លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បញ្ជ្រាបចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងរបបប្រល័យពូជសាសន៍ ប៉ុលពត ដល់យុវជនជំនាន់ក្រោយ ដែលចាប់ពីកម្រិតថ្នាក់អនុវិទ្យាល័យឡើងទៅ បើទោះបីនេះជាការរម្លឹកពីការឈឺចាប់ក៏ដោយ។
ការជំរុញរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព ដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ និងស្របពេលកម្ពុជា ប្រារព្ធទិវាជាតិនៃការចងចាំ ដែលជាការរំលឹកដល់អ្នកដែលបានស្លាប់នៅរបបប្រល័យពូជសាសន៍ ប៉ុលពត។
ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ គាំទ្រ និងបញ្ជ្រាបចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ជាពិសេសរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ទៅដល់ក្មេងជំនាន់ក្រោយ ដែលរៀនចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ។
លោកមានប្រសាសន៍ថា៖ «ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និងស៊ីវិល ត្រូវតែគាំទ្រការអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាថាការបង្រៀនប្រវត្តិសាស្ត្រ ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ចាប់ពីអនុវិទ្យាល័យរហូតដល់សកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំងដើម្បីផ្សព្វផ្សាយការអប់រំអំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស» ។
លោកនាយករដ្ឋមន្ត្រី បន្តថា កម្ពុជាត្រូវទទួលស្គាល់ថាការអប់រំ អំពី អំពើប្រល័យពូជសាសន៍ ក៏ជាយន្តការទប់ស្កាត់អំពើប្រល័យពូជសាសន៍ កុំឱ្យកើតឡើងវិញ ហើយនៅកម្រិតថ្នាក់ជាតិ កម្ពុជា បានរៀបចំព្រឹតិ្តការណ៍ជាច្រើន ជារៀងរាល់ឆ្នាំ ដើម្បីបង្កើតជាចលនាជាតិ នៅក្នុងការរំឭកអំពីអំពើប្រល័យពូជសាសន៍នេះ។ លោកបន្ថែមថា កម្ពុជាត្រូវធានាឱ្យបាននូវការការពារ ថែរក្សានូវទិដ្ឋភាពរូបវ័ន្ត និងអរូបិយនៃប្រវត្តិសាស្ត្រ រួមមាន ការរក្សាទីតាំងឧក្រិដ្ឋកម្ម និងភស្តុតាង ក៏ដូចជាការនិទានប្រវត្តិសាស្ត្រដោយផ្ទាល់មាត់ផងដែរ។
ទន្ទឹមនឹងការថែរក្សាទីតាំងប្រវត្តិសាស្ត្រ និងភស្តុតាងឱ្យបានត្រឹមត្រូវនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា កម្ពុជាក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ជ្រាបពីការពិតដ៏សែនលំបាកទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ដែលអាចមានគម្លាតនៃការយល់ដឹងផ្សេងគ្នា បើប្រៀបធៀបជាមួយនឹងអ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមនេះ។
លោកថ្លែងបន្តថា៖ «យើងត្រូវបន្តនិយាយរឿងទាំងនេះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយរឿងនេះបង្កឱ្យមានការឈឺចាប់ក៏ដោយ នេះគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះទើបអាចរៀបរាប់ពីបទពិសោធន៍របស់ពួកគេបានល្អបំផុត […] បច្ចុប្បន្ននេះ យើងអាចមានសាក្សីដែលនៅរស់ ដែលមានលោកអ៊ំ អ្នកមីង ពូ ដែលរងគ្រោះផ្ទាល់នៅទីនេះ ហើយអ្នកនៅទីនេះ ដែលអាយុកើតមុនសង្គ្រាម ខ្ញុំអាចថាឆ្លងកាត់ដែលអាចជាសាក្សីផ្ទាល់ ដែលយើងអាចដឹងផ្ទាល់ពីតថៈភាពនៃការវិវឌ្ឍនៃសង្គមយើង តែ ២០ទៅ៣០ឆ្នាំទៀត អត់ មានទេ មានតែការរៀនសូត្រពីឯកសារ ដូច្នេះត្រូវចាំបាច់ឱ្យមានការឯកភាពគ្នា អំពីឯកសារ និងការបកស្រាយឱ្យបានច្បាស់លាស់ដើម្បីខ្មែរយើងចាំច្បាស់ និងគ្មានភាពស្រពិចស្រពិលពីប្រវត្តិសាស្ត្រយើង»។
ស្របពេលគ្នានេះដែរ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានផ្ញើសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ ដោយអំពាវនាវឱ្យចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីកុំឱ្យរបបប្រល័ហពូជសាសន៍ប៉ុលពតនេះ វិលត្រឡប់មកវិញ។
