ប្រជាសហគមន៍បឹងតាមោកចំនួន ២នាក់ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រោម​បទ​ចោទ«ប្រឆាំងនឹងអ្នករាជការសាធារណៈ» ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិចគ្នារវាងពលរដ្ឋ​ ជាមួយអាជ្ញាធរ អំឡុងពេលមានការចុះរុះរើតូបលក់ដូររបស់​ប្រជា​សហគមន៍​។

ក្នុងដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានកោះហៅ លោក យន គឹមយ៉ុន និង លោក គឹម យន ឱ្យចូលមកបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ពីដំណើររឿង «ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ដែលប្រព្រឹត្តនៅលើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ​កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីបញ្ចប់ការសាកសួរ លោក យន គឹមយ៉ុន បានឱ្យដឹងថា លោកមិនបានប្រើហិង្សាដាក់អាជ្ញាធរនៅពេលមានការប៉ះទង្គិចគ្នា ជាមួយពលរដ្ឋកាលពីចុងឆ្នាំ២០២៣ឡើយ។ លោកអះ​អាង​ថា នៅថ្ងៃកើតហេតុ លោកគ្រាន់តែបានយក​ទូរសព្ទថតសកម្មភាពអាជ្ញាធរ​ ដែលបានចុះរុះរើតូបរបស់សហគមន៍ ហើយបណ្ដាលឱ្យមានការប្រទូស​រ៉ាយជាមួយពលរដ្ឋ ទុកជាភស្តុតាងប៉ុណ្ណោះ។

លោកអះអាង​ថា៖ «យើងជាពលរដ្ឋមានសកម្មភាពអីមានទូរសព្ទ ត្រូវថត ដើម្បីយើងយកភស្តុតាង​ការ​ពារសកម្ម​ភាព​យើង​ដែរ។ ខ្ញុំថតសមត្ថកិច្ចរុះរើរោងរបស់ម៉ាក់​ខ្ញុំ ​ហើយ​ផ្ទះខ្ញុំទៀត ហេតុអីគាត់ទៅចោទប្រកាន់ខ្ញុំថា ខ្ញុំទៅរារាំងគាត់ និយាយរួម ខ្ញុំអត់មានកំហុសអីទាំងអស់ ខ្ញុំកាន់តែទូរសព្ទទេ អត់មានកំហុសអីទេ»។

លោកបានចាត់ទុកការដាក់ពាក្យប្ដឹងដោយអាជ្ញាធរនេះ ថាមាន​ភាពអយុត្តិធម៌ និងការរំលោភលើសិទ្ធិ​របស់​លោក និងគ្រួសារ ដោយសារលោក​បានរងគ្រោះដោយ​ការ​ចុះ​កម្ទេច​ផ្ទះ​សម្បែងពីសំណាក់អាជ្ញាធរ ហើយក៏ត្រូវរងបណ្ដឹងនៅ​តុលាការថែមទៀត។

បើតាម លោក​ គឹមយ៉ន បច្ចុប្បន្ននេះ ក្នុងក្រុមគ្រួសាររបស់លោក មានសមាជិក៥នាក់ កំពុងជាប់​បណ្ដឹង​នៅតុលាការ ពាក់ព័ន្ធនឹងវិវាទដីធ្លី​នៅតំបន់​បឹងតាមោកនេះ។

ទន្ទឹមនេះ លោកទទូចឱ្យតុលាការ​ទម្លាប់បទចោទប្រកាន់លើ​ប្រជាសហគមន៍បឹងតាមោក​ទាំងអស់ ដោយសារសកម្មភាពរបស់សហគមន៍ គឺគ្រាន់តែការពារដី និង​​​អាស្រ័យផលលើដីរបស់ខ្លួនប៉ុណ្ណោះ​។

ប្រជាសហគមន៍បឹងតាមោកដែលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ​មួយរូបទៀត លោក គឹម យន និយាយថា នៅថ្ងៃកើតហេតុ ការប៉ះទង្គិចគ្នា​រវាងពលរដ្ឋ និងអាជ្ញាធរ គឺចៀសមិនផុត ដោយសារមាន​ការប្រតាយប្រតប់កើតឡើង​ នៅពេលអ្នកភូមិរារាំងអាជ្ញាធរដែលប៉ុនប៉ងរុះរើតូបរបស់ពួកគាត់​។ តែ​យ៉ាងណា លោក យន អះអាងថា បន្ទាប់ពីបញ្ចប់ការសាកសួរ តុលាការមិនបានបញ្ជាក់ថា​សម្រេច​បែប​ណាចំពោះសំណុំរឿងនេះនៅឡើយ​។

