ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីនៅតំបន់ព្រលានយន្តហោះថ្មី បន្តស្នើអាជ្ញាធរពន្លឿននីតិវិធីផ្តល់ប្លង់កម្មសិទ្ធដីដល់ពួកគាត់ ខណៈពួកគេបានយល់ព្រមផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី រយៈពេលជិត១ឆ្នាំមកហើយ។
ប្រជាពលរដ្ឋម្នាក់ដែលបច្ចុប្បន្នរស់នៅភូមិជើងព្រៃ ឃុំអំពិលព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ផា សេង បានឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះថា វិវាទដីធ្លីនេះ ថ្វីត្បិតតែបានដោះស្រាយរួចរាល់ពិតមែន តែលោកហាក់មិនមានអារម្មណ៍ថាទទួលបានយុត្តិធម៌ពេញលេញនោះទេ ដោយសារតែលោកត្រូវផ្លាស់មករស់នៅកន្លែងថ្មី ក្រោមការដាក់សម្ពាធ និងមិនទាន់បានទទួលប្លង់កម្មសិទិ្ធដីធ្លីនេះទេ។
លោកថ្លែងថា៖ «ដោះស្រាយរួចហើយ ក៏ប៉ុន្តែគេមិនទាន់បានឱ្យប្លង់យើង អាយើងដូរទៅហ្នឹង។ […] ពួកយើងប្តូរមកនេះបានជិត១ឆ្នាំហើយ អត់បានប្លង់ទេ។ ទាក់ទងទៅឥលូវហ្នឹង គេថាប្លង់ធ្លាក់មកពីស្រុក តែគេអត់ព្រមឱ្យអត់អីទេ»។
លោកបានបញ្ជាក់ថា ខាងភាគីក្រុមហ៊ុនបានផ្តល់សំណងជូនប្រជាពលរដ្ឋ តែសំណងនោះបានត្រឹមតែប្រើប្រាស់សម្រាប់សង់ផ្ទះតែប៉ុណ្ណោះ។
លោកបន្តថា៖ «គេឲ្យដែរ តែគេឲ្យតិចតួច ម៉ាល្មមសង់ផ្ទះអីទេ បានធ្វើផ្ទះរួច។ […] វា[តម្លៃដីដែលក្រុមហ៊ុនឱ្យ] ថោកហ្នឹងដូចស្អីចឹង។ ខ្ញុំយល់ថា វាអយុត្តិធម៌ណាស់ ពួកយើងរើមកទាំងទឹកភ្នែករហេមរហាម វាពិបាកនិយាយណាស់»។
បើតាមលោក ផា សេង ពលរដ្ឋប្រមាណជាង ៧០គ្រួសារ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅមកនៅភូមិជើងព្រៃ ឃុំអំពិលព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពីទីកន្លែងចាស់ដែលពួកគេបានតាំងទីលំនៅតាំងពីយូរឆ្នាំមកហើយ។ លោកបន្តថា កន្លែងដែលលោក និងពលរដ្ឋដទៃទៀតផ្លាស់មកនៅនេះ មិនត្រឹមតែមិនអាចប្រកបរបររកទទួលទានបាននោះទេ ថែមទាំងមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ទៀតផង។
លោកថា៖ «វារាងល្ហេរល្ហាលណាស់ យើងពិបាលរឿងទឹក អត់មានទឹកទេ ខ្វះទឹក ទឹកយកប្រើប្រាស់សឹងមិនកើតទេ ចេញមកឡើងក្រហម។ […] នៅនេះរកស៊ីអីអត់កើតទេ។ បើដីវិញវាលល្វឹងល្វើយ អត់មានជីវជាតិ យើងអត់ទាន់មានដាំដុះអីកើតទេ»។
យ៉ាងណា លោកបានទទូចឱ្យមានការពន្លឿនដំណើរការនៃការប្រគល់ប្លង់ជូនពួកគាត់ ដើម្បីពលរដ្ឋអាចប្រើប្រាស់ដីនេះបានក្នុងនាមជាកម្មសិទ្ធផ្ទាល់។
ពលរដ្ឋរងគ្រោះមួយរូបទៀត បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ការផ្លាស់ប្តូរទីលំនៅមកកន្លែងថ្មីនេះ ដែលមានចម្ងាយពីទីតាំងចាស់ប្រមាណ ៨គីឡូម៉ែត្រនេះ បានបង្កនូវផលវិបាកជាច្រើនសម្រាប់រូបគាត់ ខណៈឱកាសរកចំណូលមួយចំនួនធំត្រូវបានបាត់បង់ ក្រោមលក្ខខណ្ឌទីតាំងមិនអំណោយផល។
ពលរដ្ឋរូបនេះថា៖ «មកដល់កន្លែងថ្មីនេះ វាមិនដូចកន្លែងចាស់ទេ អត់មានដំណាំហូប ដាំដុះអីសម្រាប់លក់ក៏មិនបានដូចមុនដែរ ហើយឆ្ងាយពីកន្លែងការងារអីផ្សេងៗ។ […] ខ្ញុំអត់ទៀងទាត់ទេ ពេលណាមានរោងចក្រគេរើសកម្មករក៏ធ្វើការរោងចក្រទៅ ពេលណាអត់ ខ្ញុំដើរបេះបោចនេះនោះដើម្បីលក់ ចេះតែធ្វើចេះតែរកទៅ ដើម្បីចិញ្ចឹមជីវិត មានគេជួលលាងចាន ខ្ញុំក៏ទៅលាង និយាយទៅមានអីធ្វើហ្នឹង។ ដូចខែនេះអ៊ីចឹង មានព្រីង ចឹងខ្ញុំដើរបេះព្រីងគ្រាន់លក់ដើម្បីទិញអង្ករហូប»។
