គណបក្សនៅក្រៅរដ្ឋាភិបាល រកឃើញពីភាពមិនប្រក្រតីមួយចំនួនបានកើតឡើង នៅអំឡុងពេលយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រ បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ខណៈដែលស្ថា​ប័នជាតិរៀបចំការបោះឆ្នោត​ អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងដំណើរការបោះឆ្នោតនេះ រក្សាភាពស្ង​ប់ស្ងាត់ នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនៅចំថ្ងៃបិទបញ្ចប់ការឃោសនានេះ។

អគ្គលេខាធិការ នៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ អះអាងថាមួយរយៈពេលនៃយុ​​ទ្ធនាការ​​ឃោ​​ស​​នា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ស្រុក ខណ្ឌ ខេត្ត ក្រុង នេះអង្គបោះ​​ឆ្នោត​​រប​ស់​​គណបក្សភ្លើងទៀន ត្រូវបានលួងលោម បញ្ចុះបញ្ចូល និងអូសទាញក្នុងគោលបំណងទិញទឹកចិត្តពីសំណា​​ក​មន្រ្តីមានឥទ្ធិពលនៅតាមគោលដៅខ្លះ។ជាងនេះទៀត អង្គបោះឆ្នោតមួយចំនួនក៏ទទួលរង់ការបំភិតបំភ័​​​យ​​​ពីបុ​​គ្គ​​​លមា​ន​​​អំ​ណាចដូចគ្នាដែរ។មិនតែប៉ុណ្ណោះ អង្គបោះឆ្នោតខ្លះត្រូវបង្ខំចិត្តភៀសខ្លួនរកកន្លែងមានសុវ​ត្ថិ​​​​ភា​​ព​​ដោយ​​សា​​​រតែតុលាការចេញដីកាឱ្យនាំខ្លួនជាដើម។
លោកបន្តថា៖ «ចាប់ពីដើមឆ្នាំខែមករា ២០២៤ មក សកម្មជន និងសមាជិក១៨ រូប (បេក្ខជន និងអង្គបោះឆ្នោត)ត្រូវបានចាប់ និងឃុំខ្លួននៅពន្ធនាគារ ។ ការចាប់ខ្លួនបេក្ខជន និងអង្គបោះឆ្នោតរបស់គណបក្ស វាបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និងដំណើរការនៃការរៀបចំការបោះឆ្នោតនេះ និងប៉ះពាល់ដល់លទ្ធផលបោះឆ្នោតរបស់គណបក្ស»

ប្រហាក់ប្រហែលគ្នានេះដែរ សមាជិកព្រឹទ្ធសភា កូតាមកពីគណបក្សឆន្ទ:ខ្មែរ លោក គង់ មូនីកា ក៏ឯកភា​​ព​ដែរថា ក្នុងរយៈពេលប្រមាណ៨ថ្ងៃកន្លងទៅនេះ មានរូបភាពមួយចំនួន បានកើឡើងចំពោះអង្គបោះឆ្នោត រប​ស់គណបក្សក្រៅរដ្ឋាភិបាល។លោកបន្តថា របាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់បានផ្តល់ឱ្យបង្ហាញថា រូបភាពនៃការបំភិតបំភ័យ និងប្រើវិធីអូសទាញគ្រប់រូបភាព កំពុងកើតឡើងចំពោះអង្គបោះឆ្នោត របស់​​គ​​ណ​​​បក្សភ្លើងទៀន។

បើតាមលោក គង់ មូនីកា នៅចំពោះមុខនេះ ការវាយតម្លៃពីដំណើរការបោះឆ្នោតថាប្រព្រឹ​ត្តទៅមានភា​ពល្អ​ប្រ​​សើរ ឬយ៉ាងណានោះ វាហាក់ប្រញាប់ប្រញាល់ពេក។ក្នុងន័យនេះ គឺត្រូវរង់ចាំរហូតដល់​ក្រោយកា​របោះ​ឆ្នោ​​តបិទបញ្ចប់សិន ទើបអាចដឹងពីភាពត្រឹមត្រូវ និងសុក្រឹត្យភាពបាន។បើទោះជាបែបណា សម្រាប់អ្ន​កនយោបាយរូបនេះ ទទួលស្គាល់ថា ដំណើរការបោះឆ្នោតលើកនេះ ហាក់មានភា​ពល្អប្រ​សើរលើផ្នែកខ្លះ