លោកបន្តថា ទិវាជាតិនៃការចងចាំ ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូប ចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) និងជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបមួយនេះ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា លើកឡើងថា ការអប់រំពីប្រវត្តិសាស្ត្រក្នុងរបបកម្ពុជាប្រជាធិបតេយ្យដល់សិក្សានុសិស្សនេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង និងជាអ្វីដែលរដ្ឋាភិបាល និងក្រសួងអប់រំ កំពុងតែយកចិត្តទុកដាក់។
លោកស្រីមានប្រសាសន៍ថា៖ «ការសិក្សាអំពីរបបខ្មែរក្រហម គឺជាការរំលឹកអំពីជនរងគ្រោះទាំងឡាយដែលទទួលមរណភាព ឬទទួលរងវិបត្តិពីរបបខ្មែរក្រហមនេះ ដើម្បីរំលឹកដល់ស្នាដៃបុព្វបុរសខ្មែរ ដែលរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម និងជាស្មារតីមួយឱ្យសិស្សានុសិស្សទាំងអស់ ចេះរួបរួមសាមគ្គីនៅក្នុងការជៀសវាងសង្គ្រាមស៊ីវិល ឬជៀសវាងរាល់អំពើទាំងឡាយណាដែលធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមដែលកម្ពុជាធ្លាប់ឆ្លងកាត់កន្លងមក»។
លោកស្រី បានឱ្យដឹងថា ការបង្រៀនប្រវត្តិសាស្ត្រខ្មែរ គឺបង្រៀនជា ៣វគ្គ គឺនៅថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ លោកស្រីបន្តថា នៅថ្នាក់បឋមសិក្សា រៀនអំពីចំណេះដឹងទូទៅ ឱ្យដឹងអំពីមូលដ្ឋាននៃប្រវត្តិសាស្ត្រ ខណៈកម្រិតអនុវិទ្យាល័យ គឺរៀនអំពីបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ន និងនៅថ្នាក់វិទ្យាល័យ គឺរៀនម្តងទៀតដោយរំលេចពីប្រវត្តិសាស្ត្រនីមួយៗ ឱ្យបានស៊ីជម្រៅជាងមុន។
ទាក់ទិននឹងករណីនេះ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន យល់ថា ការរៀនអំពីប្រវត្តិសាស្ត្រនេះ គឺជារឿងសំខាន់ ពីព្រោះបើប្រជាពលរដ្ឋមិនដឹងពីប្រវត្តិសាស្ត្រធ្វើឱ្យប្រទេសជាតិនោះមិនអាចទៅមុខនោះទេ។ លោកថា ការរៀនប្រវត្តិសាស្ត្រឱ្យបានទូលំទូលាយ គឺជារឿងចំបាច់ ប៉ុន្តែមិនគួរផ្តោតលើតែប្រវត្តិសាស្ត្រខ្មែរក្រហមនោះទេ តែគួររៀនពីប្រវត្តិសាស្ត្រតាំងពីសម័យខ្មែរបានកកើតមក រហូតមកដល់បច្ចុប្បន្ន ទៅតាមសម័យកាល។
លោកបន្តទៀតថា ការបង្រៀនមេរៀនទាក់ទងនឹងប្រវត្តិសាស្ត្រនេះ គួរតែឱ្យក្រសួងពាក់ព័ន្ធជាអ្នកធ្វើការវិញ ជាជាងរដ្ឋាភិបាលណែនាំ ព្រោះអាចរងនៅឥទ្ធិពលនយោបាយ។
លោក ប៉ា ចន្ទរឿន បានថ្លែងថា៖ «សម្រាប់ការបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រ រួមទាំងប្រវត្តិខ្មែរក្រហម ខ្ញុំថាជាការល្អដែលប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យមានការបង្រៀនមុខវិជ្ជានេះ ប៉ុន្តែទាក់ទងនឹងការអប់រំគួរតែទុកឱ្យអ្នកជំនាញ អ្នកសិក្សាធ្វើកិច្ចការងារនេះ ធ្វើម៉េចកុំឱ្យការបង្រៀនមុខវិជ្ជានេះក្លាយទៅជារងឥទ្ធិពលនយោបាយ បើវារងឥទ្ធិពលនយោបាយខ្លាំងទៅ វាធ្វើឱ្យបាត់បង់គុណតម្លៃនៃការអប់រំលើមុខវិជ្ជាហ្នឹង ហើយវាអាចប៉ះពាល់ទៅដល់គុណភាព និងសច្ចៈភាពនៃប្រវត្តិសាស្ត្រផងដែរ»។ សូមរម្លឹកជូនថា ការកំណត់យកថ្ងៃ ២០ឧសភា ជាទិវាចងចាំ ព្រោះថ្ងៃ ២០ឧសភា ឆ្នាំ ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពីដំបូងឡើយ ទិវាជាតិនៃការចងចាំ ២០ឧសភា មានឈ្មោះថា «ទិវាចងកំហឹង» ដើម្បីបញ្ជាក់ពីការចងកំហឹងទៅនឹងរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៨ នៅពេលរដ្ឋាភិបាល កំណត់យកថ្ងៃនេះជាថ្ងៃបុណ្យជាតិ ក៏មានការប្តូរឈ្មោះជា «ទិវាជាតិនៃការចងចាំ»ដើម្បីជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