លោកនិយាយថា៖«គាត់[ចៅក្រមស៊ើបសួរ]សួរនាំពីការប៉ះទង្គិចគ្នា។ ការប៉ះគ្នាតិចតួចវាមានហើយទៅវិញទៅមក។ ព្រះរាជអាជ្ញា[ចៅក្រមស៊ើបសួរ]មិនបាននិយាយ[សម្រេច]អ្វីទេ»។

បើតាមក្រុមប្រជាពលរដ្ឋ បច្ចុប្បន្ន​មានអ្នកភូមិបឹងតាមោកចំនួន ៦នាក់ ដែលបានរងបណ្ដឹងក្រោម​បទ​ចោទ ប្រឆាំង​នឹង​អ្នក​រាជការសាធារណៈ​នេះ បន្ទាប់ពីពួកគេប៉ះទង្គិចជាមួយអាជ្ញាធរ​ខណ្ឌ កាលពីចុង​ឆ្នាំ២០២៣នោះ​។ នៅថ្ងៃទី​២០ ខែឧសភា អ្នកភូមិចំនួន ​៤​រូបទៀត នឹងត្រូវចូល​បំភ្លឺ​នៅសាលាដំបូងរាជធានីភ្នំពេញ។

គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានទេ ដោយសារទូរសព្ទចូលប៉ុន្តែមិនមានអ្នកទទួល។

យោង​តាមមាត្រា៥០៣នៃក្រមព្រហ្មទណ្ឌ ចែងថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយការប្រើតទល់ដោយហិង្សា នឹងអ្នករាជការសាធារណៈ ដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្ដីសម្រេចរបស់តុលាការ។ បទល្មើស​នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៣ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន​រៀល ទៅ ៥០ម៉ឺនរៀល។

លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិ​​ទ្ធ​​រស់នៅក្នុងទីក្រុង​នៃអង្គការសមាគមធាងត្នោត ថ្លែងថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការការពារទ្រព្យសម្បត្តិលើដីឯកជនរបស់ខ្លួន។ លោកស្នើឱ្យតុលាការទម្លាក់បទចោទលើប្រជាសហគមន៍បឹងតាមោកទាំងអស់ ប្រសិនបើ​តុលាការ​រកឃើញ​ថា​ ពួកគេកំពុងរស់នៅលើដី​ឯកជនរបស់ខ្លួន។

លោកថា៖ «ខ្ញុំស្នើឱ្យចៅក្រមគាត់ពិចារណាលើលក្ខខណ្ឌនៃការកាន់កាប់របស់គាត់ហ្នឹង ប្រសិនបើពិចារណាទៅឃើញថា គាត់កាន់កាប់លើដីឯកជន ខ្ញុំគិតថាគួរទម្លាក់ការចោទប្រកាន់ហ្នឹងហើយ ហើយអត់គួរបន្តធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋនៅបឹងតាមោកបន្តទៀតទេ»។ 

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍ថ្មីមួយ ដោយរកឃើញថា ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ចំនួន១១ទីតាំង​ ក្នុងរាជធា​នី​​ភ្នំ​​​ពេញ រួមទាំងសហគមន៍សំរោងត្បូង ឬ​បឹងតាមោក កំ​​ពុ​ងប្រឈមនឹងការបាក់ទឹកចិត្ត បញ្ហាជីវភាព ការរំលោភបំពានដីធ្លី ការគំរាមកំហែងពីអាជ្ញាធរ និ​​ង​​ទ​​ទួលរងប​​ណ្ដឹ​​ងតាមផ្លូវតុលាការ។

សមាគមធាងត្នោត បញ្ជាក់ថា ការមិនទទួលបានព័ត៌មាន និងការមិនរាប់បញ្ចូលសហគមន៍ដែល​​កំ​​ពុ​ង​ប្រឈមមុខ ដើ​ម្បីពិ​​ភា​​ក្សា និងរកដំណោះស្រាយនៅពេលមានការអភិវឌ្ឍ បណ្ដាល​ឱ្យ​ប្រជាសហគមន៍ មិនទទួលបានឯកសារដែលអាចបញ្ជាក់អំពីការកាន់កាប់ដីធ្លី ជាពិសេសត្រូវរងការបណ្ដេញចេញនៅពេ​​ល​មានការអភិវឌ្ឍ ឬទុកដីសម្រាប់បុគ្គលផ្សេងទៀត៕