លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងសមត្ថកិច្ច ចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះក្មេងទំនើង ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសង្គម ក្រោយលោកមើលឃើញថាមួយរយៈក្រោយនេះមានក្មេងទំនើងធ្វើសកម្មភាពកាប់គ្នាច្រើនករណី។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវ ឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះក្មេងទំនើង ដែលធ្វើសកម្មភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។
លោកថ្លែងថា៖ «រឿងបងធំ បងតូច កាប់គ្នាច្រើនណាស់ អត់ទេ សូមឱ្យពង្រឹងកិច្ចការងារនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជាទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបណ្ដឹងការចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាម៉ូរ៉ៃ កាប់គ្នាប៉ុន្មានថ្ងៃនេះនៅភ្នំពេញ ម្សិលម្ងៃឃើញដាច់ដៃដាច់អី បំផ្លាញនូវទ្រព្យសម្បត្តិ តែភាគីចុះ ប៉ុន្តែវាធ្វើឱ្យភិតភ័យដល់ប្រជាពលរដ្ឋ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនៅក្នុងការបង្ក្រាប ទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ គ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមានរបស់យើង»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ យល់ថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ជាការបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្មេងទំនើង។ លោកបន្តថា កន្លងទៅក្រសួងក៏បានដឹកនាំកិច្ចប្រជុំជាប្រចាំជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ទប់ស្កាត់ និងបានចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់លើបញ្ហានេះ។
លោកថ្លែងថា៖ « ការផ្តាំផ្ញើសារទៅឱ្យក្រុមក្មេងទំនើងទាំងអស់ ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ បើសិនជាមិនបញ្ឈប់សកម្មភាពជាបន្ទាន់ទេ ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់មួយ ហើយនិងការពិនិត្យបង្កើតនូវបទបញ្ញត្តិចំពោះសកម្មភាពក្មេងទំនើងនេះបន្ថែមទៀត ដើម្បីអនុវត្តទៅលើសកម្មភាពអវិជ្ជមានទាំងអស់ហ្នឹង»។
ចំណែក អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ Newsroom Cambodia មានប្រសាសន៍ថា លោកកំពុងតែធ្វើកិច្ចការនេះទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ។
លោកថា៖ «ការងារនេះ ជាការងារសម្រាប់ការពារសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រោះថានៅក្នុងការងារសន្តិសុខនេះ អ្នកមានក៏ត្រូវការ អ្នកក្រក៏ត្រូវការ ជនអនាថាក៏ត្រូវការសន្តិសុខដែរ ព្រោះមានតម្រូវការចាំបាច់គ្រប់ៗគ្នាតែម្តង អញ្ចឹងការងារនេះត្រូវបានអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ ទៅតាមការដឹកនាំរបស់សម្តេចមហាបវធិបតី គឺធ្វើយ៉ាងណា ធានាឱ្យបាននូវសន្តិសុខជូនប្រជាពលរដ្ឋ»។
លោកបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ជួយជំរុញ និងអប់រំកូនៗឱ្យបានរៀនសូត្រក្នុងសាលា ដើម្បីកុំឱ្យពាក់ព័ន្ធជាមួយក្រុមក្មេងទំនើង ធ្វើយ៉ាងណាឱ្យក្លាយជាកូនល្អ ពលរដ្ឋល្អនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
មិនខុសគ្នាពីអភិបាលរាជធានីភ្នំពេញទេ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានកត់ចំណាំថាមួយរយៈនេះ ករណីក្មេងទំនើងកើតមានឡើងច្រើនគួរឱ្យកត់សម្គាល់ ទោះបីមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការទប់ស្កាត់ក៏ដោយ។
លោកបន្តថា៖ «ជារួម នេះជាបទបញ្ជាបន្ថែមលើអ្វីដែលមានស្រាប់លើបទបញ្ជារបស់លោក[លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត] កន្លងមក ហើយវាជាការពញ្ញាក់អារម្មណ៍ ដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ភូមិ ឃុំ សង្កាត់ ជាពិសេសអគ្គមេបញ្ជាការអង្គភាពរបស់ខ្លួនត្រូវពង្រឹងយន្តការនៃការអនុវត្ត នៅភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់ខ្លួន ធ្វើយ៉ាងណាថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនពូមីងប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសសន្តិភាពហើយ បែរជាកើតចេញនៅបញ្ហានៅក្នុងសង្គម ដែលធ្វើឱ្យមានរបួស មានស្នាម បាក់ដៃ បាក់ជើង កំបុតដៃកំបុតជើង»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ដែលឱ្យសមត្ថកិច្ចរឹតបន្តឹងចំពោះក្មេងទំនើង ជារឿងល្អ គឺដើម្បីថែរក្សាសណ្ដាប់ធ្នាប់សង្គម។ លោកបន្តថា បញ្ហាក្មេងទំនើងនេះ មានកត្តាជាច្រើនដែលកើតមានឡើង ដូចជា កង្វះគុណភាពអប់រំ កត្តាគ្រួសារ និងកត្តាបរិយាកាសនៅក្នុងសង្គមផងដែរ។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងបញ្ហានេះដែរ យើងឃើញថាបើសិនជាអាជ្ញាធរនៅថ្នាក់ក្រោមជាតិ និងភាគីដែលពាក់ព័ន្ធទាំងអស់រួមគ្នា អាចធ្វើឱ្យសុវត្ថិភាពសង្គមរបស់យើងកាន់តែល្អ ហើយកាត់បន្ថយការខូចខាតទ្រព្យសម្បត្តិសាធារណៈ ក៏ដូចជាមិនបង្កឱ្យមានបញ្ហាកង្វល់ច្រើនទៅដល់សហគមន៍ និងប្រជាពលរដ្ឋរបស់យើង ជាពិសេសគឺអាចជួយលើកកម្ពស់សុខមាលភាព ហើយក៏ជាផែនទីបង្ហាញផ្លូវមួយដែរ នៅក្នុងការជួយជ្រោមជ្រែងដល់រដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់សន្តិសុខសង្គម និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ»។
យ៉ាងណា លោកថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំ ត្រូវបង្កើនគុណភាពអប់រំ ជាពិសេសការអប់រំផ្នែកផ្នត់គំនិត និងក្រមសីលធម៌ ពាក់ព័ន្ធជាមួយបញ្ហាសង្គម សន្តិសុខ គ្រឿងញៀន និងជីវិតរស់នៅប្រចាំថ្ងៃ។ លោកបន្តថា អាណាព្យាបាល ត្រូវតែមានការណែនាំទៅដល់កូនចៅរបស់ខ្លួន ដើម្បីឱ្យពួកគាត់យល់អំពីអ្វីដែលជាទង្វើល្អ និងប្រឹងប្រែងសិក្សារៀនសូត្រ។
ជាមួយគ្នានេះ លោកក៏ជំរុញដល់ភាគីពាក់ព័ន្ធ គួរតែបង្កើតឱ្យមានកម្មវិធីនៅក្នុងសហគមន៍ ជួយក្មេងដែលគាត់មានបញ្ហាវិបត្តិនៅក្នុងគ្រួសារ ជួយលើកទឹកចិត្ត និងធ្វើសកម្មភាពវិជ្ជមានឱ្យបានច្រើន ដើម្បីឱ្យពួកគាត់អាចឆ្លងផុតនូវបញ្ហាផ្សេងៗ៕