លោកបន្តថា៖«ខ្ញុំកំពុងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយដើម្បីបញ្ជាក់ថារហូតមកដល់ពេលនេះមានស កម្មភា​ពអ្វីខ្លះបាទដែលក្រុមប្រឹក្សាជាប់ឆ្នោតរបស់យើងបានជួបប្រទះ យើងនឹងធើ្វការពិនិត្យមើលវាយតម្លៃ ចំ​​ពោះ​ដំណើរការបោះឆ្នោតនេះនៅក្រោយបន្ទាប់ពីការបោះឆ្នោតហើយបាទ ចំពោះការចាប់ខ្លួនរបស់យើងកន្ល​​​ងមក។យើងឃើញបេក្ខជនដែលឈរលេខរៀង ខាងលើពេញសិទ្ធិយើងមានការចាប់ខ្លួនជាបន្តបន្ទាប់នេះ​ ដូចជា៧រូបហើយថ្មីៗនេះមានការចាប់ខ្លួនថែម២រូបទៀត នៅក្នុងខេត្តកំពង់ចាម។ ដូច្នេះហើយយើងកំពុងឆ្លៀតឪកាសសូមអំពាវនាវដល់អាជ្ញាធរមានសម្ថតកិច្ចសូមមេត្តាទម្លាក់ចោលរាល់បទចោទប្រកាន់ទាំ​ង​ឡាយដើម្បីឲ្យពួកគាត់អាចចូលរួមដំណើរប្រកួតប្រជែងដោយសេរីត្រឹមត្រូវ យុត្តិធម៌ មួយក្នុងគោលបំ​ណ​ង​ក៏សាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»

ដូចគ្នានេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ស្របថា បរិយាកាសនៅ​មុនការ​បោះឆ្នោ​​ត​នេះ ហាក់មិនអំណោយផលសម្រាប់បក្សក្រៅរដ្ឋាភិបាលទេ។បន្ថែមពីលើនេះ មេដឹកនាំគណបក្សន​​យោ​​បាយ​ សហជីព សហគមន៍ និងសកម្មជននយោបាយត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់។បញ្ហានេះ លោក រ៉ុង ឈុន ចាត់ទុកថា ធើ្វឲ្យប៉ះពាល់បរិយាកាសនៃការបោះឆ្នោត និងអង្គបោះឆ្នោត ដែលជារូបភាពមួយប​​ង្ហា​​​​​​​ញពីការគំរាមគំហែងទៅដល់អង្គបោះ​ឆ្នោត។

មិនត្រឹមតែប៉ុណ្ណោះ នៅមុនថ្ងៃបោះឆ្នោតមកដល់នេះ លោកទទួលបានដំណឹងពីអង្គបោះឆ្នោតមួយចំនួ​ន​ត្រូ​​​​វរង់ការសម្លុត និងធ្វើទុក្ខបុកម្នេញ ជាពិសេសការទិញទឹកចិត្តឲ្យទៅគាំទ្រគណបក្សនេះ ឬគណបក្សនោះ​​​។ហើយករណីនេះ បានកើតឡើងជាញឹកញាប់ជាពិសេសនៅមុនពេលថ្ងៃបោះឆ្នោតមកដល់។

លោកបន្តថា៖«ចំាពោះគណបក្សកម្លាំងជាតិមកដល់ពេលនេះពេលការចាប់ខ្លួន៣នាក់ចំពោះប្រធានគ​​ណ​​បក្សមួយ អគ្គហិរញ្ញគណបក្សក៏ដោយជាមានអនុប្រធានក្រុមការងារគណបក្សខេត្តកំពង់ចាម ស្រុកមា​​ន​តែ​៣រូបហ្នឹងទេបាទ ខ្ញុំមិនចាំថ្ងៃបានទេ ចន្ធី ចុះយន្តហោះកាលពីព្រឹកថ្ងៃទី០៩ ខែឧសភា នៅ២នាក់ទៀតខ្ញុំ​អត់ចាំថ្ងៃទេបាទ»

លោកបន្ថែមថា៖«ក្នុងនាមគណបក្សកម្លាំងជាតិគ្រាន់ចង់ជម្រាបទៅដល់អង្គបោះឆ្នោត សំរេចចិត្តទៅតាមឧត្ត​ម​គតិ គោរពទៅតាមម្ចាស់ឆោ្នតបានប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យចឹងសូមឲ្យអង្គបោះឆ្នោតគឺទាំងអស់គឺត្រូនតែធើ្វការសំរេចដោយមិនភ័យខ្លាច មិនក្រោមការគាបសង្កត់ ពីព្រោះការបោះឆ្នោតគឺជាការបោះដោ​​យ​សម្ងាត់គ្មានអ្នកណាដឹងពីការសំរេចចិត្តរបស់យើងនោះទេ។ជាចុងក្រោយសូមអង្គបោះឆ្នោតចូលរួមបោះឲ្យគណបក្សកម្លាំងជាតិដែលឈរតាមក្រុង និងខេត្ត លេខរៀងទី៣»

នៅចំថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសម្រាប់នីតិកាលទី៤ នៅ​​​ថ្ងៃ​​សុ​ក្រនេះ គ.ជ.ប បានចេញសេចក្តីប្រកាសរបស់ខ្លួន ដោយអំពាវនាវឱ្យគ្រប់​​​តួអង្គ ជាពិ​​សេស​​គណ​ប​​ក្ស​​ន​យោ​បាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត រក្សាបាននូវភាពស្ងប់ស្ងាត់។

ប្រភពបន្តថា៖«សេចក្តីអំពាវនាវរបស់គណ: កម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៤ ជូនដល់គណបក្សនយោបាយបេក្ខជន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:00 យប់ថ្ងៃទី២៤ ខែឧសភា រហូតដល់ម៉ោង ១២:០០ យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ »។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ចាត់ទុកថា ប្រសិនបើ​​មានប​​​ញ្ហា​​ទិញទឺកចិត្ត ឬរូបភាពនៃការគំរាមកំហែងបែបនេះ នោះមានន័យថាជាករណីប្រ​​ព្រឹត្តិផ្ទុយពីគោ​​លការ​​ណ៍​​​ច្បាប់ហើយ។លោកបន្តថា នៅចំពោះមុខនេះ វិវាទកើតចេញពីភាពមិនប្រក្រតីនេះ លោកទទួស្គាល់​ថា​​មា​​នការកើតឡើងខ្លះៗ ប៉ុន្តែស្ថាប័នជំនាញក៏ពុងដោះស្រាយហើយដែរ។

លោកបន្ថែមថា៖«បើមានរឿងបែបនេះ នោះចាត់ទុកជាភាពប្រក្រតីហើយប៉ុន្តែបើមានយុទ្ធនាការនៃគ.ជ.ប គឺត្រូវដោះស្រាយតាយរយៈពេលពាក្យបណ្តឹងហើយមិនមានពាក្យបណ្តឹងណាដែលពាក់ព័ន្ធនឹងបញ្ហានឹងទេ ឃើញមានពាក្យបណ្តឹង ២នៅក្នុងខេត្តព្រះវិហារ នឹងខេត្តស្វាយរៀងគឺបណ្តឹងនោះមានលក្ខណៈការ ជេរ​​ប្រមាថបរិហារកេរ្តិ៍ ជាលក្ខណៈបុគ្គលតាមរយៈតេឡេក្រាម ចឹងបើសិនស្តាប់រវាងគូរភាគី ជេរប្រមាថរឿ​​​ងមួយដូចជាធំដុំណាស់បាទ។ប៉ុន្តែបើសិនជាបំណែកនៃទិដ្ឋភាពច្បាស់នឹងអ្វីកើតឡើងគឺគ្មានអ្វីជាផលប្រ​​កួ​ត​​សំរាប់ធើ្វការដោះស្រាយនោះទេ ចឹងសំរាប់ គ.ជ.ប ធើ្វលិខិតជូនដំណឹងទៅម្ចាស់បណ្តឹងរួចទៅហើយបា​​ទ​»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤ តាមបែបអសកលនេះ មានគណបក្ស​​នយោ​​បា​យ​​ចំ​​នួ​នប្រាំ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។

គេហទំព័រ Newsroom Cambodia មិនអាចស្នើសុំការបំភ្លឺជុំវិញរឿងនេះ ពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានទេនៅថ្ងៃទី២៤ ខែឧសភា នេះ។

ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធក្នុងការផ្តល់ព័ត៌មា​នលម្អិត​ដោ​យ​លោកអះអាងថា មិនសូវទទួលបានព័ត៌មានគ្រប់គ្រាន់ទេ ក្រោយពីលោកត្រូវសម្រា​កលំហែកាយមួយ​​រយៈ​​ពេលកន្លងទៅនេះ។បើតាមអ្នកនាំពាក្យរូបនេះ គឺមានតែស្ថាប័នអ្នកនាំពាក្យរដ្ឋាភិបាលទេ ដែល​​អាច​​ក្តា​​ប់រឿងជុំ។

