មន្រ្តីគណបក្សជំទាស់លើកឡើងថារយៈពេលជិត១ខែមកហើយគេនៅមិនទាន់បានដំណឹងអំពីលទ្ធផលនៃការយកចម្លើយដោយស្ថាប័នអយ្យការអមតុលាការទីក្រុងភ្នំពេញនៅឡើយទេ ខណៈក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់គណបក្សក្រៅរដ្ឋាភិបាលនេះ ក៏ធ្លាប់ស្នើសុំរួចហើយឱ្យតុលាការទម្លាក់ចោលបទចោទដូចដែលតុលាការរកឃើញថាមានពិរុទ្ធភាព។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២១ ឧសភា នេះ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានផ្តល់ការអត្ថាធិប្បាយថា គិតមកដល់ពេលនេះ ខាងគណបក្សនៅមិនទាន់ទទួលបានភ្លើងខៀវណាមួយ ពីតុលាការថាការយកចម្លើយកាលពីចុងខែមុននោះ ត្រូវទម្លាក់ចោល ឬតុលាការរក្សាការចោទប្រកាន់ ឬបែបណានោះទេ។ម្យ៉ាងវិញទៀត នៅចំពោះមុខនេះ ក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់គណបក្សក្រៅរដ្ឋាភិបាលនេះ នៅបន្តរង់ចាំសេចក្តីសម្រេចពីតុលាការនៅឡើយ។
លោកបន្តថា៖«តាមប្រសាសន៍របស់លោកប្រធាន ទាវ វណ្ណុល បានប្រាប់ថា លោកមិនទាន់បានទទួលព័ត៌មាន ឬចម្លើយអំពីរឿងក្តីរបស់គាត់ពីអយ្យការតុលាការនៅឡើយទេ ដោយមិនដឹងថា ត្រូវគេចោទ ឬមិនចោទប្រកាន់ ឡើយ» ។
កាលលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានចូលផ្តល់សក្ខីកម្មនៅចំពោះមុខស្ថាប័នអយ្យការរួចហើយ តបនឹងម្ចាស់បណ្តឹងពីខាងរដ្ឋាភិបាល។នេះជាការផ្តល់ចម្លើយលើកទី១ ក្រោយពីលោកខកខានចូលឆ្លើយបំភ្លឺទៅតាមដីកាកោះ ដែលតម្រូវឱ្យមេបក្សរូបនេះ ផ្តល់សក្ខីកម្មនៅថ្ងៃទី១០ មេសា ឆ្នាំ២០២៤។
ការលើកពេលនេះ ត្រូវបានមេធាវីតំណាងដោយអាណត្តិរបស់លោក ទាវ វណ្ណុល គឺលោក ជូង ជូងី សំអាងហេតុថា មូលហេតុដោយសារកូនក្តីរបស់ខ្លួនត្រូវទៅពិនិត្យសុខភាព នៅសហរដ្ឋអាមេរិក។
ដោយឡែក លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បដិសេធក្នុងការអត្ថាធិប្បាយចំពោះរឿងនេះ លោកអះអាងដោយមោទកភាពថា ការផ្តល់ចម្លើយ ដល់អ្នកកាសែត អាស្រ័យលើទំហំរឿងដែលលោកចង់ផ្តល់ចម្លើយ ឬក៏អត់។
លោកបន្តថា៖«សំណួរណាខ្ញុំឆ្លើយបានខ្ញុំឆ្លើយ ហើយខ្ញុំអានហើយតើ »។
លោក ទាវ វណ្ណុ ត្រូវជាប់ចោទពីបទ« បានធ្វើឱ្យប៉ះពាលដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា »។ទាក់ទិនរឿងក្តីនេះដើមបណ្តឹងគឺជាមេធាវីតំណាងដោយអាណត្តិរបស់រដ្ឋាភិបាល គឺលោក ផូ សុធាផល និងលោក ម៉ម ចាន់ណែត។អង្គហេតុនៃរឿងក្តីនេះ ដោយចោទប្រកាន់ថា ប្រធានគណបក្សជំទាស់ បានផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាន Nikkei Asia របស់ជប៉ុន អំឡុងពេលលោកបំពេញទស្សនកិច្ចនៅទីនោះ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ជាការធ្វើឱ្យខូចមុខមាត់ប្រទេសផង និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំបក្សកាន់អំណាចផង។
បើទោះជាបែបណា លោក លី សុធារ៉ាយុទ្ធ ស្នើឱ្យតុលាការទម្លាក់រឿងក្ដីនេះចោល ក្នុងគោលបំណងកុំឱ្យលទ្ធិប្រជាធិបតេយ្យ និងបរិយាកាសនយោបាយ បន្តនូវភាពអាប់អួរទៅមុខទៀត។
