ក្រុមអ្នកនយោបាយបក្សជំទាស់ និងអ្នកសិក្សាផ្នែកច្បាប់បានលើកឡើងស្របគ្នាថា ការស្នើរឲ្យបង្កើតច្បាប់ប្រឆាំងអ្នកដែលមិនទទួលស្គាល់របបប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជាគឺជារឿងដែលមិនមានភាពចាំបាច់ទេ។
ប្រតិកម្មរបស់ក្រុមអ្នកជំនាញផ្នែកច្បាប់ និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន ថ្លែងជាសាធារណៈជាថ្មីទៀត កាលពីថ្ងៃទី២២ ឧសភា ដែលលោកព្រមានទៅអ្នកនយោបាយមិនសំដៅចំឈ្មោះ ចំពោះការរិះគន់ថាគ្មានរបបវាលពិឃាតនេះ។បើតាមអតីតនាយករដ្ឋមន្រ្តីរូបនេះ លោកចង់តាក់តែងច្បាប់មួយឡើង ដើម្បីដាក់ទោសទណ្ឌ ប្រឆាំងអ្នកដែលមិនទទួលស្គាល់ថា មានរបបខ្មែរក្រហម។
លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថាការស្នើរឲ្យបង្កើតច្បាប់នេះហាក់ដូចជាមិនមានការចាំបាច់នោះទេ ដោយលោកកត់សម្គាល់ថាច្បាប់នេះទំនងជាមិនមានផលប្រយោជន៍ចំពោះប្រជាជនទេ។លើសពីនេះទៀត ច្បាប់នេះ ហាក់មានទំនោរច្រើនទៅលើប្រយោជន៍នយោបាយរបស់គណបក្សកាន់អំណាចច្រើនជាង ដែលមិនបម្រើឱ្យប្រយោជន៍សាធារណៈណាមួយនោះទេ។
លោកបន្តថា៖«ខ្ញុំយល់ថាវាដូចជាមិនមានប្រយោជន៍អ្វីសម្រាប់សង្គមជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទេ។ […] ក៏ប៉ុន្តែបើយើងមើលទៅលើជ្រុងនយោបាយ ពិតណាស់គណបក្សកាន់អំណាចនឹងចំណេញអំពីច្បាប់នេះប្រសិនបើកើតឡើង។ចំណេញទី១ គឺបក្សប្រឆាំងនឹងមិនអាចលើកយកបញ្ហាជនជាតិវៀតណាម ឬក៏វត្តមានយោធាវៀតណាមយកមករិះគន់រដ្ឋាភិបាលបានទៀតទេ។ ទី២ គឹបង្ហាញពីការដឹងគុណមិនចេះចប់ មិនចេះហើយរបស់បក្សកាន់អំណាច ចំពោះប្រទេសវៀតណាម »។
អ្នកសិក្សាផ្នែកច្បាប់រូបនេះបានថ្លែងឲ្យដឹងបន្ថែមថា ផ្ទុយទៅវិញប្រការនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការបញ្ចេញមតិរបស់សាធារណជន នៅក្នុងការជជែកអំពីប្រវត្តិសាស្ត្រតាមការយល់ឃើញផ្សេងៗគ្នា ព្រមទាំងជាការបង្ខំឲ្យប្រជាពលរដ្ឋទទួលស្គាល់អំណាចរបស់អ្នកកាន់អំណាចច្រើនជាង។
លោកបន្តថា៖ «វាឆ្លុះបញ្ចាំងអំពីការបិតមាត់មនុស្សមិនឲ្យនិយាយអំពីប្រវត្តិសាស្ត្រ ជជែកអំពីប្រវត្តិសាស្ត្រទៅតាមអ្វីដែលគេយល់ឃើញ ទៅតាមអ្វីដែលវាជាសច្ចភាព ប្តូរមកឲ្យលោកនិយាយអំពីប្រវត្តិសាស្ត្រទៅតាមអ្វីដែលអ្នកកាន់អំណាចរៀបចំ។ […] ប្រសិនបើកើតឡើងមែន វាជាការបង្ខំឲ្យពលរដ្ឋទទួលស្គាល់ភាពជាអាទិទេពនៃអ្នកកាន់អំណាច »។
