អាជ្ញាធរឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានកោះហៅតំណាងសហគមន៍សាមគ្គីចេកមាសចំនួន ២នាក់ ឱ្យចូលបំភ្លឺករណីដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រសួងធនធានទឹក ពាក់ព័ន្ធនឹងគម្រោងអាងស្តុកទឹក។
បើតាមលិខិតរបស់រដ្ឋបាលឃុំឈើទាល បានកោះហៅ អ្នកស្រី យស សោភ័ណ្ឌ ប្រធានសហគមន៍សាមគ្គីចេកមាស និងអ្នកស្រី គឹម សំអូន ឱ្យចូលបំភ្លឺនៅសាលាឃុំឈើទាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ក្រោមហេតុផលថា «បំភ្លឺរឿងផ្ទាល់ខ្លួន»។
ទោះជាយ៉ាងណា អ្នកស្រី យស សោភ័ណ្ឌ អះអាងថា ការបំភ្លឺនេះ ពាក់ព័ន្ធនឹងការប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទដីធ្លីជាមួយក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលកន្លងទៅ ដើម្បីដាក់ជូនក្រសួងរៀបចំដែនដី នៅថ្ងៃទី២៩ ខែឧសភា ខាងមុខ។
អំឡុងឆ្លើយបំភ្លឺ អ្នកស្រីថា អាជ្ញាធរបានប្រាប់ឱ្យអ្នកស្រី បញ្ឈប់ការដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋបន្តទៀត ខណៈប្រធានភូមិចេក អះអាងថា ប្រជាសហគមន៍បានទទួលសំណងហើយ មិនអាចប្រមូលស្នាមមេដៃដើម្បីតវ៉ាទាមទារដីធ្លីទៀតនោះទេ។
បើតាមអ្នកស្រី សោភ័ណ្ឌ ការដើរប្រមូលស្នាមមេដៃពីប្រជាសហគមន៍នេះ ធ្វើឡើងក្រោយមានការស្នើសុំពីក្រសួងរៀបចំដែនដី អំពីចំនួនប្រជាពលរដ្ឋដែលនៅបន្តមានបញ្ហាដីធ្លីនៅក្នុងសហគមន៍ដីធ្លីចេកមាសនេះ។ អ្នកស្រីបន្តថា ក្នុងចំណោមប្រជាសហគមន៍ដែលរងផលប៉ះពាល់ចំនួន ១២០គ្រួសារ គឺបានផ្ដិតស្នាមមេដៃទើបតែបាន ៣០គ្រួសារប៉ុណ្ណោះ។
អ្នកស្រីនិយាយថា៖ «គ្រាន់តែធ្វើបច្ចុប្បន្នភាព ផ្ដិតមេដៃ ស្រាប់តែមេភូមិគាត់មកដក [ឯកសារ]។ […] គេលែងឱ្យយើងផ្ដិតមេដៃតទៀត យើងអត់ទាន់អស់សមាជិក»។
បើតាម អ្នកស្រី សោភ័ណ្ឌ វិវាទដីធ្លីជាមួយក្រសួងធនធានទឹកនេះ ប្រជាពលរដ្ឋមួយចំនួនបានទទួលយកសំណង ៩០០រៀលក្នុងមួយម៉ែត្រការ៉េ បន្ទាប់ពីពួកគាត់រងការគំរាមកំហែង ខណៈប្រជាពលរដ្ឋមួយចំនួនទៀតដែលរងផលប៉ះពាល់ដីធ្លីទាំងស្រុង បានប្រឆាំងនឹងការផ្ដល់សំណងនេះ ដោយពួកគេទាមទារក្នុងមួយម៉ែត្រការ៉េ តម្លៃ ១២ ០០០រៀល។
អ្នកស្រី គឹម សំអូន លេខាសមាគមស្រ្តីនៅសហគមន៍ចេកមាស ដែលត្រូវបានកោះហៅឱ្យចូលបំភ្លឺផងដែរ និយាយថា អ្នកស្រីចង់បានសំណងបន្ថែមទៀត ដោយសារសំណងដែលទទួលបាន គឺតិចតួច ដែលធ្វើឱ្យជីវភាពគ្រួសាររបស់អ្នកស្រីជួបការលំបាកយ៉ាងខ្លាំង។ ,
អ្នកស្រីនិយាយថា៖«[សំណងមិនសមរម្យ] វាធ្វើឱ្យជីវភាពក្រុមគ្រួសារខ្ញុំ ហើយកសិករនៅហ្នឹង ផលប៉ះពាល់ច្រើន ដោយសារជីវភាពវាកាន់តែខ្វះខាត ដល់ពេលយើងទទួលសំណងតិចពេក»។
ទោះយ៉ាងណា មេភូមិចេក លោក អន សាខន ថ្លែងថា ប្រជាសហគមន៍បានយល់ព្រមទទួលយកសំណងរួចហើយ ហេតុនេះពួកគេមិនអាចធ្វើការទាមទារអ្វីបន្ថែមឡើយ។
លោកថា៖ «រដ្ឋសងប្រជាពលរដ្ឋអស់ហើយ ហើយនាំគ្នាធ្វើស្នាមមេដៃទៅធ្វើអីទៀត។ […] ដី រដ្ឋសងអស់ហើយ ខាងក្រសួងហិរញ្ញវត្ថុគាត់ទទួលដឹងឮ ចុះហត្ថលេខា ទទួលស្គាល់ថា ប្រគល់លុយឱ្យហើយ»។
មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ដែលបានចុះអង្កេតផ្ទាល់លើការសួរនាំពលរដ្ឋនេះ មានប្រសាសន៍ថា អាជ្ញាធរកោះហៅប្រជាពលរដ្ឋ ដោយសារមិនទទួលបានដំណឹងច្បាស់លាស់ អំពីការដើរប្រមូលស្នាមមេដៃរបស់ប្រជាសហគមន៍។ ទោះជាយ៉ាងណា លោកថា បើតាមច្បាប់ ប្រជាសហគមន៍មិនចាំបាច់ជូនដំណឹងទៅកាន់អាជ្ញាធរឡើយ។
លោកថា៖ «គេ[អាជ្ញាធរ]ថា ធ្វើអីសូមឱ្យប្រាប់គេផង ប៉ុន្តែតាមផ្លូវច្បាប់គាត់ [សហគមន៍] ធ្វើចឹង គាត់មិនចាំបាច់ជូនដំណឹង ប្រាប់ធ្វើអី ផ្លូវច្បាប់អត់មានឱ្យគាត់ជូនដំណឹង អត់ចាំបាច់ប្រាប់ទេ ព្រោះនេះជារឿងសហគមន៍គាត់»។
បើតាមក្រុមប្រជាពលរដ្ឋ គម្រោងស្តារប្រព័ន្ធប្រឡាយទឹកកំពង់ជ្រៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប៉ះពាល់ប្រជាពលរដ្ឋចំនួន ១២០គ្រួសារ លើផ្ទៃដីជាង ៩៩ហិកតា ស្ថិតក្នុងឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ។ វិវាទនេះកើតឡើងតាំងពីឆ្នាំ២០០៩ ប៉ុន្តែអ្នកភូមិទើបតែទទួលបានសំណងតិចតួច ពោលគឺមួយម៉ែត្រការ៉េ ត្រឹម៩០០រៀល កាលពីឆ្នាំ២០២២៕