ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជាង ១០នាក់ បានបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនកាស៊ីណូមួយនេះ ដោយពួកគេស្នើឱ្យមានដំណោះស្រាយទៅលើវិវាទការងារ និងដោះលែងមេដឹកនាំសហជីព ខណៈសហជីពយល់ថា រដ្ឋាភិបាល គួររៀបចំវេទិកាមួយជាមួយកូដករ និងអ្នកពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយបញ្ចប់វិវាទការងារដ៏រ៉ាំរៃនេះ។
កូដករណាហ្គាវើលដ៍ អ្នកស្រី ចាន់ ដាវី អាយុ៤១ឆ្នាំ ដែលបានមកតវ៉ាមុខណាហ្គាវើលដ៍នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា កាលដែលពួកគាត់នៅតែបន្តតវ៉ានេះ ដោយតែចង់បានដំណោះស្រាយ ព្រោះបើឈប់ការតវ៉ា នោះប្រៀបដូចជាបោះបង់ការខិតខំប្រឹងប្រែងតស៊ូទាមទារសិទ្ធិការងារ អស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។
អ្នកស្រីបន្តថា កំឡុងពេលតវ៉ានេះ ពួកគាត់មានការលំបាកក្នុងជីវភាពជាខ្លាំង ដោយគ្មានថវិកាផ្គត់ផ្គង់គ្រួសារ គ្មានថវិកាព្យាបាលជំងឺ និងសងធនាគារជាដើម ខណៈអ្នកស្រី និងកម្មករឯទៀត មិនទាន់មានការងារថ្មីទេ។ អ្នកស្រីថា បើថ្នាក់ដឹកនាំកំពូល ដូចជា នាយករដ្ឋមន្ត្រី បានមកមើល និងស្ដាប់ពីបញ្ហាលំបាករបស់ពួកគាត់ នោះប្រហែលជាមានដំណោះស្រាយ។
អ្នកស្រីថា៖ «បើសិនជាថ្នាក់ដឹកនាំអាចចុះមកសួរពួកខ្ញុំ ប្រហែលជាល្អ ប្រហែលជាមានដំណោះស្រាយ បើគាត់អត់ដែលមកអ៊ើតមើលពួកខ្ញុំផង តើហេតុអីបានមានការតវ៉ាមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរយៈពេលជាង២ឆ្នាំហើយនៅតែបន្តរហូតដល់ឥឡូវ[…] ខ្ញុំសំណូមពរឱ្យថ្នាក់ដឹកនាំ និងក្រសួងដែលពាក់ព័ន្ធហ្នឹង សូមឱ្យគាត់ក្រឡេកមើលមកកម្មករវេទនា ២ឆ្នាំជាងហើយ ឱ្យគាត់ជួយដោះស្រាយផង»។
កូដករណាហ្គាវើលដ៍ម្នាក់ទៀត អ្នកស្រី ម៉ម សុវឌ្ឍិន អាយុ៣៦ឆ្នាំ បានប្រាប់ថា ការដែលក្រុមកម្មករនៅតែបន្តការតវ៉ានេះ ព្រោះសង្ឃឹមថានឹងមានដំណោះស្រាយនៅថ្ងៃណាមួយ ខណៈពួកគេចង់ឱ្យរដ្ឋាភិបាលបានដឹងឮពីបញ្ហាទុក្ខលំបាកពិតរបស់កម្មករ ជាជាងស្ដាប់តាមរយៈអ្នកនាំពាក្យ។
