តាមរយៈយុទ្ធនាការជិះកង់ ១ ០០០ គីឡូម៉ែត្រ ពីខេត្តរតនៈគិរី ទៅខេត្តកំពត អង្គការសង្គមស៊ីវិល និង​​ក្រុមយុ​វជ​​នស្រលាញ់បរិស្ថាន បានលើកឡើងថា ព្រៃឈើនៅកម្ពុជារងការកាប់បំ​​ផ្លា​ញ​ក្នុងកម្រិតធ្ងន់ធ្ងរ មួយរយៈពេ​​ល​​ចុងក្រោយនេះ ស្របពេលដែលអាកាសធាតុបន្តវាយលុក បណ្តាលមកពីបាត់បង់របាំងការពារ ។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ អង្គការសង្គមស៊ីវិល និងក្រុមយុវជនចំនួន ២៥នាក់​ បានធ្វើ​​យុទ្ធនាការជិះកង់ចម្ងាយជិត ១ពាន់គីឡូម៉ែត្រ ដោយផ្តើម​ចេញពីខេត្តរតនៈគិរី ទៅ​កាន់​ខេត្តកំពត ដើម្បីជំរុញឱ្យពលរដ្ឋនិងអាជ្ញាធរត្រូវថែទាំបរិស្ថាន និងការពារធនធានធម្មជាតិ ជាពិសេសត្រៀមខ្លួនក្នុងការទប់ស្កាត់ និងបន្សាំខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុ។

យុទ្ធនាការ​ជិះកង់នេះ រៀបចំឡើង​ស្របពេលដែល​​​​អង្គការសង្គមស៊ីវិលចំនួន១៣ស្ថាប័ន និងក្រុមយុវជន​ប្រារ​​ព្ធ​​ទិវា​​​បរិស្ថានពិភពលោកឆ្នាំ២០២៤ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២​​០​​២៤ ក្រោមមូលបទស្តីពី «សុខុមាលភាពនៃភពផែនដី គឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា» ។ហើ​​​យុទ្ធនាការជិះកង់នេះ ទើបបានបិទបញ្ចប់ទៅកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។​

មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្តាញយុវជនកម្ពុជា( CYN) លោក អូត ឡាទីន មើលឃើញថាពលរដ្ឋហាក់មិនទាន់យល់ដឹង និងចូលរួមក្នុងកិច្ចការពារបរិស្ថាននៅតាមមូលដ្ឋាននៅឡើយទេ ដែលនេះជាផ្នែកមួយដែលអាចជះឥទ្ធិពលនៅក្នុងការបាត់បងធនធានធម្មជាតិ។លោកសង្កេតឃើញថា អំឡុងពេល​​យុទ្ធ​​នា​​ការ នៃការជិះកង់លោកក៏បានជួបបញ្ហាប្រឈមមួយចំនួនដែរ ដោយមានការសួរនាំពីសំណាក់អាជ្ញាធរមូលដ្ឋា​នមួយចំនួន មានការស្ទាក់ថតរូប និងដោយសារស្ថានភាពធនធានធម្មជាតិបាត់បង់ភាគច្រើន នាំឱ្យអា​​កា​ស​ធាតុប្រែប្រួលផង ទើបពិបាកដល់យុវជនកន្លែងខ្លះរកម្លប់ជ្រកសឹងមិនមាន តែទោះជាយ៉ាងណាយុវជននៅបន្តពុះពារដល់ទីបញ្ចប់នៃការជិះកង់បានដោយជោគជ័យ ក្នុងន័យដើម្បីបរិស្ថាន។

លោកបន្តថា៖ « ពួកយើងសង្កេតឃើញថា ស្ថានភាពគម្របព្រៃឈើនៅកម្ពុជា នៅភូមិសាស្រ្តដែលយើងបានឆ្លងកាត់គឺ មានការបាត់បង់ក្នុងល្បឿនលឿនមែនទែន ជាពិសេសតំបន់ព្រៃមួយចំនួន ស្រលះអស់ហើយ មែនទែនទៅយើងធ្វើដំណើរនៅតំបន់មួយចំនួនស្ទើតែគ្មានម្លប់សម្រាប់ជ្រកកម្តៅថ្ងៃ នេះឆ្លុះបញ្ជាំងឱ្យឃើញថា គម្របព្រៃឈើ បាត់បង់ក្នុងល្បឿនលឿន​។ យុវជន គាត់ក៏នៅតែបន្តរហូតដល់ចប់ចុងចប់ដើមដែរ ទោះបីជាគាត់ស្ថិតក្នុងស្ថានភាពជួបឧបសគ្គខ្លះ ព្រោះពួកគាត់មានឆន្ទៈចង់ឱ្យសង្គមមានភាពល្អប្រសើរ ជាពិសេសបញ្ហាសង្គម និងបរិស្ថាន អ្វីដែលចង់បាននោះគឺ ពលរដ្ឋចូលរួមផុសផុលក្នុងដំណើរនៃការការពារធនធានធម្មជាតិ​ »។

លោកបានស្នើឱ្យរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានបន្តរឹតបន្តឹតការអនុវត្តច្បាប់ ស្តីអំពីកិច្ចការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា ឱ្យស្របទៅនឹងយុទ្ធនាការដែលក្រសួងបានធ្វើគឺដាំដើមឈើ ឱ្យបាន១លានដើមក្នុ​​ង​​មួយឆ្នាំ និងស្នើឱ្យក្រសួងអនុវត្តច្បាប់ការព្រៃឈើដែលនៅសេសសល់ឱ្យមានដំណើការល្អដូចដំណើការដាំកូ​​ន​​ឈើដែរ។​

