មន្ត្រីរាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យដឹងថា ខាងភាគីវៀតណាម​បាន​​ឯកភាពសហការគ្នា​ជាមួយអាជ្ញាធរមានសមត្ថកិច្ច​​​កម្ពុជា ក្នុងការ​ស្រាវជ្រាវរក​អត្តសញ្ញាណជន​ដែល​នៅពីក្រោយ​ការ​ជេរប្រមា​ថ​លើ​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន នៅលើបណ្តាញសង្គមតីកតុក (TikTok) ក្រោយ​មានការ​ស្នើ​ពីកម្ពុជា។

ការឯកភាពគ្នានេះ បានធ្វើឡើង​នៅក្នុង​​ជំនួប​រវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយ​នឹង​លោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀល​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាម​ការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងការបទេសកម្ពុជា។​

ប្រភពដដែលបន្តថា ក្នុងជំនួបនោះ លោក សុខ ចិន្តាសោភា បានលើកឡើងអំពីការប្រើប្រាស់ពាក្យសម្តីជេរប្រមាថ​តាមរយៈការបញ្ចេញយោបល់ជាភាសាវៀតណាម​ (Comment) នៅក្នុងបណ្តាញសង្គម​ TikTok របស់​​​ថ្នាក់ដឹកនាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោ ដែលបានបង្កឱ្យមានអារម្មណ៍​មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ករណីនេះ លោក​​រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា​ បាន​ស្នើឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​កិច្ច​សហការ​ធ្វើការ​ស្រាវជ្រាវ ដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារ​អមិត្តទាំងនោះ​ ដើម្បីទប់​ស្កាត់​ការ​ប៉ុនប៉ង​ណាមួយ​ សំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​ រវាងថ្នាក់ដឹកនាំ និងប្រជាជន​នៃប្រទេសទាំងពីរ។

ប្រភពដដែល​ បន្តទៀតថា ក្នុងជំនួបនោះ លោក Nguyễn Huy Tăng បានយល់ស្រប​ថា ការបង្ហោះខ្លឹមសារ​អមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បី​ស្រាវជ្រាវកំណត់សមាស​ភាព និង​អត្តសញ្ញាណជនដែលនៅពីក្រោយ​សកម្មភាពទាំងនោះ។

អ្នកនាំពាក្យក្រសួងការបរសទេសកម្ពុជា លោក ជុំ សុន្ទរី បានលើកឡើងយ៉ាងខ្លីនៅថ្ងៃទី២១ ខែឧសភានេះ​​ថា សមត្ថកិច្ច​នៃប្រទេស​ទាំង​ពីរ កំពុង​ស្រាវជ្រាវនៅករណីនេះ ដោយពុំទាន់​ទទួលបាន​ព័ត៌មាន​បន្ថែម​លើ​អ្វី​ដែល​ក្រសួង​​បាន​ផ្សព្វ​ផ្សាយនោះទេ។​

កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា មានជនអនាមិក បានប្រើប្រាស់ពាក្យពេជន៍​មិនសមរម្យ​ជា​ភាសាវៀ​តណាម បញ្ចេញយោបល់(Comment) ​នៅលើតីកតុក (TikTok) របស់លោក ក្រោយលោកនិយាយ​រឿងព្រែក​ជីក​ហ្វូណន។

តែយ៉ាងណា លោក​​មិនបានដឹងថា ជនដែលបាន​បញ្ចេញយោបល់​នៅលើបណ្តាញសង្គម​តីក​​តុក​នោះ​ជាជន​ជាតិ​អ្វី​នោះទេ។ លោកថា កាលពីឆ្នាំ២០១៦ និងឆ្នាំ​២០១៧ ក៏មានអ្នកជេរលោកតាម​បណ្តាញសង្គមដែរ តែ​ក្រោយ​ពីលោកបានប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុងរៀង រួចមករឿងនេះ ក៏ស្ងាត់ទៅវិញ ដោយពេលនោះគឺទាក់ទងនឹងរឿងសមុទ្រចិនខាងត្បូង។

