អ្នកសារព័ត៌មាន​មួយចំនួន និងសង្គមស៊ីវិល គាំទ្រ​ចំពោះ​ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែល​ស្នើ​ដល់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ និង​​​បណ្តាញ​​សារ​ព័ត៌​មាន ឱ្យបញ្ឈប់រាល់ការផ្សព្វ​ផ្សាយ​នូវ​រូបភាព​ហិង្សា និង​ឃាតកម្ម ដែលប៉ះពាល់ដល់​កិត្តិយស​​​ ផ្លូវ​​​ចិត្ត និងអា​រម្មណ៍របស់​ជនរងគ្រោះ និង​​ក្រុមគ្រួសារ​ជនរងគ្រោះ។

កាលពីថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បាន​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោកថា កន្លងមក​ លោកបានសង្កេតឃើញ​អ្នកសារព័ត៌មាន និងអ្នក​ប្រើប្រាស់​បណ្តាញសង្គមមួយចំនួន រួមនឹងក្រុមអ្នកផលិតមាតិកា រកប្រាក់តាមអនឡាញ​ (MMO) បាន​ផ្សព្វ​ផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម និង​រូបភាពហិង្សានៅលើបណ្តាញ​សង្គម​ហ្វេស​ប៊ុក តីក​តុក និង​ប្រព័ន្ធតេឡេក្រាម។

ករណីនេះ លោក​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការផ្សព្វផ្សាយនូវរូបភាពទាំងនេះ ដើម្បីគោរព​ដល់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ និងជនរងគ្រោះ។

លោកបានគូសបញ្ជាក់ថា៖ «វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្ត និងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គម​ផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះ​ពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ [រូបមិនច្បាស់] មុន​នឹ​ងផ្សព្វ​ផ្សាយ និងចែក​រំលែក ធ្វើដូច្នេះ​គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង»។

និពន្ធនាយក​គេហទំព័រ ពេញចិត្តមេឌា លោក ស៊ិន ខ្វាន់ឆា គាំទ្រការ​លើក​ឡើង​របស់​​រដ្ឋមន្ត្រី ក្រសួង ​ព័ត៌មាន ដោយ​ថា ការបង្ហោះរូប ឬវីដេអូឃាតកម្ម និងអំពើហិង្សា​នោះ ពិតជាបាន​ប៉ះ​ពាល់​ទៅ​ដល់​​ផ្លូវ​ចិត្ត​​​ជន​​រងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ព្រមទាំង​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ផងដែរ។

លោក​ថា៖ «ការលើកឡើងរបស់ក្រសួងបែបនេះ ​គឺសមហេតុសមផលរបស់គាត់ ហើយ​ចំពោះការបង្ហោះសារ ខ្ញុំគិតថាដូច​ជា មិនមានប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មានទេ […] ដោយសារតែរូបភាពនោះ​ យើងមើលទៅឃោឃៅ បើនិយាយ​ពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានយើង មិនគួរយករូបភាពកាចសាហាវ​បែបហ្នឹង​យកមកចុះផ្សាយដែរ»។

មិនខុសគ្នានោះ​ទេ លោក សឿ សុជា ជាអ្នកយកព័ត៌មាននៅគេហទំព័រ​សារព័ត៌មាន ហង្ស​ប៉ុស្ស៍ ប្រចាំខេត្តកំពង់ធំ ក៏បាន​បង្ហាញការគាំទ្រ ដោយថានឹង​ខិតខំបន្ថែមទៀត នៅក្នុងការ​គោរព​ក្រមសីល​ធម៌​វិជ្ជាជីវៈ មុននឹង​ផ្សព្វផ្សាយនូវរូបភាព ឬវីដេអូ​ណាមួយ​ ដើម្បី​កុំឱ្យប៉ះពាល់ដល់​អារម្មណ៍អ្នកទស្សនា និងជាការ​ចូលរួមលើកកម្ពស់សិទ្ធិអ្នកសារព័ត៌​មាន​។​

