សមត្ថកិច្ចកម្ពុជា បញ្ជាក់ជំហរជាថ្មីថានឹងបន្តបង្ក្រាបបទល្មើសជួញដូរមនុស្សខុសច្បាប់ ជាពិសេសករណីដែលជាប់ពាក់ព័ន្ធនឹងជនបរទេស ស្របពេលសមត្ថកិច្ចឥណ្ឌា បានចាប់ខ្លួនជនល្មើស ២នាក់ ដែលបានបញ្ជូនជនជាតិឥណ្ឌាមកកាន់នៅកម្ពុជា និងប្រទេសផ្សេងទៀត ដើម្បីធ្វើការផ្នែកឆបោកតាមប្រព័ន្ធអនឡាញ។
ការបញ្ជាក់ជំហររបស់កម្ពុជាបែបនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានជាភាសាអង់គ្លេសមួយរបស់ឥណ្ឌា កាលពីថ្ងៃម្សិលមិញ បានចុះផ្សាយនូវអត្ថបទមួយដែលមានខ្លឹមសារថា «សមត្ថកិច្ចឥណ្ឌា បានបើកការស៊ើបអង្កេត និងចាប់ខ្លួនជនល្មើស ២រូបបន្ថែមទៀត ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងការបញ្ជូនជនជាតិឥណ្ឌាដែលមានជំនាញផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេសមកកាន់ប្រទេសផ្សេងៗក្នុងតំបន់ ដូចជា កម្ពុជា មីយ៉ាន់ម៉ា និងថៃជាដើម»។
ជុំវិញករណីនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ថា កម្ពុជានឹងបន្តកិច្ចការដ៏ក្តៅគគុកនេះ ក្នុងការទប់ស្កាត់បញ្ហាបទល្មើសគ្រប់ប្រភេទនៅកម្ពុជា និងដោយបើកចំហរ ព្រមទាំងទទួលយកនូវកិច្ចសហប្រតិបត្តិការពីគ្រប់ប្រទេសទាំងអស់ផងដែរ។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមានឆន្ទៈនៅក្នុងការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសទាំងអស់ហ្នឹង ហើយសូមបញ្ជាក់ថា កម្ពុជាគឺជាកន្លែងមួយដែលមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ […] បទល្មើសខ្នាតអន្តរជាតិ វាតែងតែកើតមាននៅតាមបណ្តាប្រទេសមហាអំណាច ក៏តែងតែកើតផងដែរ។ កម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ នឹងនៅតែបន្តស្រាវជ្រាវ ស៊ើបអង្កេត កំណត់គោលដៅ អត្តសញ្ញាណ ដើម្បីឈានទៅដល់ការឃាត់ខ្លួន»។
លោក ទូច សុខៈ បានកត់សម្គាល់ថា កន្លងមក កម្ពុជាបានបង្ក្រាបបទល្មើសផ្សេងៗលក្ខណៈទ្រង់ទ្រាយធំជាច្រើនលើកមកហើយ ក្នុងនោះក៏មានករណីឆបោកតាមប្រព័ន្ធអនឡាញនេះផងដែរ ដោយបានជួយសង្គ្រោះជនរងគ្រោះជាច្រើន និងបណ្តេញជនបរទេសដែលពាក់ព័ន្ធចេញពីប្រទេសជាបន្តបន្ទាប់ផងដែរ។
លោកបានបន្ថែមថា កម្ពុជាទទួលស្គាល់ចំពោះវត្តមាននៃបទល្មើសជួញដូរមនុស្សនៅក្នុងប្រទេសនេះ ប៉ុន្តែកម្ពុជានៅរក្សាជំហរម៉ឺងម៉ាត់ថា ខ្លួនមិនមែនជាទីកន្លែងគោលដៅចម្បងដូចដែលធ្លាប់មានការលើកឡើងកន្លងមកនោះទេ។
លោកថ្លែងថា៖ «មែនទែនទៅ មួយរយៈចុងក្រោយដែលសារព័ត៌មានបរទេសចុះផ្សាយ ឬក៏ប្រទេសមួយចំនួនលើកឡើងនូវបញ្ហាបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam online) នេះគឺជារបៀវារៈនយោបាយមួយដែលមានបំណងមិនល្អដាក់សម្ពាធមកលើកម្ពុជា ជាថ្នូរនឹងអ្វីមួយដែលគេចង់បាន។ […] សុំជម្រាបជូនថា កម្ពុជាមិនបដិសេធទាំងស្រុងថា មិនមានករណីការឆបោកតាមអនឡាញនេះទេ គឺមាន តែកម្ពុជាមិនមែនជាទីទួលសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនសម្រាប់មកដោយសេរីនោះឡើយ។ យើងត្រូវចាំថាជនល្មើសតែងតែរិះរកនូវទីកន្លែង និងឱកាសសម្រាប់ប្រព្រឹត្តិបទល្មើស និងធ្វើអ្វីផ្សេងៗទៀត ដើម្បីគេចផុតពីការស៊ើបអង្កេត និងចាប់ខ្លួនពួកគេ»។
អ្នកនាំពាក្យរងរូបនេះ បានគូសបញ្ជាក់ទៀតថា កម្ពុជា គឺជាប្រទេសរងគ្រោះមួយក្នុងចំណោមប្រទេសនានាលើសកលលោក ក្រោមឥទ្ធិពលនៃការវិវត្តយ៉ាងលឿននៃប្រព័ន្ធបច្ចេកវិទ្យា ដែលបានបង្កនូវបរិយាកាសអំណោយផលសម្រាប់ជនខិលខូច នៅក្នុងការប្រព្រឹត្តិបទល្មើស។
