ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជាង ១០នាក់ បានបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន​កាស៊ីណូមួយ​នេះ ដោយ​ពួក​គេ​​ស្នើឱ្យមានដំណោះស្រាយទៅលើវិវាទការងារ និងដោះលែងមេដឹកនាំសហជីព​ ខណៈសហជីព​​យល់ថា រដ្ឋាភិបាល គួរ​រៀបចំ​​វេទិកា​មួយជាមួយ​កូដករ និង​អ្នកពាក់ព័ន្ធ ដើម្បី​រកដំណោះស្រាយបញ្ចប់វិវាទការ​ងារ​ដ៏រ៉ាំរៃ​នេះ។

កូដករណាហ្គាវើលដ៍ អ្នក​ស្រី ចាន់ ដាវី អាយុ៤១ឆ្នាំ​ ដែលបានមកតវ៉ាមុខណាហ្គាវើលដ៍នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២៤នេះ បានលើកឡើងថា កាលដែលពួកគាត់​នៅតែបន្តតវ៉ានេះ ដោយ​​តែចង់បានដំណោះស្រាយ​​ ព្រោះ​បើ​​ឈប់ការ​​តវ៉ា នោះ​ប្រៀប​ដូចជា​បោះបង់ការខិតខំប្រឹងប្រែង​តស៊ូទាមទារ​សិទ្ធិការ​ងារ​ អស់​រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។

អ្នកស្រីបន្តថា កំឡុងពេលតវ៉ានេះ ពួក​គាត់មានការលំបាកក្នុង​ជីវភាពជាខ្លាំង ដោយ​​គ្មានថវិកាផ្គត់ផ្គង់គ្រួសារ គ្មាន​ថវិកា​ព្យាបាល​ជំងឺ និងសងធនាគារជាដើម ខណៈអ្នកស្រី និងកម្មករឯទៀត មិនទាន់មានការងារថ្មីទេ។ អ្នកស្រីថា បើថ្នាក់ដឹកនាំកំពូល ដូចជា នាយករដ្ឋមន្ត្រី បាន​មក​មើល​ និងស្ដាប់ពីបញ្ហាលំបាករបស់ពួកគាត់ នោះ​ប្រហែល​ជា​មាន​ដំណោះ​ស្រាយ។

អ្នកស្រីថា៖ «បើសិនជាថ្នាក់ដឹកនាំអាចចុះមកសួរពួកខ្ញុំ​ ប្រហែលជាល្អ ប្រហែលជាមានដំណោះស្រាយ បើគាត់អត់​ដែលមកអ៊ើតមើលពួកខ្ញុំផង តើហេតុអីបានមានការតវ៉ាមុខក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរយៈពេលជាង២ឆ្នាំហើយ​នៅតែបន្តរហូតដល់ឥឡូវ[…] ខ្ញុំសំណូមពរឱ្យថ្នាក់ដឹកនាំ និងក្រសួងដែលពាក់ព័ន្ធហ្នឹង សូមឱ្យ​គាត់ក្រឡេក​មើល​មក​កម្មករ​វេទនា​ ២ឆ្នាំជាងហើយ ឱ្យគាត់ជួយដោះស្រាយផង»។

កូដករ​​​ណាហ្គា​វើលដ៍​ម្នាក់​ទៀត អ្នកស្រី ម៉ម សុវឌ្ឍិន អាយុ៣៦ឆ្នាំ បាន​ប្រាប់​ថា ការដែលក្រុមកម្មករនៅតែបន្តការ​តវ៉ានេះ ព្រោះ​សង្ឃឹមថានឹងមានដំណោះស្រាយនៅថ្ងៃណាមួយ ខណៈពួកគេចង់ឱ្យរដ្ឋាភិបាលបានដឹងឮពីបញ្ហា​ទុក្ខលំបាកពិតរបស់កម្មករ ជាជាងស្ដាប់តាមរយៈអ្នកនាំពាក្យ។