លោកបន្តថា៖«ឆ្លៀតឱកាសនេះ យើងសូមស្នើដោយទទូចដល់តុលាការ ទម្លាក់ចោលរឿងក្តីនេះ ដើម្បីកុំឲ្យបរិកាសនយោបាយ និងលទ្ធិប្រជាធិបតេយ្យបន្តនូវភាពអាប់អួរ »។
ចំណែក នាយកប្រតិបត្តិ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោកអំ សំអាត យល់ឃើញថា សម្រាប់ការបញ្ចេញមតិរបស់ គណបក្សនយោបាយ មិនគួរណាមានការប្ដឹងផ្ដល់នោះទេ ព្រោះវាប៉ះពាល់ដល់ស្ថានភាពនយោបាយ និងសិទ្ធនៃការបញ្ចេញមតិនៅកម្ពុជា។
លោកបន្តថា៖« បើយើងមើលទៅលើពីបញ្ហាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិយើងដឹងហើយអ្នកនយោបាយ យើងឃើញហើយអ្នកនយោបាយ តែងតែប្រើវោហាស័ព្ទដើម្បីបង្កើតការទាក់ទាញ គាំទ្រពីប្រជាពលរដ្ឋហើយ អញ្ចឹងអានឹងបើយើងមើលទៅភាគច្រើជាសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ »។
មិនតែប៉ុណ្ណោះ អ្នកការពារសិទ្ធិមនុស្សរូបនេះ យល់ឃើញថា សម្រាបបទសម្ភាសន៍ដែលលោក ទាវ វណ្ណុល បានផ្ដល់ដល់សារព័ត៌មាន Nikkei Asia របស់ជប៉ុន និងវិទ្យុបារាំងអន្តរជាតិ RFI កន្លងទៅនេះ ជាការបញ្ចេញមតិ ក្នុងនាមជាអ្នកនយោបាយ និងជាអ្នកដឹងនាំគណបក្សនយោបាយ។
បើតាមលោក អំ សំអាត ហេតុដូចនេះ សម្រាប់បទចោទដែលថា លោក ទាវ វណ្ណុល បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរដ្ឋាភិបាល ឬរដ្ឋាភិបាលកម្ពុជានោះ គួតែមានការគិតគូរឡើងវិញ និងបែកចែងឱ្យដាច់ពីគ្នា ថាអ្វីជាបទល្មើស និងអ្វីជាសិទ្ទិសេរីភាពនៃការបញ្ចេញបមតិ ហើយទម្លាក់បទចោទតាមការស្នើសុំពីខាងគណបក្ស ភ្លើងទៀនបានស្នើសុំនោះ ដើម្បីចៀសវាងពីការចោទប្រកាន់ និងការរិះគន់បន្តទៀត ពីញ្ហានៃការរឹតត្បិតសេរីភាពនយោបាយនៅកម្ពុជា។
លោកបន្តថា៖« គ្រប់ភាគគីមានសិទ្ធក្នុងការដាក់ សំណូមពរ សម្រាប់តុលាការ ដែលរឿងនេះយើងមើលឃើញថា ដើម្បីកុំឱ្យមានការចោទប្រកាន់ ការិះគន់ អំពី ទាក់ទងជាមួយនឹង បញ្ហានៃការរិតក្បិតសេរីភាព នយោបាយ ឬក៏លំហសេរីភាពនយោបាយ ជារួមតូចមួយនឹងក៏គួរ ពិសេសគិតពិចារណា អ្វីជាសេរីភាពនៃការបញ្ចេញមតិ អ្វីជាបទល្មើស ដើម្បីកុំមានការរិះគន់រឿងនឹងបន្តទៅទៀតហើយវាប៉ះពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ »។
ក្រោយចេញពីបន្ទប់សាកសួរ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ទាវ វណ្ណុល បានប្រាប់ក្រុមអ្នកកាសែត នៅក្រៅបរិវេណតុលាការថា លោកបានស្នើសុំឱ្យតំណាងអយ្យការទម្លាក់បទចោទប្រឆាំងរូបលោកចេញ។បើតាមអ្នកនយោបាយជាន់ខ្ពស់រូបនេះ អ្វីដែលលោកបានផ្តល់កិច្ចសម្ភាសន៍ឱ្យប្រព័ន្ធផ្សព្វផ្សាយ គឺលោកបានលើកឡើងពីករណីជាក់ស្តែង ដែលកំពុងឡើងចំពោះគណបក្សក្រៅរដ្ឋាភិបាល ដោយគ្មានហេតុផលណាផ្សេងឡើយ។
បន្ថែមពីលើនេះ អាជ្ញាធរបានដាក់កាមេរ៉ាសុវត្ថិភាព នៅមុខផ្ទះ ដើម្បីតាមឃ្លាំមើលពីសកម្មភាពរបស់ក្បាលម៉ាស៊ីនដឹកនាំ របស់គណបក្សជំទាស់មួយនេះ ដូចជាផ្ទះ លោក សុន ឆ័យ និងលោក រ៉ុង ឈុន ជាដើម។ក្នុងន័យនេះ លោក ទាវ វណ្ណុល អះអាងថា សកម្មភាពទាំងនោះធ្វើឱ្យលំហលទ្ធិប្រជាធិបតេយ្យត្រូវរួចតូច នៅក្នុងអាណត្តិទី៧នេះ បើធៀបនឹងអាណត្តិមុនៗ៕