ពាក់ព័ន្ធនឹងរឿងនេះដែរ សមាកជិកព្រឹទ្ធសភា កូតាមកពីគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា ឯកភាពចំពោះគំនិតផ្តួចផ្តើមឱ្យមានច្បាប់ប្រឆាំងថាគ្មានរបបពូជសាសន៍នេះដែរ។មិនតែប៉ុណ្ណោះ ការស្នើរសុំឲ្យមានច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍នេះ មិនមែនជាកិច្ចការមិនល្អនោះណាមួយនោះដែរ។តែទោះជាបែបនេះក៏ដោយ លោកក៏បានសង្កត់ធ្ងន់ដែរថា ភាគីអន្តរជាតិគួរតែមានគំរូភាពទៅដល់ប្រទេសនានាលើសកលលោក ទាក់ទិននឹងការដាក់ទោសទណ្ឌទៅដល់អ្នកដឹកនាំដែលបង្កឲ្យមានរបបប្រល័យពូជសាសន៍ ទើបជាការអនុវត្តដែលមានប្រសិទ្ធភាពពិតប្រាកដ។
លោកបន្តថា៖ «ខ្ញុំយល់ថាមនុស្សគ្រប់រូប ជាពិសេសប្រជាជនខ្មែរ សុទ្ធតែបានដឹងច្បាស់អំពីរបបប្រល័យពូជសាសន៍ ហើយការចង់ធ្វើច្បាប់ណាមួយពុំអាក្រក់នោះទេ។ប៉ុន្តែខ្ញុំយល់ថាអ្វីដែលសំខាន់ យើងចង់ឃើញអង្គការសហប្រជាជាតិ តុលាការអន្តរជាតិនាំយកប្រទេស ឬថ្នាក់ដឹកនាំដែលបង្កអោយមានរបបប្រល័យពូជសាសន៍មកផ្តន្ទាទោស ដើម្បីជាគំរូ»។
ហាក់ផ្ទុយពីនេះ លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ក៏បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ថា រឿងអ្វីក៏ដោយក៏លោក ហ៊ុន សែន អាចធ្វើបានដែរ ប្រសិនបើលោកចង់ធ្វើ។បើពិនិត្យទៅលើសំឡេងនៅក្នុងសភា និងសំឡេងនៃការបង្កើតច្បាប់ណាមួយនោះ មិនងាយដូចបកចេកយ៉ាងដូច្នោះដែរ សម្រាប់គណបក្សកាន់អំណាច។
លើសពីនេះទៅទៀត អំណាចដែលគណបក្សប្រជាជនមាន មិនទាមទារឲ្យមានការព្រមព្រៀងពីភាគីណានោះទេ។លោកក៏កត់សម្គាល់ឲ្យឃើញដែរថា ចេតនានៅក្នុងការស្នើរច្បាប់ជាថ្មីម្តងទៀតនេះ ប្រាកដជាមានផលចំណេញផ្នែកណាមួយជាក់ជាពុំខានសម្រាប់គណបក្សកាន់អំណាច។
លោកបន្តថា៖ «ខ្ញុំគិតថាការដែលគាត់ចង់បង្កើតច្បាប់ដែលគេមិនទទួលស្គាល់នេះ វាមិនមែនជារឿងថ្មីទេ វាធ្លាប់កើតមានម្តងស្រាប់រួចទៅហើយ។ […] ដូច្នេះ ចាំបាច់ ឬមិនចាំបាច់ គាត់មានអំណាចស្រាប់ទៅហើយ ពីព្រោះគាត់បាន១២០កៅអីហើយ ដូច្នេះទេគាត់ចង់ធ្វើអីក៏បានដែរនៅក្នុងដំណាក់កាលនេះ។ […] ខ្ញុំចង់ដឹងថា តើចេតនាអ្នកដែលស្នើរអនុម័តច្បាប់នោះគាត់ចង់បានអីវិញនៅក្នុងគោលបំណងរបស់គាត់។ ប៉ុន្តែបើសិនជាគាត់កាន់អំណាច គាត់ប្រាកដជាចាំបាច់ គាត់មានបំណងធ្វើអ្វីមួយហើយ»។