អ្នកស្រីថា៖ «ដោយសារបងចាំពាក្យស្លោកមួយថា ទឹកមួយដំណក់តក់ៗគង់តែថ្មហ្នឹងខូង អញ្ចឹងយើងគិតថាសកម្មភាពរបស់យើងធ្វើដដែលៗ បងអត់ជឿថាថ្នាក់ដឹកនាំអត់បានឃើញទេ ប៉ុន្តែប្រហែលជាគាត់ទទួលព័ត៌មានពីអ្នកនាំពាក្យ ឬនាំសារដែលនាំទៅប្រាប់គាត់ខុស។ អ៊ីចឹងយើងនៅតែសង្ឃឹមថា ថ្នាក់ដឹកនាំនឹងមានទំនួលខុសត្រូវរកខុសត្រូវឱ្យកម្មករខ្លួនឯង ដែលធ្វើការលើទឹកដីខ្លួនឯង ហើយរងអំពើអយុត្តិធម៌កេងប្រវ័ញ្ចពីសំណាក់ជនបរទេសដែលមករកស៊ីនៅលើទឹកដីរបស់ខ្លួនហ្នឹង»។
លោក ណាំ ទីវ័ន្ត អាយុ២៦ឆ្នាំ ជាកូដករដែលបានមកតវ៉ាមុខណាហ្គាវើលដ៍ដែរនោះ បានប្រាប់ថា ពួកគាត់នៅតែបន្តការតវ៉ារហូតដល់មានដំណោះស្រាយសមរម្យ ដោយទាមទារឱ្យក្រុមហ៊ុនទទួលយកពួកគាត់ចូលធ្វើការវិញ។ស្របពេលគ្នានេះ កូដកររូបនេះ សង្ឃឹមថា រដ្ឋាភិបាលនឹងឃើញពីទុក្ខលំបាករបស់កម្មករ និងដោះស្រាយវិវាទការងារនៅណាហ្គាវើលដ៍នេះ។
លោកថា៖ «យើងសង្ឃឹមថារដ្ឋាភិបាលថ្មី ជាពិសេសគឺសម្ដេច ហ៊ុន ម៉ាណែត ឱ្យគាត់មើលឃើញពីទុក្ខលំបាករបស់ប្រជាជនខ្មែរ និងជាកម្មករខ្មែរដែលជាម្ចាស់ប្រទេស ដែលជាម្ចាស់ពន្ធហ្នឹង សូមឱ្យគាត់ជួយដោះស្រាយដើម្បីបញ្ចប់បញ្ហាហ្នឹងផង។ ដំណោះស្រាយ គឺវាអត់មានអីយ៉ាប់ទេ នៅពេលដែលដោះស្រាយបានហើយ ប្រទេសកម្ពុជាអាចនឹងស្ដារមុខមាត់ប្រទេសទៅកាន់ឆាកអន្តរជាតិ កុំឱ្យសាយភាយទង្វើអាក្រក់របស់ក្រុមហ៊ុនណាហ្កាវើលធ្វើបាបកម្មករខ្មែរ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានទេ នៅថ្ងៃសុក្រនេះ។
ពាក់ព័ន្ធនឹងវិវាទការងារនេះដែរ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បានសម្តែងការសោកស្ដាយដែលកន្លងមក ថ្នាក់ដឹកនាំប្រទេសកម្ពុជា តែងតែទាញបញ្ហាវិវាទការងារនៅណាហ្គាវើលដ៍នេះ ទៅជាបញ្ហានយោបាយ។
អ្នកស្រីមានប្រសាសន៍ថា៖ «អ្វីដែលយើងមើលឃើញ សោកស្តាយមែនទែនហ្នឹង គឺសម្រាប់ថ្នាក់ដឹកនាំប្រទេសក្តី រាជរដ្ឋាភិបាលក្តី តែងតែទាញសាច់រឿងពីរឿងវិវាទការងារ ទៅជារឿងនយោបាយ ទៅជារឿងការញុះញង់ ទៅជារឿងការផ្តួលរំលំរាជរដ្ឋាភិបាលអីចឹង។ អាអស់ហ្នឹងដែលយើងមើលឃើញថា វាតូច តែអ្នកដឹកនាំប្រទេសទាញទៅជារឿងធំ ដែលលើសពីសាច់រឿងដែលកំពុងតែកើតមានឡើង»។
ករណីនេះ អ្នកស្រី អ៊ូ ទេពផល្លីន ស្នើដល់នាយករដ្ឋមន្ត្រី ជួប និងដោះស្រាយបញ្ហាវិវាទការងារនេះដោយផ្ទាល់ជាមួយកូដករណាហ្គាវើលដ៍ តាមរយៈការរៀបចំវេទិកាមួយ ដើម្បីស្ដាប់ពីបញ្ហារបស់ពួកគេដោយផ្ទាល់ ជាជាងការស្ដាប់ពីអ្នកនាំពាក្យ។