អ្នកស្រីថា៖ «ដោយសារបងចាំពាក្យស្លោកមួយថា ទឹកមួយដំណក់តក់ៗគង់តែថ្មហ្នឹងខូង អញ្ចឹង​យើងគិតថាសកម្ម​ភាព​របស់​យើងធ្វើដដែលៗ បងអត់ជឿថាថ្នាក់ដឹកនាំអត់បានឃើញទេ ប៉ុន្តែប្រហែលជាគាត់ទទួលព័ត៌មានពីអ្នកនាំពាក្យ ឬនាំសារដែលនាំទៅប្រាប់គាត់ខុស។ អ៊ីចឹងយើងនៅតែសង្ឃឹមថា ថ្នាក់ដឹកនាំនឹងមានទំនួលខុសត្រូវរកខុសត្រូវឱ្យកម្មករខ្លួនឯង ដែលធ្វើការលើទឹកដីខ្លួនឯង ហើយរងអំពើអយុត្តិធម៌កេងប្រវ័ញ្ចពីសំណាក់ជនបរទេស​ដែលមករកស៊ីនៅលើទឹកដីរបស់ខ្លួនហ្នឹង»។

លោក ណាំ ទីវ័ន្ត អាយុ២៦ឆ្នាំ​ ជាកូដករ​ដែលបានមកតវ៉ាមុខណាហ្គាវើលដ៍ដែរនោះ បានប្រាប់ថា ពួកគាត់នៅតែ​បន្តការ​តវ៉ារហូតដល់មានដំណោះស្រាយសមរម្យ ដោយទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយកពួកគាត់ចូល​ធ្វើការវិញ។​ស្របពេលគ្នានេះ កូដកររូបនេះ សង្ឃឹមថា រដ្ឋាភិបាល​នឹងឃើញពីទុក្ខលំបាករបស់កម្មករ និងដោះស្រាយវិវាទការ​ងារ​នៅ​ណាហ្គាវើលដ៍នេះ។

លោកថា៖ «យើងសង្ឃឹមថារដ្ឋាភិបាលថ្មី ជាពិសេសគឺសម្ដេច ហ៊ុន ម៉ាណែត ឱ្យ​​គាត់មើលឃើញពីទុក្ខលំបាករបស់​ប្រជាជនខ្មែរ និងជាកម្មករខ្មែរដែលជាម្ចាស់ប្រទេស ដែលជាម្ចាស់ពន្ធហ្នឹង សូមឱ្យ​គាត់ជួយដោះស្រាយដើម្បី​បញ្ចប់បញ្ហាហ្នឹងផង។ ដំណោះស្រាយ​ គឺវាអត់មានអីយ៉ាប់ទេ នៅពេលដែលដោះស្រាយបាន​ហើយ ប្រទេសកម្ពុជាអាចនឹងស្ដារមុខមាត់ប្រទេស​ទៅកាន់ឆាកអន្តរជាតិ កុំឱ្យ​សាយភាយទង្វើអាក្រក់របស់ក្រុមហ៊ុនណាហ្កាវើលធ្វើបាបកម្មករខ្មែរ»។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានទេ នៅថ្ងៃសុក្រនេះ។

ពាក់ព័ន្ធនឹងវិវាទការងារនេះដែរ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បានសម្តែង​ការ​សោកស្ដាយ​ដែល​កន្លងមក ថ្នាក់ដឹកនាំប្រទេសកម្ពុជា តែងតែទាញបញ្ហាវិវាទការងារ​​នៅណាហ្គាវើលដ៍នេះ ទៅជាបញ្ហានយោបាយ។

អ្នកស្រី​មានប្រសាសន៍ថា៖ «អ្វីដែលយើងមើលឃើញ សោកស្តាយមែនទែនហ្នឹង គឺសម្រាប់ថ្នាក់ដឹកនាំប្រទេស​ក្តី រាជរដ្ឋាភិបាលក្តី តែងតែទាញសាច់រឿងពីរឿងវិវាទការងារ ទៅជារឿងនយោបាយ ទៅជារឿង​ការញុះ​ញង់​ ទៅជារឿងការផ្តួលរំលំរាជរដ្ឋាភិបាលអីចឹង។ អាអស់ហ្នឹង​ដែលយើងមើលឃើញថា វាតូច តែអ្នកដឹកនាំប្រទេស​ទាញទៅជារឿងធំ ដែលលើសពីសាច់រឿងដែលកំពុងតែកើតមានឡើង»។

