ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតំបន់អប្សរាក្នុងស្រុកពួក ខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរអប្សរាកាត់ឆ្វៀលព្រំដីចេញពីតំបន់ហាមឃាត់ដោយពួកគេលើកឡើងថាតំបន់ដែលខ្លួនកំពុងរស់នៅនេះ នៅឆ្ងាយពីតំបន់ប្រាសាទដែលមិនគួរត្រូវបានរឹតត្បិតក្នុងការសង់សំណង់រឹងដែលស្របច្បាប់លើដីរបស់ខ្លួនទេ។
លោក សេង ហាច ជាពលរដ្ឋដែលទាមទារឱ្យអាជ្ញាធរអប្សរាកាត់ឆ្វៀលព្រំដី និយាយមូលហេតុចម្បងដែលប្រជាពលរដ្ឋតវ៉ានេះ គឺស្នើសុំឱ្យរដ្ឋាភិបាលកាត់ឆ្វៀលព្រំដីតំបន់របស់ខ្លួនរស់នៅចេញពីអាជ្ញាធរជាតិអប្សរា ដោយសារអាជ្ញាធរជាតិអប្សរាគាបសង្កត់ប្រជាពលរដ្ឋ ដែលបង្កការលំបាកទាំងមុខរបរចិញ្ចឹមជីវិត និងសាងសង់សំណង់ផ្សេងៗ ដូចជាសង់ផ្ទះ ឬប្រកបរបររកស៊ីដូចជាធ្វើតូប ធ្វើទ្រង់មាន់ ទ្រង់ទា អណ្តូងទឹក របងផ្ទះជាដើម។
លោកបន្តថា៖ « វាពិបាកក្នុងការរស់នៅ ដោយសារគេបិទសិទ្ធិសេរីភាពនៅក្នុងការរស់នៅ ដោយសារតែមានការគាបសង្កត់បែបហ្នឹងហើយបានជាប្រជាពលរដ្ឋទាំងអស់គ្នា គាត់ប្រឹងក្រោកឈរ ប្រឹងតវ៉ា ដើម្បីសេរីភាពនៅក្នុងការរស់នៅរបស់គាត់ » ។
រស់នៅក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប លោក សេង ហាច ឱ្យដឹងថាប្រជាពលរដ្ឋនៅស្រុកពួកនេះ តវ៉ាជាច្រើនដងមកហើយ ឱ្យអាជ្ញាធរកាត់ឆ្វៀលព្រំដីនេះចេញពីតំបន់គ្រប់ដោយដោយអាជ្ញាធរអប្សរា ដោយសារតំបន់ដែលលោករស់នៅឆ្ងាយពីតំបន់អង្គរ ។
លោកថ្លែងថា៖ «ពួកយើងទទួលស្គាល់ថាអាជ្ញាធរជាតិអប្សរា គឺគាត់ធ្វើដើម្បីការពារប្រាសាទ ប៉ុន្តែសព្វថ្ងៃពួកយើងរស់នៅតំបន់ឆ្ងាយពីប្រាសាទអង្គរមែនទែន ជិត២០ គីឡូ បើគិតចម្ងាយពីប្រាសាទមកតំបន់ដែលយើងរស់នៅវាជិត២០ គីឡូ វាឆ្ងាយមែនទែន ជាក់ស្តែងការតវ៉ាដែលយើងធ្វើប៉ុន្មានដងនេះ ខាងគាត់ក៏ទទួលស្គាល់ដែលថាវាឆ្ងាយពីតំបន់អង្គរ ប៉ុន្តែគេយកលេសមួយថាយើងនៅជិតបារាយ »។
មិនខុសគ្នាទេ លោក ម៉ន សំអុល អាយុ ៤៣ឆ្នាំ ជាប្រជាពលរដ្ឋដែលរស់នៅភូមិជាមួយគ្នាលើកឡើង ថា លោក និងពលរដ្ឋផ្សេងទៀតធ្លាប់ស្នើទៅរដ្ឋាភិបាល និងអង្គការយូណេស្កូដែរ ឱ្យជួយកាត់ឆ្វៀលព្រំដីចេញពីតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា មិនប៉ះពាល់ទីតាំងដែលត្រូវអភិរក្សទេ។
