មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថា ចៅក្រុមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង សម្រេចភ្លាមៗដោយលើកពេលប្រកាសសាលក្រមក្នុងសំណុំរឿងក្បត់ជាតិ ប្រធានគណបក្សភ្លើងទៀនប្រចាំស្រុកម៉ោងឬស្សី ទៅដើមខែមិថុនា ក្រោយបិទបញ្ចប់សវនាការដែលធ្វើឡើងពេញមួយព្រឹកនៅថ្ងៃទី២៨ ខែឧសភានេះ។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) ប្រចាំខេត្តបន្ទាយមានជ័យ ដែលបានចូលរួមអង្អេតដោយផ្ទាល់នៅក្នុងបន្ទប់សវនាការ ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កឹម ហេង បានសម្រេចភ្លាមៗ ក្រោយបិទបញ្ចប់សវនាការថា រឿងក្តីព្រហ្មទណ្ឌនេះ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ពេលព្រឹក។
បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ នៅក្នុងអង្គសវនាការ ទាំងព្រះរាជអាជ្ញារងលោក នុត វីនិត និងប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានចោទសួរជនសង្ស័យទាក់ទងអង្គហេតុមួយចំនួន ជុំវិញបទចោទ រួមគំនិតក្បត់នេះ។
ជម្រាបអង្គសវនាការ លោក អ៊ុត ជឿន ដែលជាជនសង្ស័យក្នុងរឿងក្តីព្រហ្មទណ្ឌនេះ និងជាប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកមោងឬស្សី ទទួលស្គាល់ថា ខ្លួនពិតជាបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី ប្រាកដមែន អំពីដំណឹងនៃការវិលត្រឡប់ចូលស្រុកវិញ របស់លោក សម រង្ស៊ី។ប៉ុន្តែលោកបដិសេធថា អ្វីដែលលោកផ្តល់ការអត្ថាធិប្បាយកាលណោះ គឺមានន័យថា ប្រសិនបើស្ថានភាពតាន់តឹងលោកនឹងមិនទៅចូលរួមទេ។ផ្ទុយទៅវិញ បើរដ្ឋាភិបាលបើកលំហរសេរីភាព រូបលោកនឹងទៅចូលរួមអបអរសាទរជាមួយអ្នកផ្សេងទៀតដែរ។
បន្ថែមពីលើនេះ លោក អ៊ុត ជឿន ច្រានចោលការតាំងសំណួរដោយចៅក្រម និងតំណាងអយ្យការដែលចោទប្រកាន់ថា រូបលោកបានចូលរួមកៀរគរមនុស្ស និងប្រើវេទិកាតាម តុកាហ្វេ រួមទាំងបន្តចែកចាយព័ត៌មានតាមបណ្តាញសង្គម ដើម្បីប្រមូលអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ទៅទទួលលោក សម រង្ស៊ី គឺមិនមែនជាការពិតឡើយ។ជម្រាបអង្គសវនាការ ប្រធានគណបក្សភ្លើងទៀនរូបនេះ អះអាងថា ការជួបគ្នានៅតាមតុកាហ្វេនោះ គឺជាការជួបដោយចៃដន្យ។មួយវិញទៀត ការពិភាក្សាគ្នាជាមួយអតីតសហការី គឺជាការជជែកពិភាក្សាអំពីមុខរបរចិញ្ចឹមជីវិត។វាមិនមែនជាការប្រមូលផ្តុំកម្លាំង ក្នុងហេតុផលគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី ទេ។
លើសពីនេះទៀត នៅចំថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ រូបលោកកំពុងជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តនៅឡើយ។ហេតុនេះ ការចោទប្រកាន់ថា រូបលោកបានធ្វើសកម្មភាពកៀរគរមនុស្ស តាំងពីថ្ងៃទី១៧ សីហា និងថ្ងៃទី១៤ តុលា ឆ្នាំ២០១៩ វាមិនឆ្លុះបញ្ចាំងពីការពិត និងត្រឹមត្រូវទេ។
ប្រធានគណបក្សភ្លើងទៀន ប្រចាំស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង លោក អ៊ុត ជឿន បដិសេធក្នុងការអត្ថាធិប្បាយ ដោយលោកអះអាងថារង់ចាំក្រោយការប្រកាសសាលក្រម នៅដើមខែមិថុនាខាងមុខនេះសិន ទើបលោកអាចផ្តល់បទសម្ភាសន៍បាន។
លោកបន្តថា៖«សូមអភ័យទោសដែលក្រោយសវនាការនេះ ខ្ញុំបានចេញមកផ្ទះវិញហើយប្រកាសសាលក្រមនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ហើយខ្ញុំក៏មិនអាចផ្តល់ព័ត៌មាននឹងជូនប្អូនស្រីបានដែលរង់ចាំក្រោយគេប្រកាសបាន។ខ្ញុំអាចផ្តល់ព័ត៌មានជូនបានចឹងពាក់ព័ន្ធនឹងរឿងហ្នឹង សូមឲ្យទំនាក់ទំនងទៅលោក អ៊ិន គង់ជិត ទៅពីព្រោះគាត់បានចូលទៅក្នុងសវនាការជាមួយខ្ញុំដែរ សូមអរគុណច្រើន» ។