លោកបន្តថា៖ «សួរអ្នកនាំពាក្យរាជរដ្ឋាភិបាលទៅ ឬមួយក៏អ្នកនាំពាក្យសាលាក្រុងពាក់ព័ន្ធក្រុង បើខេត្តពាក់ព័ន្ធខេត្តសួរខេត្តទៀតអ្នកនាំពាក្យរាជរដ្ឋាភិបាលគាត់ក៏មិនអាចនិយាយច្រើនដែលព្រោះការងារបក្សខ្ញុំបានសំរាក ១ខែហើយមិនទាន់ក្តោបបានទើបមកដល់»

បដិសេធនឹងការឆ្លើយតបករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន​ បូណា បាននិយាយដោយខ្លីនៅថ្ងៃនេះថាលោកមិនអាចផ្តល់ការអត្ថាធិប្បាយដោយលម្អិតបានទេ ដោយសារលោកជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល មិនមែន​​ស្ថិត​​នៅក្នុងក្របខណ្ឌនៃបក្សនយោបាយ។

លោកបន្តថា៖ «ទី១ ..ប ប្រកាសជូនរាល់ថ្ងៃអំពីស្ថានភាពឃោសនាបោះឆ្នោត ទី គ្រាន់តែលេខរៀងគណបក្សមិនចាំបាច់សួរអ្នកនាំពាក្យរាជរដ្ឋាភិបាលទេព្រោះជាព័ត៌មានសាធារណដែលគេដឹងគ្រប់គ្នាឱ្យតែបានតាមដាននិងយល់ពីនីតិវិធីនៃការបោះឆ្នោត។ អរគុណ »

ផ្ទុយពីអ្វីដែលគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ប្រឈមនឹងបញ្ហា ចំពោះលោក ញឿន រ៉ាដែន អ្នកនាំពា​​ក្យ​​​គណបក្សរាជានិយម ហ្វុនស៊ិនប៉ិច វិញ អះអាងថាក្នុងអំឡុងពេល​យុទ្ធ​នាការឃោសនាបោះឆ្នោត ស្វែងរ​​កសំ​​ឡេងគាំទ្រនេះ អង្គបោះឆ្នោត និងបេក្ខភាពរបស់គ​ណបក្ស​រា​​ជា​​និ​​​យម មិនមាន​​បញ្ហាណា​​មួយ​​កើ​តឡើ​​​ង​ទេ។ជាងនេះទៀត សកម្មភាពឃោសនា ក្នុងរយៈពេល៨ថ្ងៃនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងគ្មា​​ន​បា​​តុភាពណាមួយកើតឡើងនោះទេ។

លោកបន្តថា៖«គណបក្សហ៊្វុន ស៊ិនប៉ិច យើងមែនទែនទៅការដាក់ឈ្មោះនេះមិនមែនលេខរៀងទីប៉ុន្មា ទេគ្រប់គណបក្សគឺឈរដូចជាបានដាក់សើ្ទរតែគ្រប់រាជធានីខេត្តបាទ»

លោកបន្ថែមថា៖ «ចុងក្រោយខ្ញុំសូមសំណូមពរតែដល់អង្គបោះឆ្នោតទាំងអស់ជាក្រុមប្រឹក្សាឃុំ សង្កាត់ ដែមានសិទ្ធិបោះឆ្នោតអញ្ចើញទៅបោះឆ្នោតគ្រប់ៗគ្នាហើយជួយគណបក្សហ៊្វុន ស៊ិនប៉ិច ដើម្បីទុកលទ្ធភា​​ធើ្វយ៉ាងណាគណបក្សហ៊្វុន ស៊ិនប៉ិចក្រោមព្រះអង្គម្ចាស់ ចក្រា វុធ នឹងជួយបងប្អូននាពេលអនាគតបាទ»

ប្រតិទិនដែលចេញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស​​ក្រុម​​ប្រឹ​​ក្សា​រា​ជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់នីតកាលទី៤នេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទីអាទិត្យទី២៦ ខែ​​ឧ​សភា ឆ្នាំ២០២៤៕

ថ្លៃងនៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានប្រាប់គេហទំព័រ Newsroom Cambodiaថាជុំវិញដំណើរការបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះយើងបានធើ្វការគត់សំគាល់នៅដែលឆ្នាំមុនថ្ងៃបោះឆ្នោតមកដល់។