លោកបន្តថា៖«បើពីផ្ទះខ្ញុំទៅតំបន់អង្គរចំងាយ១៣ទៅ១៤ គីឡូ អញ្ជឹងទីមួយពួកខ្ញុំនៅឆ្ងាយពីតំបន់អង្គរ ហើយអត់បានប៉ះពាល់ដល់ប្រាសាទអង្គរទេ ទាំងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរក៏អត់មានអីប៉ះពាល់ទេ តែត្រង់ហេតុផលខាងអាជ្ញាធរជាតិអប្សរានឹងថា ពួកខ្ញុំប៉ះពាល់ធំគឺបារាយ ប៉ុន្តែពួកខ្ញុំនៅក្រោមថ្នល់ជាតិលេខ៦ឆ្ងាយពីបារាយប្រហែលជា៨គីឡូម៉ែត្រ។កាលនៅឆ្នាំ២០២១ មិនឱ្យសាងសង់អីទេ សូម្បីតែជួសជុសដូចជាស័ង្កសីរហែក ៣-៤ សន្លឹកហ្នឹង ក៏អាជ្ញាធរអប្សរាអត់ចេញច្បាប់ឱ្យទេ ក៏មិនឱ្យជួសជុលដែរ តែសម្រាប់បច្ចុប្បន្នសំណង់ចាស់ៗអាចជួសជុលបាន តែមិនអាចសាងសង់អ្វីបន្ថែមទេ »។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រមាណ ៥០០នាក់ នៅឃុំខ្នាត ឃុំទំរីង និងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានប្រមូលផ្តុំគ្នានៅវត្តខ្នាត ដើម្បីស្នើសុំអាជ្ញាធរ កាត់ឆ្វៀលព្រំដីចេញពីតំបន់ដែលគ្រប់គ្រងដោយអប្សរា។ប៉ុន្តែដំណោះស្រាយនេះ ហាក់មិនទទួលបានចម្លើយជាវិជ្ជមានណាមួយ ពីអាជ្ញាធរពាក់ព័ន្ធទេ។
ទាក់ទិន និងករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា បានបដិសេធនៅក្នុងការឆ្លើយតប ដោយលោកឱ្យទាក់ទងទៅអ្នកនាំពាក្យអប្សរាវិញ។
ទោះបីជាយ៉ាងនេះក្តី លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជា្ញធរមិនបានរឹតបណ្តឹងអ្វីឡើយ ប៉ុន្តែលោកបញ្ជាក់ថាការដែលកំណតព្រំដែនការពាររមណីយដ្ឋានអង្គរ គឺមិនមែនធ្វើទៅតាមនឹកឃើញនោះទេ។លោកបន្តទៀតថា អាជ្ញាធរមិនអនុញ្ញាតសម្រាប់អ្នកចំណូលថ្មី ដែលរស់នៅក្រោយឆ្នាំ២០០៤សាងសង់សំណង់ឡើយ ដោយឡែកចំពោះពលរដ្ឋនៅតំបន់នោះមុនឆ្នាំ២០០៤ គឺមានច្បាប់អនុញ្ញាត។
លោកបន្តថា៖«យើងធ្វើការគ្រប់គ្រងនោះអត់មានអីតឹងរឹងទេ ក៏ប៉ុន្តែខ្មែរយើងត្រូវអនុវត្តន៍តាមយន្តការអន្តរជាតិដែលបានកំណត់ឱ្យបានច្បាស់លាស់ ក្នុងការរក្សានៅតម្លៃលេចធ្លោជាសកលរបស់អង្គរមានទាំងបឹងបួ ប្រាសាទ ព្រៃឈើ ធម្មជាតិដែលស្ថិតក្នុងតំបន់គឺត្រូវថែរក្សាមិនឱ្យបាត់បង់ទេ យើងត្រូងថែរក្សាសភាពដើម ដូចជាវប្បធម៌របៀបរបបនៃការរស់នៅ ភូមិឋាននៅទីនោះ បានន័យថានោះកន្លែងមិនមែនជាទីប្រជុំជន មិនអាចឱ្យមានការរ៉ាអូខេ អីទេ ការគ្រប់គ្រងមានច្បាប់ទម្លាប់ យើងគ្រប់គ្រងជាពិសេសនោះគឺការគ្រប់គ្រងអ្នកចំណូលថ្មី »។
ចំណែក នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិស្នើសុំ ប៉ុន្តែលោកថាតំបន់ដែលប្រជាពលរដ្ឋរស់នៅគឺជាប់នឹងតំបន់ដែលត្រូវអភិរក្ស និងការពារ។ហេតុនេះការស្នើសុំធ្វើអ្វីមួយ ត្រូវមានការសម្រេចពីរដ្ឋាភិបាល បើទោះជាពលរដ្ឋមានសិទ្ធិក្នុងការស្នើសុំសាងសង់យ៉ាងណាក៏ដោយចុះ។
