននេះ ក្នុងក្រុមគ្រួសាររបស់លោក មានសមាជិក៥នាក់ កំពុងជាប់បណ្ដឹងនៅតុលាការ ពាក់ព័ន្ធនឹងវិវាទដីធ្លីនៅតំបន់បឹងតាមោកនេះ។
ទន្ទឹមនេះ លោកទទូចឱ្យតុលាការទម្លាប់បទចោទប្រកាន់លើប្រជាសហគមន៍បឹងតាមោកទាំងអស់ ដោយសារសកម្មភាពរបស់សហគមន៍ គឺគ្រាន់តែការពារដី និងអាស្រ័យផលលើដីរបស់ខ្លួនប៉ុណ្ណោះ។
ប្រជាសហគមន៍បឹងតាមោកដែលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញមួយរូបទៀត លោក គឹម យន និយាយថា នៅថ្ងៃកើតហេតុ ការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងអាជ្ញាធរ គឺចៀសមិនផុត ដោយសារមានការប្រតាយប្រតប់កើតឡើង នៅពេលអ្នកភូមិរារាំងអាជ្ញាធរដែលប៉ុនប៉ងរុះរើតូបរបស់ពួកគាត់។ តែយ៉ាងណា លោក យន អះអាងថា បន្ទាប់ពីបញ្ចប់ការសាកសួរ តុលាការមិនបានបញ្ជាក់ថាសម្រេចបែបណាចំពោះសំណុំរឿងនេះនៅឡើយ។
លោកនិយាយថា៖«គាត់[ចៅក្រមស៊ើបសួរ]សួរនាំពីការប៉ះទង្គិចគ្នា។ ការប៉ះគ្នាតិចតួចវាមានហើយទៅវិញទៅមក។ ព្រះរាជអាជ្ញា[ចៅក្រមស៊ើបសួរ]មិនបាននិយាយ[សម្រេច]អ្វីទេ»។
បើតាមក្រុមប្រជាពលរដ្ឋ បច្ចុប្បន្នមានអ្នកភូមិបឹងតាមោកចំនួន ៦នាក់ ដែលបានរងបណ្ដឹងក្រោមបទចោទ ប្រឆាំងនឹងអ្នករាជការសាធារណៈនេះ បន្ទាប់ពីពួកគេប៉ះទង្គិចជាមួយអាជ្ញាធរខណ្ឌ កាលពីចុងឆ្នាំ២០២៣នោះ។ នៅថ្ងៃទី២០ ខែឧសភា អ្នកភូមិចំនួន ៤រូបទៀត នឹងត្រូវចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ។
គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានទេ ដោយសារទូរសព្ទចូលប៉ុន្តែមិនមានអ្នកទទួល។
យោងតាមមាត្រា៥០៣នៃក្រមព្រហ្មទណ្ឌ ចែងថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយការប្រើតទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈ ដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចរបស់តុលាការ។ បទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៣ខែ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ទៅ ៥០ម៉ឺនរៀល។
លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធរស់នៅក្នុងទីក្រុងនៃអង្គការសមាគមធាងត្នោត ថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការការពារទ្រព្យសម្បត្តិលើដីឯកជនរបស់ខ្លួន។ លោកស្នើឱ្យតុលាការទម្លាក់បទចោទលើប្រជាសហគមន៍បឹងតាមោកទាំងអស់ ប្រសិនបើតុលាការរកឃើញថា ពួកគេកំពុងរស់នៅលើដីឯកជនរបស់ខ្លួន។
លោកថា៖ «ខ្ញុំស្នើឱ្យចៅក្រមគាត់ពិចារណាលើលក្ខខណ្ឌនៃការកាន់កាប់របស់គាត់ហ្នឹង ប្រសិនបើពិចារណាទៅឃើញថា គាត់កាន់កាប់លើដីឯកជន ខ្ញុំគិតថាគួរទម្លាក់ការចោទប្រកាន់ហ្នឹងហើយ ហើយអត់គួរបន្តធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋនៅបឹងតាមោកបន្តទៀតទេ»។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍ថ្មីមួយ ដោយរកឃើញថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ចំនួន១១ទីតាំង ក្នុងរាជធានីភ្នំពេញ រួមទាំងសហគមន៍សំរោងត្បូង ឬបឹងតាមោក កំពុងប្រឈមនឹងការបាក់ទឹកចិត្ត បញ្ហាជីវភាព ការរំលោភបំពានដីធ្លី ការគំរាមកំហែងពីអាជ្ញាធរ និងទទួលរងបណ្ដឹងតាមផ្លូវតុលាការ។
សមាគមធាងត្នោត បញ្ជាក់ថា ការមិនទទួលបានព័ត៌មាន និងការមិនរាប់បញ្ចូលសហគមន៍ដែលកំពុងប្រឈមមុខ ដើម្បីពិភាក្សា និងរកដំណោះស្រាយនៅពេលមានការអភិវឌ្ឍ បណ្ដាលឱ្យប្រជាសហគមន៍ មិនទទួលបានឯកសារដែលអាចបញ្ជាក់អំពីការកាន់កាប់ដីធ្លី ជាពិសេសត្រូវរងការបណ្ដេញចេញនៅពេលមានការអភិវឌ្ឍ ឬទុកដីសម្រាប់បុគ្គលផ្សេងទៀត៕