គាត់បន្តថា ការមកនៅក្នុងកន្លែងថ្មី ធ្វើឱ្យគ្រួសាររបស់គាត់ជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដោយសារតែចំណាយច្រើនជាងចំណូល។ គាត់បន្តថា សូម្បីតែទឹកសម្រាប់បរិភោគក៏ត្រូវការទិញដែរ ព្រោះទឹកនៅតំបន់នោះ មិនអាចយកមកទទួលទានបានទេ គឺប្រើបានតែសម្រាប់ការប្រើប្រាស់ទូទៅប្រចាំថ្ងៃប៉ុណ្ណោះ។
បើតាមការអះអាងរបស់ពលរដ្ឋរូបនេះ ខាងអាជ្ញាធរស្រុកបានសន្យាប្រគល់ប្លង់ជូនពួកគេនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច តែអាជ្ញាធរបែរជាមិនគោរពតាមពាក្យសន្យាទៅវិញ។
គាត់បានឱ្យដឹងបន្ថែមថា៖ «គេថាឱ្យតាំងពីចូលឆ្នាំហើយ ឥលូវចូលឆ្នាំហើយចូលខែ៥ហើយ យើងអត់ទាន់បានទទួលប្លង់ទេ។ […] ខ្ញុំចង់និយាយថា អភិវឌ្ឍន៍អីក៏អភិវឌ្ឍន៍ទៅ និយាយទៅឱ្យតែប្រទេសជាតិយើងរីកចម្រើន តែរឿងសំណងហ្នឹង សុំឱ្យសមរម្យឱ្យគ្នា[ប្រជាពលរដ្ឋ] រស់បានស្រួល គាត់ចេញទៅមានទីជម្រកសមរម្យ»។
កាលពីខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលរងគ្រោះក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានចេញផ្សាយលិខិតចំហមួយដោយអះអាងថា ការអភិវឌ្ឍនេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និងដីទំហំជាង ១លានម៉ែត្រការ៉េ ដែលភាគច្រើនជាដីមានបណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ។
ពាក់ព័ន្ធនឹងរឿងនេះ គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និងអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន បានទេនៅរសៀលនេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា អាជ្ញាធរគួរតែផ្តល់ប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីជាការផ្តល់ទំនុកចិត្តដល់ពួកគាត់។
លោកថា៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល យើងមើលឃើញថា បញ្ហាការផ្លាស់ប្តូរទីតាំងថ្មីរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋស្ម័គ្រចិត្តអ៊ីចឹង នៅពេលដែលប្រជាពលរដ្ឋគាត់ទៅនៅហ្នឹង គួរតែទទួលបាននូវប័ណ្ណកម្មសិទ្ធិឱ្យបានឆាប់រហ័សដល់ពួកគាត់ ដើម្បីជាលំនឹងឱ្យពួកគាត់មានការកក់ក្តៅ មានទំនុកចិត្ត។ […] បើសិនជាមិនទាន់បានប្រគល់ជូនពួកគាត់ទេ គឺគាត់មិនមានទំនុកចិត្តនោះទេ ធ្វើឱ្យអារម្មណ៍សុវត្ថិភាពសម្រាប់ពួកគាត់ហ្នឹង គឺអត់ទាន់មាន សំខាន់អាជ្ញាធរ និងក្រុមហ៊ុនត្រូវតែដោះស្រាយបានឆាប់ៗ»។ មាត្រា១៩ នៃច្បាប់ស្តីពីអស្សាមិករណ៍ ចែងថា ការដកហូតកម្មសិទ្ធិលើអចលនវត្ថុអាចធ្វើទៅបានលុះត្រាតែគណៈកម្មាធិការអស្សាមិករណ៍បានផ្តល់សំណងសមរម្យ និងយុត្តិធម៌តាមគោលការណ៍ និងនីតិវិធីនៃការទូទាត់សំណង។ ក៏ប៉ុន្តែច្បាប់នេះចែងថា ម្ចាស់អចលនទ្រព្យមិនអាចធ្វើពាក្យបណ្តឹងតវ៉ានៅក្នុងជម្លោះដីធ្លីលើគម្រោងធំៗរបស់រដ្ឋ ដូចជាអភិវឌ្ឍន៍ផ្លូវជាតិធំៗ ស្ពាន ផ្លូវរទេះភ្លើង ការតភ្ជាប់ ការចែកចាយបណ្តាញទឹកភ្លើង ប្រព័ន្ធលូ ធារាសាស្រ្តជាដើម៕