អ្នកនយោបាយវ័យក្មេងរូបនេះ មើលឃើញការដែលបង្កើតទៅជាច្បាប់ ដែលដាក់ជាកាត្វកិច្ចរបស់ប្រជាពលរដ្ឋឱ្យទទួលខុសត្រូវរឿងរបបវាលពិឃាតនេះ គឺជាការរឹតត្បឹតសេរីភាពនៅក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ព្រមទាំងអ្នកនយោបាយដែលមាននិន្នាការផ្ទុយទៅវិញទេ។
លោកបន្តថា៖«កាលណាដាក់ទៅជាកាតព្វកិច្ច ឬក៏ចងប្រជាពលរដ្ឋហើយវាតែងតែមានការរឹតត្បឹតហើយ កាលណាច្បាប់ចេញជាច្បាប់ហើយប្រាកដជាវារឹតត្បឹតនៃការបញ្ចេញមតិ។ […] ប៉ុន្តែក្នុងនាមជាប្រជាពលរដ្ឋ យើងត្រូវសិក្សាឲ្យច្បាស់ថាតើចំណុចណាមួយដែលយើងគួរតែនិយាយ ចំណុចណាមួយដែលមិនគួរនិយាយ ពិសេសអ្នកនយោបាយ ឲ្យឆ្លាតជាងច្បាប់ដែលគេបានអនុម័តហ្នឹង»។
រីឯលោក លី សុធារ៉ាយុទ្ធ មន្ត្រីចាន់ខ្ពស់គណបក្សភ្លើងទៀន បានឲ្យដឹងថា លោកមិនជំទាស់នឹងការធ្វើច្បាប់ថ្មីនេះទេ ប៉ុន្តែគួរតែមានការគិតដល់សេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «រាល់ការធ្វើច្បាប់នានា ក៏ត្រូវតែគិតដល់សេរីភាពនៃការបញ្ចេញមតិដែលជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដែលមិនអាចខ្វះបាន។ […] យើងមិនជំទាស់ទេចំពោះការចង់បង្កើតច្បាប់ប្រឆាំងនឹងអ្នកដែលមិនទទួលស្គាល់របបប្រល័យពូជសាសន៍នៅកម្ពុជា។ យើងទាំងអស់គ្នា ស្អប់ខ្ពើមរបបឃោរឃៅយង់ឃ្នង ឬពិឃាដនេះ »។
មិនតែប៉ុណ្ណោះ បើតាមលោក លី សុធារ៉ាយុត្តិ បើច្បាប់នេះពិតអាចលេចចេញជារូបរាងមែន គេគួររកឲ្យឃើញ និងផ្តន្ទាទោសអ្នកដែលសមគំនិត និងនៅពីក្រោយរបបប្រល័យពូជសាសន៍នេះ រួមនឹងបរទេសដែលគាំទ្ររបបនេះទាំងផ្នែកស្មារតី គំនិត បច្ចេកទេស និងមធ្យោបាយផ្សេងៗដែរ ទើបជាជម្រើសដែលល្អប្រសើរ។
លោកបន្តថា៖ «ដែលបានដឹងហើយថា ជារៀងរាល់ឆ្នាំគណបក្ស តែងតែធ្វើបុណ្យរម្លឹកដល់វិញ្ញាណក្ខន្តពលរដ្ឋខ្មែររាប់សែន លាននាក់ដែលត្រូវបានស្លាប់យ៉ាងវេទនាដោយសារតែការបង្ខំឲ្យធ្វើការលើសកម្លាំង ឈឺគ្មានថ្នាំព្យាបាល ការបង្អត់អាហារ និងការធ្វើទារុណកម្មលើរាងកាយគ្រប់ប្រភេទជាដើម ក្នុងរបបប្រល័យពូជសាសន៍ក្រោមការដឹកនាំរបស់ខ្មែរក្រហម»។
លោកនិយាយថា មិនថាគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ឬពលរដ្ឋទូទៅទេ ដែលចង់បាននូវលំហសេរីភាព និងបរិយាកាសនយោបាយល្អ ដែលស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញរបស់ជាតិ ។