លោកលើកឡើងថា៖ «ការអំពាវនាវនេះ​ជាការល្អ ពីព្រោះការដែលយើងយករូបភាពបែបឃោ​ឃៅ បែបហិង្សាមកបង្ហាញ​ជាសាធារណៈ មកបង្ហោះចែកចាយនៅក្នុងបណ្តាញសង្គម ហើយ​អ្នកទស្សនា​បាន​ឃើញ វាធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍របស់គាត់ច្រើនមែនទែន ចឹង​យើង​មេត្តាគោរពឱ្យបាន​នៅក្រមសីលធម៌របស់អ្នកសារព័ត៌មាន»។

នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​លោក ណុប វី យល់ថា ការទទូចឱ្យអ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់បណ្តាញ​សង្គម បញ្ឈប់ការ​ផ្សព្វផ្សាយនូវរូបភាពមិនគួរគប្បី និងមានផលប៉ះពាល់​ដល់​ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ​ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងនេះ ជារឿង​ត្រឹម​ត្រូវ និង​មិនបានប៉ះពាល់ដល់ក្រមសីលធម៌របស់អ្នកសារព័ត៌មាននោះទេ។

លោកថ្លែងថា៖ «រឿងការទទូចឱ្យគោរពក្រមសីលធម៌ មិនប៉ះពាល់ដល់អ្នកសារព័ត៌មានទេ ពីព្រោះអ្នកសារព័ត៌មាន គាត់​មាន​សេរីភាពនៅក្នុងការអនុវត្តការងារវិជ្ជាជីវៈរបស់ខ្លួន ប៉ុន្តែសេរីភាពនេះ​ ត្រូវស្ថិតនៅក្របខណ្ឌនៃការអនុវត្តក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន ឱ្យបានត្រឹមត្រូវ»។

ទន្ទឹមនឹងការសាទរនេះ លោកក៏​ទទូចឱ្យអ្នកសារព័ត៌មាន និងអ្នកដែលប្រើប្រាស់បណ្តាញសង្គមប្រកាន់ភ្ជាប់នៅក្រមសីលធម៌នៅក្នុងការប្រើប្រាស់បណ្តាញសង្គម និង​សារព័ត៌មាន ​ព្រោះនេះ​ជាចំណែក​មួយ​យ៉ាង​សំខាន់​ដែល​ត្រូវ​ការ​ពង្រឹង និង​យកចិត្តទុកដាក់ ហើយវាអាចជាអាវក្រោះ ដើម្បី​ការ​ពារ​ការ​ងារ ធានាប្រសិទ្ធភាពនៃការងារ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចប៉ះពាល់ដល់ការងាររបស់អ្នកសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ការលើកឡើងរបស់របស់​ថ្នាក់ដឹកនាំក្រសួងនេះ ជាការ​ក្រើនរំលឹកដល់អ្នកប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គមទាំងឡាយអំពី​ភាព​ចាំបាច់​ ក្នុងការធានាការលើកកម្ពស់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ ការគោរព​សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និង​ការថែរក្សាវប្បធម៌ ប្រពៃណីល្អក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នាជាប្រចាំរបស់ប្រជាជនកម្ពុជា។ លោកថ្លែងបន្តថា៖ «ការក្រើនរំលឹកនេះ ក៏ជួយដាស់ និងពង្រឹងស្មារតីរបស់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយកុំឱ្យដើរប្រាសចាសពី​គន្លងនៃក្រមសីលធម៌ ក្នុងការប្រាស្រ័យទាក់ទងគ្នាជាសាធារណៈលើបណ្តាញទំនាក់ទំនងសង្គម ដែលអ្នក​ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ក៏ដូចជាអ្នកបង្កើតមាតិកា និងអ្នករកប្រាក់តាមអនឡាញមួយចំនួន ដោយសារតែមហិច្ឆតាក្នុងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ឬស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯង បែរជាភ្លេចខ្លួនទៅបំពានក្រមសីលធម៌បុគ្គល ក្រមសីលធម៌នៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វ​ផ្សាយ​ និងចែកចាយព័ត៌មាន»៕