លោកបន្តថា៖ « នេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការស្នើសុំទៅរាជរដ្ឋាភិបាល ប៉ុន្តែចំពោះការសម្រេចបែបណានោះ គឺសម្រេចទៅលើរាជរដ្ឋាភិបាល ប៉ុន្តែខ្ញុំសូមជម្រាបថាតំបន់ដែលពួកគាត់រស់នៅគឺជាប់បារាយដែលជាតំបន់អប្សរា ហើយពាក់ព័ន្ធនឹងបារាយនេះ មានសារៈសំខាន់ណាស់នៅក្នុងការអភិរក្សដើម្បីការផ្តល់ទឹកផ្គត់ផ្គង់ដល់ប្រាសាទដូចជាសណ្ឋានដីខេត្តសៀមរាបខាងក្រោមគឺជាខ្សាច់ដែលត្រូវការទឹកដើម្បីជួយ »។
ជាងនេះទៀត ចំពោះការតវ៉ាដែលពលរដ្ឋទាំង៣ឃុំចំណុះឱ្យស្រុកពួក កំពុងតែទាមទារនេះ រដ្ឋបាលខេត្តសៀមរាបកំពុងសម្របសម្រួលការងារ ជាមួយអាជ្ញាធរអប្សរា។
សម្រាប់ ប្រធានការិយាល័យអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត គាំទ្រចំពោះការទាមទាររបស់ពលរដ្ឋនៅពេលនេះ។ក្នុងនាមអ្នកការពារសិទ្ធិមនុស្ស លោកចាត់ទុកថាតំបន់កំពុងការពារដោយអាជ្ញាធរអប្សរា ដែលពលរដ្ឋតវ៉ាសុំកាត់ឆ្វេលព្រំដីនេះ តាមពិតទៅវាមិនទាក់ទងណាមួយ នឹងតំបន់ដែលត្រូវអភិរក្សនោះទេ។
លោកបន្តថា៖ « ពួកគាត់ស្នើសុំកាត់ឆ្វៀលហ្នឹងវា ត្រឹមត្រូវហើយដោយសារតំបន់ហ្នឹងវាអត់ទាក់ទងនឹងតំបន់អភិរក្ស វាអត់ទាក់ទងនឹងរមណីយដ្ឋានអង្គរ វានៅឆ្ងាយឆ្ងាយពីតំបន់អង្គរ »។
បើតាមលោក អ៊ិន គង់ជិត ការដែលមិនឱ្យប្រជាពលរដ្ឋចាត់ចែងលើដីលំនៅដ្ឋានរបស់ខ្លួននេះ គឺប៉ះពាល់ទៅដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «វាប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាំងពីបុរំបុរាណ កេរ្តិ៍មរតកជីដូន ជីតាមក ហើយទីបំផុតឥលូវគាត់អត់មានសិទ្ធិចាត់ចែងអី អត់មានសិទ្ធិចាត់ចែងដូចជាលក់ដូរអី ចង់ធ្វើអំណោយ ចង់ចែកកេរ្តិ៍មរតកឱ្យកូន គឺអត់បានកូនៗពួកគាត់កើតមក គឺត្រូវតែបែកគ្រួសារទៅនៅតំបន់រុនតាឯកថ្មី មកដល់ពួកនេះមិនមានដំណោះស្រាយអីទេ បើមិនមានដំណោះស្រាយពួកគាត់ប្រហែលដាក់ញត្តិតវ៉ាទៀត» ។
អ្នកការពារសិទ្ធិមនុស្សរូបនេះ យល់ឃើញថាដើម្បីបញ្ចៀសបញ្ហានេះ ភាគីពាក់ព័ន្ធគួរបង្កើតគណកម្មាការអន្តរក្រសួងមួយឡើង ដើម្បីវាយតម្លៃពីហេតុផលប៉ះពាល់បរិស្ថាន និងសង្គមរកឃើញថាតើតំបន់ទាំងនោះ ពិតជាស្ថិតនៅក្នុងតំបន់ដែលត្រូវហាមឃាត់មែន ឬយ៉ាងណា។ប៉ុន្តែការសិក្សានេះ គួរធ្វើឡើងដោយតម្លាភាព និងឯករាជ្យ ដើម្បីប្រាកដថាដំណោះស្រាយនេះ អាចទទួលយកបានគ្រប់ភាគីពាក់ព័ន្ធដែលចូលរួម៕