កាលពីថ្ងៃទី២២ ឧសភា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាចផង បានផ្តួចផ្តើមគំនិតឲ្យបង្កើតច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍ជាថ្មីទៀត ក្នុងគោលដៅដាក់ទោសលើជនណានិយាយថាគ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា។
សារនយោបាយដូចដែលលោក ហ៊ុន សែន ព្រមានជាថ្មីឡើងវិញនេះ ធ្វើឡើងក្នុងពេលដែលលោកចូលរួមសម្រាប់ទិវា ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅរាជធានីភ្នំពេញ។បើតាមអ្នកនយោបាយចាស់វស្សារូបនេះ ការតាក់តែងច្បាប់នេះ មិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន។
លោកបន្តថា៖«ខ្ញុំសូមស្នើឱ្យអ្នកច្បាប់ទាំងអស់ តើយើងអាចនឹងដាក់ច្បាប់នៅប្រទេសកម្ពុជាបាន ឬអត់ សម្រាប់ជនទាំងឡាយណាក៏ដោយ ដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ គឺត្រូវទទួលទោស។ ហេតុអីបានជាខ្ញុំត្រូវហ៊ាននិយាយអីចឹង? សាលក្រមតុលាការមួយ ដែលបានចេញថា កម្ពុជាមានរបបប្រល័យពូជសាសន៍ ដំណើរការកាត់ទោសរបបប្រល័យពូជសាសន៍។ អីចឹងបើសាលក្រមតុលាការចេញអីចឹងហើយ តើយើងដាក់ច្បាប់មួយ ដើម្បីអះអាងថា កម្ពុជាមានរបបប្រល័យពូជសាសន៍? […] នៅអឺរ៉ុប ដូចជាមាន ដែលថា អ៊ីត្លែរ មិនមែនជារបបហ្វាស៊ីស ដូចជាមានទោស។ អីចឹងកម្ពុជា គួរធ្វើទេ? »។
ដោយឡែក អង្គការសហប្រជាជាតិបានកំណត់និយមន័យថា អំពើប្រល័យពូជសាសន៍ (Genocide) គឺជាការសម្លាប់រង្គាលដោយចេតនាជាក់លាក់ដើម្បីបំផ្លាញទាំងស្រុង ឬដោយផ្នែកទៅលើក្រុមជាតិ ក្រុមជាតិពន្ធុ ក្រុមពូជសាសន៍ ឬក្រុមជំនឿសាសនាណាមួយ។
នៅក្នុងប្រវត្តិសាស្រ្ត អំពើប្រល័យពូជសាសន៍ជាច្រើនបានកើតមានឡើងនៅកន្លែងខុសៗគ្នាពាសពេញពិភពលោក រួមមានចាប់តាំងពីសង្រ្គាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្កោល ដល់របបខ្មែរក្រហម ដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ជាង៣ឆ្នាំ ក្រោមគោលនយោបាយ កម្ពុជាប្រជាធិបតេយ្យក្លែងក្លាយ។
ក្នុងបញ្ញត្តិមាត្រា២ នៃច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលបានដាក់ដំណើរការឲ្យប្រើប្រាស់កាលពីឆ្នាំ២០១៣ បានចែងថា «រាល់ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានទទួលស្គាល់ដោយច្បាប់ ឬដោយសេចក្តីសម្រេចជាស្ថាពររបស់តុលាការដែលមានអានុភាពអនុវត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ »៕