សាលាឧទ្ធរណ៍​ភ្នំពេញ បាន​បដិសេដ​សំណើរ​របស់​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ដែលស្នើសុំ​​កោះហៅ​​មន្ត្រី​នគរបាល​យុត្តិធម៌​ ឱ្យ​មក​​បំភ្លឺ​​ករណី​ចូល​​ចាប់​​ខ្លួន​ទាំង​បង្ខំ​ក្នុង​គេហដ្ឋាន​របស់​លោក កឹម សុខា។ នេះ​បើ​តាម​សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា។

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សាលាឧទ្ធរណ៍ភ្នំពេញ បាន​បន្ត​បើកសវនាការ​លើសំណុំរឿង​លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ដោយ​​ក្នុង​សវនាការ​លើក​ទី​៩​​នេះ តុលាការ​​បាន​​បន្ត​អាន​របាយការណ៍​សាក្សី និង​មន្ត្រី​នគរបាល​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​២០១៧។

ថ្លែងប្រាប់អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់សវនាការ សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ផែង ហេង បាន​ឱ្យ​ដឹង​​ថា ក្នុងអំឡុងពេលសវនា​ការនោះ​ ក្រុមមេធាវីបានស្នើដល់​តុលាការ កោះហៅ​មន្ត្រីនគរបាលយុត្តិធម៌ ឱ្យមកចូលបំភ្លឺ ពីមូលហេតុនៃការ​ចូលចាប់ខ្លួន​កូនក្តីរបស់ខ្លួន​ទាំងយប់ នៅគេហដ្ឋាន ប៉ុន្តែត្រូវបានតុលាការ​បដិសេធ។

លោក​​​ថា៖ «ក្នុង​នោះ​មេធាវី​យើង​យល់​ឃើញ​ថា ​វត្តមាន​របស់​ប៉ូលីស​ដែល​ចុះ​ទៅ​ទម្លុះ​ផ្ទះ ទ្វារ​ផ្ទះ ទ្វារ​របង​​ចូល​ចាប់​ឯកឧត្តម កឹម សុខា ​ទាំង​យប់​កណ្តាល​អាធ្រាត្រ​នោះ មាន​ភាព​ចាំបាច់​ដើម្បី​​យើង​សួរ​ថា​តើ​គាត់​ចូល​ទៅ​ហ្នឹង​ចាប់​បាន​នូវ​ភស្តុតាង​អី​ខ្លះ ហើយ​មាន​តម្រុយ​អី​ខ្លះ ​ដើម្បី​សួរ​​ដេញ​ដោល​​នៅ​ចំពោះ​មុខ​សវនាការ»។

លោក​មេធាវី ផែង ហេង បានបញ្ជាក់ទៀត​​​​ថា ក្នុងពេលសវនាការ​នោះដែរ​​ លោក កឹម សុខា នៅ​តែ​បន្ត​បង្ហាញ និង​បញ្ជាក់​ទៅ​តុលាការ​​​ថា​គាត់​​មិន​បាន​ក្បត់​ជាតិ ឬ​នាំ​បរទេស​​មក​ឈ្លាន​ពាន​​ក្នុង​ទឹកដី​កម្ពុជា​ឡើយ ខណៈរូបគាត់​​ជា​អ្នក​ស្រឡាញ់​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​តែងតែ​ចង់​ឃើញ​ប្រទេស​ជាតិ​មាន​ការ​ដឹកនាំ​មួយ​ដែល​គោរព​សិទ្ធិ​មនុស្ស និង​ការ​ផ្សះផ្សា​ជាតិ។

គេហទំព័រ Newsroom Cambodia មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង បាន​នៅ​ឡើយ​ទេ។