បើតាមការឱ្យដឹងរបស់កាសែតឥណ្ឌា ចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ចឥណ្ឌា ក៏បានចាប់ខ្លួនជនល្មើសម្នាក់រួចមកហើយ កាលពីឆ្នាំ២០២៣ ដោយជនល្មើសរូបនោះ បានបោកប្រាស់ និងបញ្ជូនយុវជនដែលមានជំនាញផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេសចំនួន ១៧នាក់ មកកាន់ប្រទេសកម្ពុជា ដោយប្រាប់ពួកគេថាមកធ្វើការងារស្របច្បាប់។
ទាក់ទងនឹងករណីនេះដែរ ឯកអគ្គរាជទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី Devyani Khobragade បានថ្លែងបញ្ជាក់ជាមួយគេហទំព័រ Newsroom Cambodia ថា យុវជនទាំងអស់ ជាពិសេសយុវជនឥណ្ឌា គួរតែមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងព្រមព្រៀងទទួលយកការងារណាមួយ ដើម្បីចៀសវាងពីការធ្លាក់ចូលទៅក្នុងកលល្បិចរបស់ជនខិលខូចមួយចំនួន។
លោកស្រីថា៖ «ខ្ញុំចង់និយាយទៅកាន់យុវជនឥណ្ឌា – សូមអនុវត្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលយកការងារណាមួយនៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងនានា។ […] ពលរដ្ឋឥណ្ឌាគួរតែកុំបណ្តោយខ្លួនក្នុងសកម្មភាពខុសច្បាប់ ដូចជា ការទទួលយកការផ្តល់ការងារដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ជាដើម»។
ឯកអគ្គរាជទូតរូបនេះ ក៏បានជំរុញទៅដល់ប្រជាពលរដ្ឋឥណ្ឌា ឱ្យបង្កើនការស្រាវជ្រាវអំពីប្រវត្តិក្រុមហ៊ុន ធម្មជាតិនៃការងារដែលត្រូវបានផ្តល់ឱ្យ និងប្រភេទនៃកុងត្រាដែលត្រូវចុះជាមួយភាគីក្រុមហ៊ុនផងដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា បញ្ហាជួញដូរមនុស្សនេះ គឺជារឿងដែលគួរឱ្យមានការព្រួយបារម្ភ។ លោកជំរុញឱ្យកម្ពុជាគួរតែបង្កើនកិច្ចសហប្រតិបត្តិការណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវអត្រាអប្បបរិមានៃករណីជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «នេះជារឿងដែលគួរឱ្យព្រួយបារម្ភ ហើយកន្លងមកយើងឃើញថាជុំវិញបញ្ហាហ្នឹង គឺរដ្ឋាភិបាលយើងគួរតែសហការជាមួយនឹងរដ្ឋាភិបាលឥណ្ឌាឱ្យបានទូលំទូលាយដើម្បីទប់ស្កាត់។ […] ព្រោះគេ[ឥណ្ឌា]ក៏មានការព្រួយបារម្ភដែរ គេក៏មានការប្រឹងប្រែងជុំវិញបញ្ហាហ្នឹងដែរ យើងក៏ប្រឹងប្រែងជាមួយគ្នាទៅ ខ្ញុំថាគឺរឿងរ៉ាវវានឹងធ្វើឱ្យប្រសើរឡើងហើយ»។
យោងតាមរបាយការណ៍ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស បានទទួលសំណើចំនួន ១ ២៧៦ករណី និងបានចេញធ្វើអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើសបាន ១ ២១៣ករណី ស្មើនឹង ៩៧,៧០ភាគរយ។
រយៈពេល២ឆ្នាំចុងក្រោយ គឺឆ្នាំ២០២២ និងឆ្នាំ២០២៣ អាមេរិកបានទម្លាក់ចំណាត់ថ្នាក់កម្ពុជានៅកម្រិតទី៣ ដែលមានន័យថា ស្ថានភាពអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់បំផុត និងពុំធ្លាប់មានទេចាប់តាំងពីឆ្នាំ២០១៥មក។ នេះបើតាមរបាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០២៣ របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយកាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា រដ្ឋាភិបាលកម្ពុជា មិនបានបំពេញតាមស្តង់ដារអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនោះទេ សូម្បីតែអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ៕