សមត្ថកិច្ច​កម្ពុជា បញ្ជាក់ជំហរជាថ្មីថានឹង​​​បន្ត​បង្ក្រាប​​បទ​​ល្មើស​​ជួញ​​ដូរ​​មនុស្សខុសច្បាប់ ជាពិសេស​​ករណីដែលជាប់ពាក់ព័ន្ធនឹងជនបរទេស ស្របពេលសមត្ថកិច្ចឥណ្ឌា បាន​ចាប់ខ្លួន​ជន​ល្មើស ២នាក់ ដែលបានបញ្ជូន​ជនជាតិឥណ្ឌាមក​កាន់​​នៅកម្ពុជា និងប្រទេស​ផ្សេង​ទៀត ដើម្បីធ្វើការ​ផ្នែក​ឆបោក​តាមប្រព័ន្ធអនឡាញ។  ​

ការបញ្ជាក់ជំហររបស់កម្ពុជា​បែបនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានជាភាសាអង់គ្លេស​មួយរបស់​ឥណ្ឌា កាលពីថ្ងៃម្សិលមិញ​ បានចុះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារថា «សមត្ថកិច្ច​ឥណ្ឌា បានបើកការស៊ើបអង្កេត និងចាប់ខ្លួនជនល្មើស ២រូបបន្ថែមទៀត ពាក់​ព័ន្ធនឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅក្នុងការ​បញ្ជូន​ជន​ជាតិ​ឥណ្ឌាដែល​មាន​ជំនាញ​ផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេសម​ក​កាន់​ប្រទេស​ផ្សេងៗ​ក្នុងតំបន់ ដូច​ជា កម្ពុជា មីយ៉ាន់ម៉ា និងថៃ​ជាដើម»។

ជុំវិញករណីនេះ​ លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃកម្ពុជា ​បាន​ថ្លែង​ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤​ថា កម្ពុជា​នឹង​បន្ត​កិច្ចការ​​ដ៏ក្តៅគគុកនេះ​ ក្នុង​ការទប់ស្កាត់​បញ្ហាបទល្មើសគ្រប់​ប្រភេទ​នៅកម្ពុជា និង​ដោយ​បើក​ចំហរ ព្រមទាំង​ទទួល​យក​នូវកិច្ច​សហប្រតិបត្តិការ​​ពី​គ្រប់ប្រទេស​ទាំង​អស់ផងដែរ។

លោកមានប្រសាសន៍ថា​៖ «កម្ពុជាមានឆន្ទៈនៅក្នុងការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសទាំងអស់ហ្នឹង ហើយសូមបញ្ជាក់ថា កម្ពុជាគឺ​ជា​កន្លែង​មួយ​ដែល​មាន​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ […] បទល្មើសខ្នាតអន្តរជាតិ វាតែងតែកើតមាន​នៅតាមបណ្តាប្រទេសមហាអំណាច ក៏តែងតែកើតផងដែរ។ កម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ នឹងនៅតែបន្តស្រាវ​ជ្រាវ ស៊ើប​អង្កេត កំណត់គោលដៅ អត្តសញ្ញាណ ដើម្បីឈានទៅ​ដល់ការឃាត់ខ្លួន»។  

លោក ទូច សុខៈ បានកត់សម្គាល់​ថា កន្លងមក កម្ពុជា​បាន​​បង្ក្រាប​បទល្មើស​ផ្សេងៗ​លក្ខណៈទ្រង់​ទ្រាយធំ​ជាច្រើន​លើក​មក​ហើយ ក្នុងនោះក៏មានករណីឆបោកតាមប្រព័ន្ធអនឡាញ​នេះ​ផងដែរ​ ដោយបានជួយសង្គ្រោះជនរងគ្រោះជាច្រើន និង​បណ្តេញ​ជនបរទេស​​​ដែល​​ពាក់ព័ន្ធចេញពីប្រទេសជាបន្តបន្ទាប់ផងដែរ។