អ្នកស្រីបន្ថែមថា៖ «ហើយយើងក៏ចង់ឱ្យខាងថ្នាក់ដឹកនាំប្រទេសអាណត្តិថ្មីហ្នឹង ចុះមកជួបកម្មករពេលកំពុងធ្វើកូដកម្ម ឬក៏មានវេទិកាជាមួយកម្មករសួរនាំមើលថារឿងរបស់គាត់ហ្នឹង សួរកម្មករមើល ស្តាប់សាច់រឿងពីកម្មករមើល[…] យើងចង់ហៅនាយករដ្ឋមន្តី្រថ្មីហ្នឹង មកជួបជាមួយពលរដ្ឋខ្លួនឯងជជែកជាមួយ ជួបគ្នានៅសាលាក្រុងក៏បាន ជួបគ្នានៅណាក៏បានជាមួយកម្មករនិយោជិតទាំងអស់ហ្នឹង ហើយស្តាប់សាច់រឿងកម្មករផ្ទាល់កុំឱ្យលឺពីអ្នកនាំពាក្យ ធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំទៅវិញ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានសំណូមពរឱ្យកម្មករណាហ្គាវើលដ៍ បញ្ឈប់ការតវ៉ា និងរកដំណោះស្រាយតាមផ្លូវច្បាប់វិញ ដោយលោកថាការតវ៉ានេះ នឹងមិនអាចផ្ដល់នូវដំណោះស្រាយទេ ហើយធ្វើឱ្យកម្មករមានការខាតបង់ក្នុងការរកចំណូលជូនគ្រួសារថែមទៀត។
លោកថា៖ «ជាសំណូមពរ សូមបងប្អូនអតីតបុគ្គលិកណាហ្កាវើល ដែលកំពុងតវ៉ា គួរឈប់តវ៉ា ព្រោះការតវ៉ាមិនអាចរកដំណោះស្រាយបានទេចំពោះករណីនេះ។ យុត្តិធ៌មសម្រាប់ករណីបងប្អូនមានតែដាក់ពាក្យប្តឹងទៅតុលាការតាមនីតិវិធីច្បាប់តែប៉ុណ្ណោះ ដែលជាស្ថាប័នយុត្តាធិការចុងក្រោយ។ ហេតុអ្វីបងប្អូនមិនយកជម្រើសផ្លូវច្បាប់ដើម្បីបញ្ចប់បញ្ហា? បងប្អូនបន្តតវ៉ា តើបានចំណូលពីណាមកចិញ្ចឹមគ្រួសារ? គ្មានភាគីណា អាចដាក់សម្ពាធ ឬបង្ខំឱ្យភាគីម្ខាងទៀត ត្រូវតែធ្វើតាមការចង់បានរបស់ភាគីម្ខាងទៀតទេ មានតែស្ថាប័នតុលាការតែមួយគត់ដែលអាចសម្រេចបានតាមគិតិយុត្ត»។
គួរបញ្ជាក់ថា ក្រុមកូដករសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មអស់រយៈពេលជាង ២ឆ្នាំមកហើយ ពាក់ព័ន្ធនឹងវិវាទការងារដែលពួកគេចោទក្រុមហ៊ុនថា បានបញ្ឈប់បុគ្គលិកជាង ១ ០០០នាក់ និងការមិនទូទាត់សំណងសមស្របតាមច្បាប់ការងារ។ ក្រុមកូដករតែងប្រមូលផ្តុំតវ៉ានៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ស្ទើររៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះមានការតុបតែងខ្លួន និងអំពាវនាវនូវសារប្លែកៗ ទៅតាមពេលវេលា និងព្រឹត្តិការណ៍ផ្សេងៗ៕