ករណីនេះ អ្នកស្រី អ៊ូ ទេពផល្លីន ស្នើដល់​នាយករដ្ឋមន្ត្រី ជួប និង​ដោះស្រាយបញ្ហាវិវាទការងារនេះ​ដោយ​ផ្ទាល់ជាមួយ​កូដករណាហ្គាវើលដ៍ តាមរយៈការរៀបចំវេទិកាមួយ​​ ដើម្បី​ស្ដាប់ពីបញ្ហារបស់ពួកគេដោយ​ផ្ទាល់ ជាជាងការស្ដាប់ពីអ្នកនាំពាក្យ។

អ្នកស្រីបន្ថែមថា៖ «ហើយយើងក៏ចង់ឱ្យ​ខាងថ្នាក់ដឹកនាំប្រទេសអាណត្តិថ្មីហ្នឹង ចុះមកជួបកម្មករពេលកំពុងធ្វើកូដកម្ម ឬក៏មានវេទិកាជាមួយ​កម្មករ​សួរនាំមើលថា​រឿងរបស់គាត់​​ហ្នឹង​ សួរកម្មករមើល ស្តាប់សាច់រឿងពីកម្មករមើល[…] យើងចង់ហៅនាយករដ្ឋមន្តី្រថ្មីហ្នឹង មកជួបជាមួយពលរដ្ឋខ្លួនឯងជជែកជាមួយ ជួបគ្នានៅសាលាក្រុងក៏បាន ជួបគ្នានៅណាក៏បានជាមួយ​កម្មករនិយោជិតទាំងអស់ហ្នឹង ហើយស្តាប់សាច់រឿងកម្មករផ្ទាល់កុំឱ្យ​លឺពីអ្នកនាំពាក្យ ធ្វើឱ្យ​ប៉ះពាល់ដល់ការ​ដឹកនាំទៅវិញ»។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានសំណូមពរឱ្យកម្មករណាហ្គាវើលដ៍​ បញ្ឈប់ការតវ៉ា និង​រកដំណោះស្រាយតាមផ្លូវច្បាប់វិញ ដោយលោកថាការតវ៉ានេះ នឹងមិនអាចផ្ដល់នូវដំណោះស្រាយទេ ហើយធ្វើឱ្យកម្មករ​មាន​ការខាតបង់ក្នុងការរកចំណូលជូនគ្រួសារថែម​ទៀត។

លោកថា៖ «ជាសំណូមពរ សូមបងប្អូនអតីតបុគ្គលិកណាហ្កាវើល ដែលកំពុងតវ៉ា គួរឈប់តវ៉ា ព្រោះការតវ៉ាមិនអាចរកដំណោះស្រាយបានទេចំពោះករណីនេះ។ យុត្តិធ៌មសម្រាប់ករណីបងប្អូនមានតែដាក់ពាក្យប្តឹងទៅតុលាការ​តាមនីតិវិធីច្បាប់​តែប៉ុណ្ណោះ ដែលជាស្ថាប័នយុត្តា​ធិការចុងក្រោយ។ ហេតុអ្វីបងប្អូនមិនយកជម្រើសផ្លូវច្បាប់ដើម្បីបញ្ចប់បញ្ហា? បងប្អូនបន្តតវ៉ា តើបានចំណូលពីណាមកចិញ្ចឹមគ្រួសារ? គ្មានភាគីណា អាចដាក់សម្ពាធ ឬបង្ខំឱ្យភាគីម្ខាងទៀត ត្រូវតែធ្វើតាមការចង់បាន​របស់ភាគីម្ខាងទៀតទេ មានតែស្ថាប័នតុលាការតែមួយគត់​ដែលអាចសម្រេចបានតាមគិតិយុត្ត»។

គួរបញ្ជាក់ថា ក្រុម​កូដករ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើ​កូដកម្មអស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ដែលពួកគេចោទ​ក្រុម​ហ៊ុនថា​ បាន​បញ្ឈប់​បុគ្គលិក​ជាង​ ១ ០០០​​នាក់ និង​​ការ​​មិន​​ទូទាត់​​សំណង​​សម​ស្រប​តាម​ច្បាប់​ការងារ។ ក្រុម​កូដករ​​តែង​​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​​ស្ទើ​រ​រៀង​រាល់​ថ្ងៃ​ ដោយ​ថ្ងៃ​ខ្លះ​មាន​​ការ​តុបតែង​ខ្លួន​ និង​អំពាវនាវ​នូវសារ​​ប្លែកៗ​ ទៅ​តាមពេល​វេលា​ និង​ព្រឹត្តិការណ៍ផ្សេងៗ៕