មិនខុសគ្នាទេ មេធាវីការពារសិទ្ធិឱ្យជនសង្ស័យគឺលោក អ៊ឹម ផាន់ណា បដិសេធដោយខ្លីថាលោកមិនអាចផ្តល់ព័ត៌មានលម្អិតបានទេ ជុំវិញករណីនេះ ដោយសារវាជារឿងសម្ងាត់ក្នុងនាមជាមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ។
លោកបន្តថា៖ «អធ្យាស្រ័យផង ខ្ញុំសុំមិននិយាយអ្វីទេអំពីរឿងក្តី ជាការសំងាត់របស់កូនក្តីខ្ញុំ។ អរគុណ!»។
បើទោះជាបែបណា លោក អ៊ិន គង់ជិត ឱ្យដឹងថា នៅក្នុងអង្គសវនាការទាំងមេធាវីការពារសិទ្ធិឱ្យជនសង្ស័យ និងកូនក្តីរបស់ខ្លួនបានស្នើសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់ និងផ្តល់សេរីភាពឱ្យលោក អ៊ុត ជឿន។បន្ថែមពីលើនេះ មេធាវិការពារសិទ្ធិឱ្យជនសង្ស័យ បានជម្រាបអង្គសវនាការថា ការចាប់ខ្លួនកូនក្តីរបស់ខ្លួន មិនបានអនុវត្តដោយត្រឹមត្រូវតាមនីតិវិធីច្បាប់ទេ។លើសពីនេះទៀត បទចោទនេះមិនស៊ីសង្វាគគ្នានឹងអំពើដែលកូនក្តីរបស់ខ្លួនប្រព្រឹត្តថែមទៀតផង។
ប្រភពបន្តថា៖«កូនក្តីខ្លួន ត្រូវបានក្រុមនគរបាលខេត្តបបផ្នែកសន្តិសុខ ស្ទាក់ចាប់ខ្លួនដោយគ្មានដីកានៅតាមផ្លូវជាតិកេខ៥ ពេលកំពុងបើកបរតាក់ស៊ីដឹកសត្វឆ្កែ២ក្បាល និងមនុស្ស៣នាក់ទៅក្រុងបាត់ដំបង គឺពុំបានប្រព្រឹត្តបទល្មើសជាក់ស្តែងនោះឡើយ។ ២-នៅក្នុងដំណាក់ស៊ើបសួរ លោកចៅក្រមស៊ើបសួរ បានសួរកូនក្តីខ្លួនដោយអវត្តមានមេធាវី (កូនក្តីខ្លួនរងបទចោទ បទល្មើសឧក្រិដ្ឋ) ពុំមានបញ្ជាក់ឈ្មោះកូនក្តីខ្លួន លើកំណត់ហេតុយកចម្លើយ គឺមានតែស្នាមមេដៃ។ ៣- នៅថ្ងៃទី១៤ វិច្ឆិកា សម្តេចហ៊ុន សែន ស្នើឱ្យក្រសួងយុត្តិធម៌ និងព្រះរាជអាជ្ញាទាំងអស់ ពិនិត្យ និងដោះលែងសកម្មជនCNRP ដែលបានចាប់ខ្លួន ព្រោះតែចាញ់បោកលោក សម រង្ស៊ី »។
ស្របពេល មេវីការពារសិទ្ធិឱ្យជនសង្ស័យទាមទារឱ្យតុលាការទម្លាក់ចោលបទចោទនេះ តំណាងអយ្យការលោក នុត វីនីត ទាមទារឱ្យតុលាការចោទប្រកាន់ និងរក្សាបទចោទប្រឆាំងលោក អ៊ុត ជឿន ដដែល។
ចំណែក អ្នកនាំពាក្យអយ្យការអមតុលាការខេត្តបាត់ដំបង លោក ដូង សារ៉េន ឆ្លើយតបថា សំណុំរឿងនេះលោកក្តាប់មិនទាន់ជុំនៅឡើយទេ ដោយសារសំណុំរឿងព្រហ្មទណ្ឌនេះ មិនស្ថិតនៅក្នុងដៃរបស់អយ្យការ។
លោកបន្តថា៖«សួស្តីប្អូន! ខ្ញុំអ្នកនាំពាក្យត្រឹមដំណាក់អយ្យការប៉ុណ្ណោះ។ក្នុងដំណាក់ស៊ើបសួរ និងជំនុំជម្រះ សុំប្អូនសួរទៅលោកស្រី រស្មី ជាអ្នកនាំពាក្យខាងតុលាការ» ។
យ៉ាងនេះក្តី លោកស្រី ជា ច័ន្ទរស្មី អ្នកនាំពាក្យសាលាដំបងខេត្តបាត់ដំបង មិនអាចស្នើការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល នៅថ្ងៃទី២៨ ខែឧសភានេះ។
លោក អ៊ុត ជឿន ជាប្រធានគណបក្សភ្លើងទៀន ស្រុកម៉ោងឬស្សី ត្រូវបាននគរបាលខេត្តបាត់ដំបងចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែតុលា ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានរួមគំនិតក្បត់ ក្នុងព្រឹត្តិការ ៩វិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីលោក សម រង្ស៊ី ប្រកាលធ្វើមាតុនិវត្តចូលស្រុកវិញ។
ដោយឡែក លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា គិតចាប់ពីឆ្នាំ ២០២៣មក មានមន្រ្តីគណបក្សជំទាស់មួយនេះ ត្រូវចាប់ខ្លួនចំនួន១២នាក់មកហើយ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការចាប់ខ្លួនពួកគេធ្វើឡើងក្រោមហេតុផលនយោបាយ។ គេសង្កេតឃើញថាការចាប់ខ្លួនជាបន្តបន្ទាប់ទៀ តនេះ ជាពិសេសក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សម្រាប់នីតិកាលទី៤ កាន់តែខិតជិតមកដល់នេះ នាំឱ្យតួលេខនៃអ្នកនយោបាយមកពីបក្សជំទាស់មានការកើនឡើង៕