លោកបានបន្ថែមថា កម្ពុជាទទួលស្គាល់ចំពោះវត្តមាននៃបទល្មើសជួញដូរមនុស្សនៅក្នុងប្រទេសនេះ​ ប៉ុន្តែកម្ពុជានៅ​រក្សាជំហរម៉ឺងម៉ាត់ថា ខ្លួន​មិនមែនជាទីកន្លែងគោលដៅ​​ចម្បង​ដូច​ដែល​ធ្លាប់មា​នការលើកឡើងកន្លងមកនោះទេ។

លោកថ្លែងថា៖ «មែនទែនទៅ មួយរយៈចុងក្រោយដែលសារព័ត៌មានបរទេស​ចុះផ្សា​យ ឬ​ក៏ប្រទេសមួយចំនួនលើកឡើង​នូវបញ្ហាបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam online) នេះគឺជារបៀវារៈនយោបាយមួយដែល​មានបំណង​មិនល្អដាក់​សម្ពាធ​មក​លើ​កម្ពុជា ជាថ្នូរនឹងអ្វីមួយដែលគេចង់បាន។ […] សុំជម្រាបជូនថា កម្ពុជា​មិន​បដិសេធទាំង​ស្រុង​ថា មិនមានករណីការឆបោកតាមអនឡាញនេះទេ គឺមាន តែកម្ពុជាមិនមែនជាទីទួលសុវត្ថិភាព​សម្រាប់ក្រុម​ឧក្រិដ្ឋ​ជន​សម្រាប់​មក​ដោយ​សេរីនោះឡើយ។ យើងត្រូវចាំថាជនល្មើសតែងតែរិះរកនូវទីកន្លែង និងឱកាសសម្រាប់​ប្រព្រឹត្តិបទ​ល្មើស និងធ្វើអ្វីផ្សេងៗទៀត ដើម្បីគេចផុតពីការស៊ើបអង្កេត និងចាប់ខ្លួនពួកគេ»។

អ្នកនាំពាក្យរងរូបនេះ បានគូសបញ្ជាក់ទៀតថា កម្ពុជា គឺជាប្រទេសរងគ្រោះមួយ​ក្នុងចំណោម​ប្រទេស​នានា​លើសកលលោក ក្រោម​ឥទ្ធិពលនៃការវិវត្ត​យ៉ាងលឿន​នៃ​ប្រព័ន្ធ​បច្ចេក​វិទ្យា ដែល​បាន​បង្ក​នូវ​បរិយាកាសអំណោយផលសម្រាប់ជនខិលខូច នៅក្នុង​ការប្រព្រឹត្តិ​បទ​ល្មើស។

បើតាមការឱ្យ​​ដឹងរបស់កាសែតឥណ្ឌា ចុះផ្សាយ​​នៅថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤នេះ សមត្ថកិច្ចឥណ្ឌា ក៏បានចាប់ខ្លួន​​​ជនល្មើសម្នាក់រួចមកហើយ​​ កាល​​​ពី​ឆ្នាំ​២០២៣ ដោយ​ជន​ល្មើសរូបនោះ បានបោកប្រាស់ និងបញ្ជូនយុវជន​ដែល​មាន​ជំនាញផ្នែក​កុំព្យូទ័រ និងភាសាអង់គ្លេសចំនួន ១៧នាក់ មក​កាន់​ប្រទេស​កម្ពុជា ដោយ​ប្រាប់​ពួកគេថា​មកធ្វើការងារស្របច្បាប់។

ទាក់ទងនឹងករណីនេះដែរ ឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី Devyani Khobragade បានថ្លែងបញ្ជាក់ជា​មួយ​គេហទំព័រ Newsroom Cambodia ថា យុវជនទាំងអស់ ជាពិសេសយុវជនឥណ្ឌា គួរតែមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងព្រមព្រៀងទទួលយកការងារណាមួយ ដើម្បីចៀសវាងពីការធ្លាក់ចូលទៅក្នុងកលល្បិចរបស់ជនខិលខូចមួយចំនួន។

