មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា យុទ្ធនាការអនឡាញដើម្បីលើកកម្ពស់សិទ្ធសេរីភាពអ្នកសារព័ត៌មាន ជាជំហានថ្មីមួយទៀតឈានទៅរកសេរីភាពពេញលេញសម្រាប់សារព័ត៌មាន ក្រោយយុទ្ធនាការនេះបានកៀងគរនូវការចូលរួមយ៉ាងសកម្មពីសំណាក់មហាជន និងគ្រប់ភាគីពាក់ព័ន្ធនានា។
យុទ្ធនាការដែលមានរយៈពេល ១៥ថ្ងៃនោះ បានចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសេរីភាពខាងការបញ្ចេញមតិ និងបង្ហាញអំពីតួនាទីរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងសង្គមប្រជាធិបតេយ្យ។
បើតាម CCHR យុទ្ធនាការនោះ បានរៀបចំព្រឹត្តការណ៍ជាច្រើន ដូចជា ចេញផ្សាយកម្រងសំណួរនៅលើប្រព័ន្ធអនឡាញ ស្តីពី សេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ និងផ្សព្វផ្សាយឡើងវិញនូវជីវប្រវត្តិរបស់អ្នកសារព័ត៌មាន ១០រូប នៅលើទំព័រហ្វេសប៊ុករបស់ CCHR។
លោក ហួន ផន អ្នកសម្របសម្រួលគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក ) បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភានេះថា យុទ្ធនាការនេះបានបញ្ចប់ទៅដោយរលូន ជាមួយនឹងលទ្ធផលល្អប្រសើរ។ លោកបានកត់សម្គាល់ថា យុទ្ធនាការនេះ បានទាញយកនូវការចូលរួមដ៏ច្រើនពីសំណាក់មហាជន ជាពិសេសយុវវ័យ អង្គការសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលផងដែរ។
លោកក៏បានឱ្យដឹងបន្ថែមថា ការរួបរួមកម្លាំងគ្នា និងគោលជំហររបស់រាជរដ្ឋាភិបាលនៅក្នុងការកែប្រែ គឺជាកាតាលីករដែលសំខាន់នៅក្នុងការធ្វើឱ្យមានលំហរសេរីភាពល្អប្រសើរជាងមុន។
លោក ហួន ផន បានថ្លែងថា៖ «អ្វីដែលយើងអាចមើលទៅមុខទៀត យើងមើលតាមរយៈជំហររបស់រាជរដ្ឋាភិបាល និងការចូលរូមរបស់ភាគីពាក់ព័ន្ធ។ […] យើងជាអង្គការសង្គមស៊ីវិល ជាសាធារណជនទូទៅ យើងបានបង្ហាញពីក្តីបារម្ភ ពីការយល់ឃើញ ពីសំណូមពរចង់ឃើញស្ថានភាពល្អប្រសើរ ហើយយើងឃើញជំហររដ្ឋាភិបាល គាត់មានជំហរមួយផ្សេងមួយទៀត នៅក្នុងការជួយលើកកម្ពស់បែបហ្នឹង»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ក៏បានទទូចឱ្យសាធារណជន មន្ត្រីសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា បង្កើននូវសកម្មភាពចូលរួមបន្ថែមទៀត តាមរយៈគ្រប់រូបភាពដើម្បីអនាគតនៃសេរីភាពសារព័ត៌មានពិតប្រាកដសម្រាប់កម្ពុជា។
លោកថា៖ «ការចូលរួមមានច្រើនរូបភាព តាមរយៈការសិក្សាស្វែងយល់សេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ ថាវាមានទំហំឬកម្រិតបែបណា ដើម្បីឱ្យការបញ្ចេញមតិ ឬសេរីភាពរបស់យើងហ្នឹង ប្រើប្រាស់ទៅបានសមស្រប និងមានប្រសិទ្ធភាពស្របតាមគោលការណ៍។ […] ហើយទន្ទឹមនឹងគ្នាហ្នឹង យើងត្រូវមើលអំពីស្មារតីរបស់ច្បាប់ដែលចែងទាក់ទងនឹងលំហរសេរីភាព ថាមានភាពល្អប្រសើរប៉ុណ្ណាដែរ»។
ទាក់ទិននឹងរឿងនេះដែរ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានដឹងថា ស្ថានភាពអ្នកសារព័ត៌មាននឹងមិនមានការរឹតត្បឹតទេ ប្រសិនបើពួកគេគោរពទៅតាមវិជ្ជាជីវៈ និងមិនចុះផ្សាយហួសពីលំហរសេរីភាពដែលបានចែងដោយច្បាប់។
លោកបានសង្កត់ធ្ងន់ថា៖ «នៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន អត់មានចែងអំពីការដែលមុនផ្សាយ ត្រូវការឆ្លងទៅក្រសួងព័ត៌មាន ឬមន្ត្រីនេះ មន្ត្រីនោះនោះទេ។ […] ប៉ុន្តែយើងខ្លួនឯងនេះ យើងត្រូវដឹងពីវិជ្ជាជីវៈ ក្រមសីលធម៌ ការចេញផ្សាយទៅហ្នឹង ការទទួលខុសត្រូវរបស់យើងកម្រិតណា សេរីភាពរបស់យើងមានហើយ តែយើងផ្សាយកុំឱ្យហួសពីសេរីភាពរបស់យើង»។
លោកក៏បានកត់សម្គាល់ផងដែរថា លំហរសេរីភាពសារព័ត៌មាននៅកម្ពុជា ហាក់មានភាពប្រសើរឡើង ខណៈប្រជាពលរដ្ឋមានជម្រើសគ្រប់គ្រាន់នៅក្នុងការជ្រើសរើសព័ត៌មានដែលខ្លួនពេញចិត្ត ដោយមិនមានការរឹតត្បឹតណាមួយឡើយ។
លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្នយើងឃើញហើយ ការផ្សព្វផ្សាយមានច្រើនជ្រុងណាស់ ពីបញ្ហាសង្គម បញ្ហានយោបាយ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ និងការផ្សាយតាមប្រព័ន្ធអនឡាញ ដូច្នេះប្រជាពលរដ្ឋយើងគាត់មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការជ្រើសរើស។ […] ខ្ញុំមិនគិតថាមានការឃាត់ឃាំងទេ នេះជាសេរីភាពមួយនៅក្នុងការទទួលព័ត៌មាន ហើយខ្ញុំគិតថាល្អ និងចង់ឱ្យបន្តបែបហ្នឹងតទៅទៀត»។
លោកក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ផ្សាយប្រកបដោយតុល្យភាព ព្រមទាំងផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលមានប្រយោជន៍ និងនាំមកនូវការអភិវឌ្ឍជាវិជ្ជមានសម្រាប់សង្គមជាតិ។
ទោះជាយ៉ាងណា នាយកប្រតិបត្តិសម្ព័ន្ធសារព័ត៌មានកម្ពុជា លោក ណុប វី បានលើកឡើងថា ស្ថានភាពសេរីភាពសារព័ត៌មានបច្ចុប្បន្ន មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ថាមានភាពល្អប្រសើរ ដោយលោកបានកត់សម្គាល់នូវភាពមិនសូវសម្បូរបែបនៃប្រព័ន្ធសារព័ត៌មាន។
លោកបន្ថែមថា កត្តានេះ គឺជាកង្វល់ដោយសារតែការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់យកទៅធ្វើការសម្រេចចិត្តជាមួយរាជរដ្ឋាភិបាល គឺមានចំនួនតិចទៅៗ ដែលមិនអាចឱ្យប្រជាពលរដ្ឋសម្រេចចិត្តបានត្រឹមត្រូវ។
លោកថា៖ «យើងមិនទាន់អាចនិយាយបានថា ស្ថានភាពហ្នឹងមានភាពល្អប្រសើរឡើយវិញទេ ដូចយើងថ្លឹងថ្លែងមើលអំពីសេរីភាពសារព័ត៌មានយើងនៅមុនឆ្នាំ២០១៧ នៅបច្ចុប្បន្នយើងមិនមានសារព័ត៌មានដែលមានព័ត៌មានពេញលេញ ព័ត៌មានច្រើនដូចមុនឆ្នាំ២០១៧ ដើម្បីផ្តល់ជូនឱ្យប្រជាពលរដ្ឋយើងទេ។ […] និយាយពីវិទ្យុវិញ មិនមានព័ត៌មានដែលអាចធ្វើឱ្យប្រជាពលរដ្ឋ អាចទទួលបានដូចមុនទៅទៀត ចំណែកសារព័ត៌មានព្រីនធីង [កាសែត]វិញ យើងស្ទើរតែអស់ទៅហើយ»។
លោកបន្តថា៖ «ស្ថានឲប័នដែលនាំផ្សាយបញ្ហាសង្គមក៏មានការថយចុះ យើងមានការព្រួយបារម្ភដែរថាបើសិនមិនមានស្ថាប័នដែលនាំមកនូវអ្វីដែលជាបញ្ហាជូនដល់រដ្ឋាភិបាលច្រើនដូចមុន ខ្លាចតែបញ្ហានៅក្នុងសង្គមហ្នឹង មិនត្រូវបានដោះស្រាយ»។
ដើម្បីធានាឱ្យបាននូវសិទ្ធិសេរីភាពសារព័ត៌មានពេញលេញ លោក ណុប វី យល់ថា ចាំបាច់ទាមទារឱ្យមានការលុបបំបាត់នូវការគំរាមកំហែងផ្សេងៗទៅលើអ្នកសារព័ត៌មាន តាមរយៈការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងធានានូវចម្រុះភាពរបស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានល្អប្រសើរ។
របាយការណ៍ដែលចេញផ្សាយដោយ CCHR កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បង្ហាញថា ចាប់តាំងពីមុនការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដា ស្ថានភាពនៃសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន ត្រូវរងការយាយី និងជាគោលដៅនៃការវាយប្រហារ។ ប្រភពដដែល បន្តថា រដ្ឋាភិបាលបានបន្តនិន្នាការរឹតត្បឹតដោយហួសហេតុលើសេរីភាពបញ្ចេញមតិ និងបំបិទសំឡេងរិះគន់ដែលជាការគាបសង្កត់កាន់តែធ្ងន់ធ្ងរនៅមុនការបោះឆ្នោតថ្នាក់ជាតិខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ របាយការណ៍ដដែលក៏បានឱ្យដឹងដែរថា អ្នកសារព័ត៌មានចំនួន ១៦នាក់ និងអ្នកការពារសិទ្ធិមនុស្សចំនួន ១០០នាក់ ប្រឈមនឹងវិធានការផ្លូវច្បាប់ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៣។ ការប្រឈមទាំងនោះ រួមមាន ការកោះហៅទៅសួរចម្លើយ ការឃុំខ្លួន បង្ខំឱ្យចុះកិច្ចសន្យា ចោទប្រកាន់ និងឈានទៅដល់ការផ្តន្ទាទោស៕