សម្រាប់​​សវនាការលើក​ទី​៩នៅសាលាឧទ្ធរណ៍​​ភ្នំពេញ​ ដែល​ត្រូវ​បាន​​រំពឹង​ថា​ជា​សវនាការ​លើក​ចុងក្រោយ​​របស់​អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​​មួយនេះ​ គេ​សង្កេត​​ឃើញ​មាន​ការ​ចូល​រួម​តាមដាន​​ពី​បណ្តា​អង្គទូត​បរទេស ក្រុម​អង្គការ​សង្គមស៊ីវិល និង​អ្នកគំាទ្រ​មួយ​ចំនួន​ផងដែរ។ ប៉ុន្តែ បើតាម​​សហ​មេធាវី​ការពារ​ក្តី​ឱ្យ​​លោក កឹម សុខា បញ្ជាក់​ថា នេះមិនមែនជាសវនាការលើកចុងក្រោយនោះទេ គឺនៅមាន​​សវនាការ​លើក​ទី​១០ នឹង​ធ្វើឡើង​នាថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២៤ ខាងមុខ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​ចូលរួម​តាមដាន​ក្នុង​សវនាការ លើសំណុំរឿងរបស់​​លោក កឹម សុខា នេះ​ដែរ បាន​ថ្លែង​​​ថា នៅ​ក្នុង​​សវនាការ នាព្រឹកមិញនេះ ​មាន​ការ​អាន​របាយការណ៍​របស់​សាក្សី​ចំនួន​ ១៣រូប ហើយ​​មាន​ការ​​សម្រេច​មួយ ​ទៅ​លើ​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ក្នុង​ការ​ហោះហៅ​សាកសួរ​មន្ត្រី​នគរបាល​យុតិ្តធម៌​ចូល​ក្នុង​អង្គជំនុំ​ជម្រះ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេដ ដោយ​ថា​គួរ​តែ​សួរ​ក្នុង​ដំណាក់​កាល​ចៅ​ក្រម​ស៊ើបសួរ ​មិន​មែន​ក្នុង​ដំណាក់​កាល​ចៅក្រម​ជំនុំជម្រះឡើយ។

លោក​​ថ្លែង​ថា៖ «ថ្ងៃនេះ​គ្រាន់តែ​ជា​ការ​អាន​ទៅ​លើ​កំណត់ហេតុ​ហ្នឹង​វា​ច្រើន ហើយ​នៅ​លើក​ទី​១០ ក៏ប្រហែល​​នៅ​បន្ត​អាន​កំណត់​ហេតុ និង​របាយការណ៍​បន្ត​ទៀត»។

យ៉ាងណា លោកយល់​​ថា ការ​កោះហៅ​មន្ត្រី​នគរបាល​យុត្តិធម៌ ចូលមក​សាកសួរ ក្នុង​សំណុំរឿងនេះ ជាការបង្ហាញនូវយុត្តិធម៌មួយ។

លោកថ្លែងថា៖ « អ៊ីចឹងប្រសិន​បើយើង​ជា​អ្នក​សាធារណជន ដែល​ចូល​ស្តាប់​ហ្នឹង អ្វី​ដែល​យើង​ចង់​ឃើញ គឺ​កាល​ណា​ពាក្យ​ថា យុត្តិធម៌ គឺ​គ្រប់​ភាគី​ពាក់ព័ន្ធ គួរ​តែ​ត្រូវ​បាន​បង្ហាញ ហើយ​មាន​ការ​សាក​សួរ និង​បំភ្លឺ ដើម្បី​ស្វែង​រក​យុត្តិធម៌ ឱ្យ​បាន​ពេញលេញ ប៉ុន្តែ​ទោះជាយ៉ាងណា នេះ​ជា​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ទៅ​ហើយ»។

អតីត​​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះជាតិ ​លោក​ កឹម សុខា​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ ពី​បទ ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​គប់​គិត​ ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស ​ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ​ កាល​ពី​ឆ្នាំ​២០២៣ ​ហើយ​តាម​ការ​ផ្តន្ទាទោស​នោះ​ លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​រយៈពេល ​២៧​ឆ្នាំ។ ជាមួយគ្នានោះ សិទ្ធិ​នយោបាយ​របស់​លោក​ទាំង​អស់ ​ត្រូវ​​បាន​ដក​ហូត ​ហើយ​លោក​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​​​ពី​​តុលាការ​។

បន្ទាប់​ពី​សវនាការ​លើក​ទី៩ ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ លោក កឹម សុខា នឹង​ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ជំនុំ​ជម្រះលើក​ទី១០ នៅថ្ងៃទី៦ ខែ​មិថុនា​ ខាង​មុខ​នេះ​ ប្រសិន​បើ​មិន​មាន​​ការ​ប្រែប្រួល​ណាមួយ។ បើតាម​សហ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា ពួកគេ​មិន​ដឹង​​​ថា ​សវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​​​របស់​​លោក កឹម សុខា នឹង​បញ្ចប់​នៅ​ពេល​ណា​ឡើយ៕