លោកស្រី​ថា៖ «ខ្ញុំចង់​និយាយ​ទៅ​កាន់​យុវជ​ន​ឥណ្ឌា – សូមអនុវត្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលយកការងារណាមួយនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងនានា។ […] ពលរដ្ឋឥណ្ឌាគួរតែកុំបណ្តោយខ្លួនក្នុងសកម្មភាពខុសច្បាប់ ដូចជា ការទទួលយកការផ្តល់ការងារដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ជាដើម»។

ឯកអគ្គរាជទូតរូបនេះ ក៏បាន​ជំរុញទៅដល់ប្រជាពលរដ្ឋឥណ្ឌា ឱ្យ​​បង្កើនការ​ស្រាវជ្រាវអំពីប្រវត្តិ​ក្រុម​ហ៊ុន ធម្មជាតិនៃការងារដែលត្រូវបានផ្តល់ឱ្យ​ និងប្រភេទនៃកុងត្រាដែលត្រូវចុះជាមួយភាគីក្រុមហ៊ុនផងដែរ។

​ប្រធានមជ្ឈ​មណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា បញ្ហាជួញដូរមនុស្សនេះ គឺជារឿងដែលគួរឱ្យ​មានការព្រួយបារម្ភ។ លោក​ជំរុញ​​ឱ្យ​កម្ពុជា​គួរតែបង្កើនកិច្ចសហប្រតិបត្តិការណ៍ឱ្យ​កាន់តែមានប្រសិទ្ធភាពបន្ថែម​ទៀត  ដើម្បីសម្រេចឱ្យ​​បាននូវអត្រាអប្បបរិមានៃករណីជួញដូរមនុស្សនៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកថ្លែងថា៖ «នេះជារឿងដែលគួរឱ្យ​​​ព្រួយបារម្ភ ហើយកន្លងមកយើងឃើញថាជុំវិញបញ្ហាហ្នឹង គឺរដ្ឋាភិបាល​យើង​គួរតែសហការជាមួយនឹងរដ្ឋាភិបាលឥណ្ឌាឱ្យ​បានទូលំទូលាយដើម្បីទប់ស្កាត់។ […] ព្រោះគេ[ឥណ្ឌា​]ក៏មានការ​ព្រួយបារម្ភដែរ គេក៏មានការប្រឹងប្រែងជុំវិញបញ្ហាហ្នឹង​​ដែរ យើងក៏ប្រឹងប្រែងជាមួយគ្នាទៅ ខ្ញុំថាគឺរឿងរ៉ាវវានឹងធ្វើឱ្យ​ប្រសើរឡើងហើយ»។

យោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ មនុស្ស បាន​ទទួល​សំណើ​ចំនួន ១ ២៧៦​ករណី និង​បានចេញ​ធ្វើ​អន្តរាគមន៍​ស្រាវ​ជ្រាវរុករក​បទល្មើស​បាន ១ ២១៣​ករណី ស្មើ​នឹង ៩៧,៧០​ភាគរយ​។

រយៈពេល២ឆ្នាំចុងក្រោយ គឺឆ្នាំ២០២២ និង​ឆ្នាំ​២០២៣ អាមេរិកបានទម្លាក់ចំណាត់ថ្នាក់​កម្ពុជា​នៅកម្រិតទី៣ ដែលមានន័យថា ស្ថានភាពអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់​បំផុត និងពុំធ្លាប់មានទេចាប់តាំងពីឆ្នាំ២០១៥មក។ នេះបើតាមរបាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ឆ្នាំ២០២៣ របស់ក្រសួងការបរទេស​អាមេរិក ដែលចេញផ្សាយ​កាល​​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០២៣។

របាយការណ៍ដដែល​​បន្ត​ថា រដ្ឋាភិបាលកម្ពុជា​ មិន​បាន​បំពេញ​តាម​ស្តង់ដារ​​អប្បបរមា​​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស និង​ពុំ​បាន​ខិតខំ​ប្រឹងប្រែង​ឱ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ សូម្បី​តែ​អំឡុង​ពេល​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ក៏​ដោយ៕