ពាក់ព័ន្ធនឹងករណីនេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម ស្រាវជ្រាវវែកមុខរកសមាសភាព​នៃជនដែលចូលជេរប្រមាថ​លើ​រូប​លោក​​បណ្តាញ​សង្គមនេះ បន្ទាប់ពីលោកបង្ហោះទាក់ទងនឹងរឿងព្រែកជីកហ្វូណនតេជោ។

លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា​ មាន​ប្រសាសន៍​ថា ករណី​នេះ ក្រសួងមហាផ្ទៃ និង​មន្រ្តីជំនាញ កំពុងតែសិក្សាទាក់ទង​​​នឹង​ជំនាញ នីតិវិធី​ច្បាប់ និងទំនាក់ទំនងជាមួយ​ភាគី​វៀតណាម​ ដើម្បី​​សហការជាមួយគ្នា និង​ឈានទៅដល់ការកំណត់នូវមុខសញ្ញា ឬក៏អ្នកនៅពីក្រោយ​នៃ​ការ​​ខំមិន​ជេរប្រមាថដល់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលស្មើនឹងការជេរប្រមាថដល់កម្ពុជាទាំងមូលនេះ។

លោក​លើកឡើងថា៖ «ខ្ញុំគិតថា វៀតណាមមិនទោមនស្ស​ក្នុងកិច្ចសហប្រតិបត្តិការនេះទេ គឺ​លោកនឹង​សហការ​ជាមួយសមត្ថកិច្ចជំនាញរបស់យើង ដើម្បីឈានទៅរកមុខឱ្យឃើញដើម្បីបញ្ជាក់​ឱ្យបា​ន​ច្បាស់​ថា បុគ្គលនោះគឺចេញពីប្រភពណា មកពីប្រភពណា មានគោលបំណងគោលដៅដូចម្តេច ខ្ញុំមាន​ការរំពឹងថា មានតែសហការដ៏ល្អជាមួយនឹងសមត្ថកិច្ចរបស់កម្ពុជា»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការ​ស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ការអប់រំឱ្យគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ យល់ដឹងពីការប្រើប្រាស់បណ្ដាញសង្គម​ដោយសីលធម៌ មានភាពច្បាស់​លាស់ ដោយណែនាំឱ្យប្រជាពលរដ្ឋ យល់អំពីផលប៉ះពាល់នៃការបញ្ចេញមតិដែលមានភាពញុះញង់ ឬក៏ធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃ គឺជារឿងល្អដែលត្រូវធ្វើមុន។

លោកបន្តថា៖ «សម្រាប់ខ្ញុំយល់ថា ការអប់រំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់យល់ដឹង ពីការប្រើប្រាស់បណ្ដាញសង្គមដោយសីលធម៌ និងមានភាពច្បាស់លាស់ គឺជារឿងល្អដែលត្រូវធ្វើមុនគេ ហើយណែនាំ​ឱ្យប្រជាពលរដ្ឋ​យើង យល់អំពីផលប៉ះពាល់នៃការបញ្ចេញមតិដែលមានភាពញុះញង់ ឬក៏ធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃជាដើម ដូច្នេះការទប់ស្កាត់ព័ត៌មានកុហក ឬក៏ព័ត៌មានបោកប្រាស់ ឬក៏ព័ត៌មានក្លែងក្លាយ អាជ្ញាធរគួរតែ​ចាត់វិធានការឱ្យ​បានត្រឹមត្រូវ ទប់ស្កាត់អី ត្រូវធ្វើការពិចារណា[…] ហើយ​ការពិនិត្យ​ ការស្រាវជ្រាវធ្វើម៉េច​ឱ្យគេត្រូវតែប្រាកដប្រជា កុំឱ្យ​ធ្វើដោយខ្វះការម៉ត់ចត់ ដែល​នាំឱ្យ​បង្កើត​ឱ្យមានភាពសង្ស័យឬក៏បង្កឱ្យមានបញ្ហាទៅវិញ ទៅមករវាងមនុស្សនិងមនុស្ស ប្រទេស និងប្រទេសជាដើម»៕