ហាក់​មិនខុសគ្នាទេ យុវតីដែលបានចូលរួម នៅក្នុងយុទ្ធនាការជិះកង់នេះដែរ កញ្ញា រៀម ស្រីពេជ្ររតនា បានប្រាប់ Ne​​w​​sroom Cambodia  នៅថ្ងៃទី២១ ខែឧសភា នេះ ថាកញ្ញាសង្កេតឃើញ ពលរដ្ឋមានការចាប់អា​​រម្ម​​ណ៍ចំ​​ពោះ​ការជិះកង់១០០០គីឡូម៉ែត្រដើម្បីបរិស្ថាន ដោយពួកគាត់បាន​អានសារអំពីបរិស្ថាន ដែលមាន​​នៅលើ​​ស្លា​​ក​​​​ស​​ញ្ញា​។ជាងនទៀត នេះ​ជាការពញ្ញាក់អារម្មណ៍ឱ្យសារធារណជនបានគិតគូរអំពីបរិស្ថានបន្ថែ​​ម​ដែ​រ​​។

កញ្ញាបន្តថា៖ «ខ្ញុំសង្កេតឃើញថា ពលរដ្ឋមានការចាប់អរម្មណ៍ច្រើន ហើយនៅតាមផ្លូវពួកគាត់សប្បាយចិត្ត អ្នកខ្លះឱ្យទឹក សម្រាប់សកម្មភាពនេះខ្ញុំគិតថាបានជះឥទ្ធិពើខ្លាំងទៅលើក្មេងៗ ព្រោះនៅពេលពួយើងទៅពួកគាត់សួយើងគាត់ឆ្ងល់»។

កញ្ញាស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសយុវជន និងប្រជាពលរដ្ឋចូលរួមគិតគូរអំពីបញ្ហាបរិស្ថានតាមរយៈស​​ក​​ម្មភាព រស់នៅប្រចាំថ្ងៃ ដោយចូលរួមដាំដើមឈើ និងចូលរួមការពារធនធានធម្មជាតិ។

ឆ្លើយតបរឿងនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា លោកសាទរចំពោះ ការធ្វើ​​យុទ្ធនាការជិះក​ង់​នេះ ព្រោះបានបង្ហាញអំពីស្មារតី សាមគ្គីគ្នាក្នុងការជួយជំរុញឱ្យប្រជាពលរដ្ឋចូលរួមកាត់បន្ថយការប្រើប្រា​ស់​ប្លាស្ទិក ដើម្បីមូលដ្ឋានស្អាត ភូមិឋានស្អាត កម្ពុជាស្អាត និងអាចបង្កើនគម្របបៃតង ដោ​​យ​​សម្រេចទស្សនវិស័យនៃកម្ពុជា ឆ្នាំ២០៥០ មានគម្របព្រៃឈើ៦០ភាគរយ និងជាប្រទេសអព្យាក្រឹត្យកា​បោ​​ន​​។

លោកបន្តថា៖«យើងធ្វើការជាមួយនឹងអាជ្ញាធរខេត្ត រាជធានី ក្រុង ស្រុកទាំងអស់ ដើម្បីសហការគ្រប់គ្រងធនធានធម្មជាតិរបស់យើង ហើយយើងបានឃើញពីការគ្រប់គ្រងធនធានធម្មជាតិនៅតាមបណ្ដាខេត្តនានា ដូចជានៅពោធិ៍សាត់ ស្ទឹងត្រែង មណ្ឌលគិរីជាដើម យើងបានឃ្លុំដី រាប់ពាន់ហិកតាបន្ទាប់មកយើងបានបញ្ជូន ជនល្មើសទៅតុលាការ ប្រមាណ៣០ទៅ៣០ករណី នៅក្នុងត្រីមាសទីមួ១ឆ្នាំ២០២៤ អ៊ីចឹងការពង្រឹងការអនុវត្តច្បាប់នេះ មិនត្រឹមតែសហការជាមួយអាជ្ញាធរខេត្តទេ យើងបានចូលរួមផ្តល់នូវផែនទីតំបន់ការពារធម្មជាតិឱ្យពួកគាត់ ហើយយើងកំពុងរៀបចំដាក់Appផ្សេងៗដែលយើងអាចត្រួតពិនិត្យនៅតំបន់ការពារធម្មជាតិ ដើម្បីឱ្យឃើញកាន់តែប្រសើរថែមទៀត សម្រាប់ចូលរួមជាមួយនឹងឧទ្យានុរក្សរបស់យើង ក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលចូលរួមសហការបង្ការទប់ស្កាត់ឱ្យមានភាពងាយស្រួលនិងរហ័សថែមទៀតសម្រាប់អន្តរគមន៍ចំពោះបទល្មើសធនធានធម្មជាតិ »។

កាលពីខែតុលា ឆ្នាំ២០២៣ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើចំនួន ១លា​​ន​ដើម ជារៀងរាល់ឆ្នាំ ដើម្បីស្តារព្រៃឈើដែលបាត់បង់ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថាន​ធម្មជាតិ ដែលបង្កើនគម្រ​​ប​​ព្រៃ ដែលអាចបង្កើនប្រាក់ចំណូលពីអត្ថប្រយោជន៍ពីព្រៃឈើថែមទៀតផង។

ដោយឡែក លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា ដើមឈើ គឺជាប្រភពប្រាក់ចំណូលតាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់កាបោននេះ នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ មួយកម្រិតទៀត៕